អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូលអូតង់៖​អាមេរិក និង​ហ្សកហ្ស៊ី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា ក្រោម​ការ​សម្លក់​ពី​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​អូតង់​ត្រៀម​បើក​ជំនួបកំពូល​របស់​ខ្លួន​រយៈពេល ២ថ្ងៃ គឺ​ថ្ងៃ​សុក្រ ទី៨ និង​ថ្ងៃ​សៅរ៍ ទី៩ កក្កដា​នៅ​ក្នុង​ទីក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ។ ជំនួបកំពូល​ដែល​នឹង​ចូលរួម​ដោយ​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទាំង ២៨ប្រទេស​សមាជិក​អូតង់។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កក្កដា​នេះ ពោល​មួយ​ថ្ងៃ​មុន​បើក​ជំនួបកំពូល មាន​​ថ្នាក់ដឹកនាំ​អូតង់​ខ្លះ​បាន​ឆ្លៀត​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​អតីត​ប្រទេស​ក្នុង​ប្លុក​សហភាព​សូវៀត។ ជាក់​ស្តែង ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​នៅ​ក្នុង​ប្រទេស​ហ្សកហ្ស៊ី និង​ប្រទេស​អ៊ុយក្រែន។

លោក​ចន ឃែរី ប្រមុខ​ការទូត​អាមេរិក (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​ហ្សកហ្ស៊ី Georgy Kvirikashvili ក្នុង​ប្រទេស​ហ្សកហ្ស៊ី ថ្ងៃទី៦ កក្កដា ២០១៦
លោក​ចន ឃែរី ប្រមុខ​ការទូត​អាមេរិក (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​ហ្សកហ្ស៊ី Georgy Kvirikashvili ក្នុង​ប្រទេស​ហ្សកហ្ស៊ី ថ្ងៃទី៦ កក្កដា ២០១៦ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​ឆ្លៀត​ឆៀង​ចូល​ប្រទេស​ហ្សកហ្ស៊ី និង​អ៊ុយក្រែន មុន​នឹង​ទៅ​ចូលរួម​ជំនួបកំពូល​អូតង់​ក្នុង​ប្រទេស​ប៉ូឡូញ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ មិន​ចៃដន្យ ព្រោះ​ហ្សកហ្ស៊ី និង​អ៊ុយក្រែន​ជា​អតីត​រដ្ឋ​ក្នុង​ជំនាន់​សហភាព​សូវៀត​ដូច​គ្នា និង​បើ​​ទោះ​បី​បច្ចុប្បន្ន​ជា​ប្រទេស​ឯករាជ្យ​ក៏​ដោយ ក៏​ប្រទេស​ជិតខាង​រុស្ស៊ី​ទាំង​ពីរ​បាន និង​កំពុង​បន្ត​ទទួល​រង​ការ​លេប​ត្របាក់​ពី​រុស្ស៊ី​ជំនាន់​ថ្មី​របស់​លោក​ប្រធានាធិបតី​ពូទីន​ដូច​គ្នា។

ប្រទេស​ហ្សកហ្ស៊ី​ដែល​ធ្លាប់​ធ្វើ​សង្រ្គាម​ទល់​នឹង​រុស្ស៊ី​ក្នុង​ឆ្នាំ ២០០៨ បាន​ធ្វើ​ឲ្យ​ហ្សកហ្ស៊ី​បាន​បាត់បង់​ការ​ត្រួតត្រា​លើ​តំបន់​ចំនួន​ពីរ​របស់​ខ្លួន គឺ​តំបន់​អូសេទីខាងត្បូង​ដែល​កំពុង​ទាមទារ​ផ្តាច់ទឹកដី​ពី​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី និង​តំបន់​អាប់កាហ្ស៊ី​ដែល​រុស្ស៊ី​បាន​ដាក់​តាំង​មូលដ្ឋានយោធា​របស់​ខ្លួន​នៅ​ទីនោះ។ សព្វថ្ងៃ​នេះ ក្រុង​ម៉ូស្គូ​បាន​ទទួល​ស្គាល់​តំបន់​ទាំង​ពីរ​ថា ជា​ដែនដី​ឯករាជ្យ។ ដូច្នេះ​វត្តមាន​របស់​លោក​ឃែរី​នៅ​ក្នុង​ប្រទេស​ហ្សកហ្ស៊ី ជា​សក្ខីកម្ម​មួយ​ដែល​អាមេរិក​ចង់​បញ្ជាក់​ពី​ការ​គំាទ្រ​យ៉ាង​ពេញ​ទំហឹង​របស់​ខ្លួន​ចំពោះ​ប្រទេស​ជិតខាង​រុស្ស៊ី​មួយ​នេះ។
 
ដើម្បី​សម្តែង​ឲ្យ​កាន់​តែ​ជាក់ស្តែង​ថែម​ទៀត​នា​ឱកាស​ទស្សនកិច្ច​របស់​លោក​ចន ឃែរី អាមេរិក និង​ហ្សកហ្ស៊ី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ដៃគូ​នៃ​កិច្ចសហប្រតិបត្តិ​ក្នុង​វិស័យ​ការពារ និង​សន្តិសុខ។ លោក​ឃែរី​បាន​ថ្លែង​ចាត់​ទុក​កិច្ចព្រមព្រៀង​ជា​ដៃគូ​ថា ជា​រឿង​សំខាន់​មិន​អាច​ខ្វះ​បាន ចំណែក​លោក​នាយករដ្ឋមន្រ្តី​ហ្សកហ្ស៊ី​វិញ លោក​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​ជា​ដៃគូ​ជាមួយ​អាមេរិក​ថា ជា​រឿងចាំបាច់​ក្នុង​ការ​ជួយ​ពង្រឹង​សន្តិសុខ និង​សមត្ថភាព​ការពារ​ប្រទេស​ហ្សកហ្ស៊ី។
 
នៅ​អ៊ុយក្រែន លោក​ចន ឃែរី​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​គោរព​កិច្ចព្រមព្រៀងទីក្រុង​មីនស្កិ៍​ឆ្នាំ ២០១៥

គោលដៅ​នៃ​ទស្សនកិច្ច​របស់​លោក​ចន ឃែរី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ក៏​មិន​ខុស​ពី​ប្រទេស​ហ្សកហ្ស៊ី​ទេ គ្រាន់​តែ​ថា បញ្ហា​នៅ​អ៊ុយក្រែន​ហាក់​ដូច​ជា​កំពុង​បន្ត​សាំញាំ​បន្តិច។ សាំញាំ​នៅ​ត្រង់​ថា បន្ទាប់​ពី​ត្រូវ​បាន​ប្រទេស​រុស្ស៊ី​ក្រសោប​យក​ដែនដី​គ្រីមេ​ក្នុង​ឆ្នាំ ២០១៤ មក តំបន់​ប៉ែកខាង​កើត​អ៊ុយក្រែន​ក៏​បាន និង​កំពុង​ទទួល​ការ​គំរាមកំហែង​ផ្តាច់ទឹកដី​ពី​ក្រុមឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី​ទៀត។ គឺ​ស្ថានការណ៍​នៅ​តំបន់​ប៉ែក​ខាងកើត​អ៊ុយក្រែន​នោះ​ឯង​ដែល​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី និង​លោក​នាយករដ្ឋមន្រ្តី​អ៊ុយក្រែន​បាន​លើក​យក​ទៅ​ជជែក​គ្នា​ក្នុង​ទីក្រុង​គៀរ។
 
នៅ​ក្នុង​ស្ថានការណ៍​តំបន់​ប៉ែកខាងកើត​អ៊ុយក្រែន​ដដែល​នោះ លោក​ឃែរី​ក៏​មិន​ភ្លេច​និយាយ​ដល់​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍​ចុះ​ហត្ថលេខា​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៥ រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះ រួម​ទាំង​ភាគី​រុស្ស៊ី​ផង។ កិច្ចព្រមព្រៀង​នោះ​បាន​តម្រូវ​ឲ្យ​ក្រុង​មូស្គូ​បញ្ឈប់​ការ​គាំទ្រ​ចំពោះ​ក្រុមឧទ្ទាម​ទាមទារ​ផ្តាច់ទឹកដី​គាំទ្រ​រុស្ស៊ី និង​គោរព​បទ​ឈប់​បាញ់។ ជា​ថ្នូរ​ត្រឡប់​វិញ អ៊ុយក្រែន​ត្រូវ​ធ្វើ​កំណែទម្រង់​នយោបាយ​មួយ​ចំនួន ពិសេស​ផ្តល់​លក្ខន្តិក​ស្វយ័ត​ឲ្យ​តំបន់​ដែល​កំពុង​មាន​ជម្លោះ។ អ្វី​ដែល​លោក​ឃែរី​ចង់​ដឹង​នោះ​គឺ​ថា តើ​ស្ថានការណ៍​នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន​បាន​វិវត្តន៍​ដល់​ណា​ហើយ និង​ថា តើ​កិច្ចព្រមព្រៀង​កន្លង​មក​ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ​គោរព​ត្រឹមត្រូវ ឬ​អត់។

អូតង់​មិន​ភ្លេច​ហ្សកហ្ស៊ី តែ​នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ហ្សកហ្ស៊ី​ត្រូវ​ធ្វើ

សំណើ​របស់​ហ្សកហ្ស៊ី និង​អ៊ុយក្រែន​សុំ​ចូល​ជា​សមាជិក​អង្គការ​អូតង់​អាច​ជា​របៀប​វារៈ​មួយ​នៃ​ជំនួបកំពូល​អូតង់​ក្នុង​ទីក្រុង​វ៉ាសូវី ប្រទេស​ប៉ូឡូញ​រយៈពេល ២ថ្ងៃ​ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ ទី៨ កក្កដា។ រុស្ស៊ី​ដែល​មិនមែន​ជា​សមាជិក​អូតង់ និង​ក្នុង​នាម​ជា​អាតីត​អាណាព្យាបាល​របស់​ហ្សកហ្ស៊ី និង​អ៊ុយក្រែន តែងតែង​ចេញ​មុខ​ប្រឆាំង​ដោយ​មិន​ចង់​ឃើញ​ប្រទេស​ជិតខាង​ទាំង​ពីរ​ក្បែរ​ខ្លួន​ក្លាយ​ជា​សមាជិក​របស់​អង្គការ​អូតង់​ទេ។ នៅ​ក្នុង​ជំនួបកំពូល​អូតង់​ឆ្នាំ ២០០៨ ក្នុង​ទីក្រុង​ប៊ុយការ៉េស ប្រទេស​រូម៉ានី អូតង់​បាន​សន្យា​ថា ហ្សកហ្ស៊ី​នឹង​ក្លាយ​ជា​សមាជិក​អូតង់​នៅ​ថ្ងៃ​ណា​មួយ។

យ៉ាង​ណា​ក៏​ដោយ អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​ក្នុង​ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​នា​ថ្ងៃទី៦ កក្កដា​ថា អូតង់​មិន​ភ្លេច​ពាក្យ​សន្យា​កាល​ពី​ឆ្នាំ ២០០៨ របស់​ខ្លួន​ទេ តែ​នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ហ្សកហ្ស៊ី​ត្រូវ​ធ្វើ មុន​នឹង​អាច​ក្លាយ​ជា​សមាជិក​អូតង់​បាន។ ការងារ​មួយ​ដែល​សំខាន់​មិន​អាច​ខ្វះ​បាន គឺ​ការ​គោរព​ស្តង់ដារ​លទ្ធិប្រជាធិបតេយ្យ។ បន្ទាប់​មក ហ្សកហ្ស៊ី​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ដាច់​ស្រឡះ​ពី​ជោគវាសនា​នៅ​តំបន់​អូសេទី​ខាងត្បូង និង​តំបន់អាប់កាហ្ស៊ី​ដែល​កំពុង​មាន​វត្តមាន​ទាហាន​រុស្ស៊ី​នៅ​ទីនោះ។

ជា​កាយវិការ​មួយ​ដើម្បី​ជា​សញ្ញា​ជួយ​លើក​ទឹកចិត្ត និង​ការ​មិនភ្លេច​ហ្សកហ្ស៊ី អូតង់​បាន​អញ្ជើញ​លោក​ប្រធានាធិបតី​ហ្សកហ្ស៊ី​ឲ្យ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​អូតង់​ឆ្នាំ ២០១៦​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ