អានតួអត្ថបទ
FMI-អាមេរិក

FMI៖​Brexit មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​ទេ តែ​ជា​មេរៀន​ដែល​អឺរ៉ុប​ត្រូវ​ធ្វើ​ការ​កែ​លម្អខ្លួន

លោកស្រី​គ្រីស្ទីន ឡាហ្កាដ អគ្គនាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ថ្លែង​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ AFP នា​ថ្ងៃ​ព្រហស្បតិ៍ ទី៧ កក្កដា​ថា ការ​ចាក​ចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នឹង​មិន​បង្ក​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ដើរ​ថយក្រោយ​ទេ។ តែ​ទន្ទឹម​គ្នា​នេះ លោកស្រី​គ្រីស្ទីន​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​ប្រជារាស្រ្ត​អង់គ្លេស​ជា​មេរៀន​មួយ​ដើម្បី​ធ្វើ​ការ​លម្អ​អឺរ៉ុប​នា​ពេល​អនាគត។

លោកស្រី​អគ្គនាយិកា​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​គ្រីស្ទីន ឡាហ្កាដ
លោកស្រី​អគ្គនាយិកា​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​គ្រីស្ទីន ឡាហ្កាដ REUTERS/Peter Nicholls
ផ្សាយពាណិជ្ជកម្ម

វា​ក្លាយ​ជា​ទម្លាប់​មួយ​ទៅ​ហើយ​ដែល​លោកស្រី​អគ្គនាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​គ្រីស្ទីន ឡាហ្កាដ​តែងតែ​ចាប់​អារម្មណ៍​លើ​ស្ថានការណ៍​សេដ្ឋកិច្ច​ក្នុង​លោក ពិសេស​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ដែល​លោកស្រី​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង។ ព្រឹត្តិការណ៍ Brexit ក្នុង​ប្រទេស​អង់គ្លេស​ត្រូវ​បាន​លោកស្រី​គ្រីស្ទីន​យល់​ឃើញ​ថា ពិត​ជា​ប្រភព​ហានិភ័យ​មួយ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក តែ​ខណៈ​នេះ ឥទ្ធិពល​របស់ Brexit នឹង​មិន​ទាញ​សេដ្ឋកិច្ច​ពិភពលោក​ឲ្យ​ដើរ​ថយក្រោយ​ទេ។

យោង​តាម​លោកស្រី​គ្រីស្ទីន ឡាហ្កាដ ប្រទេស​ដែល​បាន​ទទួល​ឥទ្ធិពល​អវិជ្ជមាន​មុន​គេ​ពី Brexit ពេល​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​ប្រទេស និង​ប្រជារាស្រ្ត​អង់គ្លេស​ខ្លួន​ឯង​ឡើយ។ អគ្គនាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​រូប​នេះ​ដដែល​បាន​បញ្ជាក់​ថា អ្វី​ដែល​កំពុង​បន្ត​ស្រពិចស្រពិល និង​មិន​ច្បាស់លាស់​កើត​ចេញ​ពី Brexit ពេល​នេះ គឺ​ការ​ដែល​អឺរ៉ុប និង​អង់គ្លេស​នៅ​មិន​ទាន់​និយាយ​ចុះ​សម្រុង​គ្នា​ក្នុង​កំណត់​ពេល​ដែល​អង់គ្លេស​ត្រូវ​លែងលះ​ពី​អឺរ៉ុប​ជា​ផ្លូវការ។ សម្រាប់​លោកស្រី​គ្រីស្ទីន ឡាហ្កាដ ដរាប​ណា​ភាព​មិន​ច្បាស់លាស់​នេះ​នៅ​បន្ត​អូសបន្លាយ ដរាប​នោះ​ហានិភ័យ​នឹង​មាន​កាន់​តែ​ធំ។

ទន្ទឹម​គ្នា​នេះ លោកស្រី​គ្រីនស្ទីន​ក៏​បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប​កុំ​មើលស្រាល​លើ Brexit និង​ត្រូវ​ចាត់​ទុក​ការ​សម្រេចចិត្ត​របស់​ប្រជារាស្រ្ត​អង់គ្លេស​ថា ជា​មេរៀន​មួយ​ដែល​អឺរ៉ុប​ត្រូវ​ព្យាយាម​កុំ​ឲ្យ​កើត​មាន​នៅ​លើ​សមាជិក​ផ្សេង​ទៀត។ នៅ​ក្នុង​ន័យ​នេះ អគ្គនាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​ស្នើ​ឲ្យ​អឺរ៉ុប​ផ្តើម​គិតគូរ​ជា​ថ្មី​ពី​នយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន​តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​លើ​ស្ថាប័ន​មួយ​ចំនួន។ លោកស្រី​គ្រីស្ទីន​បាន​សំណូមពរ​អឺរ៉ុប​ឲ្យ​ធ្វើ​អ្វីៗ​ប្រកប​ដោយ​តម្លាភាព និង​គ្មាន​ការ​លាក់លៀម​ដោយ​ធ្វើ​យ៉ាង​ណា បង្កើន​ការ​ទុកចិត្ត​ជា​ថ្មី​ចំពោះ​ពលរដ្ឋ​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ