អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Goodbye David Cameron !

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ​David Cameron ​នាយករដ្ឋមន្ត្រី​អង់គ្លេស ​ត្រូវ​ចប់​អាណត្តិ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហើយ ​បន្ទាប់​ពី​លោក​បាន​សម្រេចចិត្ត​លា​ចេញ​ពី​តំណែង ​នៅ​ក្រោយ​ការ​ធ្វើ​ប្រជាមតិ ​ចាកចេញ​ពី​សហភាព​អឺរ៉ុប។ អស់​៦​ឆ្នាំ​ដែល​លោក​បាន​គ្រប់គ្រង​តំណែង​នេះ ​ លោក​បាន​ពាំនាំ​មក​នូវ​ជោគជ័យ​ជាច្រើន​សម្រាប់​អង់គ្លេស ​តែ​ទីបំផុត ​ ល្បែង​នយោបាយ ​ដែល​លោក​បាន​រៀបចំ​ឡើង ​ បាន​មក​ចងជើង​ធ្វើ​ឲ្យ​លោក​ដួល​ដោយ​ខ្លួនឯង។ ល្បែង​នយោបាយ​ប្រជាមតិ​ដ៏គ្រោះថ្នាក់ ​ដោយ​យក​អាយុជីវិត​ជាតិ​ មក​ដាក់​ប្រថុយ ​ទី​បំផុត​គឺ​បាន​ត្រឹមតែ​ភាព​អាម៉ាស។

លោកដេវីដ ខាមឺរ៉ុន នៅខាងមុខការិយាល័យលេខ10 Downing Street ទីក្រុងឡុងដ៍
លោកដេវីដ ខាមឺរ៉ុន នៅខាងមុខការិយាល័យលេខ10 Downing Street ទីក្រុងឡុងដ៍ REUTERS/Stefan Wermuth
ផ្សាយពាណិជ្ជកម្ម

មនុស្ស​សាមញ្ញ​ គ្មាន​មហិច្ឆិតា៖

ស្ថិតក្នុង​វ័យ​៤៩​ឆ្នាំ ​លោក ដេវីដ ខាមឺរ៉ុន ​ធ្លាប់​ជា​អ្នក​នយោបាយ​អង់គ្លេស​ម្នាក់ ​ដែល​មិន​សូវ​ជា​មាន​អំណោយ​ទាន ​ ធ្វើ​ឲ្យ​មាន​អ្នក​និយម​គាំទ្រ​ច្រើនទេ។ ក៏ប៉ុន្តែ​ចំណុច​ពិសេស ​ដែល​គ្រប់គ្នា​សរសើរ​លោក​ ដេវីដ ខាមឺរ៉ុន​ គឺ​ស្មារតី​រហ័សរហួន ​ក្នុង​ការ​អនុវត្ត​កិច្ចការ ​ដោយ​យោង​លើ​ស្ថានភាព​ជាក់ស្តែង ​ច្រើន​ជាង​បាន​តែ​ទ្រឹស្តី​វែងឆ្ងាយ។ ក៏ប៉ុន្តែ​ គឺភាព​រហ័សរហួន ​គិត​ភ្លាម​ធ្វើ​ភ្លាម​នេះ​ហើយ​ ដែល​បាន​អូស​លោក​ ដេវីដ ខាមឺរ៉ុន ​ខ្លួនឯង​ឲ្យ​ចុះ​ពី​កៅអី​នាយករដ្ឋមន្ត្រី។

លោក ​Charles Moore ​អ្នក​សរសេរ​សៀវភៅ​ជីវប្រវត្តិ​អ្នក​នយោបាយ​ដ៏​ល្បី​ម្នាក់ ​បាន​និយាយ​ថា ​ លោក​ដេវីដ ខាមឺរ៉ុប ​ជា​មនុស្ស​រៀន​សូត្រ​បានច្រើន ​ ក៏​ប៉ុន្តែ​មិនមែន​ជា​អ្នក​បញ្ញាវ័ន​អ្វីទេ។ លោក ​ដេវីដ ខាមឺរ៉ុន ​ជាមនុស្ស​សាមញ្ញ​មិន​ក្រអឺត​ក្រទម ​តែ​ក៏​ជា​មនុស្ស​ដែលខ្វះ​មហិច្ឆិតា ​ ហើយ​អាច​ទទួល​យក​អ្វី​មួយ​បាន​ដោយ​ងាយ ​ ដោយ​មិន​សូវខ្វល់​ច្រើន ​ដើម្បី​សន្សំ​សុខ។

ឡើង​ជា​ប្រធាន​គណបក្ស​អភិរក្សនិយម​កាល​ពី​១១​ឆ្នាំមុន ​ លោក​ដេវីដ ខាមឺរ៉ុន ​ បាន​ខិតខំ​ធ្វើ​កំណែទម្រង់​ជាច្រើន ​ ដើម្បី​ជម្រះ​រូបភាព​ចាស់គម្រិល ​ រឺ​ក៏​កេរ្តិ៍ឈ្មោះ​មិន​ល្អ​របស់​គណបក្ស​នេះ​ ដើម្បី​ឈាន​ទៅ​អន្ទង​ទឹកចិត្ត​របស់អ្នក​គាំ​ទ្រ​ឡើងវិញ។ គំនិត​របស់​លោក​ខាមឺរ៉ុន ​មួយ​ទៀត ​ គឺ​ចង់​បិទ​បញ្ចប់ ​នូវ​ចរន្ត​គំនិត​ម្ខាង​ស្រលាញ់​សហភាព​អឺរ៉ុប ​ ម្ខាង​ស្អប់​សហភាព​អឺរ៉ុប ​ ដែល​បញ្ហា​នេះ​បាន​ហែកហួរ​បក្ស​របស់​លោក​ តាំងតែ​ពី​ជំនាន់​លោកស្រី  ​Margaret Thatcherមកម្លេះ។

ប្រជាមតិ​ចេញ​ពី​អឺរ៉ុប៖ ចំណេះ​ជិះ​ក​ឯង របស់​ ដេវីដ ខាមឺរ៉ុន
ដើម្បី​ត្រៀម​រៀបចំ​យក​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ទី២ ​នៅ​ឆ្នាំ​២០១៥ ​ លោក​ដេវីដ ខាមឺរ៉ុន ​បាន​ឆក់​យក​ឱកាស​ដែល​អង់គ្លេស​កំពុង​បាក់បែក ​ជាមួយ​នឹង​ចលនា​អំពាវនាវ​ឲ្យ​បំបែក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​អ្នក​នយោបាយ​មួយ​ចំនួន។ ក្រុម​អ្នក​នយោបាយ​ឱកាស​និយម​ ដែល​ឃោសនា​បំភ័យ​ និងពន្យុះ​ប្រជាជន​ឲ្យ​ស្អប់​សហភាព​អឺរ៉ុប ​បាន​ឡើង​ឥទ្ធិពល​កាន់តែ​ច្រើន​ចាប់​ពី​ឆ្នាំ​២០១២។ គណបក្សថ្មី​មួយ​ឈ្មោះ ​UKIP ​ដែល​មាន​និន្នាការ​ជាតិ​និយម​ជ្រុល ​និង​ស្អប់​សហភាព​អឺរ៉ុប​ បាន​លេច​ចេញ​រូបរាង្គ​យ៉ាង​ច្បាស់។

មិនដឹង​ជា​ភាព​វ័យឆ្លាត ​ រឺ​ក៏​ត្រូវ​ហៅ​ថា​ភាព​ល្ងង់ខ្លៅ ​ព្រោះ​ពេល​នោះ​ហើយ ​នៅ​ឆ្នាំ​២០១៣ ​ លោក​ដេវីដ ខាមឺរ៉ុន ​ បាន​យក​បញ្ហា​សមាជិកភាព​នៃ​សហភាព​អឺរ៉ុប​ របស់​អង់គ្លេស ​មក​ជា​កម្មវត្ថុ​នៃ​ការ​ឃោសនា​នយោបាយ​របស់​ខ្លួន​ ដើម្បី​ទាញ​យក​សម្លេង​ពី​ក្រុម​គណបក្ស​ដ៏ទៃ។ លោក ខាមឺរ៉ុន ​ បាន​សន្យា​ថា ​បើ​លោក​ជាប់​ឆ្នោត​អាណត្តិ​ទី​ពីរ​ គឺ​លោក​នឹង​រៀបចំ​ឲ្យ​ធ្វើ​ប្រជាមតិ ​ ដើម្បី​ឲ្យ​ប្រជាជន​សម្រេចចិត្ត ​ថា​ត្រូវ​នៅ​ រឺ​ត្រូវ​ចេញ​ពី​សហភាព​អឺរ៉ុប។សន្យា​ហើយ ​គឺ​មិន​អាច​លេប​សំដី​វិញ​បាន​ទេ។ គណបក្ស​លោក​ដេវីដ ខាមឺរ៉ុន​បាន​ឈ្នះឆ្នោត​បាន​សម្លេង​ភាគច្រើន​ក្នុង​សភា ​ដូច្នេះ​លោក​ត្រូវ​តែ​រៀបចំ​ធ្វើ​ទៅ​តាម​សន្យា។ វាជា​ការ​សន្យា​ដ៏​គ្រោះថ្នាក់​បំផុត។

ការធ្វើ​ប្រជាមតិ​ថ្វី​ត្បិត​តែ​ជា​មធ្យោបាយ​ប្រជាធិបតេយ្យ​ពិតមែន​ តែ​ប្រជាមតិ​មាន​ចំណុច​អវិជ្ជមាន​ច្រើន​ណាស់។ លទ្ធផល​បោះឆ្នោត ​គឺ​​វា​រំពឹង​ទាំងស្រុង​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​ប្រជាជន​ម្នាក់ៗ ​ ដែល​ពេល​ខ្លះ​ពួកគាត់​សម្រេច​ទាំង​មិន​បាន​ស្វែងយល់​ ឲ្យ​បាន​សព្វ​គ្រប់​ជ្រុងជ្រោយ ​ ​រឺ​ដោយ​ជឿ​តាម​ពាក្យ​ឃោសនា​បំប៉ោង​របស់​អ្នក​នយោបាយ​ម្ខាងៗ។ បញ្ហា​ដើរចេញ ​រឺ​បន្ត​នៅ​ក្នុង​សហភាព​អឺរ៉ុប ​ គឺជា​រឿង​ធំ​មហិមា ​ ដែល​គេ​មិន​គួរ​យក​វា​ទៅ​ឲ្យ​ប្រជាជន​ធ្វើ​ប្រជាមតិ ​ ទាំង​ពួក​គាត់​មិន​យល់​ច្បាស់ ​ថា​វា​មាន​ផល​ល្អ​រឺ​អាក្រក់​យ៉ាងណា​ខ្លះ​នោះ​ទេ។

ជារឿង​ដ៏​ចំលែក​បំផុត ​គឺ​លោក​ដេវីដ ខាមឺរ៉ុន​ខ្លួនឯង ​ជា​អ្នក​ស្នើ​ឲ្យ​មាន​ប្រជាមតិ​ តែជា​អ្នក​ដែល​ខំឃោសនា​សូមឲ្យ​ប្រជាជន​កុំ​បោះឆ្នោត​ចេញ​ពី​អឺរ៉ុប​ ទៅ​វិញ។ នេះ​គឺ​វា​បង្ហាញ​ពី​នយោបាយ​ដើរ​ជ្រុល​មួយ​ជំហាន​របស់​លោក​ទៅ​ហើយ ​ហើយ​ជំហាន​នេះ ​គឺ​ជា​ជំហាន​ស្លាប់រស់​សម្រាប់​លោក ​ និង​គណបក្ស​លោក។ ទី​បំផុត​  នៅថ្ងៃទី​២៣ មិថុនា​ ប្រជាជន​អង់គ្លេស​៥២% ​បាន​បោះឆ្នោត​យល់ព្រម​ឲ្យ​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប។

លោក​ដេវីដ ខាមឺរ៉ុន ​បាន​ប្រកាស​លាលែង​ពី​តំណែង​ភ្លាម ​ នៅ​ពេល​បាន​ដឹង​លទ្ធផល​ប្រជាមតិ​នៅ​ថ្ងៃ​បន្ទាប់។ វិបត្តិ​នយោបាយ​ចាប់​ផ្តើម​ផ្ទុះឡើង។ អ្នក​នយោបាយ ​មន្ត្រី​បក្ស​មក​ពី​គណបក្ស​អភិរក្ស​និយម​ ក៏​ដូច​ជា​គណបក្ស​ពលករ ​ ចាប់ផ្តើម​ដើរចេញ​ពី​តំណែង​ជា​បន្ត​បន្ទាប់។ មេ​ឃោសនា​បំប៉ោង​បំភ័យ​ប្រជាជន​ បាន​ទទួល​សារភាព​ថា​ខ្លួន ​ បាន​បំប៉ោង​តួលេខ​ដើម្បី​ឲ្យ​ប្រជាជន​ស្អប់​សហភាព​អឺរ៉ុប។

បង្ហើរសំនៀងលាគ្នា៖
ចាប់ពី​​​ថ្ងៃ​ទី​១៣​ កក្កដានេះទៅ ​ លោក​ដេវីដ ខាមឺរ៉ុន ​បាន​ក្លាយ​ជា​អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស។ លោកស្រី​ Theresa May  ​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី ​ចាប់​ពី​ពេល​នេះ​ទៅ។ គឺ​លោកស្រី​នាយករដ្ឋមន្ត្រី​ថ្មី​ ដែល​នឹង​ត្រូវ​ទទួល​ថ្មបាក់ ​បន្ត​ពី​លោក​ខាមឺរ៉ុន ​ក្នុង​ការ​ចរចា​ចុះ​កិច្ចព្រមព្រៀង​ផ្តាច់ខ្លួន​​ ជាមួយ​សហភាព​អឺរ៉ុប។ នេះគឺ​ជា​បញ្ហា​ស្មុគស្មាញ​បំផុត ​ដែល​គេ​គ្រប់គ្នា​ទទួល​ស្គាល់។

យ៉ាងណា ​ចាប់ពី​ថ្ងៃ​នេះទៅ ​ លោក​ដាវីដ ខាមឺរ៉ុន ​ អាច​បោសដៃ ​ទៅ​អង្គុយ​គង​ទាក់ខ្លា ​នៅ​មាត់​សមុទ្រ​យ៉ាង​រំភើយ ​ដោយ​ត្រូវ​លែងខ្វល់​ពី​វាសនា​របស់​អង់គ្លេស។ អង់គ្លេស​ដែល​កំពុងតែ​ដាំ​ក្បាល​ចុះ​សំយ៉ុង​ ដោយសារ​តែ​ស្នាដៃ​របស់​លោក​ដេវីដ ខាមឺរ៉ុន។ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​១១​ កក្កដា​ ក្រោយ​ពេល​ថ្លែង​ប្រកាស​ពី​ការ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​ ​នៅ​ខាង​មុខ​អាគារ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ ​​លោក​ដេវីដ ខាមឺរ៉ុន​ បាន​ដើរ​ចូល​ទៅ​ក្នុង​វិញ ​ ដោយ​ឆ្លៀត​បង្ហើប​មាត់​ច្រៀង​ទៀត​ផង។ ប្រហែល​ជា​គាត់​ភ្លេច​ថា ​មីក្រូហ្វូន​ នៅ​ចង​ជាប់​និង​ក្រវ៉ាត់​ក​លោក​នៅ​ឡើយ ការ​បង្ហើរ​សំនៀង​នេះ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ផ្អើល​ពេញ​សារព័ត៌មាន។

ការ​បង្ហើរ​សំនៀងនេះ​ បង្ហាញ​ថា​លោក​សប្បាយ​ចិត្ត ​ដែល​បាន​យក​រួចខ្លួន​ ដោយ​បាន​ផ្ទេរ​ថ្ម​បាក់ ​និង​ការ​លំបាក​យ៉ាង​ធ្ងន់​ ទៅឲ្យ​អ្នក​ថ្មី​ រឺ​យ៉ាងណា? សម្រាប់​អ្នកវិភាគ​ជាច្រើន ​គេ​មិន​ខ្លាច​នឹង​និយាយ​ទេ ​ថា​លោក​ដេវីដ ខាមឺរ៉ុន ​ជា​មនុស្ស​កំសាក ​បាន​បង្កាត់ភ្លើង​ដោយ​ខ្លួនឯង ​តែ​ពេល​ដែល​ភ្លើងឆេះ ​ បែរ​ជា​ប្រគល់​តួនាទី​ឲ្យ​អ្នក​ដ៏ទៃ​ជា​អ្នក​ពន្លត់​ទៅវិញ។

លាហើយ​ លោក ដេវីដ ខាមឺរ៉ុន។ ពីថ្ងៃនេះ​ទៅ​​ ឈ្មោះ​លោក​ នឹង​ត្រូវ​គេ​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប​ ថា​គឺ​ជា​មនុស្ស​ទីមួយ ​ដែល​បាននាំ​ប្រទេស​សមាជិក​មួយ ​ ឲ្យ​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប ​ហើយ​បាន​បំផ្លាញ​មហាគ្រួសារ​អឺរ៉ុប។ អរគុណ​លោក ដេវីដ ខាមឺរុន​ ជាអនេក ​ចំពោះ​គំនិត​ដ៏​ឆ្លាត​វៃ​របស់​លោក ​ ដែល​បាន​ស្នើឲ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​ ដើម្បី​បំផ្លាញ​ខ្លួនឯង ​និង​អង់គ្លេស។​ សហភាព​អឺរ៉ុប ​នឹង​នៅ​តែ​ដើរ​ទៅមុខ​ បើទោះបី​ជា​គ្មាន​អង់គ្លេស​ក៏ដោយ។ គឺ​អង់គ្លេស​ខ្លួនឯង​ទេ​ដែល​ត្រូវ​នៅ​ឯកោ​ ចាប់​ពី​ថ្ងៃ​នេះ​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ