អានតួអត្ថបទ
អាមេរិក-តួកគី

លោក​ចន ឃែរី៖អាមេរិក​នឹង​បញ្ជូន​លោក​​ហ្គ៊ូឡេន​ទៅ​ឲ្យ​តួកគី បើ​តួកគី​បង្ហាញ​ភស្តុតាង​ត្រឹមត្រូវ

នៅ​ថ្ងៃ​សៅរ៍ ទី១៧ កក្កដា ពោល​ប៉ុន្មាន​ម៉ោង​ក្រោយ​ព្រឹត្តិការណ៍​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ក្នុង​ប្រទេស​តួកគី លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​បាន​ប្រកាស​ឲ្យ​ដឹង​ថា អាមេរិក​នឹង​ជួយ​តួកគី​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ស្ចែង​រក​ជន ឬ​ក្រុម​ដែល​បាន​រៀបចំ​រដ្ឋប្រហារ​នោះ។ ទាក់ទង​នឹង​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​តួកគី​លោក​ហ្វឺទូឡា ហ្គ៊ូឡេន​ដែល​កំពុង​ភៀសខ្លួន​រស់នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​លោក​ចន ឃ៊ែរី​អះអាង​ថា អាមេរិក​អាច​នឹង​បញ្ជូន​ទៅ​ឲ្យ​តួកគី​បាន បើ​រដ្ឋាភិបាល​តួកគី​បង្ហាញ​ភស្តុតាង​ជាក់ស្តែង​ពី​ការ​រួមគំនិត​របស់​លោក​ហ្គូឡេន។

លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី
លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

ការ​ថ្លែង​របស់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ត្រូវ​បាន​ធ្វើ​ឡើង​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​លុចសំបួរ។ លោក​ចន ឃែរី​បាន​បញ្ជាក់​ដោយ​លំអិត​ច្បាស់ៗ​នៅ​ក្នុង​សន្និសីទកាសែត​ជាមួយ​សមភាគី​លុចសំបួរ​ថា អាមេរិក​នៅ​មិន​ទាន់​បាន​ទទួល​សំណើ​សុំ​ធ្វើ​បត្យាប័ន​លោក​ហ្វឺទូឡា ហ្គ៊ូឡេន​ពី​រដ្ឋាភិបាល​តួកគី​នៅ​ឡើយ​ទេ និង​ថា អាមេរិក​អាច​នឹង​បញ្ជូន​លោក​ហ្គ៊ូឡេន​ទៅ​ឲ្យ​តួកគី​បាន ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​បង្ហាញ​ភស្តុតាង​ជាក់ស្តែង​ពី​ការ​រួមគំនិត​របស់​លោក​ហ្គូឡេន​នៅ​ក្នុង​ទង្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​នៅ​តួកគី​ពេល​នេះ។

លោក​ប្រមុខ​ការទូត​អាមេរិក​ដែល​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​តួកគី​នៅ​យប់​ថ្ងៃ​សុក្រ ទី១៥ កក្កដា​ក្នុង​ពេល​ផ្ទុះ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ក្នុង​ទីក្រុង​អង់ការ៉ា​ថា បន្ទាប់​ពី​បាន​ទទួល​ភស្តុតាង​ជាក់ច្បាស់ និង​ត្រឹមត្រូវ​ពី​ក្រុង​អង់ការ៉ា​ស្តីពី​ការ​ចូលរួម​របស់​លោក​ហ្គ៊ូឡេន​ហើយ ក្រុង​វ៉ាស៊ីតោន​នឹង​លើក​យក​ទៅ​ពិនិត្យ​ស៊ីជម្រៅ រួច​សម្រេច​ថា តើ​ត្រូវ ឬ​មិន​ត្រូវ​បញ្ជូន​លោក​ហ្គ៊ូឡេន​ទៅ​ឲ្យ​រដ្ឋអំណាច​តួកគី។ សូម​ជម្រាប​ជូន​ថា ការ​ថ្លែង​របស់​លោក​ចន ឃែរី​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​បាន​ចង្អុល​ចំ​មុខ​លោក​ហ្គ៊ូឡេន​ថា ជា​អ្នក​នៅ​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច​ក្នុង​យប់​ថ្ងៃ​សុក្រ ទី១៥ កក្កដា។

តែ​ប្រតិកម្ម​តប​ភ្លាមៗ សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​តួកគី​រូប​នេះ​បាន​មុខ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ និង​ថែម​ទាំង​ថ្កោលទោស​លើ​ទង្វើ​ប៉ុនប៉ង​រដ្ឋប្រហារ​យោធា​នោះ​ទៀត​ផង។ សូម​ជម្រាប​ជូន​ថា មាន​អាយុ ៧៥ឆ្នាំ លោក​ហ្គូនឡេន​ដែល​ជា​សត្រូវ​ស៊ីសាច់​ហុតឈាម​នឹង​លោក​អ៊ែរដូហ្កាន​បាន​ភៀសខ្លួន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​តាំង​ពី​ឆ្នាំ ១៩៩៩។ តែ​សកម្មជន​ប្រឆាំង​រូប​នេះ​មិន​បាន​ដក​ខ្លួន​ចេញ​ពី​ឆាក​នយោបាយ​តួកគី​ទាំង​ស្រុង​ទេ។ ក្រៅ​ពី​សន្យា​ជួយ​ធ្វើ​ការ​ស៊ើបអង្កេត​ជាមួយ​រដ្ឋាភិបាល​តួកគី លោក​ចន ឃែរី​ក៏​បាន​បញ្ជាក់​ពី​ជំហរ​គំាទ្រ​ឥតងាករេ​របស់​រដ្ឋបាល​អាមេរិក​ចំពោះ​រដ្ឋាភិបាល​តួកគី​ដែរ។

លោក​ចន ឃែរី​សង្ឃឹម​ថា រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​នឹង​ធ្វើ​ការ​កាត់ទោស​ជនដៃដល់ និង​ជនរួម​គំនិត​នៅ​ក្នុង​ទង្វើ​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច​នេះ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។ ទន្ទឹម​គ្នា​នេះ លោក​ចន ឃែរី​សង្ឃឹម​ថា វិបត្តិ​តួកគី​ពេល​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​រវាង​អាមេរិក និង​តួកគី ឬ​មួយ​រវាង​តួកគី និង​អង្គការ​អូតង់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ