អានតួអត្ថបទ
តួកគី-អឺរ៉ុប

កិច្ចប្រជុំ​​អឺរ៉ុប​​ក្លាយជា​ជំនួប​ដោះស្រាយវិបត្តិតួកគីក្រោយ​រដ្ឋ​ប្រហារ

ក្រោយ​រដ្ឋប្រហារ​មិន​សម្រេច​ ប្រធានាធិបតី​តួកគី បាន​ប្រកាស​សន្យា​ថា​នឹង​កម្ចាត់​ឱ្យ​អស់​មេរោគ​នៅ​ក្នុង​សាច់ នៅ​ក្នុង​គ្រប់​ស្ថាប័ន​ទាំង​អស់ ដែល​ប្រៀប​បាន​នឹង​មេរោគ​មហារីក និង​បាន​បន្ត​ចាប់​ខ្លួន​មនុស្ស ឡើង​ដល់​​រាប់ពាន់​នាក់ មិន​ខ្វល់​នឹង​ការ​ព្រមាន​របស់​អឺរ៉ុប​និង​សហគមន៍​អន្តរជាតិ​ទេ។ កិច្ចប្រជុំ​​រដ្ឋមន្ត្រីការបរទេស ដែល​ត្រូវ​បើក​នៅ​ថ្ងៃ​នេះ ត្រូវ​ផ្តោត​ស្ទើរ​ទាំង​ស្រុង​​លើ​ស្ថានការណ៍​​នៅ​តួកគី។ សហភាព​អឺរ៉ុប ចង់​ជំរុញ​ឱ្យ​តួកគី​គោរព​ច្បាប់​និង​សិទ្ធិមនុស្ស ប៉ុន្តែ​ដូច​ជា​គ្មាន​មធ្យោបាយ​អ្វី​ដាក់​សម្ពាធ​​លើ​រដ្ឋាភិបាល​មួយ​នេះ​សោះ។

ប្រមុខ​ការ​ទូត​អាមេរិក​លោក​ចន​ឃេរី និង​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Mogherini ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអឺរ៉ុប​ថ្ងៃទី ១៨​កក្កដា ២០១៦
ប្រមុខ​ការ​ទូត​អាមេរិក​លោក​ចន​ឃេរី និង​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Mogherini ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអឺរ៉ុប​ថ្ងៃទី ១៨​កក្កដា ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

បី​ថ្ងៃក្រោយ​រដ្ឋ​ប្រហារ​មិន​សម្រេច និង​បន្ថែម​​ពី​លើការ​​ចាប់​ខ្លួន​​ទាហាន​ជាង​៦ពាន់​នាក់ និងពី​លើ​ដីការ​ចាប់ខ្លួន​ចៅក្រម​ និង​រដ្ឋអាជ្ញា​ជិត​បី​ពាន់​នាក់​ ឧត្តមសេនីយ៍​ ជាង​១០៣​នាក់ ត្រូវចាប់​យក​ទៅ​ឃុំ​ខ្លួន  អភិបាល​ក្រុង​៣០​រូប និង​មន្ត្រី​ជាន់​ខ្ពស់​ជាង ៥០​រូប ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ជាង​៩ពាន់​នាក់​ត្រូវ​បាន​បណ្តេញ​ពី​ការងារ ក្នុង​នោះ ​ជាង​៨៧០០​នាក់ ជា​ប៉ូលិស​ត្រូវ​ដោះ​ឯកសណ្ឋាន នៅ​ថ្ងៃ​ចន្ទ​នេះ ក្នុង​ក្របខ័ណ្ឌ​បោស​សម្អាត​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋ។

 
ពាក្យ​ថា “ភេរវជន”​ ត្រូវ​បាន​យក​មក​ប្រើ​ជា​ផ្លូវការ។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​តួកគី រដ្ឋប្រហារ​​កាលពី​ថ្ងៃ​សុក្រ​មិន​មែន​ត្រឹម​តែ​ជា​ផ្សំ​គំនិត​មិន​សម្រេច​ទេ តែ​ជា​ការ​ឃោសនា​ភេរវនិយម។ ប្រធានាធិបតី​តួកគី​កំពុង​បង្កើន​ការ​បោស​សម្អាត​ និង​កម្ចាត់​ឱ្យ​អស់​នូវ​អ្វី​ដែល​លោក​ចាត់​ទុក​ជា​មេរោគ​​មហារីក​របស់​រដ្ឋ​។

ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ កិច្ចប្រជុំ​​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុបនៅ​​ថ្ងៃ​ចន្ទ​នេះ ​ដែល​តាម​ទម្លាប់​​ត្រូវ​ពិភាក្សា​គ្នា​ជុំ​វិញ​ជម្លោះ​នៅ​លីប៊ី នៅ​អ៊ុយក្រែន​ អំពី​វិបត្តិ​អន្តោប្រវេសន៍​​ឆ្លង​សមុទ្ទ​ ... ត្រូវ​បាន​ប្រែក្លាយ​ជា​​ជំនួប​ប្រជុំ​ដោះស្រាយ​វិបត្តិ​ទៅ​វិញ។ តួនាទី​ដ៏​សំខាន់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​និងសមត្ថភាព​ទប់​ស្កាត់​​អន្តោប្រវេសន៍របស់​ក្រុង​អង់ការ៉ា ​ បាន​​ក្លាយ​ទៅ​ជា​ប្រធានបទ​ស្នូល​នៃ​កិច្ចប្រជុំ​ថ្ងៃ​នេះ។

សហភាព​អឺរ៉ុប ត្រូវ​អនុម័ត​ជំហរ​រួម​គ្នា​មួយ​ ជាមួយ​វត្តមាន​របស់​ប្រមុខ​ការ​ទូត​អាមេរិក​ផង ស្តីអំពី​ការ​ព្រួយ​បារម្ភ​​របស់​អឺរ៉ុបចំពោះ​ស្ថានការណ៍​នៅ​តួកគី។ អឺរ៉ុប​នឹង​បញ្ជូន​សារ​ដ៏​ច្បាស់​លាស់​មួយ​ទៅ​ឱ្យ​តួកគី ថា​ ប្រទេស​ត្រូវ​មាន​ច្បាប់ គ្មាន​ហេតុផល​សម​ស្រប​ណា​មួយ​អនុញ្ញាត​ឱ្យ​តួកគីចាត់​វិធានការ​ដែល​ខុសឬ​ឃ្លាត​ឆ្ងាយ​ពី​ច្បាប់​អន្តរជាតិ​បាន​ឡើយ ! នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប នៅ​ពេល​មុន​បើក​អង្គ​ប្រជុំ។ រដ្ឋមន្ត្រីការបរទេស​បារាំង បាន​ព្រលយ​តាំង​ពីថ្ងៃ​ម្សិលមិញ​រួច​ហើយ ថា​អឺរ៉ុប​នឹង​​រក្សា​កា​រប្រុង​ប្រយ័ត្ន​ខ្លាំង​នឹង​ស្ថានការណ៍​នៅ​តួកគី។ ចំណែក​អាល្លឺម៉ង់​វិញ បាន​ចេញ​សេចក្តី​ព្រមាន​ថា​ប្រសិន​បើ​តួកគី​ហ៊ាន​ស្តារ​ច្បាប់​ប្រហារ​ជីវិត​ឡើង​វិញ នោះ​កិច្ចចរចា​របស់​​តួកគី​សុំ​ចូល​ជា​សមាជិក​អឺរ៉ុប​ ត្រូវ​បញ្ឈប់។ អាល្លឺម៉ង់​និង​សហភាពអឺរ៉ុប​ប្រឆាំង​ដាច់​ខាត​នឹង​ទោស​ប្រហារ​ជីវិត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ