អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វាយប្រហារ​ដោយ​កាំបិត​ពូថៅ ភេរវកម្មជីហាត​​បែប​ថ្មី នៅ​អាល្លឺម៉ង់ ​ ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​រដ្ឋអ៊ីស្លាម បាន​ប្រកាស​ទទួល​ស្គាល់ការ​វាយប្រហារ​ដោយកាំបិត​ពូថៅ លើ​រថភ្លើង​ នៅ​ប្រទេសអាល្លឺម៉ង់ ថា​ជា​ភេរវកម្ម​ ដែល​ធ្វើ​ឡើង​ដោយ​​​ “កូន​ទាហាន” ម្នាក់​របស់​អង្គការ។ អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រើ​ពាក្យតែ​មួយ​ ដូច​កាល​ប្រកាស​ទទួល​ភេរវកម្ម​នៅ​ក្រុង​នីស​ប្រទេស​បារាំង។ សម្រាប់​ខាងអាល្លឺម៉ង់​វិញ គ្រាន់​តែ​បាន​ឃើញ​​ការ​វាយប្រហារ​ ​ កាលពី​យប់​ថ្ងៃ​ចន្ទ ដែល​បាន​​​បង្ក​ឱ្យ​មាន​មនុស្ស​របួស​ធ្ងន់​បួន​នាក់ភ្លាម អាជ្ញាធរ​អាល្លឺម៉ង់ បាន​បង្ហាញ​ភាព​សង្ស័យ​​​ដោយ​គ្មាន​បង្អង់​ ថា​អាចជា​ភេរវកម្ម​​​អ៊ីស្លាម​ជ្រុល​និយម។

​រថភ្លើង​ដែល​យុវជនអាហ្វហ្កានីស្ថាន​វាយប្រហារ​ដោយ​កាំបិតពូថៅ​លើ​អ្នក​ដំណើរ​ឱ្យ​របួស​ធ្ងន់​បួន​នាក់
​រថភ្លើង​ដែល​យុវជនអាហ្វហ្កានីស្ថាន​វាយប្រហារ​ដោយ​កាំបិតពូថៅ​លើ​អ្នក​ដំណើរ​ឱ្យ​របួស​ធ្ងន់​បួន​នាក់ KARL-JOSEF HILDENBRAND / DPA / AFP
ផ្សាយពាណិជ្ជកម្ម

មនុស្ស​បួន​នាក់​រង​របួស​ធ្ងន់ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត ស្ថិត​ក្នុង​ស្ថានភាព​តក់​ស្លុត​យ៉ាង​ខ្លាំង នៅ​ក្នុង​​​វាយប្រហារ​ដោយ​កាំបិត​ពូថៅ ពី​សំណាក់​យុវជន​ជាតិ​អាហ្វហ្កានិស្ថាន​ម្នាក់​ ​ នៅ​ក្នុងទូរ​​រថភ្លើង​មួយ។

 
ជនដៃដល់​ជា​ក្មេង​អន្តោប្រវេសន៍

ការ​វាយប្រហារ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​​រថភ្លើង​តំបន់​មួយ ដែល​មាន​ផ្ទុក​អ្នក​ដំណើរ​ជាង​៣០​នាក់​ នៅ​វេលា​ម៉ោង ៩​និង​១៥​នាទី យប់ ថ្ងៃ​ចន្ទ​ទី ១៧​កក្កដា ពេល​ជិត​ដល់​ចំណត។ ​មាន​ភស្តុតាង និង​សាក្សី​ជា​ច្រើន បាន​បញ្ជាក់ អំពី​លក្ខណៈ​អ៊ីស្លាមជ្រុល​និយម​ ពេល​កំពុង​វាយប្រហារ ដោយ​ឮ​ជន​ដៃដល់​នេះ​ស្រែក​ថា "អាឡា អាបា” ព្រះ​ជា​ធំ !

ប៉ុន្តែ​អាជ្ញាធរ​ត្រូវ​ការ​ធ្វើ​អង្កេតស៊ីជម្រៅ​​សិន ព្រោះ​ជន​នេះ​ឡើង​រថភ្លើង​តែ​ម្នាក់​ឯង បញ្ចេញ​សកម្មភាព​ក៏​តែ​ម្នាក់ឯង ... ម្យ៉ាង​វិញ​ទៀត ជន​នេះ​ក៏​គ្មាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អង្កេត​ភេរវជន​ដែរ។ អ្វី​ដែល​គេ​បាន​ដឹង​ច្បាស់​លាស់ គិត​មក​ត្រឹម​ពេល​នេះ គឺប៉ូលិស​​បានឆែក​ឆេរ​​រក​ឃើញ​ទង់ជាតិ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ធ្វើ​​ដោយ​ដៃ នៅ​ក្នុង​បន្ទប់​គេង​របស់គេ​។ មាន​អាយុ ១៧ឆ្នាំ យុវជនជាតិ​​អាហ្វហ្កានីស្ថាន​រូប​នេះ បាន​ធ្វើ​ដំណើរ​មក​ដល់​អាល្លឺម៉ង់កាលពី​ពីរ​ឆ្នាំ​មុន តែ​ម្នាក់​ឯង ក្នុង​ចំណោម​ហ្វូង​ជនភៀសខ្លួន គ្មាន​ម្តាយ​ឪពុក​ក្រុមគ្រួសារ​ឡើយ។ យុវជន​អាហ្វហ្កានិស្ថាន​នេះ បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​អាល្លឺម៉ង់​តាំង​ពី​ជាង​មួយ​ឆ្នាំ​មក​ហើយ និង​បាន​មក​​រស់​នៅ​ក្នុង​គ្រួសារសប្បុរស​​មួយ កាលពី​ពីរ​សប្តាហ៍​មុន​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​កើត​ហេតុ។

កូនទាហាន​របស់​​អង្គការ​រដ្ឋ​អ៊ីស្លាម ?

អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​កំពុង​ធ្វើ​សង្គ្រាម​មនោគមវិជ្ជា​ប្រឆាំង​នឹង​បស្ចឹម​លោក ធ្លាប់​បាន​​ផ្សព្វផ្សាយ និង​អំពាវនាវ​ឱ្យ​អ្នក​អ៊ីស្លាម​ជ្រុល​និយម​ទាំង​អស់ បញ្ចេញ​សកម្មភាព​នៅ​ក្នុង​ប្រទេស​​រៀងខ្លួន​ ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ដែល​មាន ដូច​ជា​កាំបិត​ពូថៅ ដុំ​ថ្ម ។ល។ និង​។ល។ ធ្វើ​យ៉ាង​ណា​សម្លាប់​មនុស្ស​ឱ្យ​ខាង​តែ​បាន​ច្រើន​ និង​ណែនាំ​មិន​ឱ្យ​យុទ្ធជន​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ស៊ីរី ឬ​អ៊ីរ៉ាក់​ទេ ព្រោះ​អាច​នឹង​ត្រូវ​ប៉ូលិស​ ចាប់​បាន ឬ​មាន​ដាន។

​បើ​គិត​ត្រឹម​ណេះ ទោះ​បី​​​ជនជ្រុលនិយម​អ៊ីស្លាម​​ណា​មិន​បាន​ទៅ​ដល់​កន្លែង​ មិន​បាន​ចូល​ជា​បម្រើ​អង្គការ​រដ្ឋអ៊ីស្លាម​ដោយ​ផ្ទាល់​ក៏​ដោយ តែ​ដោយ​គ្រាន់​តែ​​គាំទ្រ​មនោគមវិជ្ជា​របស់​ពួក​គេ និង​ ​បាន​អនុវត្ត​អំពើ​ឃោរឃៅ កាប់​សម្លាប់​មនុស្ស​ ដើម្បី​បុព្វហេតុ​អង្គការ​រដ្ឋអ៊ីស្លាម  នោះ​ពិត​ជា​ត្រូវបាន​ចាត់​ទុក​ជា​កូន​ទាហានរបស់​អង្គការ​រដ្ឋអ៊ីស្លាម​បានហើយ។ កូន​ទាហាន​បែប​នេះ គ្មាន​បាន​ប្រាក់​ខែ ជួន​កាល​គ្មានបាន​ទទួល​​បញ្ជា ឬ​ផែនការ​ពី​ថ្នាក់​លើ​ ឬ​គ្មាន​បណ្តាញ​អ្វី​ទេ។

ការ​វាយប្រហារ​ដោយ​កាំបិត ភេរវកម្មទោល​នៅ​អាល្លឺម៉ង់

បើ​យើង​ធ្វើ​ការ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ជិត​ខាង ដូច​យ៉ាង ​បារាំង ឬ​បែលហ្សិក អាល្លឺម៉ង់​មិន​ដែល​រង​ភេរវកម្ម​​ជា​ទ្រង់ទ្រាយ​ធំ​ឡើយ។ តែ​អាជ្ញាធរ​អាល្លឺម៉ង់​ តែង​តែ​រំលឹក​ជា​ញយៗ​ដង​ថា​ប្រទេស​ជាតិ​ក៏​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ដែរ និង​មាន​ការ​ស្រាវចាប់​ពួក​បណ្តាញ​ភេរវនិយម​ជាប់​សង្ស័យ​ជា​ច្រើន​នាក់។

ប៉ុន្តែ​នេះ​ជា​លើក​ទី​មួយ ដែល​អង្គការ​រដ្ឋ​អ៊ីស្លាម​ប្រកាស​សកម្មភាព​ភេរវកម្ម​នៅអាល្លឺម៉ង់។គិត​រហូត​មក​ទល់​នឹង​ពេល​នេះ អាល្លឺម៉ង់​រង​តែ​ការ​វាយប្រហារ​ភេរវកម្ម​ជីហាត​ បែប​ ទោល តែ​ប៉ុណ្ណោះ។ កាលពី​ឧសភា មាន​ការ​វាយប្រហារ​ក្នុង​រថភ្លើង​ដោយ​ប្រើ​កាំបិត​ចាក់​សម្លាប់​មនុស្ស​ម្នាក់ និង​របួស​បី​នាក់ កាលណោះ​អាជ្ញាធរអាល្លឺម៉ង់​ក៏​សង្ស័យ​ថា​ជា​ការ​វាយប្រហារ​ភេរវកម្ម​អ៊ីស្លាម​ និង​តាមដាន​អង្គការ​រដ្ឋអ៊ីស្លាម មុន​នឹង​ប្រកាស​សេចក្តី​សន្និដ្ឋាន​បញ្ចប់​ថា​ជា​ជន​ខូច​សតិ។ នៅ​ខែ​កុម្ភៈ​ដើម​ឆ្នាំ២០១៦ដដែល មាន​ការ​វាយប្រហារ​ដោយ​កាំបិត ប្រឆាំង​នឹង​ប៉ូលិស​ម្នាក់ ពី​សំណាក់​ក្មេង​ស្រី​ជំទង់ដើម​កំណើត​តួកគី​​អាយុ​១៥​ឆ្នាំ ដែលចង់​ចេញ​ទៅ​ស៊ីរី ឬ​អ៊ីរ៉ាក់​ ដើម្បី​បម្រើ​អង្គការ​រដ្ឋ​អ៊ីស្លាម។

ប៉ុន្តែ​នៅ​លើក​នេះ ប្រសិន​បើ​ការ​វាយប្រហារ​របស់​យុវជន​អាហ្វហ្កានីស្ថាន​ មាន​ដាន​​ជាប់​​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ពិត​ជា​ត្រូវ​បញ្ជាក់មែន អ្នក​ដែល​ខាត​គឺ​អន្តោប្រវេសន៍ ព្រោះ​ការ​តស៊ូ​មតិ​ទាក់ទង​នឹង​បញ្ហាជនភៀស​ខ្លួន​​​នឹង​ត្រូវ​ឆេះ​សន្ធោ​សន្ធៅ​ឡើងវិញ​ជាក់​​ជា​មិន​ខាន។ បើ​ទោះ​បី​ស្ថិតិ​​​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់​បាន​បង្ហាញ​ថា លំហូរ​អន្តោប្រវេសន៍​ មិន​បង្កើន​ចំនួន​ឧក្រិដ្ឋកម្ម​និង​ហានិភ័យ​ភេរវកម្ម​ក៏ដោយ។

សូម​បញ្ជាក់​ថា​ ឆ្នាំ​មុន​ អាល្លឺម៉ង់​បាន​ទទួលយកជនភៀស​ខ្លួន​ជាង​១លាននាក់ ភាគ​ច្រើន​ជា​ជនជាតិ​ស៊ីរី តែជនជាតិ​អាហ្វហ្កានីស្ថាន ក៏​មាន​ចំនួន​ច្រើន​ខ្លាំង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ