អានតួអត្ថបទ

វាសនា ពួកអ្នកកីឡារុស្ស៊ី នៅមិនទាន់អារកាត់ទេ

កាលដែលនៅសល់១៧ថ្ងៃ ដល់​ពេល​សម្ពោធ ល្បែង​កីឡា​អូឡាំពិក នៅ​ប្រេស៊ីល និង មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ចេញ​ផ្សាយ​របាយការណ៍​​របស់​លោក Richard McLaren ជា​ប្រធាន “ទីភ្នាក់ងារ​ពិភពលោក​ប្រឆាំង​ការប្រើ​ថ្នាំ​លើក​កម្លាំង​អ្នកកីឡា “AMA ស្តី​អំពី​ការប្រើ​ថ្នាំ​លើក​កម្លាំង​បែប​នេះ ដោយ​រុស្ស៊ី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ CIO ល្ងាចថ្ងៃ​អង្គារ​ម្សិលមិញ បាន​សម្រេច​ធ្វើការសិក្សា​លើ “គ្រប់​តែ​ជម្រើស​ស្រប​ច្បាប់ “រវាង​ការឆូត​ឈ្មោះ​ប្រទេស​រុស្ស៊ី​ទាំងមូល​តែម្តង ចេញ​ពី​ការប្រកួត​នៅ​ប្រេស៊ីល និង ការផ្តល់​សិទ្ធិ​គតិយុត្ត ដល់​អ្នក​កីឡា​រុស្ស៊ី ឲ្យ​ចូលរួម​ប្រកួត​នោះ ក្នុង​លក្ខណៈ​បុគ្គល​ទេតើ។

លោក Richard McLaren ប្រធាន​ទីភ្នាក់ងារ​ពិភពលោក​ប្រឆាំង​ការ​ប្រើ​ថ្នាំ​លើក​កម្លាំង​កីឡាករ
លោក Richard McLaren ប្រធាន​ទីភ្នាក់ងារ​ពិភពលោក​ប្រឆាំង​ការ​ប្រើ​ថ្នាំ​លើក​កម្លាំង​កីឡាករ REUTERS/Peter Power
ផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីជូនដំណឹង​របស់​ខ្លួន គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ CIO លម្អិតថា នឹង​គន់​គិត​អំពី សាលក្រម ដែល តុលាការ​អាជ្ញា​កណ្តាល​ខាង​កីឡា នៅ​ក្រុង Lausanne ប្រទេស​ស្វីស នឹង​ចេញ​ទៅ​ទល់​ថ្ងៃ​ព្រហស្បតិ៍​ស្អែក ពាកព័ន្ធ​នឹង​ពាក្យ​តវ៉ា​របស់​អត្តពលិក​រុស្ស៊ី​៦៨នាក់ ជាប់​ក្នុង​បម្រាម របស់​សហព័ន្ធ​អត្តពលកម្ម​អន្តរជាតិ IAAF។

 
នៅប្រទេសរុស្ស៊ី​ឯណេះ ឈ្មោះ​អ្នកមុខអ្នកការ​៤នាក់ ដែល​មាន​ចែង​ក្នុង​របាយការណ៍​របស់​លោក Richard McLaren ជាប្រធាន “ទីភ្នាក់ងារ​ពិភពលោក​ប្រឆាំង​ការប្រើ​ថ្នាំ​លើក​កម្លាំង​អ្នកកីឡា” AMA ដែល​ចោទ​រុស្ស៊ី ថា​ប្រើ​ថ្នាំ​លើក​កម្លាំង​ពួក​អ្នក​កីឡា​រុស្ស៊ី​ក្នុង​ល្បែង​អូឡាំពិក​នៅ​ក្រុង Sochi ឆ្នាំ​២០១៤ ថ្នាក់​រដ្ឋ​តែ​ម្តង គឺ​ត្រូវ​បាន “បញ្ឈប់​ពី​ការបំពេញ​មុខ​តំណែង​ខ្លួន មួយ​រយៈ​សិន” ទម្រាំ​ចប់​ទៅ ​ការស៊ើប​អង្កេត​ជុំវិញ​សាច់​រឿង​ដែល​មាន - សេចក្តី​នេះ ​ប្រកាស​ដោយ​រដ្ឋមន្ត្រី ក្រសួង​កីឡា​រុស្ស៊ី លោក Vitali Moutko។

រីឯ លោកអនុរដ្ឋមន្ត្រី​ក្រសួង​កីឡា Yuri Nagornykh ដែល​ក៏​មាន​ឈ្មោះ​ក្នុង​របាយការណ៍​នោះ តាំង​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលម៉្ងៃ​ម៉្លេះ ត្រូវបាន​លោក​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី ឌ្មីទ្រី មេដវេដេវ ផ្អាក​ឲ្យ​ឈប់​បំពេញ​ការងារ​ខ្លួន​សិន​ដែរ។

ចំណែកលោករដ្ឋមន្ត្រី​ក្រសួង​កីឡា​រុស្ស៊ី Vitali Moutko ផ្ទាល់ តប​នឹង​ការទាមទារ​របស់​ទីភ្នាក់ងារ AMA ឲ្យ​គាត់​ចាក​ចេញ​ពី​តំណែង​ទៅ បាន​ថ្លែង​ការពារ​ខ្លួន​គាត់​ដូច​តទៅ ៖ គឺ​មិន​អាច​មាន​ទៅ​កើត​ឡើយ ការចោទ​ប្រកាន់​អ្វី​ណា​ទល់​នឹង​រូបខ្ញុំ ដូច្នេះ​ការចុះចេញ​ពី​តំណែង​នៃ​រូប​ខ្ញុំ ក៏​មិន​អាច​ប្រព្រឹត្ត​ទៅ​ឡើយ។

រសៀលម្សិលមិញ ពេលសន្ទនា​តាម​ទូរស័ព្ទ ជាមួយ​សមភាគី​អាមេរិកាំង ចន ឃែរី លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ បាន​ទម្លាយ​ចេញ​មក​នូវ​រាល់​ពាក្យ​សម្តី​ណា ដែល​គាត់​គិត​ឃើញ អំពី​លក្ខណៈ​បង្កហេតុ និង ប្រឆាំង​រុស្ស៊ី​ពេញ​ទី ពី​ខាង​ទីភ្នាក់ងារ​អាមេរិកាំង​ប្រឆាំង​ការប្រើ​ថ្នាំ​លើក​កម្លាំង Usada ដែល​អំពាវនាវ​ឲ្យ​ឝណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ CIO លុប​ឈ្មោះ​ប្រទេស​រុស្ស៊ី​តែ​ម្តង ចេញ​ពី​ការប្រកួត​ក្នុង​ល្បែង​កីឡា​អូឡាំពិក នៅ​ប្រទេស​ប្រេស៊ីល​ក្នុង​ខែ​សីហា​ខាងមុខ ក្រោមលេស​ថា រុស្ស៊ី​ក្នុង​ជាន់​ថ្នាក់​រដ្ឋ អនុវត្ត​កម្មវិធី​ខាង​ប្រើ​ថ្នាំ​លើក​កម្លាំង សម្រាប់​ពួក​អ្នកកីឡាខ្លួន៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ