អានតួអត្ថបទ

ប្រព័ន្ធ​ឃោសនា​ព័ត៌មានបារាំង​​ឈប់​​ផ្សាយ​រូបថត​ភេរវជន

ក្រោយ​ភេរវកម្ម​​អារក​សម្លាប់​សង្ឃកាតូលិក​ កាលពី​ថ្ងៃ​អង្គារ​មក ប្រព័ន្ធ​ឃោសនា​សារព័ត៌មាន​បារាំង​ជា​ច្រើន រាប់​ទាំង​វិទ្យុ​បារាំង​អន្តរជាតិ​ ទូរទស្សន៍​ហ្វ្រង់​២៤​ផង បាន​សម្រេច​ចិត្ត​លែង​ធ្វើ​ការ​ផ្សព្វផ្សាយ​រូបថត​ភេរវជន​ ដាក់​ក្នុង​ទំព័រកាសែត ឬ​វិបសៃតិ៍​របស់​ខ្លួន​ហើយ។ ការ​សម្រេច​ចិត្ត​បែប​នេះ គឺ​ដើម្បី​កុំ​ឱ្យពួក​អ៊ីស្លាម​ជ្រុលនិយម​ យក​បណ្តាញ​ព័ត៌មាន​ទៅ​ឃោសនាគំនិត​ជ្រុល​និយម​​របស់​ពួក​គេ​។

ប៉ូលិស​និង​ទាហាន​ រក្សា​សុវត្ថិភាព​ទីកន្លែង​ក្រោយ​រង​ភេរវកម្ម
ប៉ូលិស​និង​ទាហាន​ រក្សា​សុវត្ថិភាព​ទីកន្លែង​ក្រោយ​រង​ភេរវកម្ម REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

មិនចង់​​លើក​តម្កើង​ភេរវជន​ឱ្យ​ស្មើ​ជន​រងគ្រោះ មិន​ចង់​ឱ្យ​ពួកភេរវជន​​អ៊ីស្លាម​ជ្រុល​និយម បក​ស្រាយ​ថាមាន​​កិត្តិយស បាន​ឡើង​លើ​ទំព័រ​កាសែត ឬកញ្ចក់​ទូរទស្សន៍​ ឬលើវិបសៃតិ៍ ​យក​ចំណេញ​ពី​បណ្តាញ​ព័ត៌មាន​ទៅ​ឃោសនា​មនោគមវិជ្ជា​ជ្រុល​និយម​ និង​ធ្វើ​ខ្លួន​ជា​អ្នក​មានទំនួល​ខុស​ត្រូវ បណ្តាញ​ឃោសនា​ព័ត៌មាន​បារាំង​មួយ​ភាគ​ធំ ក្នុង​នោះ​មាន​ទាំង​ក្រុម​​វិទ្យុ​ទូរទស្សន៍​ បារាំង​អន្តរជាតិ​RFI (ដែល​ផ្សាយ​ជា​១៥​ភាសា) – France 24 McD BFM TV  បាន​​សម្រេច​ចិត្ត​មិន​ធ្វើ​ការ​ចុះ​ផ្សាយ បង្ហាញ​រូប​ថត​ភេរវជន​ទៀត​ទេ។

ខាង​ផ្នែក​សារព័ត៌មាន​សរសេរ​វិញ កាសែតកាតូលិក​ ឡាក្រ័រ ឬ​កាសែត​ឯករាជ្យ​ ឡឺម៉ុង ក៏​លែង​ផ្តិត​ផ្សាយ​រូប​ភេរវជន​ក្នុង​ទំព័រ​កាសែត​របស់​ខ្លួន​ដែរ លើក​លែង​តែ​កាសែតឆ្វេង​និយម លីបេរ៉ាស្យុង យល់​ផ្ទុយ​ពី​គេ ដោយ​អះអាង​ថា ផ្សាយ​រូបថត និងការ​លើក​តម្កើង ជា​របស់​ពីរ​ផ្សេង​គ្នា។

 
សម្រាប់​នាយក​កាសែត​ឡឺម៉ុង មាន​មនុស្ស​ខ្លះ​គិត​និង​សង្ឃឹម​ថា​ជា​កិត្តិយស​មួយ​ ដោយ​បន្ទាប់​ពី​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​​សម្លាប់​មនុស្ស​ មាន​គេ​ចុះ​ផ្សាយ​រូប​ថត​ខ្លួន​ព្រោង​ព្រាត។ បច្ចុប្បន្ន​នេះ គេ​ឃើញ​មាន​ទង្វើ​ភេរវកម្ម​ច្រើន​ដែល​បង្ក​ឡើង​ដោយ​ជន​គ្មាន​តម្លៃ។ ដូច្នេះ​បណ្តាញ​ព័ត៌មាន​គ្មាន​ហេតុផល​អ្វី​ត្រូវ​ចូល​រួម​ចំណែក​លើក​តម្កើង​ពួក​វា​នៅ​ពេល​ស្លាប់​បាត់​ឡើយ ហើយ​ម្យ៉ាង​ទៀត មិន​ចុះ​ផ្សាយ​រូបថត​ឧក្រិដ្ឋជន មិន​មែន​​កាត់​បន្ថយខ្លឹមសារ​ទេ។ សារព័ត៌មាន​នៅ​តែ​បន្ត​ចុះ​ផ្សាយ​ លម្អិត​អំពី​ដំណើរ​ដើម​ហេតុ និង​បទ​វិភាគ​ប្រកប​ដោយ​វិជ្ជាជីវៈដដែល។

ជាង​នេះ​ទៅ​ទៀត រដ្ឋលេខាធិការ​ទទួល​បន្ទុក​ជួយជនរងគ្រោះ កំពុង​សិក្សា​លើ​​ចំណុច​មួយ​ទៀត គឺ​មិន​បង្ហើប​អត្តសញ្ញាណ​ភេរវជន​ទេ ប្រសិន​បើ​មាន​ភេរវកម្ម​ជា​យថាហេតុ​ណា​មួយ​នៅ​លើក​ក្រោយ។ រដ្ឋាភិបាល​គ្រោងនឹងធ្វើ​សំណើ​នេះ​នៅ​ខែ​កញ្ញា ដើម្បី​គ្រប់​សារព័ត៌មាន​ទាំង​អស់ស្ថិត​ក្រោម​គោលការណ៍​​តែ​មួយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ