អានតួអត្ថបទ

ម៉ូស្គូ ច្រានចោលសំដីសង្ស័យមកលើខ្លួន ពីខាង វ៉ាស៊ីនតោន

វិមានក្រេមឡាំង រសៀល​ថ្ងៃពុធ​ម្សិលមិញ បាន​បដិសេធ រាល់​ការលូក​ដៃ​អ្វី​ណា ពី​ខាង​រុស្ស៊ី ទៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស.រ.អា. – បដិសេធ​នេះ ក្នុង​ឋានៈ ​ជា​ចម្លើយ​តប​នឹង​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលថា​រុស្ស៊ី​អាច​សាកល្បង​ជះ​ឥទ្ធិពល ទៅលើ​ការបោះឆ្នោត​នៅ​អាមេរិក​រើស​ប្រធានាធិបតី​ថ្មី សម្រាប់​ជា​គុណប្រយោជន៍​នៃ​បេក្ខជន​ប្រធានាធិបតី ខាង​បក្ស​សាធារណរដ្ឋ គឺ​លោក ដូណាល់ ត្រាំ។

ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា
ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា REUTERS
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យផ្លូវការ​របស់​វិមាន​ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ជា​ចម្លើយ​តប​នឹង​សំនួរ អ្នកកាសែត​ម្នាក់ ស្តីអំពី​សម្តី​នោះ​របស់​លោក​អូបាម៉ា ធ្វើទៅ​កាណាល់​ទូរទស្សន៍ NBC News បានថ្លែង ជាអាទិ៍ ៖ លោក​ប្រធានាធិបតី​ពូទីន ធ្លាប់​បាន​និយាយ​ជាច្រើន​លើក​ទៅ​ហើយ​ថា រុស្ស៊ី មិន​ដែល​បាន​លូកដៃ​សោះ​ឡើយ ហើយ​សព្វថ្ងៃ ក៏​មិន​លូក​ដៃ​ម្តង​ណា​ឡើយ ទៅ​ក្នុង​កិច្ចផ្ទៃក្នុង របស់​ប្រទេស​ណាមួយ ជា​ពិសេស ទៅ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ប្រទេស​ដទៃ។ លោក ពេស្កូវ គូស​បញ្ជាក់​ថា រុស្ស៊ី​តែង​ចៀស​វាង​យ៉ាង​មធ្យ័ត មិន​ធ្វើ​សកម្មភាព​ណា ដែល​អាច​ត្រូវគេ​បកស្រាយ​ថាជា ការជ្រៀតជ្រែក ចូលក្នុងសម័យ​ឃោសនា​បោះឆ្នោត នៅ​តាម​ប្រទេស​ឯ​ទៀត។

 
អ្នក​នាំ​ពាក្យ​នោះ​បន្ថែម​ថា “បើ​គេ​ចង់​និយាយ​ពី​ក្តី​សង្ស័យ​ចំពោះ​ប្រទេស​មួយ​ផ្សេង នោះ យ៉ាង​ហោច​ណាស់ ត្រូវ​និយាយ​ឲ្យ​បាន​ជាក់លាក់ និង ច្បាស់លាស់។ ក្នុង​ករណី​ដែល​មាន ការពិចារណា​តាម​ផ្លូវ​ប៉ាន់ស្មាន គឺ​មិន​ស​ឲ្យ​ឃើញពី​ស្មារតី​ស្ថាបនា​ឡើយ។ ប៉ុន្តែ ពួកអ្នក​នយោបាយ​អាមេរិកាំង ចូលចិត្ត​និយាយ ​អំពី “គ្រោះថ្នាក់​អ្វី​ម្យ៉ាង​ពី​ខាង​រុស្ស៊ី” រួច​មក​នាំ​គ្នា​លើក​វា ជា ”សន្លឹក​បៀរអុងអាត់​ក្នុង​ល្បែង​របស់​ខ្លួន។

អំពីរឿងអាស្រូវ បណ្តាល​មកពី​ការបែកធ្លាយ​ទៅ​អ៊ីមេល របស់​បក្ស​ប្រជាធិបតេយ្យ​អាមេរិក អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង​ថ្លែងថា សូម្បី​តែ​គូ​ប្រជែង​របស់​បក្សប្រជាធិបតេយ្យ​នោះ ក៏បាន​ថ្លែង​បដិសេធ ច្រាន​ចោល​ទៅ​ហើយ ការលូក​ដៃ​ស្អី​ណា​ពី​ខាង​រុស្ស៊ី។ ប្រាកដណាស់ ដែល​រុស្ស៊ី​ផ្ទាល់ បាន​បដិសេធ​ម្តងហើយ​ម្តង​ទៀត។ មិន​តែ​ប៉ុណ្ណោះ ទាំង​ស្ថាបនិក​វេបសាយ Wikileaks លោក Julian Assange ក៏​បាន​ថ្លែង​ថា ក្តី​សង្ស័យ​ថា រុស្ស៊ី​ពាក់ព័ន្ធ​នឹង​រឿង​នេះ គឺ​គ្មាន​មូលដ្ឋាន​អ្វី ជា​សំអាង​ឡើយ។

ជាការរំលឹក តបនឹងសំនួរ ស្តីអំពី​នាទី​ទទួល​ខុសត្រូវ​របស់​រុស្ស៊ី ចំពោះ​ការធ្លាយ​ចេញ​យ៉ាង​សន្ធឹកសន្ធាប់ នៃ​អ៊ីមេល​របស់​ពួក​អ្នក​មុខ​អ្នក​ការ​ខ្ពស់ៗ នៃ​បក្សប្រជាធិបតេយ្យ លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា ក្នុង​សម្ភាសន៍​ទៅ​កាណាល់​ទូរទស្សន៍ NBC News បានថ្លែងថា “រាល់​អ្វីៗ អាច​មាន​ទាំងអស់” បូកទាំង ការទម្លាយ​ចូលពី​ខាង​ពួក Hackers រុស្ស៊ី គឺ ពួក​ដែល​តាក់តែង​កម្មវិធី​ពិសេស សម្រាប់​លុក​ចូលទៅ ទទួល​ឲ្យ​បាន​នូវព័ត៌មាន​សម្ងាត់ៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ