អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គណៈកម្មការ​​អូឡាំពិកបង្កើត​ក្រុម​អត្តពលិកជនភៀសខ្លួន​ ជាលើកទីមួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រកួត​កីឡា​អូឡាំពិកឆ្នាំ​២០១៦​ នៅ​ក្រុង​រីយ៉ូ ប្រទេស​ប្រេស៊ីល ត្រូវ​ចាប់​បើក​ជា​ផ្លូវការ​ចាប់​ពី​ថ្ងៃ​ទី ៥ រហូត​ដល់​ថ្ងៃទី ២១​សីហា​ ក្នុង​វិញ្ញាសាកីឡាចំនួន​២៨ និង​មាន​​​​កីឡាករ​ចូល​រួម​ជាង ១០៥០០​នាក់ មក​ពី​ក្រុមកីឡាជម្រើសជាតិ ២០៦​ក្រុម។ តែ​អ្វី​ជាការ​កត់​សម្គាល់​និង​មិន​ធ្លាប់​មាន​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​មុនៗ គឺ​ការ​ចូល​រួម​របស់​​​ក្រុម​កីឡាករអត្តពលិក​១០​នាក់ ក្នុង​នាម​ជា​ក្រុម​កីឡាករ​ជនភៀស​ខ្លួន។

កីឡាករ​​-កីឡាការិនី​នៃក្រុមកីឡាជនភៀសខ្លួន
កីឡាករ​​-កីឡាការិនី​នៃក្រុមកីឡាជនភៀសខ្លួន JO | UNHC
ផ្សាយពាណិជ្ជកម្ម

នេះ​​ជា​លើក​ទី​មួយហើយ​ក្នុង​​ប្រវត្តិ​​កីឡាអូឡាំពិក ដែល​មាន​ក្រុម​កីឡា​ករ​មួយ​ក្រុម​ជាជនភៀស​ខ្លួន ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវការ នៅ​ថ្ងៃទី​២ ខែ​មីនា ២០១៦​ ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​គណៈកម្មការ​អូឡាំពិក និង​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (HCR)។

ក្រុមកីឡា​ជនភៀស​ខ្លួនដំបូង​គេ​​នេះ នឹង​ត្រូវ​​ទទួល​ស្វាគមន៍​ ព្រមទាំង​​មាន​កីឡា​ករ​ចូល​រួម​ប្រកួត គោរព​វិន័យ​ វិធាន​ផ្ទៃក្នុង មាន​មេដឹកនាំ មាន​គ្រូបច្ចេកទេស ដូច​ជា​ក្រុម​ប្រតិភូ​កីឡាករ​ជាតិ​ផ្សេងៗ​ទៀត​ដែរ។ នៅ​ពេល​ដង្ហែ​ក្បួន​បើក​កម្មវិធី នា​ថ្ងៃ​សុក្រ​ទី ៥​​សីហា ក្រុមកីឡាករ​ជនភៀស​ខ្លួន នឹង​ត្រូវដើរ​ពី​ក្រោយ​ទង់ជាតិ​អូឡាំពិក ពី​មុខ​ក្រុមកីឡាករ​ប្រេស៊ីល​ជា​ម្ចាស់ផ្ទះ។ ​រាល់​វត្តមាន​ផ្លូវការ​របស់​ក្រុម ក៏​ដូច​ជា​នៅ​ពេលឡើង​​​ទទួល​យក​មេដាយ ទង់ជាតិ និង​ភ្លេង​គោរពទង់ជាតិ​អូឡាំពិក​ នឹង​ត្រូវ​បង្ហូត​ឡើង។ ក្រុមកីឡានេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​និង​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​របស់​អង្គការ​សាមគ្គី​អូឡាំពិក ជា​រហូត​តទៅ និង​ត្រូវ​ឆ្លងកាត់ដំណើរការ​ត្រួតពិនិត្យ​ការ​ប្រើ​ថ្នាំ​ប៉ូវ ដូច​ជា​កីឡាករ​ជាតិ​ដទៃ​ដែរ។

សម្រាប់ការ​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​រីយ៉ូ​នេះ  គណៈកម្មការ​អូឡាំពិក បាន​សំឡឹង​ឃើញ​​អត្តសញ្ញាណ​កីឡាករជា​ជនភៀស​ខ្លួន​​ចំនួន​៤៣​រូប តែ​មានកីឡាករ​តែ​១០​រូប​ដែល​បាន​ជាប់​​ជ្រើសរើស យក​ទៅ​​ចូល​រួម​ប្រកួត​ប្រជែង ស្រប​តាម​លក្ខន្តិកៈ​កីឡា​កំណត់​ដោយ​សហព័ន្ធ​កីឡា​អន្តរជាតិផង និង​​លក្ខន្តិកៈ​រដ្ឋបាលផង ថា​ពិត​ជា​ជនភៀស​ខ្លួន ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​ មាន​បុគ្គលិក​លក្ខណៈ​និង​ប្រវត្តិភៀស​ខ្លួន​ត្រឹម​ត្រូវ​ផង។

ក្រុមអត្តពលិក​​ទាំង​១០​នាក់ ដែល៥​នាក់​មាន​ដើមកំណើត​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ ពីរ​នាក់​ជា​ជនជាតិ​ស៊ីរី (ហែលទឹក) ពីរនាក់​មាន​កំណើត​នៅ​កុងហ្កោ(យូដូ​និង​តៃក្វាន់ដូ) និង​ម្នាក់​ជា​អេត្យូពីរ (រត់​ប្រណាំង​អេត្យូពី​ម្នាក់) សុទ្ធ​តែ​មាន​ប្រវត្តិ​ជូរចត់ នឹង​ការ​ភៀស​ខ្លួន​។

ក្នុង​ករណី​កីឡាការិនីហែលទឹក ស៊ីរី Yusra Mardini ដែល​បាន​ទទួល​សិទ្ធិ​ជា​​ជនភៀស​ខ្លួន​ក្នុង​ប្រទេស​អាល្លឺម៉ង់ អាយុ​ទើប​១៨​ឆ្នាំ តែកាលពី​មួយ​ឆ្នាំ​មុន នាង​​​ធ្លាប់​បាន​ហែល​ឆ្លង​សមុទ្ទ​មេឌីទែណេ អូស​ទូកខូចដឹក​ជន​ភៀស​ខ្លួន​ផ្សេង​​ទៀត រយៈ​ពេលបី​ម៉ោងកន្លះ​ទម្រាំ​បាន​ជួប​ក្រុម​សង្គ្រោះ។ កីឡាករយូដូជាតិកុងហ្កោPopole Misenga ដែលកាលពី​អាយុ​៩​ឆ្នាំ ត្រូវ​បែក​ពី​គ្រួសារ​រស់​ក្នុង​ព្រៃ​ម្នាក់​ឯងរយៈ​ពេល​៨​ថ្ងៃ​ ទម្រាំ​ត្រូវ​បាន​សង្គ្រោះ​មក​កាន់​មជ្ឈមណ្ឌល​កុមារ និង​បាន​មក​ជ្រក​កោន​នៅ​ប្រេស៊ីល ដោយ​លែង​ស្គាល់​មុខ​បង​ប្អូន​​ទៅហើយ។

សម្រាប់​ពួក​គេ ដោយ​មិន​គិត​ដល់​មេដាយ ជាប់​ជម្រើស​បាន​មក​ប្រកួត​កីឡាអូឡាំពិករីយ៉ូ គឺ​ជា​មោទនភាព​ និង​ជា​ជោគជ័យ​​ដ៏​ត្រចះ​ត្រចង់​មួយ​ស្រេច​ទៅ​ហើយ។ ការ​ប្រយុទ្ធ​ពេល​នេះ មិនមែន​មាន​អត្ថន័យ​ត្រឹម​កីឡា​ទេ តែ​ជា​ការ​ប្រយុទ្ធ​ដើម្បី​ជីវិត។

សម្រាប់​គណៈកម្មការ​អូឡាំពិក វិបត្តិ​ជនភៀសខ្លួន​ដែល​ពិភពលោក​កំពុង​ឆ្លង​កាត់​នាពេល​បច្ចុប្បន្ន​នេះមាន​លក្ខណៈធំធេង និង​​ធ្ងន់ធ្ងរ​ណាស់។ ហេតុដូច្នេះ​ហើយ​បាន​ជា​គណៈកម្មការ​សម្រេច​ចិត្ត​បង្កើត​ជា​ក្រុម​កីឡា​ជនភៀស​ខ្លួន​មួយ​ក្រុមដំបូង​នេះ​ឡើង ដើម្បីទុក​ជា​សារ​ផ្ញើ​ក្តី​សង្ឃឹម​ឱ្យ​ដល់​ជនភៀសខ្លួន​គ្រប់​រូប​ នៅ​លើ​ភព​ផែនដី​ទាំង​មូល។

នៅ​ពេល​​អនុម័ត​​កាលវិភាគ​អូឡាំពិក​​ឆ្នាំ​២០២០ គណៈកម្មការ​អូឡាំពិក ​បាន​គូស​វាស​ផែនទី​ចង្អុល​ផ្លូវ​​​ចលនា​អូឡាំពិក ដោយ​​​មិន​ភ្លេច​គិត​គូរ​ដល់​បញ្ហា​ជនភៀស​ខ្លួន​ដែល​ជា​វិបត្តិ​កំរិត​ពិភពលោក​ឡើយ។ គណៈកម្មការ​បាន​ទម្លាយ​កញ្ចប់​មូលនិធិ​បន្ទាន់​ពិសេស​មួយ ក្នុងទំហំ​​២​លាន​​ដុល្លារ​អាមេរិក ដើម្បី​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ជំនួយ​ តាម​រយៈ​កីឡា។

គណៈកម្មការ​អូឡាំពិក បាន​​ធ្វើ​ការ​ជាមួយ​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ជា​ច្រើន​មក​ហើយ ដើម្បី​ជួយ​ជនភៀសខ្លួន។ មិន​ជា​ការកម្រ​ទេ​ដែល​គណៈកម្មការ​កីឡាអូឡាំពិក បាន​អនុញ្ញាត​ឱ្យកីឡាករជា​​ជនភៀស​ខ្លួន ជា​ជន​រត់​សង្គ្រាម​ចូល​ប្រកួត​ ក្នុង​នាម​ជា​​អ្នកកីឡា​ អព្យាក្រិត្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ