អានតួអត្ថបទ

តួកគី​បន្តកម្ចាត់​​មនុស្សពាក់ព័ន្ធ​នឹង​​រដ្ឋប្រហារ​មិន​សម្រេច ដល់ក្នុង​​វិស័យ​ឯកជន

តួកគី​មិន​អស់​មិនហើយ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច​ទេ ! ការ​បោសសម្អាត​កម្ចាត់​មនុស្ស​ នៅ​តែ​បន្ត​ធ្វើ​ជា​រដឹក។ នៅ​ថ្ងៃ​អង្គារ​ទី ១៦​សីហា ម្សិលមិញ ប៉ូលិស​តួកគី​បាន​ចុះ​ទៅ​ចាប់​មនុស្ស​ដល់​ក្រុមហ៊ុន​សហគ្រាសឯកជន ​ដែល​គ្មាន​នរណា​គិត​ដល់​ថា​វិស័យ​នេះ​អាច​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​ឡើយ។ គិត​ចាប់​តាំង​ពីថ្ងៃ​​រដ្ឋប្រហារ​មិន​សម្រេច​មក មាន​​មនុស្សជាង​៣៥០០០​នាក់​​ ត្រូវ​ចាប់​យក​ទៅ​ឃុំ​ខ្លួន ខ្លះបាន​សេរីភាព​វិញ ប៉ុន្តែ​ការ​ស្រាវ​តាម​ចាប់​សកម្មជន​គាំទ្រ​ប្រមុខ​សាសនា​ ហ្វេទូឡះ ហ្គូឡេន Fethullah Gülen នៅ​តែ​បន្តធ្វើ​ ដោយ​​គ្មាន​បន្ធូរ​ដៃ​ឡើយ។

កង​កម្លាំង​ពិសេស​តួកគី នៅ​ក្រុង​អ៊ីស្តង់ប៊ូល​ថ្ងៃទី ១៨ កក្កដា ២០១៦
កង​កម្លាំង​ពិសេស​តួកគី នៅ​ក្រុង​អ៊ីស្តង់ប៊ូល​ថ្ងៃទី ១៨ កក្កដា ២០១៦ REUTERS/Huseyin Aldemir
ផ្សាយពាណិជ្ជកម្ម

អ្នក​ជំនួញ​ជា​ច្រើន​ស្និទ្ធ​នឹង​ប្រមុខ​សាសនា​ហ្គីឡេន ធ្លាប់​ខ្វល់​ខ្វាយ​ក្រែង​ជាប់​​ចូល​តុលាការ តែ​លើក​នេះអាជ្ញាធរ​តួកគី​បាន​ប្រើមធ្យោបាយ​​សម្បើម​ក្រៃ។ នៅ​ថ្ងៃអង្គារ​ម្សិលមិញ ប៉ូលិស​បាន​ចុះ​ធ្វើ​​ប្រតិបត្តិការ​​បោស​សម្អាត​មនុស្ស​ ដល់​ក្នុងសហគ្រាសឯកជន​ មិន​តិច​ជាង​៤០​ក្រុមហ៊ុនទេ ប៉ុន្តែ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​នោះ​មិន​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ជា​សាធារណៈ​ឡើយ។

នាយក​រដ្ឋមន្ត្រី​តួកគី លោក Binali Yildirim បាន​សន្យា​ថា គ្រប់​អ្នក​ជាប់​ចោទ នឹង​មាន​សិទ្ធិ​ទទួល​ការ​កាត់ក្តី​យ៉ាង​យុត្តិធម៌។ តែនាយករដ្ឋមន្ត្រីរូប​នេះ ហាក់​ដូច​ជា​ចង់​វិល​ទៅ​អនុវត្តិ​ច្បាប់​ប្រហារ​ជីវិត​ឡើង​វិញផង បើ​យោល​ទៅ​តាម​ចុង​ពាក្យ​ដែល​លោក​បាន​ព្រលយ​ចេញ។

ជា​សរុប​ មាន​មនុស្ស​ជាង​ពីរ​ម៉ឺននាក់ ដែល​កំពុង​ជាប់​ឃុំឃាំង ឬ​ត្រូវ​ឃាត់​ទុក បន្ទាប់​ពី​មាន​រដ្ឋប្រហារ​មិន​សម្រេច​កើតឡើង ហើយ​ដំណើរការ​តុលាការ​ក៏​បានចាប់​ផ្តើម​ដែរ។ ម្សិលមិញ រដ្ឋអាជ្ញា​តួកគី បាន​ទាមទារ​ឱ្យដាក់​​ទោស​បន្ថែម​លើ ប្រមុខសាសនា​ ហ្វេទូឡះ ហ្គីឡេន ពី​ជាប់​ពន្ធនាគារ ​ទៅ​ទោស​នៅ​ក្នុងគុក​អស់​មួយ​ជីវិត ព្រម​ទាំង ១៩០០​ឆ្នាំ ក្នុង​ពន្ធនាគារបន្ថែម​ទៀត ចំពោះទោស​​ដែល​ក្រុង​អង់ការ៉ា​ចោទ​ថា​ជា​មេកើយពន្យុះ​ឱ្យ​មាន​រដ្ឋប្រហារ​ថ្ងៃទី ១៥​កក្កដា។

ទន្ទឹម​នឹង​ការ​តាម​កាត់ទោស និង​បន្ត​តាម​ចាប់​ខ្លួន​មនុស្ស តួកគីក៏​​បានធ្វើ​ការប្រកាស​​ដោះលែង​​អ្នក​ទោស ដែល​បាន​កាត់ទោស​រួច មុន​ថ្ងៃ​ទី ១ កក្កដា ២០១៦ ពោល​គឺ​មុន​រដ្ឋប្រហារ ចំនួន​៣៨០០០​នាក់។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌តួកគី ដែល​បាន​បន្ថែម​ទៀត​ថាអាច​នឹង​មានការ​​ផ្តល់​សេរីភាព​ មុន​កំណត់​ដល់​អ្នក​ទោស​​ផ្សេងៗ​ តែ​កុំ​រំពឹង​សោះ​ចំពោះអ្នក​មាន​ពាក់ព័ន្ធ​នឹង​រដ្ឋ​ប្រហារ។

​សូម​បញ្ជាក់​ថា ក្រោយ​រដ្ឋប្រហារមិន​សម្រេច យុទ្ធនាការ​បោស​សម្អាត​​​ផ្ទៃក្នុង​ ក្នុង​​​ស្ថាប័ន​រដ្ឋ​និង​វិស័យ​ឯកជន បាន​នាំ​មនុស្ស​ជាង ៣៥០០០​នាក់​ឱ្យ​ស្ថិត​នៅ​ក្រោយ​ចំរ៉ឹង​ដែក ក្នុង​នោះ បើ​តាម​អាជ្ញាធរ​ ១១៦០០​នាក់​បាន​រួច​ខ្លួន​វិញ​។ ប៉ុន្តែ​ពន្ធនាគារ​តួកគីនៅ​តែ​ណែន​ ហេតុ​ដូច្នេះ​ហើយ​បាន​គេ​សង្ស័យ​ថា ការប្រកាស​​ដោះលែង​អ្នក​ទោសមុន​រដ្ឋប្រហារ ទំនង​ដើម្បី​សម្រួល​បន្ទុក​បុគ្គលិក​ពន្ធនាគារ និង​ដើម្បី​ពន្ធនាគារ​ទូលាយ​បន្តិច៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ