អានតួអត្ថបទ
តួកគី

តួកគី៖​កងទ័ព​បាន​បើក​ប្រតិបត្តិការ​កម្ទេច​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី

នៅ​ថ្ងៃ​អង្គារ ទី២៣ សីហា​នេះ កងទ័ព​តួកគី​បាន​បើក​ប្រតិបត្តិការ​បាញ់​ផ្លោង​លើ​ទីតាំង​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី។ ប្រតិកម្ម​របស់​កងទ័ព​តួកគី​ពេល​នេះ គឺ​ដើម្បី​វាយ​បក​នឹង​ការ​បាញ់​គ្រាប់​កាំភ្លើង​ត្បាល់​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ពី​ទឹកដី​ស៊ីរី​ឆ្លង​ចូល​ទឹកដី​តួកគី​នា​ថ្ងៃ​ចន្ទ ទី២២ សីហា។ ស្រប​គ្នា​នឹង​ប្រតិបត្តិការ​របស់​កងទ័ព​តួកគី ក្រុម​បះបោរ​ស៊ីរី​ដែល​គាំទ្រ​ដោយ​ទីក្រុង​អង់ការ៉ា​ក៏​កំពុង​ត្រៀម​វាយលុក​បណ្តេញ​ពួក​ជីហាត​ចេញ​ពី​ស្រុក​ហ្សារ៉ាប្លុស​ដែរ។

តួកគី៖កងទ័ពបានបើកប្រតិបត្តិការកម្ទេចពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី
តួកគី៖កងទ័ពបានបើកប្រតិបត្តិការកម្ទេចពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ព្រលឹម​ស្រាងៗ​ថ្ងៃ​អង្គារ ទី២៣ សីហា​ដែល​កងទ័ព​តួកគី​បាន​បង្កើន​ការ​បាញ់​ផ្លោង​លើ​ទីតាំង​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី។ ជា​ផ្លូវការ រដ្ឋាភិបាល​តួកគី​ចង់​វាយបក​នឹង​ការ​បាញ់​ផ្លោង​គ្រាប់​កាំភ្លើងត្បាល់​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ពី​ទឹកដី​ស៊ីរី​ចូល​ក្នុង​ទឹកដី​តួកគី​នា​ថ្ងៃ​អង្គារ ទី២២ សីហា។ តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ទីក្រុង​អង់ការ៉ា​ក៏​ចង់​ជួយ​ក្រុម​បះបោរ​ស៊ីរី​ដែល​កំពុង​ត្រៀម​បើក​ការ​វាយប្រហារ​ដណ្តើម​យក​ស្រុក​ហ្សារ៉ាប្លុស​ពី​កណ្តាប់ដៃ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ដែរ។

សម្រាប់​ទីក្រុង​អង់ការ៉ា ការ​ជួយ​រំដោះ​ស្រុក​ហ្សារ៉ាប្លុស​របស់​ស៊ីរី​ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម​ជា​រឿង​សំខាន់ និង​ចំាបាច់ ព្រោះ​ជា​ទីតាំង​ឆ្លងកាត់​រវាង​ព្រំដែន​ស៊ីរី និង​តួកគី។ ម្យ៉ាង​ទៀត ការ​ជួយ​ក្រុម​បះបោរ​ស៊ីរី​ក្នុង​ការ​រំដោះ​ស្រុក​ហ្សារ៉ាប្លុស​ក៏​ជា​ឆន្ទៈ​របស់​ទីក្រុង​អង់ការ៉ា​ក្នុង​ការ​រារាំង​កុំ​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​គួដឌីស្ថាន​ចូល​កាន់កាប់​ដែរ។ នៅ​យប់​ថ្ងៃ​ចន្ទ ទី២២ សីហា លោក​នាយករដ្ឋមន្រ្តី​តួកគី​បាន​អំពាវនាវ​ដល់​ក្រុម​ប្រទេស​មហា​អំណាច​ដែល​បាន​ចូលរួម​ដោះស្រាយ​វិបត្តិ​ស៊ីរី ដូច​យ៉ាង​រុស្ស៊ី អាមេរិក និង​អ៊ីរ៉ង់​ឲ្យ​ពួតដៃ​គ្នា​ក្នុង​ការ​បើក​ទំព័រ​ថ្មី​នៅ​ស៊ីរី។

សេចក្តីអំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​តួកគី​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋមន្រ្តី​ការបរទេស​តួកគី​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​បោសសំអាត​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​តាម​បណ្តោយ​ព្រំប្រទល់​ដែន​តួកគី ស៊ីរី​ដែល​មាន​ប្រវែង ៩០០គីឡូម៉ែត្រ។ ប្រតិកម្ម​ផ្ទួនៗ​របស់​ថ្នាក់ដឹកនាំ​តួកគី​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ធ្លាក់​មក បន្ទាប់​ពី​តួកគី​បាន​រង​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​ពី​អង្គការ​រដ្ឋអ៊ីស្លាម​តាំង​ពី​ឆ្នាំ ២០១៥។ ថ្មីៗ​ចុង​ក្រោយ គឺ​ភេរវកម្ម​អត្តឃាត​នា​ឱកាស​ពិធី​មង្គលការ​ជនជាតិ​គួដឌីស្ថាន​ក្នុង​ស្រុក​មួយ​ស្ថិត​ក្បែរព្រំដែន​ស៊ីរី​កាល​ពី​ថ្ងៃទី២០ សីហា​កន្លង​ទៅ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៥៤នាក់។

ដោយឡែក ទន្ទឹម​គ្នា​នឹង​យុទ្ធនាការ​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម រដ្ឋាភិបាល​តួកគី​ក៏​កំពុង​បន្ត​ដំឡើង​សាច់ដុំ​ដាក់​គណបក្ស​ពលករ​គួដឌីស្ថាន​ដែល​ខ្លួន​ចាត់​ទុក​ជា​អង្គការ​ភេរវកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ