អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អតីត​ប្រធានាធិបតី​បារាំង លោក នីកូឡា សាកូហ្ស៊ី ​ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជនប្រធានាធិបតី​ជា​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្មាន​អ្វី​គួរ​ឱ្យ​​សង្ស័យទៀត​ទេ នៅរសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​នីកូឡា សាកូហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង (ពី​ឆ្នាំ​២០០៨-២០១២) បាន​ប្រកាស​ជា​ផ្លូវការ​ ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​បារាំង សម្រាប់​ការ​បោះឆ្នោត​​ឆ្នាំ​២០១៧។ សេចក្តី​ប្រកាស​ធ្វើ​ឡើង​ តាម​រយៈ​ការ​ចេញ​លក់សៀវភៅ​​ និង​បញ្ជាក់​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​Twitter។ មាន​អាយុ​ ៦១ ឆ្នាំ លោក​ នីកូឡា សាកូហ្ស៊ី ចង់​ក្លាយ​​ជា​ប្រធានាធិបតី​បារាំង​ដំបូង​គេ​ដែល​វិល​មក​ប្រកួត​ប្រជែង​យក​តំណែង​កំពូល​នេះ បន្ទាប់​ចាញ់​ឆ្នោត​កាលពី​បួន​ឆ្នាំ​មុន។

លោក នីកូឡា សាកូហ្ស៊ី ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​២០១៧ ជា​ផ្លូវការ
លោក នីកូឡា សាកូហ្ស៊ី ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ​២០១៧ ជា​ផ្លូវការ Benoit Tessier/Reuters
ផ្សាយពាណិជ្ជកម្ម

មិនមែន​ជា​ដំណឹង​គួរ​ឱ្យ​​ភ្ញាក់​ផ្អើលទេ !  ​នរណា​ក៏​ដឹង​ថា លោក​ នីកូឡា សាកូហ្ស៊ី ដែល​មាន​ជំនក់​ចិត្ត​លើ​នយោបាយ​តាំង​ពី​ក្មេង មាន​មហិច្ឆតា​ចង់​វិល​ត្រលប់​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​ជា​ថ្មី តាំង​ពី​លោក​បាន​ត្រលប់​ចូល​មក​ធ្វើ​នយោបាយវិញ កាលពី​ឆ្នាំ​២០១៤ ដោយ​​ដណ្តើម​យក​តួនាទី​ជា​ប្រធានបក្ស​សាធារណរដ្ឋ (បក្ស​ប្រឆាំង)មក​ម្ល៉េះ។ មួយ​រយៈ​ចុង​ក្រោយ​នេះទៀត លោក​ក៏​បាន​បញ្ចេញ​សកម្មភាព​ជា​ច្រើន មាន​ទម្រង់​ជា​ការ​ឃោសនា​ស្រេច​ទៅ​ហើយ។

 
ប៉ុន្តែ​អ្វីៗ​នៅ​មិន​ទាន់​ដាច់ស្រេច​នៅ​ឡើយ​ទេ ! ព្រោះថ្វី​បើ​លោក​នីកូឡា​ សាកូហ្ស៊ី បាន​ប្រកាស​ក្តែងៗ​ ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតីឆ្នាំ​២០១៧​​មែន តែ​លោក​ក៏​បាន​ព្រមព្រៀង​ អនុវត្ត​តាម​វិធាន​របស់​បក្ស ដោយ​ត្រូវ​ ឆ្លង​កាត់​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​បក្សស្តាំ​និង​កណ្តាល​និយម​ នៅ​ចុង​ឆ្នាំ​សិន។ ជា​សរុប​មាន​បេក្ខជន​របស់​បក្ស​សាធារណរដ្ឋ​ជាង​១៣​នាក់​ហើយ បាន​ប្រកាស​ឈរ​ឈ្មោះ តែ​លោក​នីកូឡា សាកូហ្ស៊ី មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​នឹង​អាច​ឈ្នះ​បាន។

​កម្មវិធី​នយោបាយ​

លោកនីកូឡា សាកូហ្ស៊ី បាន​ប្រើ​​​សៀវភៅ​ ដែល​លោក​បាន​និពន្ធ​រយៈ​ពេល​បី​ខែ មាន​ចំណង​ជើងថា Tout pour la France ឬ​ គ្រប់​យ៉ាង​ដើម្បី​បារាំង សម្រាប់​​ប្រកាសបេក្ខភាព​​លោក ក្នុង​ការ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៧។ សៀវភៅ​នេះ​នឹង​ចេញ​លក់​ជា​សាធារណៈ​នៅ​ថ្ងៃពុធ ទី ២៤ សីហាស្អែក។

លោក​បាន​ពន្យល់​ថា “​លោក​នៅ​មាន​កម្លាំង​ ថាមពល សម្រាប់​ដឹកនាំ​ប្រទេស​ដែល​កំពុង​ឆ្លង​កាត់​កាលៈទេសៈ​ដ៏​លំបាក​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ » ប្រទេ​ស​បារាំង​ត្រូវ​ការ​អ្នកដឹកនាំ​ដែល​បញ្ចេញ​អស់​ពី​សមត្ថភាព​ អស់​កម្លាំង​ចិត្ត​កម្លាំងកាយ។ តាម​រយៈ​សៀវភៅ​នោះ លោក នីកូឡា​ សាកូហ្ស៊ី បាន​គូសវាស​កម្មវិធី​នយោបាយ​ដែល​មាន​លក្ខណៈ​ស្តាំ​និយម​មែនទែន ដោយ​ឈរលើ​ គោលដៅ​សំខាន់ៗ ចំនួន​ ៥ ចំណុច គឺ ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច សេរីភាព អំណាច (សន្តិសុខ) ការ​ពិត និង​អត្តសញ្ញាណ”។

បើ​តាម​អ្នក​វិភាគ​ខ្លះ លោក​នីកីឡា​សាកូហ្ស៊ី​ វិល​ជុំ​វិញ​តែ​បញ្ហា​សន្តិសុខ​ និង​អត្តសញ្ញាណជាតិ ដែល​លោក​ក្តាប់​បាន​ល្អ និង​ដែល​ត្រូវ​លើក​យក​មក​បកស្រាយ​ខ្លាំង​ នៅ​ពេល​ឃោសនា។ ធ្វើ​ដូចម្តេច​ការពារ​ថែរក្សា​របប​សាធារណរដ្ឋ​ ប្រឈម​នឹង​ការ​ស្ទុះ​ឡើង​នៃ​ការ​បែងចែង​សហគមន៍ ដំឡើង​អាយុ​ចូល​និវត្តដល់​៦៣​ឆ្នាំ​នៅ​ឆ្នាំ​២០២០ និង​៦៤​ឆ្នាំ​នៅ​២០២៥ ... បន្ថយ​ពន្ធ​ ១០%​ចាប់​ពី​ចុង​ឆ្នាំ​២០១៧​ទៅ។

គូប្រជែង​មិន​ញញើត

គ្មាន​អត្ថាធិប្បាយ ពីសំណាក់សម្រាប់​បក្ស​កាន់​អំណាច ​ ! ចំណែក​នៅ​ក្នុង​បក្ស​សាធារណរដ្ឋ​របស់​លោក​វិញ ​ការ​ស្វាគមន៍​អបអរ​ផ្ទុះ​ខ្លាំង​ចេញ​ពី​ក្រុម​សកម្មជនគាំទ្រ​លោកផ្ទាល់ ថា​ជា​ក្តី​សង្ឃឹម របស់​អនាគត។ តែ​​​ខ្លះទៀត ​សុខចិត្ត​បិទ​មាត់​មិន​ចេញស្តី​អ្វី​ឡើយ។ ​ក្រុម​បេក្ខជន​​ឈរឈ្មោះ​ទាំង​១២​រូប​ផ្សេង​ទៀត សុទ្ធ​តែ​បាន​បង្ហាញ​អារម្មណ៍​ មិន​ត្រជាក់​មិន​ក្តៅ​ចំពោះ​ដំណឹងនេះ ឬ​ក៏​ព្រួយ​បារម្ភ​នឹង​គូប្រជែង​ជា​អតីត​ប្រធានាធិបតី​នេះ​សោះឡើយ។

បើ​តាម​ការ​ស្ទង់​មតិ នៅ​ថ្ងៃអង្គារ​នេះ លោក​នីកូឡា សាកូហ្ស៊ី មាន​ប្រជាប្រិយភាព​ត្រឹម​តែ ៥៥% ក្នុង​រង្វង់​សកម្មជន​បក្សសាធារណរដ្ឋ​។ ពោល​គឺ​លោក​បាន​បាត់​បង់​ប្រជាប្រិយភាព​អស់ ១៣ពិន្ទុ បើ​ប្រៀប​ទៅ​នឹង​ការ​ស្ទង់​មិត​លើក​មុន និង​ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​៥​ ក្នុង​ចំណោម​បេក្ខជនប្រធានាធិបតី​របស់​បក្សទាំង​អស់។

គូប្រជែង​ក្នុង​បក្ស ដែល​មាន​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ឥត​រេ គឺ​លោក អាឡាំង ជូប៉េ Alain Juppé។ បេក្ខជន​រូប​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​បារាំង​ទូទៅគ្រប់​ស្រទាប់​វណ្ណៈ​ ច្រើន​ជាង​លោក​នីកូឡា សាកូហ្ស៊ី​ឆ្ងាយ​ណាស់។ ប៉ុន្តែ​គេ​មិន​ដឹង​ថា ជាមួយ​នឹង​ការ​ចេញ​សៀវភៅ​ថ្មី និង​ការ​ប្រកាស​បេក្ខភាព​ជា​ផ្លូវការ លោកនីកូឡា សាកូហ្ស៊ី អាច​ផ្លែផ្កា​ច្រើន​ជា​ង​មុន​ដែរ​ឬអត់​ទេ។

ក្រៅ​អំពី​ត្រូវ​ស្តារ​​រូបភាព​ជា​បុរស​រដ្ឋ​ឡើង​វិញ ព្រោះពលរដ្ឋ​បារាំង​ជា​ទូទៅ​អស់​ជំនឿ​លើ​លោក​ ធ្លាប់​ប្រកាស​លា​ពី​នយោបាយ កាលពី​បួន​ឆ្នាំ​មុន​សោះ ស្រាប់​តែ​ឥលូវ​លេច​ក្រឡើម​មក​វិញ លោក​នីកូឡាសាកូហ្ស៊ី នៅ​ជាប់​ប្រលាក់​ប្រលូស​នឹង​​តុលាការ ព្រោះ​លោក​អតីត​ប្រធានាធិបតី​រូប​នេះ កំពុ​ង​ជាប់​ចោទ​​ពី​បទ​ពុក​រលួយ​ រំលោភ​អំណាច​ និង​មាន​ហិរញ្ញវត្ថុខុសច្បាប់​ពេល​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ