អានតួអត្ថបទ
បារាំង-អាល្លឺម៉ង់-រុស្ស៊ី

លោក​ប្រមុខរដ្ឋ​បារាំង​ហូឡង់​សម្តែង​ក្តីបារម្ភ​រឿង​អ៊ុយក្រែន​ប្រាប់​សមភាគី​រុស្ស៊ី​លោក​ពូទីន

លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស័រ ហូឡង់​បាន​សម្តែង​ក្តីបារម្ភ​ជា​ថ្មី​ចំពោះ​ស្ថានការណ៍​វិវត្តន៍​ចុងក្រោយ​យ៉ាង​តានតឹង​នៅ​ប៉ែកខាងកើត​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​របស់​វិមាន​ប្រធានាធិបតី​បារាំង​ចេញ​ផ្សាយ​នា​រសៀល​ថ្ងៃ​អង្គារ ទី២៣ សីហា លោក​ហូឡង់​បាន​និយាយ​ប្រាប់​សមភាគី​រុស្ស៊ី​លោក​ពូទីន​ពី​ការ​កើន​ឡើង​នៃ​ការ​រំលោភ​បទ​ឈប់​បាញ់​នៅ​ប៉ែកខាងកើត​អ៊ុយក្រែន​ដោយ​ពួកអ្នកទាមទារ​ផ្តាច់ទឹកដី​ដែល​មាន​ទំនោរ​រក​រុស្ស៊ី។

​លោក​ប្រធានាធិបតី​បារាំង​​ហ្រ្វង់ស័រ ហូឡង់ និង​សមភាគី​រុស្ស៊ី​លោក​ពូទីន
​លោក​ប្រធានាធិបតី​បារាំង​​ហ្រ្វង់ស័រ ហូឡង់ និង​សមភាគី​រុស្ស៊ី​លោក​ពូទីន REUTERS/Alexander Zemlianichenko/Pool
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​ដែល​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​និយាយ​ប្រាប់​លោក​ពូទីន​ពី​ក្តីបារម្ភ​របស់​លោក​ចំពោះ​ស្ថានការណ៍​វិវត្តន៍​ចុងក្រោយ​នៅ​ប៉ែកខាងកើត​អ៊ុយក្រែន ពិសេស​គឺ​ការ​រំលោភ​បទ​ឈប់បាញ់​ពី​ភាគី​ពាក់ព័ន្ធ។ ទន្ទឹម​គ្នា​នេះ លោក​ហូឡង់​ក៏​បាន​ប្រាប់​លោក​ពូទីន​ជា​ថ្មី​អំពី​ជំហរ​របស់​បារាំង​ដែល​មិន​ទទួល​ស្គាល់​ការ​ផ្តាច់​យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន​ពី​រុស្ស៊ី។

នៅ​ក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ​ដដែល ប្រមុខរដ្ឋ​បារាំង​ក៏​បាន​ព្រមាន​ទុក​ជា​មុន​ពី​ការ​ផ្ទុះ​សង្រ្គាម​ជា​យថាហេតុ និង​បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គោរព​តាម​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍។ ជា​ចម្លើយ​តប​នឹង​លោក​ហូឡង់​វិញ លោក​ពូទីន​បាន​បរិហារ​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​បាន​បញ្ជូន​ក្រុម​ភេរវជន​អ៊ុយក្រែន​ឲ្យ​ទៅ​បង្ក​ភេរវកម្ម​ក្នុង​ទឹកដី​គ្រីមេ​កាល​ពី​ដើម​ខែ​សីហា។ លោក​ពូទីន​បាន​ចាត់​ទុក​ទង្វើ​របស់​អ៊ុយក្រែន​ថា ជា​ការ​រំលោភបំពាន​លើ​ដំណោះស្រាយ​វិបត្តិ​អ៊ុយក្រែន​ដោយ​សន្តិវិធី និង​រំលោភ​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ណ័រម៉ង់ឌី។

កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ណ័រម៉ង់ឌី គឺ​ជា​កិច្ចព្រមព្រៀង​ដែល​អនុម័ត​ដោយ​បារាំង រុស្ស៊ី អាល្លឺម៉ង់ និង​អ៊ុយក្រែន​ក្នុង​គោលដៅ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ជម្លោះ​រវាង​រដ្ឋាភិបាល​អ៊ុយក្រែន និង​ក្រុមឧទ្ទាម​ទាមទារ​ផ្តាច់ទឹកដីនិយម​នៅ​ប៉ែកខាងកើត​មាន​ទំនោរ​រក​រុស្ស៊ី។ យ៉ាង​ណា​ក៏​ដោយ និង​ដើម្បី​ជួយ​ផ្តល់​សន្ទុះ​បន្ថែម​ទៀត​នៅ​ក្នុង​ដំណោះស្រាយ​ឲ្យ​វិបត្តិ​អ៊ុយក្រែន លោក​ហូឡង់ លោក​ពូទីន និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​បាន​ព្រមព្រៀង​ជួប​គ្នា​ជា​ថ្មី​នៅ​ក្នុង​ឱកាស​ជំនួបកំពូល G២០ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ​ថ្ងៃទី៤ និងទី៥ កញ្ញា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ