អានតួអត្ថបទ

បារាំង​បើក​អង្កេត​រឿង​ធ្លាយ​ទិន្នន័យ​​សាងសង់​នាវា​មុជទឹក

ប្រទេស​បារាំង និង​ឥណ្ឌា បាន​សម្រេច​បើក​អង្កេតដាច់​ដោយ​ឡែក​ពី​គ្នា ជុំវិញ​​ការបែក​​ធ្លាយ​សំណុំ​ឯកសារ​ជាង​ពីរ​ម៉ឺន​ទំព័រ​ ទាក់ទង​នឹង​ការ​សាងសង់​នាវា​មុជទឹក​ សម្រាប់​លក់​ទៅ​ឱ្យ​ឥណ្ឌា។ ជា​ការ​បែក​ធ្លាយ​ដ៏​សម្បើម​ក្រៃ ប៉ុន្តែ​គឺ​សារព័ត៌មាន​អូស្ត្រាលី ជា​អ្នក​បង្ហើបឱ្យ​ដឹង​មុន​គេ​អំពី​ការ​ធ្លាយ​ទិន្នន័យជា​ទ្រង់ទ្រាយ​ធំ​នេះ។

នាវាមុជ​ទឹក​ Scorpene សាងសង់​ដោយ​ក្រុមហ៊ុន​បារាំង​នៅ​ឥណ្ឌា
នាវាមុជ​ទឹក​ Scorpene សាងសង់​ដោយ​ក្រុមហ៊ុន​បារាំង​នៅ​ឥណ្ឌា Reuters/Shailesh Andrade
ផ្សាយពាណិជ្ជកម្ម

កាសែត The Australian​ បាន​បង្ហើបនៅ​ថ្ងៃ​ពុធ​នេះ​ថា មាន​ឯកសារ​ជាង​ពីរ​ម៉ឺន​២​ពាន់បួន​រយ​​ទំព័រ រៀប​រាប់​អំពី​សមត្ថភាព​ប្រយុទ្ធ​ដ៏សម្ងាត់​របស់​នាវា​មុជ​ទឹក​បារាំង Scorpène ទាំង​៦ ​ដែលកំពុង​សាងសង់​នៅ​ក្នុង​ការដ្ឋាន​ឥណ្ឌា នាទី​ក្រុង​ប៊ុមបេ។ ឯកសារ​នេះ​បាន​ធ្លាយ​ចេញ​មក​ក្រៅ តាំង​ពី​​​ឆ្នាំ​២០១១​។ នៅ​ក្នុង​សម្រង់​អត្ថបទ​​ដែល​មាន​ចុះផ្សាយ​ក្នុង​ទំព័រ​វិបសៃត៍​The Australian គេ​ឃើញ​មាន​ព័ត៌មាន​រសើបៗ​ជា​ច្រើន ដូច​ជា​សៀវភៅ​ពន្យល់​ពី​របៀប​ប្រើប្រាស់ ឬ​ពី​អង់តែន​ របស់​នាវា​មុជទឹក ...

អាជ្ញាធរ​បារាំង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។ ប៉ុន្តែ​បើតាម​ប្រភព​សិទ្ធ​នឹង​​សំណុំ​រឿង​នេះ ខ្លឹមសារ​នៃ​ឯកសារ​បែក​ធ្លាយ​មាន​ទម្រង់​រសើប​បន្តិច​មែន ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ និង​គ្មាន​លក្ខណៈ​សម្ងាត់​ទេ។ ​អ្នក​នាំ​ពាក្យក្រុមហ៊ុន​​សាងសង់​​នាវា​មុជទឹក DCNS ​មិន​ច្រាន​ចោល​សេណារីយ៉ោ “សង្គ្រាម​សេដ្ឋកិច្ច”ទេ បើយោល​ទៅ​លើភាព​​ប្រកួត​ប្រជែង​គ្នា​​នា​ពេល​បច្ចុប្បន្ន  ហេតុ​ដូច្នេះ​ហើយ​​​បានជា​ក្រុមហ៊ុន​បាន​​ស្នើ​សុំ​ឱ្យ​គ្រប់​គ្នា​រង់ចាំ​​លទ្ធផល​អង្កេត​របស់​អាជ្ញាធរ​សិន ទើប​អាច​កំណត់​អំពីធាតុពិត​នៃ​ឯកសារ និង​ការ​ទទួល​ខុស​ត្រូវ​បាន។

 
ចំណែក​​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​ក៏​បាន​​ប្រកាស​បើក​អង្កេត​ដែរ តែ​លោក​បាន​គូស​បញ្ជាក់​ភ្លាម​ថា ប្រភព​នៃ​ធ្លាយ​ឯកសារ​ទំនង​ជា​នៅ​បរទេស​ មិន​មែន​នៅ​ឥណ្ឌា​ទេ និង​ទំនង​ជា​មានការ​ចូល​លួច​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា។

យ៉ាង​ណា​ក៏​ដោយ ក៏ដំណឹង​ធ្លាយ​ឯកសារ​នេះមិនមែន​ជា​ប្រការ​ល្អ​សម្រាប់​បារាំង​ឡើយ ព្រោះ​វា​​ធ្លាក់​មក​ជួន​ចំ​ពេល​បារាំងកំពុង​ស្វែង​រក​កិច្ចសន្យា​សាងសង់​នាវា​មុជទឹក​ឱ្យ​ន័រវែស​និង​ប៉ូឡូញ។ ដំណឹង​នេះ​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រូបភាព​បារាំង​ផ្នែក​សាងសង់​នាវា​មុជ​ទឹក ដែលទើប​បាន​អួត​អាង​ប្រាប់​អូស្ត្រាលី​ពី​ភាព​ល្អ​ប្រសើរ​នៃ​ឧស្សាហកម្ម​បារាំង រហូត​អូស្ត្រាលី​​សន្យា​ព្រម​ព្រៀង​​បញ្ជា​ទិញ​នាវា​មុជ​ទឹក​បារាំង ១២​គ្រឿង តែ​ម៉ូដែល​ខុស​ពីនាវា​មុជ​ទឹក​ឥណ្ឌា ក្នុង​ទំហំ​ទឹក​ប្រាក់ ៣៤​ពាន់លាន​អឺរ៉ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ