អានតួអត្ថបទ
តួកគី-អាមេរិក

លោក​អនុប្រធានាធិបតី​អាមេរិក​ទៅ​តួកគី​ដើម្បី​ស្តារ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ

នៅ​ថ្ងៃ​ពុធ ទី២៤ សីហា លោក​អនុប្រធានាធិបតី​អាមេរិក Joe Biden បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​តួកគី។ ទស្សនកិច្ច​របស់​លោក Biden នៅ​តួកគី​ពេល​នេះ​បាន​ធ្វើ​ឡើង ជាង ១ខែ​ក្រោយ​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច​នៅ​តួកគី និង​ដែល​តួកគី​កំពុង​បន្ត​ទាមទារ​ឲ្យ​អាមេរិក​បញ្ជូន​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​តួកគី​លោក​ហ្វឺទូឡា ហ្គ៊ូលែន​ដែល​កំពុង​ភៀសខ្លួន​រស់នៅ​សហរដ្ឋអាមេរិក​ឲ្យ​ខ្លួន។ ទន្ទឹម​គ្នា​នេះ វត្តមាន​លោក Biden ក្នុង​ទឹកដី​តួកគី​ក៏​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​តួកគី​កំពុង​បើក​ប្រតិបត្តិការ​វាយប្រហារ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី​ដែរ។

ជំនួប​រវាង​លោក​អនុប្រធានាធិបតី​អាមេរិក Joe Biden និង​លោក​នាយករដ្ឋមន្រ្តី​តួកគី Yildirim
ជំនួប​រវាង​លោក​អនុប្រធានាធិបតី​អាមេរិក Joe Biden និង​លោក​នាយករដ្ឋមន្រ្តី​តួកគី Yildirim Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​តួកគី លោក​អនុប្រធានាធិបតី​អាមេរិក Joe Biden ចូល​ជួប​លោក​នាយករដ្ឋមន្រ្តី Binali Yildirim និង​លោក​ប្រធានាធិបតី Recep Tayyip Erdogan។ ជា​ផ្លូវការ កិច្ចសន្ទនា​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អាមេរិក និង​ថ្នាក់ដឹកនាំជាន់​ខ្ពស់​តួកគិ​បាន​ផ្តោត​សំខាន់​លើ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី ពិសេស​ក្នុង​ពេល​ដែល​កម្លាំងទ័ព​តួកគី និង​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​កំពុង​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​វាយប្រហារ​លើ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី។

ក៏​ប៉ុន្តែ រឿង​សំខាន់​ដែល​មិន​អាច​លាក់កំបាំង​បាន​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក​អនុប្រធានាធិបតី​អាមេរិក​ក្នុង​ទឹកដី​តួកគី​ពេល​នេះ គឺ​ដើម្បី​ស្តារ​ឡើង​វិញ ឬ​ផ្តល់​ឲ្យ​មាន​ទំនុកចិត្ត​ឡើង​វិញ​រវាង​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​អង់ការ៉ា។ ទំនាក់ទំនង​ដែល​បាន​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច​នៅ​តួកគី​កាល​ពី​ថ្ងៃទី១៥ កក្កដា​កន្លង​ទៅ។

សូម​ជម្រាប​ជូន​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច លោក​ប្រធានាធិបតី​តួកគី Erdogan មិន​ញញើត​នឹង​ចង្អុល​ចំ​មុខ​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​តួកគី​លោក​ហ្វឺទូឡា ហ្គ៊ូលែន​ដែល​កំពុង​ភៀសខ្លួន​រស់នៅ​អាមេរិក​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច​នោះ។ បន្ទាប់​មក រដ្ឋាភិបាល​តួកគី​ក៏​បាន​ធ្វើ​សំណើ​ជា​ផ្លូវការ​សុំ​ឲ្យ​អាមេរិក​បញ្ជូន​លោក​ហ្គូលែន​ទៅ​ឲ្យ​ខ្លួន។

ការ​ចោទ​របស់​លោក​ប្រមុខរដ្ឋ​តួកគី​កាល​ណោះ​បាន​ធ្វើ​ឲ្យ​អាមេរិក​តាម​រយៈ​លោក​ប្រមុខ​ការទូត​ចន ឃែរី​ទាមទារ​ឲ្យ​តួកគី​បង្ហាញ​ភស្តុតាង​ពី​ការ​រួម​គំនិត​របស់​លោក​ហ្គ៊ូលែន។ ទីបំផុត​នៅ​ថ្ងៃ​អង្គារ ទី២៣ សីហា រដ្ឋបាល​អាមេរិក​បាន​បញ្ជាក់​ថា ពិត​ជា​បាន​ទទួល​សំណើ​ផ្លូវការ​របស់​តួកគី​ដែល​សុំ​អាមេរិក​ឲ្យ​បញ្ជូន​លោក​ហ្គ៊ូលែន​ទៅ​ខ្លួន​មែន តែ​មិន​បាន​ទុក​សំណើ​នេះ​ថា​មាន​ជាប់​ពាកព័ន្ធ​នឹង​រដ្ឋប្រហារ​មិន​បាន​សម្រេច​នោះ​ទេ។

គួរ​ជម្រាប​ជូន​ថា លោក​អនុប្រធានាធិបតី​អាមេរិក Joe Biden គឺ​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អាមេរិក​តែ​ម្នាក់​គត់​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​លោក​ប្រធានាធិបតី​តួកគី Erdogan។ ទំនាក់ទំនង​ដែល​គេ​សង្ឃឹម​នឹង​ជួយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​វ៉ាស៊ីនតោន និង​អង់ការ៉ា​ប្រសើរ​ឡើង​វិញ ព្រោះ​អាមេរិក និង​តួកគី​ក្នុង​នាម​ជា​សមាជិក​អង្គការ​អូតង់​សុទ្ធ​តែ​បាន​យល់​ដូច​គ្នា​ថា គេ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ