អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​ប្រតិបត្តិការ​ផ្លូវអាកាស​របស់​រុស្ស៊ី​ពី​ទឹកដី​អ៊ីរ៉ង់​នៅ​ស៊ីរី​រហ័ស​បិទបញ្ចប់​ម្ល៉េះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បាន​បើក​ការ​វាយប្រហារ​ពេញ​មួយ​សប្តាហ៍​មក ប្រតិបត្តិការ​ផ្លូវអាកាស​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​ស៊ីរី​ពី​មូលដ្ឋាន​ទ័ព​អ៊ីរ៉ង់​បាន​បិទបញ្ចប់​ក្នុង​ថ្ងៃ​ចន្ទ ទី២២ សីហា។ សូម​ជម្រាប​ជូន​ថា តាំង​ពី​ក្រោយ​បដិវត្តន៍​អ៊ីស្លាម​នៅ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៧៩ និង​តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​គ្នា​ជាង ៥ឆ្នាំ​មក នេះ​ជា​លើកទី ១ ដែល​អ៊ីរ៉ង់​បាន​បើក​មូលដ្ឋាន​យោធា​របស់​ខ្លួន​ឲ្យ​ប្រទេស​បរទេស​មួយ​ប្រើប្រាស់។ តែ​សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា ហេតុអ្វី​បាន​ជា​ប្រតិបត្តិការ​ផ្លូវអាកាស​របស់​រុស្ស៊ី​ពី​ទឹកដី​អ៊ីរ៉ង់​នៅ​ស៊ីរី​រហ័ស​បិទបញ្ចប់​ម្ល៉េះ?

ហេតុអ្វី​បាន​ជា​ប្រតិបត្តិការ​ផ្លូវអាកាស​របស់​រុស្ស៊ី​ពី​ទឹកដី​អ៊ីរ៉ង់​នៅ​ស៊ីរី​រហ័ស​បិទបញ្ចប់​ម្ល៉េះ?
ហេតុអ្វី​បាន​ជា​ប្រតិបត្តិការ​ផ្លូវអាកាស​របស់​រុស្ស៊ី​ពី​ទឹកដី​អ៊ីរ៉ង់​នៅ​ស៊ីរី​រហ័ស​បិទបញ្ចប់​ម្ល៉េះ? Reuters
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រទេស​រុស្ស៊ី​គឺ​ច្បាស់ណាស់ ការ​ដែល​ខ្លួន​បាន​បិទបញ្ចប់​យ៉ាង​ទាន់ហន់​នូវ​បេសកកម្ម​ផ្លូវអាកាស​វាយប្រហារ​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី​ដោយ​ប្រើ​មូលដ្ឋាន​ទ័ព​អ៊ីរ៉ង់​ពេល​នេះ ដោយសារ​តែ​អ្វីៗ​បាន​ទទួល​ជោគជ័យ​ដូច​ការ​គ្រោង​ទុក។ អ្វី​ដែល​ក្រុង​មូស្គូ​ចង់​និយាយ​នោះ​គឺ​ថា ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​ខ្លួន​បាន​សម្រេច​ហើយ តើ​មាន​ហេតុផល​អ្វី​ដែល​យន្តហោះ​ចម្បាំង​រុស្ស៊ី​ត្រូវ​បន្ត​ស្ថិត​ក្នុង​ទឹកដី​អ៊ីរ៉ង់​ទៀត​នោះ។ តែ​បញ្ហា​នៅ​ត្រង់​ថា ការ​ពិត​ជាក់ស្តែង​មិន​នៅ​បន្ត​ស្រពិចស្រពិល​ដដែល។ អ្វី​ដែល​គេ​ដឹង នៅ ២ថ្ងៃ​ក្រោយ​ការ​ផ្តើម​ប្រតិបត្តិការ​ផ្លូវអាកាស​របស់​រុស្ស៊ី​នៅ​ស៊ីរី​ពី​មូលដ្ឋាន​ទ័ព​អ៊ីរ៉ង់​ហាម៉ាដាន​ក្នុង​ថ្ងៃទី១៦ សីហា មាន​ផ្ទុះ​ចេញ​នូវ​ប្រតិកម្ម​មិន​សប្បាយ​ចិត្ត​ពី​មជ្ឈដ្ឋាន​មហាជន​អ៊ីរ៉ង់ រួម​ទាំង​ក្រុម​សមាជិក​សភា​អ៊ីរ៉ង់​ជា​ច្រើន​រូប​ផង។

គឺ​ផ្តើម​ចេញ​ពី​ប្រតិកម្ម​ក្តៅក្រហាយ​នៅ​អ៊ីរ៉ង់​នេះ​ហើយ​ដែល​បាន​ជំរុញ​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់​ឲ្យ​ផ្អាក​ការ​ផ្តល់​មូលដ្ឋាន​យោធា​ហាម៉ាដាន​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​នៅ​ពេល​នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​រុស្ស៊ី​មិន​បាន​បញ្ជាក់​ពី​ហេតុផល​ផ្លូវការ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​អ៊ីរ៉ង់​ដែល​ឈប់​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​មូលដ្ឋាន​យោធា​ហាម៉ាដាន​ទេ តែ​គ្រាន់​អះអាង​ថា ការ​ប្រើប្រាស់​មូលដ្ឋាន​យោធា​អ៊ីរ៉ង់​ហាម៉ាដាន​នា​ពេល​អនាគត​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ទ្វេភាគី​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម និង​ផ្អែក​លើ​ស្ថានការណ៍​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​វិញ​បាន​និយាយ​ធានា​ថា កិច្ចសហប្រតិបត្តិការ​រវាង​រុស្ស៊ី និង​អ៊ីរ៉ង់​ទាក់ទង​នឹង​មូលដ្ឋាន​យោធា​ហាម៉ាដាន​គ្រាន់​តែ​ជា​កិច្ចសហប្រតិបត្តិការ​បណ្តោះអាសន្ន និង​មាន​ការ​សហការណ៍​គ្នា​ច្បាស់លាស់។ បន្ទាប់​មក​ទៀត លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អ៊ីរ៉ង់​បាន​បញ្ជាក់​តាម​ទូរទស្សន៍​ជា​សាធារណៈ​ថា យុទ្ធនាការ​វាយប្រហារ​ផ្លូវអាកាស​របស់​រុស្ស៊ី​ទៅ​លើ​ស៊ីរី​ដោយ​ប្រើ​មូលដ្ឋាន​យោធា​អ៊ីរ៉ង់​បាន​បង្កប់​ដោយ​ភាព​ក្រអឺតក្រទម​របស់​ក្រុង​មូស្គូ។ អ្វី​ដែល​រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីរ៉ង់​រូប​នេះ​ដដែល​ចង់​និយាយ​នោះ គឺ​ការ​ដែល​រុស្ស៊ី​ចង់​ដើរ​តួ​ជា​មហាអំណាច​តែ​ម្នាក់​ឯង​នៅ​លើ​សមរភូមិ​ស៊ីរី មុន​នឹង​សារភាព​ត្រង់ៗ​ថា អ៊ីរ៉ង់​បាន​យល់ព្រម​ប្រគល់​មូលដ្ឋាន​យោធា​ហាម៉ាដាន​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​ដោយ​មិន​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជា​លាយលក្ខណ៍​អក្សរ​ជា​ផ្លូវការ​ទេ។

ផ្តើម​ចេញ​ពី​ប្រតិកម្ម​ទាំង​អស់​ខាង​លើ​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​ការ​ពិត​វា​យ៉ាង​ម៉េច​ខ្លះ​ទៅ?។

រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ចម្លើយ​ច្បាស់លាស់​អ្វី​ទេ អ្វី​ដែល​គេ​ដឹង ប្រតិកម្ម​ទាំង​អស់​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​ក្រុម​តំណាងរាស្ត្រ​អ៊ីរ៉ង់​ប្រមាណ​ជា ២០នាក់​បាន​ស្នើ​ឲ្យ​សភា​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ដេញដោល​រក​ការ​ពិត។ យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​ជជែក​ដេញដោល​រក​មូលហេតុ​ដែល​រដ្ឋាភិបាល​បាន​បើក​មូលដ្ឋាន​យោធា​ហាម៉ាដាន​ឲ្យ​រុស្ស៊ី​ប្រើប្រាស់។ គួរ​បញ្ជាក់​ជូន​ថា នេះ​ជា​លើកទី១ តាំង​ពី​ក្រោយ​ថ្ងៃ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៧៩ ដែល​អ៊ីរ៉ង់​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​មួយ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​របស់​ខ្លួន។

ពិត​ណាស់​ថា រុស្ស៊ី និង​អ៊ីរ៉ង់​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​រដ្ឋាភិបាល​ស៊ីរី​សព្វថ្ងៃ ហើយ​គឺ​វិបត្តិ​នយោបាយ​អូសបន្លាយ​នៅ​ស៊ីរី​តាំង​ពី​ជាង ៥ឆ្នាំ​កន្លង​ទៅ​នេះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ក្រុង​មូស្គូ និង​តេហេរ៉ង់​ខិត​ជិត​ចូល​គ្នា​កាន់​តែ​ខ្លាំង។ តែ​បើ​គេ​ពិនិត្យ​មើល​ជា​លក្ខណៈ​ប្រវត្តិសាស្រ្ត​វិញ រុស្ស៊ី និង​អ៊ីរ៉ង់​នៅ​បន្ត​រក្សា​ទំនាក់ទំនង​រកាំរកូស ពោល​មិនមែន​រលូន​ដូច​គ្រប់​គ្នា​បាន​គិត​នោះ​ទេ ពិសេស​គឺ​រុស្ស៊ី​ដែល​ហាក់​មិន​សូវ​មាន​ជំនឿ​ទុក​ចិត្ត​លើ​អ៊ីរ៉ង់។ រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​ជូរចត់​រវាង​រុស្ស៊ី និង​អ៊ីរ៉ង់​ទាក់ទង​ជា​ពិសេស​លើ​សន្ធិសញ្ញា​ឆ្នាំ ១៨២៨ ដែល​អាណាចក្រ​ពែស្ស​ដែល​សព្វថ្ងៃ​មាន​ឈ្មោះ​ថា អ៊ីរ៉ង់​បាន​បាត់បង់​ទឹកដី​មួយ​ភាគ​ធំ​ទៅ​ក្នុង​កណ្តាប់ដៃ​អាណាចក្រ​រុស្ស៊ី។ ម្យ៉ាង​ទៀត បដិវត្តន៍​អ៊ីស្លាម​នៅ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៧៩ ដែល​មាន​កម្មវត្ថុ​ស្តារ​ឡើង​វិញ​នូវ​អធិបតេយ្យភាព​ប្រទេស​ក៏​ដោយ ក៏​បដិវត្តន៍​អ៊ីស្លាម​កាលណោះ​មាន​គោលដៅ​ប្រឆាំង​នឹង​មហា​អំណាច​អាមេរិក អង់គ្លេស និង​សហភាព​សូវៀត​ដែរ។

ក្រៅ​ពី​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​ជូរចត់​រវាង​គ្នា រុស្ស៊ី និង​អ៊ីរ៉ង់​ក៏​មិនមែន​យល់​ឃើញ​ដូច​គ្នា និង​ឯកភាព​គ្នា​គ្រប់​ពេល​នៅ​ក្នុង​សំណុំរឿង​អន្តរជាតិ​ផ្សេងៗ ពិសេស​សំណុំរឿង​នៅ​ក្នុង​តំបន់​ដើមបូព៌ា​ទេ។ រុស្ស៊ី​ដែល​បាន​រក្សា​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត​ហាក់​ដូច​ជា​បាន​ខិត​ឆ្ងាយ ឬ​មួយ​ក៏​ប្រយ័ត្នប្រយែង​ចំពោះ​ជម្លោះ​រវាង​សាសនា​អ៊ីស្លាម​រវាង​និកាយ​ស៊ុយនីត និង​និកាយ​ឈីអ៊ីត​ដែល​មាន​អ៊ីរ៉ង់​ជា​មេក្លោង​ធំ​នៅ​ក្នុង​តំបន់។ ទាក់ទង​នឹង​ជម្លោះ​ផ្ទៃក្នុង​នៅ​យេម៉ែន​វិញ រុស្ស៊ី​បន្ត​មិន​លូកដៃ ចំ​ពេល​ដែល​អ៊ីរ៉ង់​បាន​លូកដៃ​យ៉ាង​ជ្រៅ។ តែ​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន រុស្ស៊ី និង​អ៊ីរ៉ង់​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ចាប់ដៃ​គ្នា ទោះ​បី​ជា​អ៊ីរ៉ង់​ដឹង​ថា រុស្ស៊ី​មិន​ស្មោះ​នឹង​ខ្លួន ១០០% ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ