អានតួអត្ថបទ
បារាំង-តួកគី

បារាំង​ព្រមាន​តួកគី​ពី​ការ​ប៉ុនប៉ង​លូកដៃ​ក្នុង​សំណុំរឿង​គួដឌីស្ថាន​នៅ​ស៊ីរី

នៅ​ថ្ងៃ​សៅរ៍ ទី២៧ សីហា ប្រទេស​បារាំង​តាម​រយៈ​លោក​រដ្ឋមន្រ្តី​ការបរទេស​ហ្សង់ម៉ាក អេរ៉ូ​បាន​ថ្លែង​សាទរ​ចំពោះ​ការ​ចូលរួម​របស់​ប្រទេស​តួកគី​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី។ តែ​ទន្ទឹម​នឹង​ការ​សាទរ លោក​ប្រមុខ​ការ​ទូត​បារាំង​បាន​ព្រមាន​ទីក្រុង​អង់ការ៉ា​ពី​ការ​ប៉ុនប៉ង​លូកដៃ​ចូល​ដោះស្រាយ​បញ្ហា​ប្រជាជន​កួដឌីស្ថាន​រស់​ក្នុង​ទឹកដី​ស៊ីរី។

លោក​រដ្ឋមន្រ្តី​ការបរទេស​បារាំង​ហ្សង់ម៉ាក អេរ៉ូ
លោក​រដ្ឋមន្រ្តី​ការបរទេស​បារាំង​ហ្សង់ម៉ាក អេរ៉ូ Emmanuel Makundi/RFI
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​ការ​ផ្តល់​បទសម្ភាសន៍​ឲ្យ​កាសែត​បារាំង​ប្រចាំ​ថ្ងៃ​មួយ​ឈ្មោះ Le Monde ដែល​លោក​ប្រមុខ​ការទូត​បារាំង​ហ្សង់ម៉ាក អេរ៉ូ​បាន​ថ្លែង​ថា វា​ពិត​ជា​រឿង​ល្អ​ណាស់​ដែល​តួកគី​បាន​បើក​ការ​វាយប្រហារ​យ៉ាង​ចាស់​ដៃ​លើ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ថា អ្វី​ដែល​តួកគី​កំពុង​ធ្វើ​នេះ​ពិត​ជា​រឿង​ស្រប​ច្បាប់​ដែល​តួកគី​ត្រូវ​ធានា​សន្តិសុខ និង​សុវត្ថិភាព​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្លួន​ជាមួយ​ស៊ីរី។ តែ​ទន្ទឹម​នឹង​ការ​សាទរ ប្រមុខ​ការទូត​បារាំង​រូប​នេះ​ដដែល​មិន​ភ្លេច​រម្លឹក​ប្រាប់​តួកគី​ដោយ​ព្រមាន​ចំៗ កុំ​ឲ្យ​ព្យាយាម​ភ្ជាប់​រឿង​យុទ្ធនាការ​វាយប្រហារ​អង្គការ​រដ្ឋអ៊ីស្លាម​ទៅ​នឹង​បញ្ហា​គួដឌីស្ថាន​រស់នៅ​ក្នុង​ទឹកដី​ស៊ីរី។

សូម​ជម្រាប​ជូន​ថា ​កាល​ពី​ថ្ងៃ​ពុធ ទី២៤ សីហា កងទ័ព​តួកគី​បាន​បើក​ការ​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​លើ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី និង​ក៏​មាន​គោលដៅ​ទប់ស្កាត់​កម្លាំង​ប្រដាប់អាវុធ​គួដឌីស្ថាន​ស៊ីរី​កុំ​ឲ្យ​រំកិល​ទៅ​ក្បែរ​ព្រំដែន​របស់​ខ្លួន​ដែរ។ ក្រោម​ភ្នែក ច្រមុះ​របស់​ទីក្រុង​អង់ការ៉ា កម្លាំង​ប្រដាប់អាវុធ​គួដឌីស្ថាន​ស៊ីរី​ជា​ដៃគូ​របស់​គណបក្ស​ពលករ​គួដឌីស្ថាន PKK នៅ​តួកគី​ដែល​តួកគី​ចាត់​ទុក​ជា​ចលនា​ភេរវកម្ម។ តាម​ក្រុម​អ្នកជំនាញ កម្មវត្ថុ​វាយប្រហារ​របស់​កម្លាំង​តួកគី​នៅ​ស៊ីរី​មាន​បំណង​ទប់ស្កាត់​កុំ​ឲ្យ​ពួក​គួដឌីស្ថាន​នៅ​ស៊ីរី​អាច​បង្កើត​តំបន់​ស្វយ័ត​របស់​គេ​ក្នុង​ទឹកដី​ស៊ីរី។

លោក​ប្រមុខ​ការទូត​បារាំង​ហ្សង់ម៉ាក អេរ៉ូ​បាន​គូសបញ្ជាក់​ថា លោក​ថ្កោលទោស​លើ​ទង្វើ​ភេរវកម្ម​ដែល​ពួក PKK បាន​ប្រព្រឹត្តិ​នៅ​ក្នុង​ទឹកដី​តួកគី​នា​ពេល​កន្លង​មក តែ​ពួក​គួដឌីស្ថាន​នៅ​ស៊ីរី​មិនមែន​ស្ថិត​ក្នុង​ក្រុម PKK និង​ថែម​ទាំង​បាន​ចូលរួម​វាយប្រហារ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ប្រកប​ដោយ​ប្រសិទ្ធិភាព​ទៀត​ផង។ គួរ​បញ្ជាក់​ជូន​ថា កម្លាំង​ប្រដាប់​អាវុធ​គួដឌីស្ថាន​នៅ​ស៊ីរី​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​បស្ចិមលោក ពិសេស​ពី​អាមេរិក​ដែល​បាន​ចាត់​ទុក​ជា​ក្រុម​យុទ្ធជន​ឆ្នើម​ខាង​ប្រយុទ្ធ​តទល់​នឹង​អង្គការ​រដ្ឋអ៊ីស្លាម។

ដោយឡែក​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​បារាំង​ប្រចាំថ្ងៃ Le Monde ដដែល លោក​ហ្សង់ម៉ាក អេរ៉ូ​បាន​ឆ្លៀត​ជំរុញ​រុស្ស៊ី​ឲ្យ​ធ្វើ​ការ​ថ្កោលទោស​របបស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​នៅ​អង្គការ​សហប្រជាជាតិ និង​បាន​ទាមទារ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​គាំទ្រ​កម្លាំង​របស់​របប​លោក​អាសាដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ