អានតួអត្ថបទ
អាល្លឺម៉ង់-ស៊ីរី

អាល្លឺម៉ង់៖​ឃាត់​ខ្លួន​ជនជាតិ​ស៊ីរី ៣នាក់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​នៅ​ប៉ារីស

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ Thomas de Maizière បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ឃាត់​ខ្លួន​ជនជាតិ​ស៊ីរី​ចំនួន ៣នាក់​នៅ​ប៉ែក​ខាង​ជើង​ប្រទេស។ ជនជាតិ​ស៊ីរី​ទាំង ៣នាក់​នោះ​ត្រូវ​បាន​អង្គការ​រដ្ឋអ៊ីស្លាម​បញ្ជូន​ចូល​ក្នុង​ទឹកដី​អាល្លឺម៉ង់​ដោយ​លួចលាក់​កាល​ពី​រដូវ​ស្លឹកឈើ​ជ្រុះ​កន្លង​ទៅ​ដើម្បី​រៀបចំ​ភេរវកម្ម។ ទន្ទឹម​គ្នា​នេះ លោក Thomas ក៏​បាន​លើក​ឡើង​ពី​ចំណង​ទាក់ទង​គ្នា​រវាង​ជនជាតិ​ស៊ីរី​ទាំង ៣នាក់ និង​ភេរវជន​មួយ​ចំនួន​ដែល​បាន​បង្ក​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៥។

លោក Thomas de Maiziere រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់
លោក Thomas de Maiziere រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ TOBIAS SCHWARZ / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ឃាត់​ខ្លួន​បាន​បុរស​ទាំង ៣នាក់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រតិបត្តិការ​ក្រោម​ទ្រង់ទ្រាយ​ធំ​របស់​កម្លាំង​ប៉ូលិស​អាល្លឺម៉ង់​ប្រមាណ​ជា ២០០នាក់​នា​ថ្ងៃ​អង្គារ ទី១៣ កញ្ញា​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់។ នៅ​ក្នុង​ប្រតិបត្តិការ​ចូល​ឆែកឆេរ​នៅ​តាម​អាគារ​ស្នាក់នៅ និង​ទីកន្លែង​ស្នាក់នៅ​របស់​ជនភៀសខ្លួន ប៉ូលិស​បាន​រក​ឃើញ​នៅ​លើ​ខ្លួន​ជន​សង្ស័យ​ទាំង ៣នាក់​នូវ​លិខិត​ឆ្លងដែន​ស៊ីរី។ ជន​ទាំង ៣នាក់​ត្រូវ​បាន​ជាប់ចោទ​ពី​បទ​លួច​ចូល​ក្នុង​ទឹកដី​អាល្លឺម៉ង់​ដោយ​ខុស​ច្បាប់​បញ្ជូន​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម​កាល​ពី​រដូវ​ស្លឹកឈើ​ជ្រុះ​កន្លង​ទៅ។

ក្រៅ​ពី​រក​ឃើញ​លិខិត​ឆ្លងដែន​ស៊ីរី ប៉ូលិស​ក៏​បាន​រក​ឃើញ​លុយ​ដុល្លារ​ជា​ច្រើន​ពាន់ រួម​ទាំង​ទូរស័ព្ទដៃ​ដែល​មាន​បំពាក់​ដោយ​កម្មវិធី​សម្រាប់​ទាក់ទង​ផង​ដែរ។ លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ Thomas de Maizière បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ជនជាតិ​ស៊ីរី​ទាំង ៣នាក់​គ្មាន​គម្រោង​រៀបចំ​អំពើ​ភេរវកម្ម​ដោយ​ខ្លួន​ឯង​ទេ តែ​រង់ចាំ​ទទួល​បញ្ជា​ផ្ទាល់​ពី​អង្គការ​រដ្ឋអ៊ីស្លាម។ ទន្ទឹម​គ្នា​នេះ លោក Thomas ក៏​បាន​លើក​ឡើង​ពី​ចំណង​ទាក់ទង​គ្នា​រវាង​ជនជាតិ​ស៊ីរី​ទាំង ៣នាក់ និង​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៥។

យោង​តាម​រូប​លោក​រដ្ឋមន្រ្តី​មហាផ្ទៃ​អាល្លឺម៉ង់​ដដែល ភេរវជនអត្តឃាត​ចំនួន ២នាក់​ដែល​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ពី​មុខ​ពហុកីឡាដ្ឋានជាតិ Stade de France ក្នុង​ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី១៣ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ក្នុង​ក្រុម​ជាមួយ​ជនជាតិ​ស៊ីរី​ទាំង ៣នាក់ និង​បាន​លួច​ចូល​ក្នុង​ដែនដី​អឺរ៉ុប​តាម​បណ្តាញ​តែ​មួយ​ដូច​គ្នា។ ទន្ទឹម​គ្នា​នេះ ក្រដាស​របស់​ពួក​គេ​ក៏​ប្រហែល​ជា​បាន​ធ្វើ​នៅ​ទីកន្លែង​ដូច​គ្នា​ទៀត។

ការ​ចាប់​ខ្លួន​ជនជាតិ​ស៊ីរី​ទាំង ៣នាក់​ក្នុង​ទឹកដី​អាល្លឺម៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ជនជាតិ​ស៊ីរី​ជា​ច្រើន​នាក់​ដោយ​ប៉ូលិស​អាល្លឺម៉ង់​កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​ចំ​ពេល​ដែល​ពួក​គេ​កំពុង​រង់ចាំ​បញ្ជា​ពី​អង្គការ​រដ្ឋអ៊ីស្លាម​ដើម្បី​បង្ក​ភេរវកម្ម​ក្នុង​ទីក្រុង Düsseldorf។ លោក Thomas បាន​យល់​ឃើញ​ថា អាល្លឺម៉ង់​កំពុង​បន្ត​ប្រឈម​នឹង​ហានិភ័យ​ភេរវកម្ម តែ​បាន​ច្រាន​ចោល​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា អាល្លឺម៉ង់​កំពុង​ចេញ​ប្រតិបត្តិការ​ប្រឆាំង​ជនភៀសខ្លួន​ជា​លក្ខណៈ​ទូទៅ។ តាម​លោក Thomas មាន​ការ​ស៊ើបអង្កេត​តែ​ចំនួន ៦០ ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ជនភៀសខ្លួន​ជា​ច្រើន​ពាន់នាក់​នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ