ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អឺរ៉ុប

បារាំង​សង់ជញ្ជាំង​ការពារ​កុំ​ឱ្យ​ជន​ភៀស​ខ្លួន​រត់​ឆ្លង​ទៅ​អង់គ្លេស

media  
កម្មករដាក់​លួស​បន្លា​លើ​របងដែក​​ការពារ​កំពង់ផែ​កាឡេ ប្រឆាំង​ជនភៀសខ្លួន REUTERS/Charles Platiau

នៅ​ថ្ងៃ​អង្គារ​នេះ បារាំង​បាន​ចាប់​ផ្តើម​សាង​សង់​ជញ្ជាំងថ្ម ​ដ៏​ខ្ពស់​មួយ​ ព័ទ្ធ​ការពារ​​កំពង់​ផែ ក្រុង​កាឡេ ដែល​ជន​ភៀស​ខ្លួន​ជាច្រើនពាន់​នាក់​ ​តែង​តែ​លួច​ជ្រៀត​ចូល​ពួន​តាម​រថយន្ត​ដឹកទំនិញ ដើម្បី​សាកល្បង​​រត់​ឆ្លង ដោយ​ខុស​ច្បាប់​ ​ទៅ​ប្រទេស​អង់គ្លេស។ សំណង់​នេះ​នឹង​ត្រូវ​ចប់​សព្វ​គ្រប់​នៅចុង​ឆ្នាំ​។

ជញ្ជាំងបេតុង ប្រវែង​មួយ​គីឡូម៉ែត្រ កម្ពស់៤​ម៉ែត្រ ត្រូវ​បាន​ចាប់​ផ្តើមសង់ នៅ​ថ្ងៃ​រសៀល​អង្គារ​នេះ ​បន្តពី​​របង​លួស​បន្លាដែល​មាន​ស្រាប់ អម​ផ្លូវ​នាំ​ទៅ​កាន់​​​កំពង់ផែ​កាឡេ។ ជា​ជញ្ជាំងដ៏​មាំ មាន​ឆ្អឹង​ទម្រ និង​គ្រឹះ​​ជា​ដែក ដែល​ពិបាក​នឹងបំបែក​ណាស់។ មិន​តែ​ប៉ុណ្ណោះ ជញ្ជាំង​នេះ នឹង​ត្រូវ​ប្រើ​​ជញ្ជាំង​ប្រឆាំង​សំឡេង ដើម្បី​ភាព​សុខដុម​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែង​ដង​ផ្លូវ ដោយ​មាន​ដាំ​រុក្ខជាតិ​ជា​លម្អ​ផង នៅ​ខាង​ជាប់​ផ្លូវ ដូច​ជិះ​ក្នុង​ឧទ្យាន។

មាន​ប្រយោជន៍​​ទប់​ស្កាត់​សំឡេងមែន ប៉ុន្តែ​តាម​ការ​ពិត​ទៅជញ្ជាំង​​ ដែល​មាន​ប្រទេស​អង់គ្លេសជា​អ្នក​ផ្តល់​ហិរញ្ញប្បទានសម្រាប់​សាងសង់​ ក្នុង​តម្លៃ​ទឹក​ប្រាក់​ ជាង ២​លាន​៧​សែន​អឺរ៉ូ​ ត្រូវ​បាន​ផ្តួច​ផ្តើម​ ​សាង​សង់​ឡើង ​ក្នុង​កម្មវត្ថុ​​ចំបង​តែ​មួយ​​គត់ គឺ​ដើម្បី​ទប់​ស្កាត់​ការ​កុំ​ជន​អន្តោប្រវេសន៍​អាច​ជ្រៀត​ចូល​ដល់​កំពង់​ផែ​កាឡេ​​បាន។ កំពង់​ផែកាឡេ ដែល​ជា​ច្រក​ដ៏​សំខាន់​សម្រាប់​ឆ្លង​ទៅ​ប្រទេស​អង់គ្លេស។

ជា​ញឹក​ញយ​ ក្រុម​ជនភៀស​ខ្លួន​ទាំង​ហ្វូងៗ ដែល​​​រង់ចាំ​តែ​ឱកាស​ បាន​នាំ​គ្នា​វាយ​ឆ្មក់​ចូល​តំបន់​កំពង់​ផែ ដោយ​ស្ទាក់​ឡាន​កាមីញ៉ុង ឡាន​ដឹក​ទំនិញ​ ដើម្បី​ឡើង​ពួន​ជិះ​ឆ្លង​ដោយ​ខុស​ច្បាប់​ទៅ​កាន់​ប្រទេសអង់គ្លេស។

អគ្កនាយក​កំពង់​ផែ កាឡេ ដែល​ទាមទារ​សំណង់​ជញ្ជាំង​ការពារ​តាំង​ពី​យូរ​មក​ហើយ សង្ឃឹម​ថា នៅ​ពេល​​​​ជញ្ជាំងសង់​រួច​  ជនភៀស​ខ្លួន​ពិត​ជា​មិន​អាចរត់​​ឡើង​ឆ្លង​ទៅ​លើ​ផ្លូវ​ចាំ​តោង​ឡើង​ឡាន​​បានទៀត​ទេ​នៅ​ពេល​យប់ ព្រោះ​នៅ​លើ​ជញ្ជាំង​នោះ មាន​ការពារ​បន្ថែម​ដោយ​មែក​ឈើ ដើម​ឈើ ឬ​ធុង​ហ្កាស។

ប៉ុន្តែ​តំណាង​រាស្ត្រ​ប្រចាំ​តំបន់ មាន​ជាអាទិ៍​អភិបាល​ក្រុង​កាឡេ យល់​ថា មិន​គួរ​មាន​ជញ្ជាំង​នេះ​ទេ ព្រោះ​រដ្ឋាភិបាល​ទើប​បាន​ប្រកាស​ថា​នឹង​រំលាយ​ជំរំ​ជនភៀស​ខ្លួន​នៅ​កាឡេ​ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ហើយ។ សូម​បញ្ជាក់​ថា មាន​ជនភៀស​ខ្លួន ខុស​ច្បាប់​ ចាំ​រត់​ឆ្លង​ទៅ​អង់គ្លេស ​​ប្រមាណ​ពី ៦៩០០​នាក់ ទៅ​ម៉ឺន​នាក់​ កំពុង​រស់​នៅ​ក្នុង​ជំរំ​រខេក​រខាក ធំ​​ស្ទើរ​ក្លាយ​ជា​ភូមិ​​ដ៏​អនាថា​មួយ​ទៅ​ហើយ​នៅ​កាឡេ ក្រោម​ក្រសែ​ភ្នែក​ក្តៅ​ក្រហាយ​និង​​រំខាន​បំផុត​សម្រាប់ប្រជាពលរដ្ឋ​កាឡេ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ