អានតួអត្ថបទ
អឺរ៉ុប-អវកាស

យានអវកាស Rosetta បញ្ចប់​បេសកកម្ម​ជា​ប្រវត្តិសាស្រ្ត​ដោយ​ធ្វើ​អត្តឃាត​លើ​ផ្កាយដុះកន្ទុយ Tchouri

នៅ​ថ្ងៃ​សុក្រ ទី៣០ កញ្ញា យាន​អវកាស Rosetta បាន​បិទ​បញ្ចប់​បេសកកម្ម​ជា​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​នៅ​ក្នុង​គន្លង​វិថី​នៃ​ផ្កាយដុះកន្ទុយ Tchouri។ គឺ​ជា​បេសកកម្ម​ដើម្បី​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​អំពី​អាថ៌កំបាំង​នៃ​ការ​កកើត​ឡើង​ដំបូង​របស់​ភព​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ យាន​អវកាស Rosetta បាន​បញ្ចប់​បេសកម្ម​ដោយ​ទម្លាក់​កម្ទេច​ខ្លួន​ឯង​នៅ​លើ​ផ្កាយដុះកន្ទុយ Tchouri។

យានអវកាស Rosetta បញ្ចប់​បេសកកម្ម​ជា​ប្រវត្តិសាស្រ្ត​ដោយ​ធ្វើ​អត្តឃាត​លើ​ផ្កាយដុះកន្ទុយ Tchouri
យានអវកាស Rosetta បញ្ចប់​បេសកកម្ម​ជា​ប្រវត្តិសាស្រ្ត​ដោយ​ធ្វើ​អត្តឃាត​លើ​ផ្កាយដុះកន្ទុយ Tchouri ESA/ATG medialab
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​បិទ​បេសកកម្ម​ជាង ១២ឆ្នាំ​របស់​យាន​អវកាស Rosetta នៅ​ក្នុង​គន្លង​វិថី​ជុំវិញ​ផ្កាយដុះកន្ទុយ Tchouri ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​សម្លេង​ហ៊ោ និង​សម្លេង​ទះ​ដៃ​យ៉ាង​ទ្រហឹង​អឺងកង​នៅ​មជ្ឈមណ្ឌល​អាវកាស​អឺរ៉ុប​ក្នុង​ប្រទេស​អាល្លឺម៉ង់។ « អ្វីៗ​បាន​ចប់​ហើយ។ ខ្ញុំ​អាច​បញ្ចាក់​ថា Rosetta បាន​ទម្លាក់​ខ្លួន​ចុះ​ដោយ​ជោគជ័យ ហើយ​បេសកកម្ម​របស់ Rosetta បាន​បញ្ចប់​ត្រឹម​ណេះ » នេះ​ជា​ការ​ប្រកាស​របស់​លោក Patrick Martin អ្នក​ទទួល​ខុសត្រូវ​របស់​បេសកកម្ម Rosetta។ « លា​ហើយ Rosetta ឯង​បំពេញ​ការងារ​បាន​ល្អ​ណាស់ » នេះ​ជា​ការ​បន្ថែម​របស់​លោក Martin។

គួរ​រម្លឹក​ជូន​ថា យាន​អវកាស Rosetta ត្រូវ​បាន​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាញ់​បញ្ជូន​ទៅ​អវកាស​កាល​ពី​ខែ​មីនា ឆ្នាំ​២០០៤។ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ ៧ ៩០០លាន​គីឡូម៉ែត្រ​នៅ​ក្នុង​គន្លង​ជុំវិញ​ព្រះអាទិត្យ និង​បាន​ចំណាយ​ពេល​អស់​ជាង ១០ឆ្នាំ Rosetta បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​គន្លង​នៃ​ផ្កាយដុះកន្ទុយ Tchouri ក្នុង​ខែ​សីហា ឆ្នាំ ២០១៤។ យោង​តាម​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប Rosetta ជា​យានអវកាស​ទី១ ដែល​បាន​តាម​ឃ្លាំមើល​ដំណើរផ្លូវ​របស់​ផ្កាយដុះកន្ទុយ Tchouri ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៧២០លានគីឡូម៉ែត្រ​ពី​ភពផែនដី​របស់​យើង។

បេសកកម្ម​របស់ Rosetta គឺ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​អំពី​អាថ៌កំបាំង​នៃ​ការ​កកើត​ឡើង​ដំបូង​របស់​ភព​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ម្យ៉ាងទៀត ជម្រើស​នៃ​ការ​សិក្សា​លើ​ផ្កាយដុះកន្ទុយ Tchouri ក៏​ដោយសារ​ថា Tchouri ជា​វត្ថុធាតុដើម​ដែល​សល់​ពី​ការ​បង្កើត​ប្រព័ន្ធ​ព្រះអាទិត្យ​កាល​ពី​ប្រមាណ​ជា ៤ ៥០០លានឆ្នាំ​មុន។ នៅ​ក្នុង​បេសកកម្ម​រយៈពេល​ជាង ២ឆ្នាំ​ក្នុង​គន្លង​ជុំវិញ​ផ្កាយដុះកន្ទុយ Tchouri Rosetta ប្រមូល​បាន​ព័ត៌មាន​ច្រើន​ណាស់​ដើម្បី​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ធ្វើ​ការ​សិក្សា​បន្ត។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​មាន​សុទិដ្ឋិនិយម​ថា ផ្កាយដុះកន្ទុយ Tchouri ពិត​ជា​បាន​ដើរ​តួនាទី​អ្វី​មួយ​នៃ​ការ​ចាប់​កំណើត​ជីវិត​មនុស្ស​លើ​ភពផែនដី។

ចប់​ហើយ​បេសកកម្ម​រយៈពេល​ជាង ១២ឆ្នាំ​របស់​យាន​អវកាស Rosetta តែ​ការ​ស្រាវជ្រាវ​កំពុង​បន្ត​មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ