អានតួអត្ថបទ
អាមេរិក-អឺរ៉ុប

Brexit៖​អាមេរិក​បាន​ទាមទារ​ឲ្យ​អឺរ៉ុប និង​អង់គ្លេស​បន្ត​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​​នៅ​ក្រោយ​ការ​លែងលះគ្នា

នៅ​ថ្ងៃ​អង្គារ ទី៤ កញ្ញា លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចន ឃែរី​បាន​ថ្លែង​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ថា អាមេរិក​នឹង​ត្រូវ​ការ​ឲ្យ​អឺរ៉ុប និង​អង់គ្លេស​បន្ត​មាន​ទំនាក់ទំនង​ជិតស្និទ្ធ និង​រឹងមាំ​រវាង​គ្នា​នៅ​ក្រោយ​ការ​ចាក​ចេញ​របស់​អង់គ្លេស​ពី​សមាជិក​សហភាព​អឺរ៉ុប​នា​ពេល​ខាង​មុខ។ លោក​ចន ឃែរី​បាន​អះអាង​ថា លោក​យល់​ពី​ការ​លំបាក​នៃ​ដំណាក់កាល​នៃ​ការ​ចរចា​លែងលះ​គ្នា​រវាង​អឺរ៉ុប និង​អង់គ្លេស និង​ថា អាមេរិក​នៅ​បន្ត​គាំទ្រ​ទាំងមិត្ត និង​ទាំងសម្ព័ន្ធមិត្ត​របស់​អឺរ៉ុប និង​អង់គ្លេស​ដោយ​មិន​កាន់ជើង​ខាង​ណា​ទេ។

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចន ឃែរី
លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចន ឃែរី Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​បាន​ព្យាយាម​លាតត្រដាង​ឲ្យ​ឃើញ​ពី​ជំហរ​មិន​ផ្លាស់ប្តូរ​របស់​អាមេរិក​ជាមួយ​អឺរ៉ុប និង​ជាមួយ​អង់គ្លេស​ដែល​ត្រូវ​ចែកផ្លូវ​គ្នា​ដើរ​នា​ពេល​ខាង​មុខ។ លោក​ឃែរី​បាន​បញ្ជាក់​ថា មេរៀន​ដែល​ទាញ​ចេញ​ពី​ជម្រើស​ប្រជាធិបតេយ្យ​របស់​អង់គ្លេស​ចាក​ចេញ​ពី​អឺរ៉ុប​មិនមែន​មាន​ន័យ​ថា អាមេរិក​ត្រូវ​ការ​អឺរ៉ុប​ច្រើន​ជាង​អង់គ្លេស ឬ​មួយ​អង់គ្លេស​ច្រើន​ជាង​អឺរ៉ុប​នោះ​ទេ ពោល​អាមេរិក​ត្រូវ​ការ​ទាំង​សង​ខាង​ដូច​គ្នា។ តាម​លោក​ឃែរី អាមេរិក​នឹង​បន្ត​គាំទ្រ​មិត្ត រួម​ទាំង​សម្ព័ន្ធមិត្ត​របស់​អឺរ៉ុប និង​អង់គ្លេស​នៅ​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​ការ​ចរចា​លែងលះ​គ្នា​នា​ពេល​ខាង​មុខ។

ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​ដដែល​បាន​អះអាង​ច្បាស់ៗ​ថា អាមេរិក​ត្រូវ​ការ​អឺរ៉ុប​មួយ​ខ្លាំង រឹងមាំ និង​ត្រូវ​ការ​អង់គ្លេស​មួយ​ខ្លាំង រឹងមាំ​ដូច​គ្នា ព្រម​ទាំង​ចង់​ឃើញ​អនាគត​ទំនាក់ទំនង​រវាង​អឺរ៉ុប និង​អង់គ្លេស​នៅ​តែ​ជិតស្និទ្ធ​ដូច​មុន​ដដែល។ នៅ​ក្នុង​ន័យ​នេះ លោក​ឃែរី​បាន​អំពាវនាវ​ដល់​អឺរ៉ុប និង​អង់គ្លេស​ឲ្យ​បង្ហាញ​ប្រាប់​ពិភពលោក​ថា ការ​ចែក​ផ្លូវគ្នា​ដើរ​រវាង​អឺរ៉ុប និង​អង់គ្លេស​មិន​មែន​ជា​សញ្ញា​នៃ​ការ​បែកបាក់​នៅ​ផ្ទៃក្នុង​អឺរ៉ុប​ដូច​ដែល​ក្រុម​អ្នកជំនាញ​មួយ​ចំនួន​បាន​និយាយ​នោះ​ទេ។

ការ​ថ្លែង​របស់​លោក​ចន ឃែរី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី២ តុលា​ថា អង់គ្លេស​នឹង​ផ្តើម​និតិវិធី​ចាកចេញ​ពី​អឺរ៉ុប​នៅ​ដំណាច់​ខែ​មីនា ឆ្នាំ ២០១៧។ គឺ​បន្ទាប់​ពី​ការ​ប្រកាស​និតិវិធី​ចាកចេញ​ជា​ផ្លូវការ​របស់​អង់គ្លសេ​ទើប​កិច្ចចរចា​ពិតប្រាកដ និង​លំបាក​អាច​ចាប់​ផ្តើម​បាន​រវាង​អង់គ្លេស និង​អឺរ៉ុប​រយៈពេល ២ឆ្នាំ​ស្តីពី​និតិវិធី​មួយ​ចំនួន​សំដៅ​បើក​ផ្លូវ​ឲ្យ​អង់គ្លេស​ចេញ​ជា​ស្ថាពរ​នៅ​ដើម​ឆ្នាំ ២០១៩។ យ៉ាង​ណា​ក៏​ដោយ គ្រប់​កិច្ចព្រមព្រៀង​រវាង​អង់គ្លេស និង​អឺរ៉ុប​នឹង​ត្រូវ​អនុម័ត​ដោយ​សភា​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ