អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង​បើក​មណ្ឌល​ប្រើ​គ្រឿងញៀន​ស្របច្បាប់​ជា​លើក​ទី​មួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពីមានការ​តស៊ូ​មតិ​ដ៏​ស្វិត​ស្វាញ និងការ​​ប្រឆាំង​ដ៏​ចម្រូង​ចម្រាសមក នៅ​ទី​បំផុត មណ្ឌល​ប្រើគ្រឿង​ញៀន​បង្រួម​ហានិភ័យ​ដំបូង ត្រូវ​បាន​បង្កើត​និង​បើក​សម្ពោធ​ឱ្យដំណើរការ​ នៅ​ក្នុង​មន្ទីរ​ពេទ្យមួយ​នា​​ក្រុង​ប៉ារីស កាលពី​​ថ្ងៃអង្គារ​។ សម្រាប់​អាជ្ញាធរ​បារាំង​ ​បង្កើ​ត​មណ្ឌល​ប្រើ​គ្រឿង​ញៀន​នេះ ជា​ចំណែក​មួយ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន ដោយ​ ​កាត់​បន្ថយ​គ្រោះថ្នាក់​​ ដូច​ជា​ការ​ប្រើ​​ហួស​កំរិត និង​ការ​ចម្លង​រោគ។

កញ្ចប់​ពន្យល់​ពី​ការ​ចាក់​គ្រឿង​ញៀន​របស់​សមាគមន៍​ Gaïa អ្នក​គ្រប់គ្រង​មណ្ឌល​ប្រើ​គ្រឿងញៀន នៅ​ប៉ារីស.
កញ្ចប់​ពន្យល់​ពី​ការ​ចាក់​គ្រឿង​ញៀន​របស់​សមាគមន៍​ Gaïa អ្នក​គ្រប់គ្រង​មណ្ឌល​ប្រើ​គ្រឿងញៀន នៅ​ប៉ារីស. LIONEL BONAVENTURE / AFP
ផ្សាយពាណិជ្ជកម្ម

ប្រព្រឹត្ត​គ្រឿង​ញៀន​ជា​ទង្វើ​ខុស​ច្បាប់ និង​បំផ្លាញ​សុខភាព ប៉ុន្តែ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​នឹង​ទង្វើ​នេះ ​បារាំង បាន​សម្រេច​ដើរ​តាម​គន្លង​ប្រទេសជិត​ខាង ដូច​ជា ​​អាល្លឺម៉ង់ អូស្ត្រាលី កាណាដា អេស្ប៉ាញ ដាណឺម៉ាក លុចសំបួរ ន័រវែស ហូឡង់ និង​ស្វីស ដោយ​បង្កើត​ឱ្យ​មាន​កន្លែង​ប្រើ​គ្រឿង​ញៀន​ សម្រាប់​ទទួល​អ្នក​ញៀន​អាភៀន ពេញ​វ័យ​។ កន្លែង​នេះ មាន​ឈ្មោះជា​ផ្លូវការ​​ថា បន្ទប់​ប្រើគ្រឿងញៀន​បង្រួម​ហានិភ័យ ឬ​កន្លែង​ចាក់​គ្រឿង​ញៀន (Salle de Shoot) បើ​ហៅ​តាម​​​អ្នក​ប្រឆាំង។

មណ្ឌល​ប្រើ​គ្រឿង​ញៀន​នេះ អាច​បើក​ឱ្យ​ដំណើរការ​បាន ក្នុង​ក្របខ័ណ្ឌ​ដក​ពិសោធន៍​ រយៈ​ពេល​៦​ឆ្នាំ ដែល​មាន​កំណត់​ដោយ​ច្បាប់​អនុម័ត​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥។ គ្រប់​ជន​ដែល​មក​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅក្នុង​សាល​នេះ នឹង​មិន​ត្រូវ​រង​ការ​គំរាម​កំហែង​ចាប់​ខ្លួន​ដោយ​ប៉ូលិស ឬ​ជាប់​ចោទ​ដោយ​តុលាការ​អ្វី​ទេ ព្រោះ​សមាគមន៍​គ្រប់គ្រង​មណ្ឌល​នេះ​បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​នឹង​ក្រសួង​មហាផ្ទៃ​និង​យុត្តិធម៌​ហើយ។​

ដោយយល់​ថា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន មិនមែន​មាន​ច្រក​តែ​មួយ​គឺ​លុប​បំបាត់ កម្ចាត់​ការ​ជួញដូរ និង​ដោយ​​ហេតុ​តែ​មិន​អាច​បង្ខំ​ ឬ​បញ្ឈប់​ពួក​គេ​ឱ្យ​ដក​ខ្លួន​ចេញ​ពី​គ្រឿង​ញៀន​បាន សមាគមន៍​គ្រប់គ្រង​មណ្ឌលក៏​ដូច​ជា​រដ្ឋាភិបាល​ ​សង្ឃឹម​ថា​នឹង​ មណ្ឌល​ចាក់​គ្រឿង​ញៀននេះ អាចជួយ​អ្នក​ញៀន គ្រប់​ប្រភេទ មិន​ឱ្យ​ប្រព្រឹត្ត​គ្រឿង​ញៀន​នៅ​តាម​ផ្លូវ នៅ​តាម​បង្គន់​សាធារណៈ ឬ​នៅ​តាម​ចំណត​រថយន្ត​ ឬ​នៅ​តាម​ទីធ្លាផ្ទះ​ តែ​ងាក​មក​ស្វែងរក​ជម្រក​ដ៏​ស្ងប់​ស្ងាត់ មាន​អនាម័យ​ត្រឹម​ត្រូវ​ ម្ជុល​សារ៉ាង​គ្មាន​មីក្រុប និង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់គិលានុបដ្ឋាក​មាន​សមត្ថភាព​ ខ្លាច​ក្រែង​មាន​ការ​ប្រើ​ហួស​ដូស។

បើ​តាម​ក្រសួងសុខាភិបាល​ ស្ថានភាព​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​បារាំង​មាន​លក្ខណៈ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ណាស់ ព្រោះ​ជាង​១០%​បាន​ឆ្លង​មេរោគ​អេដស៍ និង​ជាង​៤០%​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​C។ នេះ​បើ​តាម​តួលេខ​ឆ្នាំ​២០១១។

នៅ​ក្នុង​មណ្ឌល​ប្រើ​គ្រឿង​ញៀន​នេះ គេ​អាច​ចាក់​អាភៀន​ក៏បាន ហឺត​ក៏​បាន។ ប៉ុន្តែ​អ្នក​ប្រើ​ត្រូវ​នាំ​វត្ថុ​ញៀន​មក​ដោយ​ខ្លួន​ឯង មជ្ឈមណ្ឌលផ្តល់​តែ​សម្ភារៈ​និង​ទីកន្លែង​ស្អាត​គ្មាន​ការ​ចម្លង​រោគ​តែ​ប៉ុណ្ណោះ តែ​គ្មាន​ឡើង​ការ​លើក​ទឹក​ចិត្ត ឬ​ជួយ​ជ្រោម​ជ្រែងឱ្យប្រើ​ឬ​ចាក់​គ្រឿង​ញៀន​ទេ។

ដើម្បី​ដំណើរការ​ អាជ្ញាធរ​បារាំង​ត្រូវ​ចំណាយ​អស់​​ជាង​១លាន​ពីរ​សែន​អឺរ៉ូ ក្នុង​មួយ​ឆ្នាំៗ។ អស់​ប្រាក់​​ច្រើន ​ប៉ុន្តែ​ហេតុ​អ្វី​រដ្ឋាភិបាល​ហ៊ាន​ចំណាយ ? ​​បើ​តាម​បទ​ពិសោធន៍​កន្លង​មក​បាន​បង្ហាញ​ថា ការ​មាន​កន្លែង​ចាក់​អាភៀន​ត្រឹមត្រូវ បាន​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​ និង​សន្តិសុខ​ក្នុង​សង្កាត់​ យ៉ាង​មាន​ប្រសិទ្ធិភាព និង​គួរ​ឱ្យ​កត់​សម្គាល់​។ លទ្ធផល​ដំបូង​គេបង្អស់​គឺ​នៅ​ប្រទេស​ស្វីស។ ស្វីស បាន​បើក​មណ្ឌល​ប្រើ​គ្រឿង​ញៀន ជា​លើក​មួយ និង​មុន​​គេ​បង្អស់​នៅ​ឆ្នាំ​១៩៨៦ នៅ​ទីក្រុង Berne។ បន្តិចក្រោយ​​មក​មាន ស្វីស​រាប់​ឃើញមាន​​សាល​គ្រឿងញៀន​ជាង​មួយ​រយ ដែល​បាន​បើក​ជាបន្ត​បន្ទាប់ រហូត​ដល់​ក្រុង​ហ្សឺណែវ​ក៏​មានដែរ។ តុល្យការ​សរុប​សុទ្ធ​តែ​វិជ្ជមាន​ទាំង​អស់។

នៅ​រ៉ូទែដាំ​ប្រទេស​ហូឡង់ អាជ្ញាធរ​បាន​រៀប​ក្រឡាចក្រត្រង្គ ឱ្យ​អ្នក​ប្រើ​គ្រឿង​ញៀន ត្រូវ​ចុះ​ឈ្មោះ​និង​អាច​ទៅ​ជក់​ឬ​ចាក់​គ្រឿង​ញៀន​តែ​ក្នុង​សង្កាត់​រស់​នៅ​របស់​ខ្លួន។ នៅ​ពេល​ស្ថានភាព​បាន​ប្រសើរ​ឡើង មណ្ឌល​ចាក់គ្រឿងញៀន នោះ​ក៏​បាន​បិទ​ជា​បណ្តើរវិញ ដោយរក្សា​ទុក​តែ​មួយ​ចំនួន​តូច​វិញ​ប៉ុណ្ណោះ។

បើ​ផ្តល់​ផលវិជ្ជមាន​ច្រើន ចុះ​នៅ​ស្រុក​បារាំង ហេតុ​អ្វី​ដើរ​យឺត​ជាង​គេ​ម្ល៉េះ​ក្នុង​ការ​បើក​កន្លែង​ប្រើ​គ្រឿង​ញៀន​នេះ ? នៅ​បារាំង​ការ​តស៊ូ​មតិ មាន​សន្ធឹក​ហិង្សា​ និង​តាន​តឹង​ខ្លាំង​ណាស់ ព្រោះនៅក្នុង​ខួរក្បាល​បារាំង ​ដំណោះស្រាយ​បំបាត់​​គ្រឿង​ញៀន គឺ​មាន​តែ​ការ​ព្យាបាល ឬ​ដាក់​ទោស។ ​មិន​ដាក់​ទោស និង​មិន​​ព្យាបាលបំបាត់​ការ​ញៀន តែ​បែរ​បើ​តម្រង់​ទិស​ បើក​កន្លែង​ឱ្យ​អ្នក​ប្រើ​ឱ្យ​ចាក់​ ​ គឺ​ជា​ទង្វើ​ក្បត់​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ ជាពិសេស​ទៅ​ទៀត គេ​​ត្រូវ​ល្មើស​នឹង​ការ​ហាមឃាត់។ ដូច្នេះ​ហើយ​ទើប​ត្រូវ​ការ​ប្រើ​ពេលវេលាយូរ​ទើប​អាច​រក​ជម្នះ​ផ្នត់​គំនិត​នេះ​បាន។

ការ​​វិភាគ​ស៊ីជម្រៅ​ ព្រមទាំង​ការ​សិក្សា​និង​បទ​ពិសោធន៍​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ជួយ​ទំនុក​បំរុង​ ពួក​គេ​អាច​ពង្រឹង​ឆន្ទៈអភិវឌ្ឍន៍​ខ្លួន​បានជាមួយ​នឹង​ការ​ប្រើ​គ្រឿង​ញៀន​​ តែ​​បើ​ទុក​ពួក​ចោល​ នោះ​ពួក​គេ​គ្មាន​ថ្ងៃ​ងើប​រួច​ឡើយ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ