អានតួអត្ថបទ

វិបត្តិស៊ីរី ៖ ជំនួប​ប្រជុំ​នៅ​ស្វីស​​គ្មាន​លទ្ធផល អាមេរិក​បន្ត​ពិភាក្សា​ជាមួយ​អឺរ៉ុប​នៅអង់គ្លេស

មិនខុស​ពី​ការ​រំពឹង​ទុក ជំនួប​ចរចានៅ​ប្រទេស​ស្វីស ​ស្តី​ពី​វិបត្តិ​ស៊ីរី រវាង​សហរដ្ឋ​អាមេរិក ​រុស្ស៊ី និង​ បណ្តា​ប្រទេស​សំខាន់ៗ​ក្នុង​តំបន់​ បាន​បិទ​បញ្ចប់​នៅ​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​ ដោយ​គ្មាន​អ្វី​ជឿន​លឿន​គួរ​ឱ្យ​កត់​សម្គាល់​ទេ។ តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការ​ទូត​នៅ​តែ​បន្ត ដោយ​នៅ​ថ្ងៃអាទិត្យ​នេះ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ដៃគូ​អឺរ៉ុប​នៅ​ទីក្រុង​ឡុងដ៍​។ ឯ​នៅ​ក្នុង​ទឹក​ដី​ស៊ីរី​វិញ សង្គ្រាម​នៅ​តែ​បន្ត​ដោយ​គ្មាន​ធូរស្បើយ​សោះ។

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergueï Lavrov (ឆ) និង​សមភាគី​អាមេរិក លោក ចនឃែរី នៅទីក្រុង​ Lausanne ប្រទេស​ស្វីស
រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergueï Lavrov (ឆ) និង​សមភាគី​អាមេរិក លោក ចនឃែរី នៅទីក្រុង​ Lausanne ប្រទេស​ស្វីស REUTERS/Jean-Christophe Bott/Pool
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រទេស​អ្នក​គាំទ្រ​​របប​ក្រុង​ដាម៉ាស និង​ពាក់​កណ្តាល​ទៀត គាំទ្រ​ពួក​ឧទ្ទាមស៊ីរី បាន​បំបែក​ជួរ​ចេញ​ពី​តុ​​ប្រជុំ រយៈ​ពេល​ជាង​៤​ម៉ោង ​នៅ​ប្រទេស​ស្វីសល្ងាច​​ម្សិល ដោយ​បាន​ត្រឹម​ព្រមព្រៀង​គ្នា​ “បន្ត​រក្សាចំណង​ទាក់ទង​គ្នា”។ នេះ​បើ​តាម​ប្រសាសន៍​របស់​ប្រមុខ​ការទូត​រុស្ស៊ី។ ចំណែក​ឯ​ប្រមុខ​ការទូត​អាមេរិក បាន​គូស​បញ្ជាក់ថា មាន​ការ​ផ្តោះប្តូរ​គំនិត​ថ្មីៗ មាន​ភាព​តាន​តឹងខ្លះ តែម្នាក់ៗ​និយាយ​ដោយ​ត្រង់ៗ​ដោយ​គ្មាន​ការ​គុំគួន​ឡើយ។ តែ​ប្រទេស​ផ្សេង​ទៀត ដូច​ជា​តួកគី ការតា អារ៉ាប៊ីសាអ៊ូឌីត ក៏​ដូច​ជា​អ៊ីរ៉ាក់ អេហ្ស៊ីប អ៊ីរ៉ង់ មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​អ្វី​ទាំងអស់។

តាមការ​ពិត​គ្មាន​នរណារង់ចាំ​​លទ្ធផល​ប្រសូត​ចេញ​ពី​ជំនួប​នៅ​ប្រទេស​ស្វីស​នេះ​ទេ ព្រោះ​ ​បរិបទ​បច្ចុប្បន្ននេះ​​មាន​លក្ខណៈ​​តាន​តឹង​​បំផុត រវាង​រុស្ស៊ី​និង​បស្ចឹមលោក ៖ រុស្ស៊ី​ជាប់​ចោទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មសង្គ្រាម។ ម៉ូស្គូ​និង​វ៉ាស៊ីនតោនដែល​ធ្លាប់​ចាប់​ដៃ​គ្នា​ស្វែង​រក​បទ​ឈប់​បាញ់​ បាន​ពីរ​បី​ថ្ងៃ ខ្លះ​បាន​ពីរ​បី​អាទិត្យ ក៏លែង​ស្តី​រក​គ្នា​តាំង​ពី​ពីរ​បី​សប្តាហ៍​មក​ហើយ ដោយ​ហេតុ​តែ​រុស្ស៊ី​និង​រដ្ឋាភិបាល​ស៊ីរី បើក​ប្រតិបត្តិការ​សម្រុក​ក្រសោប​យក​ក្រុង​អាឡិប មិន​ខ្វល់​ពី​ការ​បាត់​បង់​ជីវិត​ជនស៊ីវិល។

 
ដូច្នេះការអាច​ផ្សារ​​ភ្ជាប់​ទំនាក់ទំនង​ តាម​ផ្លូវ​ចរចា​វិញ ចាត់​ទុក​ថា​មាន​លក្ខណៈ​ស្ថាបនាខ្លាំង​ហើយ។ បើ​តាម​លោក​ចន ឃែរី ប្រមុខ​ការទូត​អាមេរិក គំនិត​ថ្មីៗ​​ដែលលោក​សុំ​មិន​បង្ហើប​បង្ហាញ​នៅ​ពេល​នេះ ជា​​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ជា​ថ្មី អាច​ចូល​រួម​ចំណែក​ដោះស្រាយ​​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​បទ​ឈប់​បាញ់​ពីមុនៗ។

លោក​ប្រមុខ​ការទូតអាមេរិក​ បាន​បន្ត​កិច្ច​ខំប្រឹង​ប្រែង​នយោបាយ​នេះទៀត នៅប្រទេស​អង់គ្លេស ដោយ​ត្រូវ​ជួប​ជជែក​ជាមួយ​ដៃ​គូ​អឺរ៉ុប មាន​ជាអាទិ៍​សមភាគី​អង់គ្លេស និង​សមភាគី​នៃបណ្តា​ប្រទេស​ជា​សមាជិក​សហភាព​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ អឺរ៉ុប​ដែល​គ្មាន​វត្តមាន​នៅ​ក្នុង​ជំនួប​ប្រជុំ​នៅ​ប្រទេស​ស្វីស​ម្សិលមិញ​ទេ ព្រោះ​អាមេរិក​យល់​ថា​ ​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​ស៊ីរី ដែល​បារាំង ​អង់គ្លេស អាល្លឺម៉ង់​ និង​អ៊ីតាលី ជា​ក្រុម​ធំ មាន​អំណាច​ខ្លាំង មិន​អាច​​សម្រេចចិត្ត​អ្វីៗ​លឿនបាន​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ