ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អឺរ៉ុប

FAO ៖ ​អាកាសធាតុប្រែប្រួល ពិភពលោក​ត្រូវ​ធ្វើ​​បំផ្លាស់​ប្តូរ​ស៊ីជម្រៅប្រព័ន្ធ​​កសិកម្ម​

media  
កសិកម្ម​ជា​វិស័យ​រងគ្រោះ​ផង និង​ជា​​ប្រភព​​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ (២១%)ផង lexis DUCLOS/Gamma-Rapho via Getty Images

កសិកម្ម​ជា​ប្រភព និង​ជា​ជនរងគ្រោះ​នៃ​ការ​ឡើង​កំដៅ​ភពផែនដី ! នេះ​បើ​យោង​តាម​របាយការណ៍​​ អង្គការ​សហប្រជាជាតិ​ដើម្បី​ចំណីអាហារ​និង​កសិកម្ម​ ឬ​ហៅ​កាត់​ថា​អង្គការ​FAO ដែល​ជំរុញឱ្យ​​ពិភពលោក​ទាំង​មូល​ ជម្នះ​ធ្វើ​ការ​ប្តូរ​ផ្លាស់ឱ្យ​បាន​ស៊ីជម្រៅ​ប្រព័ន្ធ​កសិកម្ម​ ដើម្បី​អាច​បន្ត​ចិញ្ចឹម​មនុស្ស​ជាតិ​បានលើ​ភព​ផែនដី​បាន​។ បើ​តាម​អង្គការ​ ការ​ប្តូរ​ផ្លាស់​ពិត​ជា​អាច​ធ្វើ​ទៅ​បាន ហើយ​បញ្ចេញ​សកម្មភាព​ពេល​នេះ អស់​ប្រាក់​តិច​ជាង​មិន​ធ្វើ​អ្វី​សោះ។ ហើយ​ម្យ៉ាង​ទៀត ​ប្រទេស​អភិវឌ្ឍន៍​និង​កំពុង​អភិវឌ្ឍន៍​ធំៗ សុទ្ធ​តែ​បាន​បង់​វិភាគ​ទាន​ ៥៦០​ពាន់​លាន​នៅ​ឆ្នាំ​២០១៥។ ដូច្នេះ​គួរ​តែ​​យក​ទៅ​ប្រើ​ជា​ប្រយោជន៍​សម្រាប់​គាំទ្រ​កសិកម្មដែល​មិន​ចេះ​រីង​ស្ងួត។

វិស័យ​កសិកម្ម​បាន​រង​ផល​វិបាក​រួច​​ហើយ អំពី​ភាព​រាំងស្ងួត និង​ទឹក​ជំនន់​ ដែល​បង្ក​ឡើង​ដោយ​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី។ ប៉ុន្តែ​វិស័យ​កសិកម្ម​ក៏​ជា​អ្នក​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រមាណ​២១%។ ដូច្នេះពិភពលោក ​ត្រូវ​តែ​គិត​គូរ​ប្តូរ​ផ្លាស់​ឱ្យ​ដល់​ឬសគល់​ប្រព័ន្ធ​កសិកម្ម​ និង​ចំណីអាហារ​។

តាម​រយៈ​របាយការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ​​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​ បាន​អំពាវនាវ​ឱ្យ​ពិភពលោក​នាំ​គ្នា​ដាំដុះ​ដំណាំ​ដោយ​ប្រើ​ជីរ​គីមី​ត្រឹមត្រូវ និងចេះ​​​រក្សា​ដី​ឱ្យ​មាន​ជីរជាតិ។ គេ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​កសិកម្ម​ចម្រុះ​ ធ្វើ​ពិពិធកម្ម​ដើម្បី​បាន​ផល​ច្រើន ងាយ​ទប់​ទល់​នឹង​គ្រោះភ័យ​ ដូច​ជា​ត្រូវ​ដាំដុះ​ផង ចិញ្ចឹម​សត្វ​ផង ដាំដើម​ឈើ ឬ​ត្រូវ​រក​​របរ​មួយ​បន្ថែម​ទៀត។

 
ប៉ុន្តែអង្គការ​សោកស្តាយ អាណិត​​ក្រុម​កសិករ​តូច​តាច ចំនួន​ប្រមាណ​៤៧៥​លាន​គ្រួសារ​ នៅ​ក្នុង​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍​ ដែលរងគ្រោះ​ខ្លាំង ព្រោះ​អាច​ជ្រៀត​​ចូល​​ទីផ្សារ រក​កម្ចី​ប្រាក់​ បាន​ទទួល​ព័ត៌មានកសិកម្ម​ អាកាសធាតុ​បាន​តិច​តួច​បំផុត។

បើ​តាម​របាយការណ៍ ដើម្បី​ជួយ​ក្រុម​កសិករ​តូច​តាច នៅ​អាមេរិក​ឡាទីន អាហ្វ្រិក​កណ្តាល អាស៊ី​ខាង​ត្បូង អាស៊ី​អាគ្នេយ៍ គេ​ត្រូវ​ថវិកា​​ប្រមាណ ២១០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ជា​ចំនួន​ដ៏​​ទាបបំផុត​បើ​ប្រៀង​ទៅ​នឹង​​ការ​មិន​បញ្ចេញសកម្មភាព​ជួយ​ពួក​គេ​ឆ្ងាយ​ណាស់។ ការសិក្សា​របស់​ប្រទេស​អ៊ូហ្កង់ដា បង្ហាញ​ថា អសកម្មភាព​ក្នុង​វិស័យ​កសិកម្ម​​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ នឹង​ធ្វើ​ឱ្យ​ខាត​បង់​ថវិកា​ពី ២២​ទៅ​៣៨​ពាន់​លាន​ដុល្លារ ពី​ឆ្នាំ​២០១០​ដល់​២០៥០ ទល់​នឹងការ​ជួយ​កសិករ​ អស់​​​៦៤៤​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំរហូត​ដល់​ឆ្នាំ​២០២៥​ សម្រាប់​យក​ទៅ​សាង​សង់​ទំនប់​ប្រឡាយ ផ្តល់​ប្រាក់​កម្ចី ផ្តល់​ពូជ​សត្វ ផ្តល់​ការ​ដាំដុះ​ចម្រុះ។

ចំពោះ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដែល​ជា​ផលវិបាក​ផ្ទាល់​នៃ​​ការ​ចិញ្ចឹម​សត្វ​និង​ធ្វើ​ស្រែ​ប្រើ​ជីរគីមី អាច​នឹង​ត្រូវ​កាត់​បន្ថយ​ប្រសិន​កសិករ​មាន​ចំណាត់ការ​អនុវត្ត​ត្រឹម​ត្រូវ។ ជា​ចុងក្រោយ​ ក្រៅពី​វិស័យ​កសិកម្ម​ អង្គការ​ស្បៀង​អាហារ​​និង​កសិកម្ម​ពិភពលោក បាន​អំពាវនាវ​ឱ្យមាន​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ខ្ជះខ្ជាយ​អាហារ​ ដែល​តំណាង​ឱ្យ​មួយ​ភាគ​បី​នៃ​សេចក្តី​ត្រូវ​ការ​ កាត់​បន្ថយ​ការ​ផលិត​ចំណី​អាហារ​ស្មើ​នឹង​ការ​កាត់​បន្ថយ​ផ្សែង​ពុល និង​ប្រកាន់​យក​របប​អាហារ​មិន​សូវ​មាន​សាច់៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ