អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​គ្រប់​គ្នា​គិត​ថា​​ដំណើរ​ចរចា​ចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស​ តាន​តឹង​ខ្លាំង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ក្រោយ​ប្រជាមតិ​របស់​ប្រជាពលរដ្ឋ​សម្រេច​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប និង​បី​ខែ​ក្រោយ​ឡើង​កាន់​អំណាច​ដឹកនាំ​អង់គ្លេស លោកស្រី នាយករដ្ឋមន្ត្រី​អង់គ្លេស តេរ៉េហ្សា ម៉េ ត្រូវ​ចូល​រួម​ក្នុង​ជំនួប​កំពូល​អឺរ៉ុប​ជា​លើក​ជាមួយ​នៅ​ថ្ងៃ​នេះ​​ នៅ​ទីក្រុង​ព្រុចសែល។ លោកស្រី​ទំនង​ជា​នឹង​ត្រូវ​មក​ជជែក​តវ៉ា រឿង​ដើរ​ចេញ​ពី​អឺរ៉ុប ក្នុង​ជំហរ​ ដ៏​រឹង​ដាច់ខាត​បំផុត ដែល​​​សហភាព​អឺរ៉ុបនិង​សមាជិក​ កំពុង​តែ​ព្រួយ​បារម្ភខ្លាំង។ ​តើ​លោកស្រី​នឹង​នាំសំណើ​ខ្លះ​​អ្វី​មក​និយាយ​ជាមួយ​អឺរ៉ុប ?

លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Theresa May ត្រូវ​ចូល​ក្នុង​ជំនួប​កំពូល​អឺរ៉ុប​ជា​លើក​ដំបូង​ក្នុង​ព្យុះ​នៃ​Brexit
លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Theresa May ត្រូវ​ចូល​ក្នុង​ជំនួប​កំពូល​អឺរ៉ុប​ជា​លើក​ដំបូង​ក្នុង​ព្យុះ​នៃ​Brexit REUTERS/Darren Staples
ផ្សាយពាណិជ្ជកម្ម

 

ថ្ងៃ​នេះ​ជា​លើក​ទី​មួយ ដែល​លោកស្រីនាយក​រដ្ឋមន្ត្រី​ តេរ៉េហ្សា មេ បាន​មក​ចូល​រួម​ក្នុង​ជំនួប​ក្រុមប្រឹក្សា​អឺរ៉ុប។ លោកស្រី​នាយក​រដ្ឋមន្ត្រី​មិន​មែន​ជាមនុស្ស​ថ្មី​ថ្មោង​ទេ លោកស្រី​ធ្លាប់​ធ្វើ​ជា​តំណាង​ប្រទេស​អង់គ្លេស​មក​ចូល​ប្រជុំ​នៅ​ព្រុចសែល​ជា​ញយ​ដង​ហើយ។ តែ​លើក​នេះ មក​ជាមួយ​នឹង​តួនាទី​ថ្មី គឺ​លោកស្រី Brexit ដឹកនាំ​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប។

តាំងពី​លោកស្រី​ បាន​ប្រកាស​ឱ្យ​ដឹង​អំពី​កាលបរិច្ឆេទ​នៃ​ដាក់​ឱ្យ​ដំណើរ​នីតិវិធី​​ដើរ​ចេញ​ពី​អឺរ៉ុប​មក ទោះបី​មាន​មនុស្ស​មួយ​ចំនួន​តូចលួច​សង្ឃឹម​ក្នុង​ចិត្ត​ថា​អង់គ្លេស​អាច​ប្តូរ​ចិត្ត​ក៏ដោយ​ ក៏​សហភាព​អឺរ៉ុប​ជា​ទូទៅ និង​ភាគ​ច្រើន បាន​ផ្តើមបោះជំហាន​ទៅ​មុខ​​ក្នុង​ទិសដៅ​អឺរ៉ុប​គ្មាន​អង់គ្លេស​ហើយ។ ​អង់គ្លេស​និង​​សមាជិក​ទាំង​២៧​នៃ​សហភាព​អឺរ៉ុប នឹង​ត្រូវ​​លែង​លះ ហើយ​ការ​ចរចា​ចែក​ផ្លូវ​គ្នា​ដើរ នឹង​ចាប់​ផ្តើម​ជា​ផ្លូវការ​ នៅ​ត្រីមាស​ទី​ពីរ​ឆ្នាំ​២០១៧។

ជាការ​លែង​លះ​ដ៏ក្តុកក្តួល និង​ឈឺចាប់ខ្លាំង​​បំផុត ! ព្រោះ​គ្មាន​ភាគី​ណា​ចង់​ខាត​ប្រយោជន៍ និង​ផ្តល់​កាដូ​ឱ្យ​ភាគីម្ខាង​ទៀត​ឡើយ។ លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​ប្រកាស​​នៅ​ចំពោះ​មុខ​សន្និបាត​បក្ស​អភិរក្ស​កាលពី​ដើម​ខែ​ថា លោកស្រី​មាន​ចេតនា​អនុវត្ត​តាម​គោលការ​ដែល​មាន​ចែង​ក្នុង​ច្បាប់​សមាជិក​អឺរ៉ុប​នៅ​ពេល​​ដើរ​ចេញ​​ ទាមទារ​ត្រួតត្រា​លំហូរ​អន្តោប្រវេសន៍​មក​ពី​ប្រទេស​ជា​សមាជិក​អឺរ៉ុប តែ​នឹង​ប្រឹង​រក្សា​ច្រក​មួយ​សម្រាប់​ចូល​ប្រលូក​ក្នុង​ទីផ្សារ​ដ៏​ធំរបស់សហភាព​។

បើ​តាម​កាសែត Finance Time លោកស្រី​នាយក​រដ្ឋមន្ត្រី​ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ថា​រដ្ឋាភិបាល​ក្រុង​ឡុងដ៍​នៅ​បន្ត​បង់​ប្រាក់​វិភាគ​ទាន​ឱ្យ​សហភាព​អឺរ៉ុប ជា​ថ្នូរ​នឹង​អភ័យឯកសិទ្ធិ​អាច​បន្ត​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​អឺរ៉ុប​ បើ​ទោះ​បី​ជា​ដើរ​ចេញ​ពី​សហភាព​ហើយ​ក៏​ដោយ។ សម្រាប់​លោកស្រី ក្នុង​ទស្សនៈ​វិស័យ​នៃ​ការ​បង់​វិភាគ​ទាន​ទៅ​ឱ្យ​សហភាពអឺរ៉ុប ដែល​មាន​តម្លៃ​ប្រមាណ​៧៨៥០​លាន​អឺរ៉ូ ក្នុង​មួយ​ឆ្នាំៗ នោះ​វិស័យ​មួយ​ចំនួន​ ជាពិសេស​វិស័យ​ហិរញ្ញវត្ថុ​ នឹង​នៅ​តែ​មាន​សិទ្ធិរក​ស៊ី​ក្នុង​ទីផ្សារ​អឺរ៉ុប​ប្រកប​ដោយ​លក្ខណៈ​ប្រកួត​ប្រជែង​បំផុត។ ហើយ​ដោយ​សារ​អង់គ្លេស​បាន​ដើរ​ចេញ​ពី​អឺរ៉ុប ដូច្នេះ​អង់គ្លេស​មាន​អធិបតេយ្យភាព និង​បូរណភាព​ដែន​ដី​ពេញ​លេញ ប្រឈម​នឹង​បញ្ហា​អន្តោប្រវេសន៍​អឺរ៉ុប​ទៀត។ នេះ​បើ​តាម​ការ​ពន្យល់​បំភ្លឺ​របស់​កាសែតFinance Time។

ចុះតើ​អឺរ៉ុប​នៅ​បន្ត​ឆោត​ល្ងង់ ឱ្យ​អង់គ្លេស​ទាញ​យក​ចំណេញ​ទៀត​រហូត​ឬ​ ?! មិន​ទេ ! ដោយ​ហេតុ​មើល​ឃើញ​អំពី​ល្បិច​ចង់​យក​ចំណេញ​នេះ​ហើយ​ ទើប​អឺរ៉ុប​ទាំង​២៧ បាន​​ប្រកាស​ហើយ​ប្រកាស​ទៀត ក្នុង​សំឡេង​ខ្លាំង ថាគេ​មិនអាច​ខាត​​ទាំង​ការ​ទាំង​ដើមបាន​ឡើយ។ បើ​ចង់​មាន​​ភាគហ៊ុន​ក្នុង​​ទីផ្សារ​អឺរ៉ុប​តែ​មួយ ដែល​បំរើ​អតិថិជន​៥០០​លាន​នាក់ ត្រូវ​បំពេញ​លក្ខខណ្ឌ​ជា​សមាជិក​សហភាព​អឺរ៉ុប​ ​គោរពតាម​​គោលការណ៍​សេរីភាពរបស់​សហភាព។

បារាំង​មាន​ជំហរ​​ដាច់​ខាត​ដាក់​អង់គ្លេស​តាំង​ពី​​​ក្រោយ​ប្រជាមតិភ្លាម។ អាល្លឺម៉ង់​ដែល​ដំបូង​ឡើយ​​រាង​ស្ទាក់ស្ទើរ ក៏​បាន​ងាក​មក​ប្រកាន់​ខ្សែនយោបាយ​តាម​ប៉ារីស និង​សហភាពអឺរ៉ុប។ ប្រមុខ​ដឹកនាំ​កំពូល​​​របស់​អឺរ៉ុប គឺ​ប្រធានាធិបតី​បារាំង ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រធានក្រុមប្រឹក្សា​អឺរ៉ុប បាន​ព្រមព្រៀងគ្នា​ដោយ​គ្មាន​ស្រពិចស្រពិល និង​ទាំង​ស្រុង​ លើ​លក្ខខណ្ឌ​នៃ​​ទីផ្សារ​អឺរ៉ុប។ ទោះបី​អង់គ្លេស​ធ្លាប់​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​សម្រាប់​អាល្លឺម៉ង់​យ៉ាង​ណា​ក៏​ដោយ​ ក៏​នៅ​ពេល​ដើរ​ចេញ​អឺរ៉ុប​ទៅ​ កិច្ចព្រមព្រៀង​នោះ​ត្រូវ​តែ​កាត់​ផ្តាច់ជា​ស្វ័យប្រវត្តិ។ នេះ​បើ​តាម​ប្រភព​ការទូត​ដ៏​ស្និទ្ធ​នឹង​ជំនួប​នោះ។

ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​តែង​តាំង​រួច​ជា​ស្រេច​មនុស្ស​ជំនិត​ គួរ​ឱ្យ​ទុក​ចិត្ត​ម្នាក់​​ទទួល​បន្ទុក​ចរចា​ជាមួយ​អង់គ្លេស​។ អឺរ៉ុប​បាន​ធានាអះអាង​ថា​គ្មាន​ការ​ចរចា​មុន​​ ភាគី​អង់គ្លេស​ចាប់​ផ្តើម​នីតិវិធី​ក៏​ដោយ ក៏​អឺរ៉ុប​ចង់​ឱ្យ​សមាជិក​ទាំង​២៧​ត្រៀម​គ្រប់​សេណារីយោ​ទាំង​អស់​ ដើម្បី​​បញ្ចេញ​ប្រតិកម្ម​តប​​បាន​លឿន​ទៅ​នឹង​សំណើ​​ផ្លូវការ​របស់​អង់គ្លេស។​

ដោយ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ត្រៀម​ខ្លួន ​ជា​មុន​រួច​ទៅ​ហើយថា ​ការ​ចរចា​របស់​អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប ជា​ការ​ចរចា​ដ៏​តាន​តឹង​ ការ​ដំឡើង​សាច់​ដុំ​គ្នា​ពិត​ចៀសមិន​រួច ព្រោះ​​​គ្រប់​គ្នា​នឹងសុទ្ធ​តែ​នឹង​​ត្រូវ​ខាត​ប្រយោជន៍​ ដូច្នេះ​ពិ​ត​ជា​នឹង​គ្មាន​ឡើយ​ការដើរ​ចេញ​ដោយ​សម្រួល​នោះ។​ ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប ទើប​បាន​អះអាង​ថា គ្មាន​ទេ​ការ​លែង​លះ​ដោយស្រួលៗ ! ច្រក​ដ៏ប្រសើរ គឺរួមរស់​ជាមួយ​គ្នា ​គ្មាន​ការ​​សុំ​បែក​។ តែ​គេ​មិន​អាច​គេង​ស្រមៃ​ថា​មាន​ការ​លះលែង​ដ៏​ស្រទន់​បាន​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ