អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ាក់-ស៊ីរី៖ជំនួប​រដ្ឋមន្រ្តី​ការពារជាតិ​ក្នុង​កម្លាំង​សម្ព័ន្ធមិត្ត​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

សប្តាហ៍​នេះ​ជា​សប្តាហ៍​ទី២ នៃ​យុទ្ធនាការ​រំដោះ​ទីក្រុង​មូស៊ូល​ពី​កណ្តាប់ដៃ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ដោយឡែកនៅ​ថ្ងៃទី២៥ តុលា​នេះ រដ្ឋមន្រ្តី​ការពារជាតិ​ក្នុង​កម្លាំងសម្ព័ន្ធមិត្ត​ជួបប្រជុំ​គ្នា​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ដើម្បី​ធ្វើ​តុល្យការ​រួម​ស្តីពី​ស្ថានការណ៍​ទូទៅ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ នៅ​អាមេរិក ប្រតិបត្តិការ​រំដោះ​ទីក្រុង​មូស៊ូល​បាន​ក្លាយ​ជា​សង្រ្គាមពាក្យ​សម្តី​រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​លោកស្រី​គ្លីនតុន និង​លោក​ដូណាល់ ត្រាំ។

ក្បួនរថយន្ត​ទាហាន​អ៊ីរ៉ាក់​ក្នុង​បេសកកម្ម​រំដោះ​ទីក្រុង​មូស៊ូល
ក្បួនរថយន្ត​ទាហាន​អ៊ីរ៉ាក់​ក្នុង​បេសកកម្ម​រំដោះ​ទីក្រុង​មូស៊ូល Reuters
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​រំដោះ​ទីក្រុង​មូស៊ូល​ពី​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ឈាន​ចូល​សប្តាហ៍​ទី២ ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់។ កម្លាំងទ័ព​អ៊ីរ៉ាក់ រួម​ជាមួយ​កម្លាំង​ប្រដាប់អាវុធ​គួដឌីស្ថាន​ដែល​មាន​ការ​គាំទ្រ​ផ្លូវអាកាស​ពី​កម្លាំង​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក​កំពុង​បន្ត​រុល​ទៅ​មុខ​កាន់​តែ​ជិត​ទីក្រុង​មូស៊ូល ពិសេស​នៅ​ប៉ែកខាងត្បូង និង​ប៉ែក​ខាង​ជើង។ នៅ​ក្នុង​ប្រតិបត្តិការ​រយៈពេល ១សប្តាហ៍​កន្លង​ទៅ​នេះ មាន​ស្រុក និង​សង្កាត់​ជា​ច្រើន​ត្រូវ​បាន​រំដោះ​ពី​កណ្តាប់ដៃ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ហើយ​កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​វាយប្រហារ​ផ្លូវអាកាស​ចំនួន ៣២ដង ទម្លាក់​គ្រាប់​អស់​ជាង ១ ៧០០គ្រាប់ កម្ទេច​គោលដៅ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​បាន ១៣៦គោលដៅ កម្ទេច​រថយន្ត​សង្ស័យ​បង្កៃគ្រាប់បែក​បាន ២៦គ្រឿង និង​បំផ្លាញ​ផ្លូវ​ក្រោមដី​បាន ១៨ខ្សែ។

ប្រេសិត​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដែល​តាមដាន​បេសកកម្ម​របស់​កម្លាំងសម្ព័ន្ធមិត្ត​បាន​បញ្ជាក់​ដោយ​សាទរ​ថា ប្រតិបត្តិការ​រយៈពេល ១សប្តាហ៍​បាន​ប្រព្រឹត្ត​ទៅ​ដូច​ដែល​ផែនការ​បាន​គ្រោង​ទុក។ ទាក់ទង​នឹង​ការ​បាត់បង់​ជីវិត​មនុស្ស រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​រដ្ឋអំណាច​តំបន់ស្វ័យយ័ត​គួដឌីស្ថាន​គ្រាន់​តែ​បាន​អះអាង​ថា មាន​ស្លាប់​ទាហាន​របស់​ខ្លួន​គួរសម តែ​មិន​បញ្ជាក់​ចំនួន​ទេ។ មួយ​វិញ​ទៀត ពួក​គេ​ក៏​មិន​ប្រាប់​ពី​ការ​បាត់បង់ ឬ​ខូចខាត​សម្ភារៈសឹក​ដែរ។ ចំណែក​នៅ​ខាង​កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ​ក៏​មិន​បាន​និយាយ​អ្វី​ទាំង​អស់។

នៅ​ខាង​អង្គការ​រដ្ឋអ៊ីស្លាម​ឯណោះ ក៏​គេ​គ្មាន​តួលេខ​ពី​ការ​ស្លាប់​ពួក​ជីហាត​ដែរ។ អ្វី​ដែល​គេ​ដឹង ពួក​នេះ​បាន​ដក​ខ្លួន​ទៅ​ប្រមូល​ផ្តុំ​ក្នុង​ទីក្រុង​មូស៊ូល​នៅ​ពេល​ដែល​កម្លាំងទ័ព​អ៊ីរ៉ាក់​រុល​ទៅ​មុខ។ ទន្ទឹម​គ្នា​នេះ ការ​បាត់បង់​ជិវិត​ជនស៊ីវិល​ក៏​គេ​នៅ​មិន​ទាន់​អាច​និយាយ​បាន​ដែរ។ អ្វី​ដែល​គេ​ដឹង គឺ​មាន​ជនស៊ីវិល​ជាង ៧ ៥០០នាក់​បាន​រត់គេច​ពី​តំបន់​ប្រយុទ្ធ​ក្បែរ​ទីក្រុង​មូស៊ូល និង​មាន​ជិត ១ ០០០នាក់​បាន​រត់​ឆ្លងដែន​ចូល​ទៅ​ក្នុង​ប្រទេស​ស៊ីរី​ក្បែរខាង។ គួរ​បញ្ជាក់​ជូន​ថា ប្រតិបត្តិការ​រំដោះ​ទីក្រុង​មូស៊ូល​រយៈពេល ១សប្តាហ៍​កន្លង​ទៅ​បាន​ធ្វើ​ឡើង​នៅ​លើ​តំបន់​ដែល​មិន​សូវ​មាន​ពលរដ្ឋ​រស់នៅ។ តែ​ក្តីបារម្ភ​ខ្លាំង គឺ​ការ​វាយលុក​ចូល​ក្នុង​ទីក្រុង​មូស៊ូល​ដែល​កំពុង​មាន​មនុស្ស​រស់នៅ​ជាង ១លាននាក់​នា​ពេល​ខាង​មុខ។

ប្រមុខ​ការពារជាតិ​ក្នុង​កម្លាំងសម្ព័ន្ធមិត្ត​ជួបប្រជុំ​គ្នា​ក្នុង​ទីក្រុង​ប៉ារីស

នៅ​ថ្ងៃ​អង្គារ ទី២៥ តុលា​នេះ និង​ចំ​ពេល​ដែល​ប្រតិបត្តិការ​រំដោះ​ទីក្រុង​មូស៊ូល​បាន​ឈាន​ចូល​ក្នុង​សប្តាហ៍​ទី២ រដ្ឋមន្រ្តី​ការពារជាតិ​ក្នុង​ក្រុម​ប្រទេស​កម្លាំងសម្ព័ន្ធអន្តរជាតិ​បើក​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ប៉ារីស។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ធ្វើ​ការ​បូកសរុប​លទ្ធផល​ស្តីពី​បេសកកម្ម​នៅ​ប្រទេស​អ៊ីរ៉ាក់ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​ស៊ីរី។ តែ​នៅ​ចំពោះ​មុខ គឺ​វាយតម្លៃ​ស្ថានការណ៍​នៅ​ក្នុង​ទីក្រុង​មូស៊ូល​អ៊ីរ៉ាក់ បន្ទាប់​ពី​បើក​ប្រតិបត្តិការ​បាន ១សប្តាហ៍។ អ្វី​ដែល​កម្លាំងសម្ព័ន្ធមិត្ត​កំពុង​គិតគូរ ពិចារណា គឺ​យុទ្ធសាស្រ្ត និង​យុទ្ធវិធី​ថ្មី​ដើម្បី​ប្រឈម​ទប់​នឹង​ពួក​ជីហាត​នៅ​ពេល​ដែល​ប្រតិបត្តិការ​បាន​ចូល​ដល់​ទីក្រុង​មូស៊ូល។

នៅ​ពេល​នោះ ពួកជីហាត​អាច​ចេញ​មុខ​តស៊ូ​ស្លាប់​រស់​ទល់​នឹង​ទាហាន​អ៊ីរ៉ាក់ ឬ​មួយ​ក៏​ពួក​វា​នាំ​គ្នា​រត់​ចេញ​ដោយ​បែកខ្ញែក​គ្នា​ដែល​អាច​រត់​ឆ្លង​ចូល​ទៅ​ជួបជុំ​គ្នា​វា​នៅ​ទីក្រុង​រ៉ាក់កា ប្រទេស​ស៊ីរី ឬ​មួយ​ក៏​មាន​យុទ្ធជន​ខ្លះ​ដែល​ចេញ​ពី​ប្រទេស​អឺរ៉ុប​នាំ​គ្នា​រត់​ចូល​ប្រទេស​កំណើត​វិញ រួច​បង្ក​ភេរវកម្ម​ក្នុង​ស្រុក។ ទន្ទឹម​គ្នា​នេះ កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការពារជាតិ​នៃ​កម្លាំងសម្ព័ន្ធមិត្ត​ក៏​ត្រូវ​គិតគូរ​ពី​ការ​បង្កើន​ការ​វាយប្រហារ និង​ផ្តល់​មធ្យោបាយ​បន្ថែម​ដល់​កម្លាំង​ក្នុង​ស្រុក​នៅ​អ៊ីរ៉ាក់ ក៏​ដូច​ស៊ីរី​ដើម្បី​ប្រឈម​ទប់​នឹង​កម្លាំង​ពួកជីហាត​ដែល​មាន​គ្នា​ប្រមាណ​ពី ៣ ០០០ ទៅ ៤ ០០០នាក់​ក្នុង​ទីក្រុង​រ៉ាក់ការ ប្រទេស​ស៊ីរី និង​ពី ៣ ០០០ ទៅ ៥ ០០០នាក់​នៅ​ក្នុង​ទីក្រុង​មូស៊ូល ប្រទេស​អ៊ីរ៉ាក់។

សមរភូមិ​មូស៊ូល​បាន​ក្លាយ​ជា​សង្រ្គាមពាក្យ​សម្តី​រវាង​លោកស្រី​គ្លីនតុន និង​លោក​ដូណាល់ ត្រាំ

ប្រតិបត្តិការ​រំដោះ​ទីក្រុង​មូស៊ូល​នៅ​អ៊ីរ៉ាក់​ពេល​នេះ​កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រវាង​លោកស្រី​គ្លីនតុន និង​លោកដូណាល់ត្រាំ​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក។ លោក​ដូណាល់ ត្រាំ​មិន​បាន​និយាយ​ចំៗ​លើ​លោកស្រី​គ្លីនតុន​ដែល​ជា​គូប្រជែង​ទេ តែ​បាន​វ៉ៃប្រហារ​ចំ​មុខ​លោក​ប្រធានាធិបតី​អូបាម៉ា​ដោយ​ចោទ​ជា​ប្រធានាធិបតី​គ្មាន​សមត្ថភាព និង​មិន​ចេះ​ធ្វើ​ការ។

លោក​ដូណាល់ ត្រាំ
លោក​ដូណាល់ ត្រាំ REUTERS/Mike Segar

« យើងមាន​ប្រធានាធិបតី​ដែល​អសមត្ថភាព... ប្រធានាធិបតី​ដែល​មិន​ចេះ​ធ្វើការ! មើល​តែ​មូស៊ូល​ទៅ​ដឹង​ហើយ! ពួក​គេ​ប្រកាស​ក្តែងៗ​តាំង​ពី​បី បួន​ខែ​មុន​ថា នឹង​វាយ​ចូល​មូស៊ូល​ដើម្បី​ចាប់​ខ្លួន​មេខ្លោង​ជីហាត​រដ្ឋអ៊ីស្លាម។ ដឹង​យ៉ាងម៉េច​ទេ? ដល់​តែ​ពួក​មេខ្លោង​ជីហាត​ដឹងមុន​អ៊ីចឹង ពួក​គេ​មិន​រត់​ចេញ​អស់! ពួក​គេ​មិនមែន​ល្ងង់​ឯណា!
 
មាន​ចាំ​ទេ មាន​មេទ័ព​ដ៏​ពូកែ​ម្នាក់​ធ្លាប់​និយាយ​ថា វាយ​លុក​មិន​ឲ្យ​​សត្រូវ​ដឹង​ខ្លួន​ជា​មុន”... ឥឡូវ​ យើង​វាយលុក​ចូលមូស៊ូល​ដែល​សត្រូវ​ដឹង​ខ្លួន​ជា​មុន... ត្រៀម​ការពារ​ខ្លួន​បាន​រឹងមាំ​ជាង​ការ​រំពឹង​ទុក... ពួក​គេ​យក​ជនស៊ីវិល​មក​ធ្វើ​ជា​ខែល​ការពារ​នៅ​គ្រប់​កន្លែង... ស្ថានការណ៍​គឺ​មហា​សែន​ស្មុគស្មាញ... ហើយ​ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ប្រកាស​ឲ្យ​សត្រូវ​ដឹង​ជា​មុន​???!!!

ជា​ចម្លើយ​តប​វិញ និង​ដោយ​មិន​និយាយ​បញ្ឆិតបញ្ឆៀង លោកស្រី​គ្លីនតុន​បាន​វ៉ៃប្រហារ​ចំៗ​លើ​លោក​ដូណាល់ ត្រាំ​ថា ជា​មេទ័ព​ដែល​អសត្ថភាព និង​ចុះចាញ់​មុន​ការ​ប្រយុទ្ធ។
 

លោកស្រី​គ្លីនតុន
លោកស្រី​គ្លីនតុន REUTERS/Lucy Nicholson

« គូប្រជែង​របស់​ខ្ញុំ​គ្មាន​ផែនការ ឬ​យុទ្ធសាស្រ្ត​អ្វី​ដើម្បី​យក​ឈ្នះ​អង្គការ​រដ្ឋអ៊ីស្លាម​ទេ។ នៅ​យប់​ម្សិលមិញ គាត់​បាន​ធ្វើ​អត្ថាធិប្បាយ​នៅ​ក្នុង​បណ្តាញ​សង្គម Tweeter ថា ប្រតិបត្តិការ​វាយប្រហារ​ដើម្បី​បណ្តេញ​ពួក​ភេរវជន​ចេញ​ពី​ទីក្រុង​យុទ្ធសាស្រ្ត​មូស៊ូល​បាន​ទទួល​បរាជ័យ​ហើយ។
 
មិន​ទាន់​អី​ផង គាត់​បាន​ប្រកាស​ពី​បរាជ័យ​រួច​ជា​ស្រេច មុន​នឹង​ប្រតិបត្តិការ​បាន​ចាប់​ផ្តើម​ទៅ​ទៀត។
 
តាម​រយៈ​សម្តី​នេះ គាត់​កំពុង​បង្ហាញ​ប្រាប់​ពិភពលោក​ខ្លួន​ឯង​ពី​មេបញ្ជាការ​ម្នាក់​ដែល​គ្មាន​សមត្ថភាព។
 
ទង្វើ​របៀប​នេះ​មិនមែន​ត្រឹម​ជា​កំហុស​ឆ្គង​មួយ​ទេ............តែ​វា​ជា​រឿង​គ្រោះថ្នាក់​ខ្លាំងណាស់។ ដូច្នេះ យើង​ត្រូវ​តែ​បរិហារ​គាត់​ក្នុង​ថ្ងៃទី៨ វិច្ឆិកា​នៅ​ទូទាំង​សហរដ្ឋអាមេរិក »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ