អានតួអត្ថបទ

អ.ស.ប. ៖ ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០១៥ ដោយឧស្ម័នកាបូនិក

ឆ្នាំ​២០១៥ ជា​ឆ្នាំ​ដែល​ពិភពលោក​បាន​សម្រេច​កិច្ចព្រមព្រៀង​ស្តី​អំពីអាកាសធាតុ​ ប៉ុន្តែ​ឆ្នាំ​២០១៥​ដដែល​នេះ គេ​សង្កេត​ឃើញ​ថា​អត្រាឧស្ម័ន​ពុល​អុកស៊ីតដឺកាបូន ឬ​ឧស្ម័ន​កាបូនិកCO2 ក្នុង​បរិយាកាសបាន​កើន​ឡើង​ជា​គួរ​កត់​សម្គាល់​ជា​ថ្មី​ទៀត។​ ឧស្ម័នកាបូនិក គឺ​ជា​កត្តា​ចំបង​នៃ​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​អាកាសធាតុ​ពិភពលោក នៃ​អង្គការ​សហប្រជាជាតិ ដែល​មាន​ទី​ស្នាក់ការ​នៅ​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស។

រោង​ចក្រ​ឧស្សាហកម្ម​បញ្ចេញ​ផ្សែង​ពុល​ឧស្ម័នកាបូនិក
រោង​ចក្រ​ឧស្សាហកម្ម​បញ្ចេញ​ផ្សែង​ពុល​ឧស្ម័នកាបូនិក REUTERS/PETER ANDREWS
ផ្សាយពាណិជ្ជកម្ម

ពេល​កន្លង​គេ​ក៏​ធ្លាប់​ឃើញ​មាន​ដែរ ​ករណី​ឧស្ម័ន​កាបូនិកក្នុង​បរិយាកាស​ឡើង​ដល់​កំរិត​៤០០ppm ម្តង​ម្កាល​ ក្នុង​ខែ​ខ្លះ និង​កន្លែង​ខ្លះ ពីមុនៗមក ប៉ុន្តែ​នៅ​ឆ្នាំ​២០១៥​នេះ ជា​លើក​ទី​មួយ បន្សំ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ បាន​កើន​ឡើង​ហួស​កំរិត​ ដែល​អនុញ្ញាត​ ពេញ​មួយ​ឆ្នាំ​តែ​ម្តង។ នេះ​បើ​តាម​របាយការណ៍​របស់​​អង្គការ​អាកាសធាតុ​ពិភពលោក ចុះ​ផ្សាយ​ក្នុង​ទំព័រ​ទិន្នានុប្បវត្ត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ស្តីពី​ឧស្ម័ន​ផ្ទះ​កញ្ចក់។

សម្រាប់​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ ​ឧស្ម័នកាបូនិកជា​ប្រភព​បញ្ហា​ទី​មួយ និង​អ្នក​ទទួល​ត្រូវ​ក្នុង​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​ធ្វើ​ឱ្យ​មាន​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី។ ពីព្រោះ​ឧស្ម័ន​កាបូនិក​នេះ អាច​ស្ថិត​នៅ​ក្នុង​ខ្យល់​រាប់​សិប​​ពាន់​ឆ្នាំ និង​កាន់​យូរ​ខ្លាំង​ទៀត បើនៅ​ក្នុង​ទឹក។ ចុះ​សួរ​ថា​តើ​ CO2 កើត​ចេញ​មក​ពីណា ? CO2 មាន​ប្រភព​កើត​ចេញ​មក​ពី​គ្រឿង​ចំហេះ​ធ្យូងថ្ម និង​ឈើ។

ក្រៅ​អំពី​​ឧស្ម័ន​កាបូនិក​ នៅ​មាន​ឧស្ម័នសំខាន់​​ពីរ​មុខ​ទៀត ដែលជា​អ្នក​បង្ក​ឧស្ម័ន​ផ្ទះ​កញ្ចក់ នោះគឺ​ឧស្ម័ន​មេតាន CH4 ដែល​ក៏​បាន​កើន​ឡើង​ខ្ពស់​បំផុត​ដែរ​នៅ​ឆ្នាំ​២០១៥ និង​ឧស្ម័ន​ប្រូតូស៊ីត ដាហ្សូត NO2 ដែល​មាន​នៅ​ក្នុង​ជីរ។ នា​សម័យ​បច្ចុប្បន្ន​នេះ បណ្តុំ​អាហ្សូតបាន​កើន​ឡើង​១២១% បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​១៧៥០ មុន​ការ​កកើត​ឧស្សាហកម្ម។

ដូច្នេះ​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឡើង​កម្តៅ​នៃ​ភពផែនដី​ត្រូវ​​ផ្តើម​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧស្ម័នកាបូនិក តែ​ពិភពលោក​ហាក់​ដូច​ជា​កំពុង​ធ្វើ​សកម្មភាព​បញ្ច្រាស​ទិស ព្រោះ​កំរិត​CO2​ កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ នេះ​បើ​តាម​អគ្គលេខា​អង្គការ​អាកាសធាតុ​ពិភពលោក ដែល​បាន​ទទួល​ស្គាល់​ថា មាន​ហេតុការណ៍​ធម្មជាតិEl Ninoដែល​បង្ក​ ​រីងស្ងួត​​​កើត​ឡើង​នៅ​ឆ្នាំ​២០១៥ កាត់​បន្ថយ​សមត្ថភាព​របស់​ព្រៃឈើ​និង​សមុទ្ទ ក្នុង​ស្រូប​​ឧស្ម័ន​កាបូនិក ក៏​មាន​ចំណែក​ធ្វើ​បង្កើន​បរិមាណ​CO2ដែរ ប៉ុន្តែ​វដ្ត​ធម្មជាតិ​នោះ​បាន​កន្លង​ផុត តែ​ការ​ឡើង​កម្តៅ​អាកាសធាតុ និងកំរិត​ឧស្ម័ន​CO2 មាន​និន្នាការ​កើន​ឡើង​ដដែល។

​អង្គការ​ ​ បាន​ទទួច​បញ្ជាក់​ថា ដំណោះស្រាយ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​នោះ គឺ​ត្រូវ​មាន​ឆន្ទៈ​នយោបាយ​ និង​សកម្មភាព​ពិត។ របាយការណ៍របស់​ភា្នក់ងារ​អង្គការ​​សហប្រជាជាតិនេះ​ជា​ឯកសារ​បច្ចេកទេស​ក្នុងកិច្ចចរចា​នៅ​ក្នុង​​​សន្និសីទ​​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ COP22 ពីថ្ងៃទី ៧-១៨​វិច្ឆិកា នៅ​ទីប្រទេស​ម៉ារ៉ុក៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ