អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​អូបាម៉ា​មក​​លួងលោម​អឺរ៉ុប​ដល់​ផ្ទះ កុំ​ឱ្យ​ព្រួយ​បារម្ភ​នឹងអាមេរិក​មាន​​ប្រធានាធិបតី​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា បាន​ជ្រើសរើស​ក្រិក ដែល​លោក​មិន​ធ្លាប់​អញ្ជើញ​​មក​សោះ​តាំង​ពី​ឆ្នាំ​២០០៨​មក ជា​ប្រទេស​ដំបូង​គេ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​លា​អន្តរជាតិ។ បន្ទាប់​ពី​ក្រិក លោក អូបាម៉ា នឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់ និង​ប៉េរ៉ូ​ ជា​កិច្ច​បង្ហើយ។ នៅអាល្លឺម៉ង់ លោក​អូបាម៉ា នឹង​ត្រូវ​ជួប​លោកស្រី​អង់ហ្គឺឡា មែរកិល លោក​ប្រធានាធិបតី​បារាំង នាយក​រដ្ឋមន្ត្រី​អង់គ្លេស និងអ៊ីតាលី។

លោកបារ៉ាក់ អូបាម៉ា នៅ​ក្រុង​អាថែន ថ្ងៃទី ១៥ វិច្ឆិកា ២០១៦
លោកបារ៉ាក់ អូបាម៉ា នៅ​ក្រុង​អាថែន ថ្ងៃទី ១៥ វិច្ឆិកា ២០១៦ REUTERS/Michalis Karagiannis
ផ្សាយពាណិជ្ជកម្ម

លោក ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ​កំពុង​បំពេញ​ទស្សនកិច្ចលា​អន្តរជាតិ ​ជា​លើក​ចុង​ក្រោយ​ មុន​នឹង​ផ្ទេរ​តំណែង​ទៅ​ឱ្យ​លោក​ដូណាល់ ត្រាំ​ នៅ​រវាង​ពីរ​ខែទៀត។ ក្នុង​ដំណាក់​កាល​ដំបូង​ នា​ថ្ងៃ​ទី ១៥ វិច្ឆិកា នេះ លោក​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្រិក ដែល​លោក​មិន​ធ្លាប់​អញ្ជើញ​មក​សោះ តាំង​ពីឡើង​កាន់​អំណាច​មក។ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រិក​រង់ចាំ​វត្តមាន​លោក​អូបាម៉ា ជាពិសេស​តែ​ម្តង !

លោក​អូបាម៉ា និង​សាមគ្គីភាព

ថ្វី​បើ​លោក អូបាម៉ា​ មិន​ដែល​បាន​អញ្ជើញ​មក​ប្រទេស​ក្រិក​សោះ​ក្នុង​អំឡុង​ពេល​កាន់​អំណាច​៨​ឆ្នាំ​នេះ​ ក៏​ដោយ ក៏​អ្នក​វិភាគ​មួយ​ចំនួន​ធំ​យល់​ថា វត្តមាន​លោក​អូបាម៉ា ថ្ងៃ​នេះ ជា​និម្មិត្តរូប នៃ​សាមគ្គីភាព​​របស់​អាមេរិក​ចំពោះ​ក្រិក ព្រោះ​ពេល​ដែល​ក្រិក​ឆ្លង​កាត់​វិបត្តិ​ប្រាក់​បំណុល​ជិត​ក្ស័យ​ធន មាន​សេដ្ឋកិច្ចវិទូ​អាមេរិក​ច្រើន​ណាស់​បានការពារ​ក្រិក។ មិន​បាន​មក​ពេល​កើត​ហេតុ ក៏មក​តាមក្រោយ​ដែរ។

រដ្ឋាភិបាលក្រុង​អាថែន ក៏​ដូចគ្នា ! បានបង្ហាញ​សុទិដ្ឋនិយម​តាំង​ពី​ដំបូង និង​បាន​​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោកអូបាម៉ា ថាការ​​បញ្ចប់​អាណត្តិ​ជាមួយ​ដំណោះស្រាយ​សេដ្ឋកិច្ច​នយោបាយការបរទេស។  អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក្រិក បាន​គូស​បញ្ជាក់​ថា លោក​អូបាម៉ា ​មក​លា​ក្រិក ដល់ផ្ទះ គឺ​ជា​ការ​ផ្តល់​កិត្តិយស​ដល់​ក្រិក​ខ្លាំង​ណាស់ ស្មើ​នឹង​ការ​ទទួល​ស្គាល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ប្រទេស​នេះ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល​និង​ស្ថិរភាព​តំបន់។ ហើយខុស​ពី​អឺរ៉ុប ក្រិក​ហាក់​ដូច​ជា​មាន​ជំហរ​រឹង​ប៉ឹង និង​មាន​ទំនុកចិត្ត​កាន់​ខ្លាំង​ទៀត ក្នុង​ការ​ចរចា​ជាមួយ​ម្ចាស់​បំណុល នៅ​ពេល​ឃើញ​អ្នក​ជំនួញ​ លោក ដូណាល់ ត្រាំ បាន​ក្លាយ​ជា​ប្រធានាធិបតី​បន្ត​ពី​លោក​អូបាម៉ា។

ដំណើរ​ទស្សនកិច្ចលា​​របស់​លោក​អូបាម៉ា នៅ​ក្រិក​នេះ វិល​ជុំ​វិញ​តែ​លើ​​​ប្រធានបទ​ធំៗ​ពីរ គឺ​ វិបត្តិ​ប្រាក់​បំណុល និង​សោកនាដកម្ម​របស់​ជន​ភៀស​ខ្លួន​ ដែល​លោក​អូបាម៉ា បាន​ថែម​ទាំង​សម្តែង​ទឹក​ចិត្ត​អាណិត​អាសូរ​ខ្លាំង​ណាស់​ដល់​ជន​ភៀស​ខ្លួន​ និង​សរសើរ​អំពី​ទឹក​ចិត្ត​សម្បុរស​របស់​ពលរដ្ឋ​ក្រិក។

ហេតុ​ដូច្នេះ​ហើយបាន​ជា លោកនាយករដ្ឋមន្ត្រី​ក្រិក សង្ឃឹម​ថា នៅ​ពេល​លោក​អូបាម៉ា បាន​មក​ឃើញ​ផ្ទាល់​ក្រិក​ហើយ លោក​នឹង​អាច​នាំសារ​ទៅ​ឱ្យ​អាល្លឺម៉ង់​​របស់​លោកស្រី អង់ហ្គឺឡា​ មែរកិល​ ដែល​តែង​ប្រឆាំង​រាល់សំណើ​ក្រិក។

ព្រោះ​បន្ទាប់​ពី​ក្រិក លោក អូបាម៉ា នឹង​អញ្ជើញ​ទៅ​អាល្លឺម៉ង់ ដើម្បី​​បាន​លា​មិត្ត​សម្លាញ់​ អង់្ហ្គឺឡា មែរកិល។ នៅ​ប៊ែរឡាំង លោក​អូបាម៉ា ក៏​នឹង​ជួប​លា​លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង នាយក​រដ្ឋមន្ត្រី​អង់គ្លេស និងអ៊ីតាលី។

តុល្យការ​ការងារ​៨ឆ្នាំ​របស់​លោក​អូបាម៉ា ជាមួយ​អឺរ៉ុប

បើ​តាម​អ្នក​វិភាគ​នយោបាយ គេ​យល់​អាមេរិកប្រធានាធិបតី​អាមេរិក អូបាម៉ា មាន​ផ្តល់​ភាព​ល្បីល្បាញ ស្តារ​ឈ្មោះ​​របស់​អាមេរិក​នៅ​អឺរ៉ុបបាន​ច្រើន បើ​ប្រៀប​ទៅ​នឹង​ប្រវត្តិ​របស់​រដ្ឋបាល​អាមេរិក​មុនៗ។ លោក​អូបាម៉ា មាន​ទស្សនៈវិស័យអឺរ៉ុប​ខ្លាំង​ ជាពិសេស​នៅ​ក្នុង​ឆ្នាំ​២០១៦តែ​ម្តង តាម​រយៈ​ការ​​សាកល្បង​បង្អាក់​អង់គ្លេស​មិន​បំបែក​ខ្លួន​ចេញ​ពី​អឺរ៉ុប ​ដោយ​សុខចិត្តធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ឡុងដ៍​តែ​ម្តង។ នេះ​ជា​អាច​ចាត់​ទុក​ជា​នយោបាយ​ក៏​ក្លាហាន​មួយ​។ ចំណុច​នេះ​ ត្រូវ​បាន​ពលរដ្ឋ​អឺរ៉ុប​ស្វាគមន៍​ខ្លាំង ប៉ុន្តែ​បើ​និយាយ​អំពីការ​ងា​រ​ជាក់​ស្តែង​វិញ លោក​អូបាម៉ា បាន​សម្រេច​លទ្ធផល​តិច​ជាងការ​សង្ឃឹមទុក​។

​ដំណើរ​លា​គ្នា​ពេល​នេះ ក៏​ខុស​ពី​ការ​សង្ឃឹម​ទុក​ដែរ ព្រោះ​ថា​ជោគជ័យ​របស់​លោក ដូណាល់ ត្រាំ ​ជា​ប្រធានាធិបតីអាមេរិក គឺ​ជា​ការ​ភ្ញាក់ផ្អើល ផ្ទុយ​ស្រឡះ​ពី​​ការ​ព្យាករ​ទាំង​ឡាយ។ ថ្វី​បើ​គ្រប់គ្នា​កំពុងរៀប​ចំ​ទទួល​ស្វាគមន៍​លោក​អូបាម៉ា មែន តែ​ក្នុង​អារម្មណ៍​ចាប់​គិត​ដល់​លោក​ដូណាល់ ត្រាំ​ ដែល​ជា​អនាគត​ប្រធានាធិបតី​អាមេរិក​ទៅ​ហើយ។

លោក អូបាម៉ា ចេញ​មុខធានា​​កុំ​ឱ្យ​អឺរ៉ុប​ភ័យ

តាំង​ពី​មុន​ចេញ​ដំណើរ​ពី​អាមេរិក លោក​អូបាម៉ា បានបង្ហោះ​សារ​​លួង​ចិត្ត​ និង​ធានារ៉ាប់​រង​ប្រាប់​អឺរ៉ុប​​ជា​សម្ព័ន្ធ​មិត្ត​កុំ​ឱ្យ​ព្រួយ​បារម្ភ​ នឹង​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ អ្វី។ លោកបាន​យក​ខ្លួន​ធានាថា​នឹង​សម្ព័ន្ធភាព​អន្តរអាត្លង់ទិច និង​ចំណង​របស់​អាមេរិក​ក្នុង​ចលនា​អូតង់ នឹង​គ្មាន​ការ​ប្រែ​ក្រឡាស់​ឡើយ។

លោក​អូបាម៉ា មិន​បដិសេធ​ទេ ថា​លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ដែរ នៅ​ឃើញ​លទ្ធផល​បោះឆ្នោត​ថ្ងៃទី ៨ វិច្ឆិកា​ធ្លាក់​មកនោះ។ ព្រោះ​ លោក​ត្រាំ និង​ខ្លួន​លោក មាន​ទស្សនៈ​ផ្ទុយ​គ្នា​ស្រឡះ ស្ទើរ​គ្រប់​វិស័យ។ ពាក្យ​សំដី ក្នុង​ពេល​ឃោសនាទៀត​សោត ក៏​មាន​លក្ខណៈ​ជ្រុលនិយម​ ប្រកាន់​ពូជសាសន៍ រើសអើងភេទ​ ប៉ុន្តែ​លោក អូបាម៉ា បាន​ពន្យល់​បំភ្លឺ នៅ​ថ្ងៃចន្ទ​ម្សិលមិញថា ប្រធានាធិបតី​ដែល​ត្រូវ​មក​បន្ត​តំណែង​ពី​លោក មិនមែន​ជា​មនុស្ស​មាន​មនោគមវិជ្ជា​និយម​ទេ ! តែ​ជាមនុស្ស​ដែលសំអាង​លើ​ការណ៍ (អ្វី​ដែល​សម្រេច​បាន​ជាការពិត ហើយ​គ្មាន​សេចក្តី​ពិត​ជា​ដាច់ខាត)។ បុគ្គលិកលក្ខណៈ​នេះ​អាច​មាន​ប្រយោជន៍​ ប្រសិនបើ​លោក​មាន​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ល្អ។ ម្យ៉ាង​វិញ​ទៀត ថ្វីបើ​អាមេរិក​អាច​មាន​ការ​ប្តូរ​ទិស​នយោបាយការបរទេស​ក្តី ក៏​​​អាមេរិក​នៅ​រក្សា​គោល​នយោបាយ​អន្តរជាតិ​មួយ​ភាគ​ធំ ហើយ​អាមេរិក​នៅ​តែ​តំណាង​ក្តី​សង្ឃឹម​ និង​ជា​ជាតិ​មិន​អាច​ខ្វះ​បាន​របស់ពិភពលោក​ដដែល។

សម្រាប់​លោក អូបាម៉ា ពាក្យ​សំដី​ដែល​​លោក ត្រាំ បាន​សន្យា នៅ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត ដូច​ជា​ការ​ចង់​ហែក​ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ លុប​ចោល​កិច្ចព្រមព្រៀង​ប៉ារីស ស្តីពី​អាកាសធាតុ ។ល។ និង​។ល។ នឹង​មិន​អាច​រក្សា​បាន​ទេ ព្រោះ​វា​ពិត​ជា​ការ​លំបាក​ខ្លាំងណាស់ ដែល​ត្រូវ​ទៅ​រុះ​រើ​របស់​អ្វី​មួយ​ដែល​មាន​ដំណើរការ​ស្រួល​ទៅ​ហើយ។

ក្រោយ​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី លោក​អូបាម៉ា បាន​យក​ខ្លួន​មក​ធានា​ចំពោះ​ទំនាក់ទំនង​ជាមួយ​អឺរ៉ុបក្នុង​ក្របខ័ណ្ឌ​អូតង់ និង​អន្តរប៉ាស៊ីហ្វិក។ អាទិភាពបន្ទាប់​មក​ទៀត​​របស់​អនាគត​ប្រធានាធិបតី​ គឺ​ផ្សះផ្សាជាមួយ​រុស្ស៊ី​ ដែល​ជួប​នឹង​ភាព​តាន​តឹង​ខ្លាំង​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ដោយ​ហេតុ​វិបត្តិ​នៅ​ស៊ីរី និង​អ៊ុយក្រែន។ អាមេរិក​ក៏នឹង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ហើយ​គ្រោង​ជួប​គ្នានា​ពេល​ឆាប់ៗ​ខា​ង​មុខ​នេះ​ទៀត។ ដូច្នេះ​គ្មាន​អ្វីគួរ​ឱ្យ​ត្រូវ​បារម្ភទៀត​ឡើយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ