អានតួអត្ថបទ

ប្រធានាធិបតី​បារាំង ៖ ដើម្បី​ប្រយោជន៍អាមេរិក លោក ដូណាល់ ត្រាំ ត្រូវ​គោរព​កិច្ចព្រមព្រៀង​អាកាសធាតុក្រុង​ប៉ារីស

នៅ​ល្ងាច​មិញ លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ ដល់​វិទ្យុ​បារាំង​អន្តរជាតិ ទូរទស្សន៍ហ្វ្រង់២៤ និង​ទូរទស្សន៍​TV5MONDE ពី​ទីក្រុង​ម៉ារ៉ាកេស្ហ ប្រទេស​ម៉ារ៉ុក ក្នុង​ខណៈ​ដែល​លោក​ប្រមុខ​រដ្ឋ​ត្រូវ​ចូល​ធ្វើ​ជា​អធិបតី​ក្នុង​អង្គ​សន្និសីទ​អន្តរជាតិ​ស្តី​អំពី​អាកាសធាតុ រៀប​ចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ ឬ​ហៅ​កាត់​ថា COP២២។

លោកប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ  RFI/ TV 5  France24
លោកប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ RFI/ TV 5 France24 RFI
ផ្សាយពាណិជ្ជកម្ម

មាន​ប្រធានបទ​ជា​ច្រើន​ត្រូវ​បាន​អ្នក​កាសែត​ចោទ​សួរ តាំង​ពី​ការ​ជាប់​ឆ្នោត​របស់​លោក ដូណាល់ ត្រាំ ដល់​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ដោយ​មិន​ភ្លេច​វិបត្តិភេរវកម្ម វិបត្តិ​នៅ​អាហ្វ្រិក​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដែល​បាន​បិទ​មិន​ឱ្យ​វិទ្យុ​បារាំង​ផ្សាយ​នៅ​ក្នុង​ប្រទេស​នោះ បញ្ហា​បោះឆ្នោត​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស​បារាំង វិបត្តិ​​ស៊ីរី ។ល។ និង​។ល។

សម្រាប់​លោក​ប្រធានាធិបតី បារាំង ត្រូវ​និយាយ​ជាមួយ​រុស្ស៊ី ដើម្បី​ភាព​ជា​ដៃគូពាណិជ្ជកម្ម​នឹង​គ្នា​ផង ដើម្បី​បិទ​បញ្ចប់​វិបត្តិ​ស៊ីរី ឬ​អ៊ុយក្រែន និង​​ដើម្បី​លើក​ទណ្ឌកម្មអឺរ៉ុប​ចេញ រុស្ស៊ី​ត្រូវ​តែ​គោរព​កិច្ចព្រមព្រៀង​ក្រុង​មីស្កិ៍។ ចំពោះ​បញ្ហាបង្កើត​ស្ថាប័ន​ទ័ព​​សហភាព​អឺរ៉ុប ដែលជា​អឺរ៉ុប​​ព្រួយបារម្ភកាន់​តែ​​ខ្លាំង ​ក្រោយ​ពី​លោក​ដូណាល់ ត្រាំ​បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិកមក លោក​ហូឡង់​​យល់​ថា អឺរ៉ុប​មាន​កង្វះខាត អឺរ៉ុប​គួរ​តែ​អាច​មាន​សមត្ថភាព​ការពារ​ខ្លួន​ដោយ​ខ្លួន​ឯង។

លោក​ប្រធានាធិបតី បាន​អះអាង​អំពី​ឆន្ទៈ​ចង់​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​ ដូច​ទម្លាប់​ ដោយ​គោរព​សេចក្តី​របស់​ពលរដ្ឋ​អាមេរិក ដែល​បាន​ជ្រើសរើស​លោក ដូណាល់ ត្រាំ។ តែ​គឺ​ប្រធានបទ​ស្តីអំពី​អាកាសធាតុ ដែល​លោក​ហ្វ្រង់ស័រ ហូឡង់ បាន​លម្អិត​ច្រើន ព្រោះ​លោក​ជា​តំណាង​ជោគជ័យ​ដែល​នាំ​ឱ្យ​សម្រេច​កិច្ចព្រមព្រៀង​អន្តរជាតិ ស្តីពីអាកាសធាតុ កាលពី​ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉ារីស។ សម្រាប់​លោក​ប្រមុខ​រដ្ឋ​ កិច្ចព្រមព្រៀងពិភពលោក​ស្តី​អំពីអាកាសធាតុ​ បាន​ចាប់​ដំណើរ​ហើយ ដូច្នេះ​គ្មាន​អ្វី​ដែល​មក​បង្អាក់​បាន​ឡើយ។ ហើយ​លោក​ជឿជាក់​ថា​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ នឹង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ថ្មី​ ដើម្បី​អាកាសធាតុ មិន​ដូច​អ្វី​ដែល​លោក​បាន​សន្យា​ក្នុង​ពេល​ឃោសនា​ឡើយ ព្រោះ​ជា​គ្រោះថ្នាក់ !

លោក ហ្វ្រង់ស័រ​ ហូឡង់​ ៖

01:35

​លោកហ្្រង់ស័រ ហូឡង់ ៖ ដើម្បី​ប្រយោជន៍​ជាតិ លោក ដូណាល់ ត្រាំ ត្រូវ​តែ​គោរព​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស


“បើ​អាមេរិក​មិន​គោរព​កិច្ចព្រមព្រៀង​អន្តរជាតិ​ក្រុង​ប៉ារីស​ស្តីអំពី​អាកាសធាតុទេ នោះ​គឺ​ភពផែនដី​ដែល​ត្រូវ​រង​គ្រោះ ព្រោះ​អាមេរិក ជា​អ្នក​បំពុល​បរិស្ថាន​ខ្លាំង​ជាង​បង្អស់​មួយ​នៅ​លើ​ពិភពលោក​។ ​សហរដ្ឋ​អាមេរិក​ ក៏​នឹង​​ទទួល​ផល​អាក្រក់ពី​ទង្វើរបស់​ខ្លួន​ឯងដែរ​​​។ ផែនដី គ្មានព្រំដែន គ្មាន​របង​ខ័ណ្ឌ​ចែក​ឡើយ បើ​និយាយ​អំពី​អាកាសធាតុ គឺ​មាន​ពាក់​ព័ន្ធ​លើ​គ្រប់​ប្រទេស​ទាំងអស់។

ក្រុមហ៊ុន​អាមេរិកជា​ច្រើន បាន​ចាប់​ផ្តើមធ្វើ​អន្តរកាល​ថាមពល​ និង​បរិស្ថាន ! អង្គការ​ស្ថាប័ន​ជា​ច្រើន និង​សូម្បី​តែ​ពល​រដ្ឋ​អាមេរិក​ផ្ទាល់​ ជា​ច្រើន​នាក់ ក៏​បាន​ផ្តួច​ផ្តើម​សកម្មភាព​ដើម្បី​បរិស្ថាន ! អាមេរិក​ជា​ប្រទេស​សហព័ន្ធ រដ្ឋ​ខ្លះ ដូច​យ៉ាង​កាលីហ្វ័រនី មីឈីហ្កែន និង​រដ្ឋ​ជា​ច្រើន​ទៀត បានបោះជំហាន​ទៅ​តាម​ទស្សនៈ​វិស័យ​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​ក្រុង​ប៉ារីស​ស្តីអំពី​អាកាសធាតុ​ទៅ​ហើយ​ ! ដូច្នេះ ខ្ញុំ​ជឿជាក់​ថា លោក​ ដូណាល់ ត្រាំ នឹង​ធ្វើ​សេចក្តីសម្រេច​ចិត្ត​ក្នុង​នាម​ជា​មេ​ដឹកនាំ​អាមេរិក មិន​ដូច​អ្វី​ដែល​លោក​ធ្លាប់​បាន​ប្រកាស​ក្តែងៗ នៅក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ទេ។ តែ​ប្រសិនបើ​​លោក​រក្សា​ជំហរ​ដដែល នោះ​លោក​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យដោយ​ខ្លួន​ឯង​ ព្រោះ​ទង្វើ​នោះ​វា​ផ្ទុយ​ស្រឡះ​ពី​ប្រយោជន៍​រួម​ ប្រយោជន៍​របស់​ភពផែនដី។

ខ្ញុំ​ដឹង​ថា​លោកដូណាល់ ត្រាំ ជា​អ្នក​ការពារតែ​​ប្រយោជន៍​ជាតិ​ខ្លួនឯង តែ​បើ​លោក​មិន​ប្តូរ​គំនិត ទាក់ទង​ជាមួយ​ពិភពលោក​ទេ​ នោះជនរងគ្រោះ​ដំបូង​គេ​បំផុត គឺ​សហគ្រាស​អាមេរិក​”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ