អានតួអត្ថបទ

លោកហ្វ្រង់ស័រ​ហូឡង់​ទទួល​ស្គាល់​ឧក្រិដ្ឋកម្មបារាំង​សម័យ​អាណានិគម នៅ​ម៉ាដាហ្កាស្កា តែ​មិន​សុំទោស

ជំនួបកំពូល​ក្រុម​ប្រទេស​និយាយ​ភាសាបារាំង លើក​ទី​១៦​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃអាទិត្យ​ទី ២៧ វិច្ឆិកានេះ។ សម្រាប់​​ម៉ាដាហ្កាស្កា ដែល​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​ ក្រៅ​ពី​បាន​ទទួល​ស្វាគមន៍​​​​ប្រធានាធិបតី​បារាំង ជា​លើក​ទី​មួយ​ក្នុង​ប្រទេស​ខ្លួន លោក​​ហ្វ្រង់ស័រ ហូឡង់ បាន​ថែម​ទាំងប្រកាស​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​របស់​បារាំងសម័យ​​អាណានិគម ក្នុង​ឆ្នាំ​១៩៤៧​ លើ​ប្រទេស​ម៉ាដាហ្កាស្កាទៀត។ ប្រមុខ​រដ្ឋ​បារាំង​​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ តែ​មិនមែន​ជា​សុំ​ទោស​ជា​ផ្លូវការ​ក្នុង​នាម​បារាំង​ឡើយ។

ទីលាន​ 29-Mars 1947 ក្រុង​ Moramanga ប្រទេស​ម៉ាដាហ្កាស្កា កន្លែង​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង
ទីលាន​ 29-Mars 1947 ក្រុង​ Moramanga ប្រទេស​ម៉ាដាហ្កាស្កា កន្លែង​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង Jeanne Richard / RFI
ផ្សាយពាណិជ្ជកម្ម

ក្រៅ​អំពី​អញ្ជើញ​ទៅ​ធ្វើ​ជា​អធិបតី​ក្នុង​ជំនួប​កំពូល​​ក្រុមប្រទេស​និយាយ​ភាសាបារាំង លោក​ហ្វ្រង់ស័រ​ ហូឡង់ បាន​អញ្ជើញ​ទៅ​ដាក់​កម្រង​​ផ្កា​ ​គោរព​វិញ្ញាណក្ខន្ធ គោរពភ្លេងជាតិ​បារាំង និង​ម៉ាដាហ្កាស្កា នៅមុខ​​ស្តូបជនពលីជីវិត​ដើម្បី​ជាតិ​មាតុភូមិ គោរព​ភ្លេង​។ លោក​គឺ​ជា​ប្រធានាធិបតី​បារាំង​ដំបូង​គេ​បង្អស់​ដែល​​បាន​សម្តែង​កាយវិការ​បែប​នេះ​ នៅ​ម៉ាដាហ្កាស្កា។

លោក ហូឡង់ បាន​រំលឹក​អំពី​ប្រវត្តិសាស្ត្រ ប្រវត្តិតស៊ូ​របស់​យុទ្ធជន​ម៉ាដាហ្កាស្កា ដែល​បាន​បូជា​ជីវិត​ដើម្បី​បារាំង ក្នុង​សង្គ្រាម​លោក​លើក​ទីមួយ និង​ទីពីរ ! មិន​តែ​ប៉ុណ្ណោះ លោក​ប្រធានាធិបតី​បារាំង ក៏​បាន​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​សកម្មជន​បះបោរ​ដើម្បី​ឯករាជ្យ ដែល​កាលពី​ឆ្នាំ​១៩៤៧ បាន​រង​ការ​បង្ក្រាប​យ៉ាង​ហិង្សា​បំផុត​ពី​បារាំង។

 
លោក ហ្វ្រង់ស័រ ហូឡង់ ៖
“ដោយ​សារ​តែ​បាន​ចូល​​ចង់​ជួយបារាំង និងដើម្បី​សេរីភាព ដែល​ពលរដ្ឋ​ម៉ាដាហ្កាស្កា​ជា​ច្រើន​នាក់​ ក្រោយ​ចប់​សង្គ្រាម​លោក សំលឹង​ចង់​បាន​​ឯករាជ្យ​។ ចលនា​​​ទាមទារ​ឯករាជ្យ​បាន​ផុស​ឡើងពេញ​ផ្ទៃ​ប្រទេស​​នៅ​ឆ្នាំ​១៩៤៧ តែ​ក៏​ត្រូវបារាំង​​បង្ក្រាប​យ៉ាង​ហិង្សា​។ ខ្ញុំ​សូម​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះរាប់ពាន់​នាក់​​ដែល​បាន​ស្លាប់​ ក្នុង​ហេតុការណ៍នោះ​ ដល់​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ថ្កោលទោស​ព្រោះ​មនសិការចង់បាន​ឯករាជ្យ​។”

លោកប្រធានាធិបតី​បាន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​របស់​​អាណានិគមបារាំង​លើប្រទេស​ម៉ាដាហ្កាស្កា ប៉ុន្តែ​លោក​ទទួល​ត្រឹម​ថា​មាន​មនុស្ស​រាប់ពាន់​នាក់​បាន​ស្លាប់ តែ​អ្នក​ប្រវត្តិសាស្ត្រ​សរសេរ​ថាមាន​ស្លាប់​ដល់​រាបសិប​ពាន់​នាក់។ ហើយ​ លោក ហ្វ្រង់ស័រ​ហូឡង់ ក៏​មិន​បាន​ថ្លែង​សុំ​ទោស​​ក្នុង​នាម​ប្រទេស​បារាំង​ដែរ។

តាំង​ពី​ឡើងកាន់​អំណាច​ នៅ​ឆ្នាំ​២០១២​មក ប្រមុខ​រដ្ឋ​បារាំង ហ្វ្រង់ស័រ​​ ហូឡង់ បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​អំពើ​អាណានិគម​ជា​ច្រើន ដូច​ជា​នៅប្រទេសសេណេហ្កាល់ ឬ​នៅ​ប្រទេស​កាមឺរូន ថ្ងៃ​នេះ នៅ​ប្រទេស​ម៉ាដាហ្កាស្កា តែ​លោក​មិន​ដែល​បាន​បង្ហើប​អំពី​ការ​ប្រមាញ់​សម្លាប់​ពួក​ទាមទារ​ឯករាជ្យ​អាល់ហ្សេរី​ នៅឆ្នាំ​១៩៦១ រហូត​ដល់​​កណ្តាលក្រុងប៉ារីស​ឡើយ។

លោក ហ្វ្រង់ស័រ ហូឡង់ បាន​ទៅ​​គោរពវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ឧក្រិដ្ឋកម្ម​សម័យ​អាណានិគមបារាំងគ្រប់​កន្លែង តែ​គ្មាន​សោះ​ឡើយ​ពាក្យ​សុំ​ទោស​ចំពោះ​ទង្វើ​របស់​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ