អានតួអត្ថបទ

អាល្លឺម៉ង់ ចោទ​រុស្ស៊ីជា​អ្នក​វាយប្រហារ​អ៊ីនធ័រនែត

បន្ទាប់​ពី​អាមេរិក ដល់​វេន​អាល្លឺម៉ង់​ម្តង ដែល​ធ្វើ​ការ​ចោទ​ប្រកាន់​រុស្ស៊ី​ ក្នុង​សកម្មភាព​វាយប្រហារ​តាម​អ៊ីនធ័រនែត។ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ អង់ហ្គឺឡា មែរកិល ​បាន​អះអាង​នៅ​ថ្ងៃអង្គារ​នេះ ថា មាន​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​​ជា​ច្រើន​ ជា​ស្នាដៃ​របស់​រុស្ស៊ី ចង់​មក​រំខាន​អាល្លឺម៉ង់ជិត​បោះឆ្នោត។ ដូច្នេះ​​​អាល្លឺម៉ង់ ត្រូវ​រៀន​រស់​ដោយ​ប្រឈម​នឹង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត ដែល​មាន​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ។

លោកស្រី​ប្រមុខ​រដ្ឋាភិបាល អាល្លឺម៉ង់ អង់ហ្គឺឡា មែរកិល
លោកស្រី​ប្រមុខ​រដ្ឋាភិបាល អាល្លឺម៉ង់ អង់ហ្គឺឡា មែរកិល REUTERS/Axel Schmidt
ផ្សាយពាណិជ្ជកម្ម

អាល្លឺម៉ង់ សង្ស័យ​ថា ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត កាន់​តែ​ច្រើន​ឡើងៗ​នារយៈ​ពេល​ចុងក្រោយ​នេះ គឺ​ជា​ស្នាដៃ​របស់​ម៉ូស្គូ ដែល​ចង់​បង្ក​អស្ថិរភាព​នយោបាយ​របស់​អឺរ៉ុប និយាយជា​រួម និង​ជា​ពិសេស​ប្រទេស​អាល្លឺម៉ង់ ព្រោះ​នៅ​សល់​មិន​ដល់​មួយ​ឆ្នាំ​ទៀតទេ អាល្លឺម៉ង់​នឹង​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​សភា !

ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត បាន​ដៅ​មហាអំណាច​ទី​មួយ​​របស់​អឺរ៉ុប កាលពី​ម្សិលមិញ ដោយ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​អាល្លឺម៉ង់​ ជួប​ភាព​រអាក់​រអួល​យ៉ាង​ខ្លាំង។ ពលរដ្ឋ​អាល្លឺម៉ង់​ជាង​មួយ​លាន​នាក់ គ្មាន​ប្រព័ន្ធ​អ៊ីនធ័រនែត​ប្រើប្រាស់ តាំង​ពី​ថ្ងៃ​អាទិត្យ​មក​។ ថ្វីបើ​អាល្លឺម៉ង់​ពុំ​ទាន់​​ចោទ​ប្រកាន់នរណា​​​ជា​ផ្លូវការ​ចំពោះ​ការ​វាយប្រហារ​​អ៊ីនធ័រនែត​ម្សិលមិញ​នេះ​មែន តែ​ភ្នាក់ងារ​សន្តិសុខ​បាន​រក​ឃើញ​​​កម្មវិធីវាយលុក​​​Mirai ផលិត​ដោយ​​ក្រុមចោរ​រុស្ស៊ីSofacy។​ កម្មវិធី​នេះ​អាច​ចូល​ទៅ​រំខាន​ប្រព័ន្ធអ៊ីនធ័រនែត​​តាម​ផ្ទះ ប្រព័ន្ធ​ថតវីដេអូ កាមេរ៉ាសុវត្ថិភាព ឯកជន​ និង​ជា​​ទ្រង់ទ្រាយ​ធំ​ដូច​ដែល​គេ​ធ្លាប់​វាយប្រហារ​វិបសៃត៍​សភា​អាល្លឺម៉ង់ កាលពី​ឆ្នាំ២០១៥ ដែល​ជា​ស្នាដៃ​របស់​រុស្ស៊ី។

លោក​ស្រី អង់ហ្គឺឡា មែរកិល មិន​ចោទ​រុស្ស៊ី​ដោយ​ចំ​មែន​នៅ​ថ្ងៃ​នេះ តែ​លោកស្រី​​ប្រមុខ​រដ្ឋាភិបាល បាន​អំពាវនាវ​ឱ្យ​អាល្លឺម៉ង់​ចេះ​ប្រុង​ប្រយ័ត្ន និង​ចេះ​រស់​ប្រឈម​នឹង​ការ​វាយប្រហារ​អ៊ីនធ័រនែតមក​ពី​រុស្ស៊ី ដែល​មាន​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​។ សម្រាប់​លោកស្រី​ប្រមុខ​រដ្ឋាភិបាល ការ​វាយការប្រហារ​មាន​កាន់​ខ្លាំង​តាម​ប្រព័ន្ធអ៊ីនធ័រនែត តែ​មិន​មែន​ការ​​រំខាន​ ហើយ​គេ​ត្រូវ​ចេះ​ធ្វើ​នយោបាយជាមួយ​នឹង​ការ​វាយប្រហារតាម​អ៊ីនធ័រនែត។

​​
សូម​បញ្ជាក់​ថា​ អាល្លឺម៉ង់ ធ្លាប់​បាន​ធ្វើ​ការ​ចោទ​ប្រកាន់រុស្ស៊ី ​ជា​ញយ​ដង​មក​ហើយ នារយៈ​ពេល​ប៉ុន្មាន​ខែ​នេះ ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ក្រុម​ចោរ​អ៊ីនធ័រនែត។ ជា​ការ​វាយប្រហារ​និង​លួច​ចូល​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​អឺរ៉ុប ដោយ​ដៅ​លើ​សភា​អាល្លឺម៉ង់​ផង លើ​បក្ស​នយោបាយ​ផង។ លោកស្រី មែរកិល ដែល​បាន​សម្រេច​ឈរ​ឈ្មោះ​ជា​លើក​ទី​បួន ក៏ធ្លាប់​បាន​ព្រមាន​រួច​ហើយ​អំពី​ចេតនា​រុស្ស៊ី​ក្នុង​ការ​បំពុល​​ព័ត៌មាន​ និង​វាយប្រហារ​តាម​អ៊ីនធ័រនែត​​ទាក់ទង​នឹង​ការ​​បោះឆ្នោត​សភាអាល្លឺម៉ង់​ឆ្នាំ​២០១៧៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ