អានតួអត្ថបទ

​អាល្លឺម៉ង់​ចាប់​​​ភ្នាក់ងារចារកិច្ចខ្លួនឯងដែល​មាន​គម្រោងធ្វើ​​ភេរវកម្មជីហាត

ជា​ដង្កូវ​ចេញ​ពី​សាច់ឬ ? នៅ​ថ្ងៃអង្គារ​នេះ ទីភ្នាក់ងារ​ចារកិច្ច​​អាល្លឺម៉ង់ បាន​ចាប់​ខ្លួន​ចារបុរស​របស់​ខ្លួន ដែល​ជាប់​សង្ស័យ​ថា​ជា​ជន​អ៊ីស្លាម​ជ្រុល​និយម​ និង​ដែល​បាន​បញ្ចេញ​ព័ត៌មាន​ផ្ទៃ​ក្នុង​​លើ​ប្រព័ន្ធអ៊ីនធ័រនែត។​ នេះ​បើ​តាម​ការិយាល័យ​ចារកិច្ច​អាល្លឺម៉ង់។ ​ប៉ុន្តែ​ បើ​តាម​ប្រភព​សារព័ត៌មានវិញ​ ជន​សង្ស័យ​​នោះមាន​ផែនការ​វាយប្រហារ​ភេរវកម្ម​ប្រឆាំង​នឹង​ទីស្នាក់ការ​កណ្តាល​របស់​ភ្នាក់ងារ​​ប៉ូលិស​ចារកិច្ច​អាល្លឺម៉ង់ តែ​ម្តង​ផង។

សកម្មភាព​ប៉ូលិស​អាល្លឺម៉ង់​ក្នុង​ប្រតិបត្តិការ​ចាប់​ពួក​អ៊ីស្លាម​ជ្រុលនិយម​ជីហាត
សកម្មភាព​ប៉ូលិស​អាល្លឺម៉ង់​ក្នុង​ប្រតិបត្តិការ​ចាប់​ពួក​អ៊ីស្លាម​ជ្រុលនិយម​ជីហាត FLORIAN KATER / DPA / AFP
ផ្សាយពាណិជ្ជកម្ម

ការិយាល័យ​ការពារ​រដ្ឋធម្មនុញ្ញអាល្លឺម៉ង់ ឬ ទីភ្នាក់ងារ​ចារកិច្ចផ្ទៃក្នុង​​ បានចេញ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់ដំណឹង​​ដែល​មាន​សរសេរ​ក្នុង​សារព័ត៌មាន​ថា​ពិត​ជា​បាន​​ព្រលាត់​វែក​មុខ​​ជន​អ៊ីស្លាម​ជ្រុលនិយមម្នាក់​ លាក់​ខ្លួន​នៅ​ក្នុង​ចំណោម​សហការី​ចារបុរសមែន។ ប៉ុន្តែ​ទាំង​ការិយាល័យ ទាំង​កាសែត​ គ្មាន​នរណា​បាន​លើក​ឡើង​អំពី​ចំណង​ទាក់ទង​របស់​ជនសង្ស័យ​នោះជាមួយ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​ឡើយ។

មាន​អាយុ​៥១​ឆ្នាំ ជាតិ​អាល្លឺម៉ង់ ផ្តាច់​ខ្លួន​ជា​ជន​អ៊ីស្លាម ​ កាលពី​ឆ្នាំ​២០១៤ ដោយ​គ្មាន​ក្រុមគ្រួសារ​ដឹង និង​ជា​អតីត​បុគ្គលិក​ក្នុង​​ធនាគារ​ មាន​កូន​ មាន​គ្រួសារ ជនជាប់​សង្ស័យ​នេះបាន​ចូល​មក​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​ចារកិច្ច​ កាលពី​ខែ​មេសា​កន្លង​ទៅ​ ដោយ​មានភារៈ​​តាមដានពួក​​អ៊ីស្លាម​ជ្រុលនិយមជីហាត​​​នៅ​អាល្លឺម៉ង់ ចំនួន​ប្រមាណ ៩២០០​នាក់ ក្នុង​នោះ​១២០០​ ជា​ស្នូល​ជីហាត​អាច​នឹង​បញ្ចេញសកម្មភាព​ភេរវកម្ម​វាយប្រហារ​ប្រទេស។

ភ្នាក់ងារ​ចារកិច្ច​មិន​បាន​ចាប់​ឃើញ​មាន​សញ្ញា​អ្វីប្លែក​ នៅ​ពេល​ជ្រើសរើស​បេក្ខភាពនិង​បំពាក់បំប៉ន​​ចារបុរសនោះ​ទេ​ ! គឺ​ទើប​តែកាលពី​មួយ​​ខែ​មុន​នេះប៉ុណ្ណោះ ដែល​គេ​ចាប់​ផ្តើម​សង្ស័យ​ ដោយ​ឃើញ​មាន​ការ​បញ្ចេញ​ព័ត៌មាន​រសើបៗ​ផ្ទៃក្នុង​របស់​ភ្នាក់ងារ​បង្ហោះ​ផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត។ ជន​នេះ​ទំនង​ជា​បាន​ចម្រោះ​ព័ត៌មាន​ដើម្បី​អាច​រៀប​ចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​ទីស្នាក់ការ​កណ្តាល​របស់​ភ្នាក់ងារ​ចារកិច្ចអាល្លឺម៉ង់ នៅក្រុង​កូឡូញ​។

ក្នុង​សារ​ឆ្លើយ​ឆ្លង​តាម​អ៊ីនធ័រនែត ដៃគូ​សន្ទនា ក៏​ជា​សហការី​ក្នុង​ផ្នែកចារកិច្ច​ដែរ ដែល​ភ្នាក់ងារ​បាន​ចាប់​ផ្តើម​បើក​អង្កេត​រក​ហើយ។ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ដដែល គ្មានអ្វី​ដែល​អាច​បញ្ជាក់​បាន​ថាជនសង្ស័យ​នោះភ្ជាប់​ខ្សែ​ជាមួយ​មនុស្ស​ផ្សេង ហើយ​ព័ត៌មាន​ផ្ទៃក្នុង​បាន​ធ្លាក់​ទៅ​ដល់​ពួក​អ៊ីស្លាម​ជ្រុលនិយម​ទេ។ អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​ចារកិច្ច​ក៏​បានលើក​ឡើង​ដែរ​ថា​គ្មាន​សញ្ញា​អ្វី​បង្ហាញ​ពីភាព​គ្រោះ​ថ្នាក់​ដោយ​ជាក់​ស្តែង គំរាមកំហែង​សន្តិសុខ​ឡើយ។

សូម​បញ្ជាក់​ថា​អាល្លឺម៉ង់ ​រង​ការ​វាយប្រហារភេរវកម្ម​ច្រើន​លើក​ច្រើន​សារ​ណាស់ ពី​សំណាក់​ជនអ៊ីស្លាមជ្រុលនិយម ធ្វើ​សកម្មភាពទោល តែ​សំណាង​ល្អ​មិន​ធ្លាប់​រងគ្រោះ​ធ្ងន់ធ្ងរ​ដូច​បារាំង​និង​បែលហ្សិក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ