អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូនសិស្ស​បារាំង​ជាប់​ចំណាត់​ថ្នាក់​ក្រោយ​គេ​ខាង​គណិត​និង​វិទ្យាសាស្ត្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាប់​លេខ​ប៉ូច​គេ ខាង​គណិត​វិទ្យា ជាប់​លេខ​បន្ទាប់​ផុត លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ ! នេះ​ហើយ​ជា​ចំណាត់​ថ្នាក់​ទូទៅ​របស់​សិស្ស​បារាំង បើប្រៀប​ទៅ​នឹង​បណ្តា​ប្រទេស​នៅក្នុង​សហភាព​អឺរ៉ុប។ នៅ​ចំពោះ​មុខ​លទ្ធផល​ចុង​កន្ទុយ​គេ ដែល​ពិបាក​ទទួល​យក​បំផុត​នេះ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ស្រែក​បន្ទោស​រដ្ឋាភិបាល​មុន​ ថា​បាន​​ធ្វើ​កំណែទម្រង់​ដើម្បី​ប្រយោជន៍​នយោបាយ តែ​បាន​បូជា​សិស្ស​អស់​មួយ​ជំនាន់។ ចុះ​តើ​សិស្ស​​ប្រទេស​ណា​មានកំរិត​សិក្សា​គណិតវិទ្យាខ្ពស់​ជាង​គេ ? ហេតុអ្វី​បារាំង​អន់​ខ្លាំង​ម្ល៉េះ ?

ប្រធានាធិបតី​បារាំង​និង​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ (រូបឆ្វេង) ចុះ​ទៅ​តាម​សាលារៀន​បឋម​សិក្សា​ថ្ងៃបើក​បវេសនកាល ២០១៥
ប្រធានាធិបតី​បារាំង​និង​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ (រូបឆ្វេង) ចុះ​ទៅ​តាម​សាលារៀន​បឋម​សិក្សា​ថ្ងៃបើក​បវេសនកាល ២០១៥ REUTERS/Jacky Naegelen
ផ្សាយពាណិជ្ជកម្ម

កូន​សិស្ស​ថា្នក់​ទី​បួន​បារាំង ខ្សោយ​គណិតវិទ្យា និង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ខ្លាំង​ណាស់ ! ដោយ​​មាន​កំរិត​ចំណេះ​ដឹង​ទាប​ជាង​មធ្យម​ភាគ​អន្តរជាតិ​ និង​អឺរ៉ុប​ឆ្ងាយ​ណាស់ ! នេះ​បើ​តាម​របាយការណ៍​សិក្សា​របស់​សមាគមន៍អន្តរជាតិ​ផ្នែក​វាយតម្លៃ​ជោគជ័យ​ក្នុង​ការ​សិក្សា​ IAE ដែល​ជា​ស្ថាប័ន​វិទ្យាសាស្ត្រ​មាន​ទីស្នាក់ការ​នៅ​អាមេរិក បន្ទាប់ពី​បាន​ធ្វើ​ការសិក្សា​​អង្កេត​​​ ធ្វើ​តេស្ត​លើ​សិស្ស​ថ្នាក់​ទី​បួន ចំនួន​រាប់​សិបពាន់​នាក់​ នៅក្នុង​ប្រទេស​ចំនួន​៤៩ ក្នុង​អំឡុង​រដូវ​ផ្ការីក ក្នុង​​ឆ្នាំសិក្សា​​២០១៥។

ចំណាត់​ថ្នាក់​​ល្អ​ជា​ង​គេ ខាង​ផ្នែក​គណិតវិទ្យា ពី​លេខ​មួយ​ដល់​លេខ​៥ បាន​ធ្លាក់​ទៅ​លើសិស្ស​នៃ​​ក្រុម​ប្រទេស​នៅ​អាស៊ីខាង​កើត គឺ សិង្ហបុរី ហុងកុង កូរ៉េខាង​ត្បូង តៃវ៉ាន់ និង​ជប៉ុន។ ប្រទេស​នៅ​ទ្វីប​អឺរ៉ុប ដែល​ជាប់​លេខ​ល្អ​ជាង​គេ គឺ​ប្រទេស​អៀរឡង់​ខាង​ជើង ជា​តំណាង​ប្រទេស​អឺរ៉ុប​ទី​មួយ ដែល​មាន​ចំណាត់​ខ្ពស់​​គេ​បំផុត​​ផ្នែក​គណិតវិទ្យា ដោយ​ដណ្តើម​បាន​ចំណាត់​ថ្នាក់​អន្តរជាតិ​លេខ​៦។

 

​ចំណែក​បារាំង​វិញ មិន​ដឹង​ស្ថិត​នៅ​លំដាប់​ទី​ប៉ុន្មាន​ទេ ព្រោះ​សិស្ស​បារាំង​មិន​ទាំង​ជាប់​មធ្យមភាគ​អន្តរជាតិ​ផង។ ហើយ​បើ​គិត​តែ​​ក្នុងរវង្វង់​​សហភាព​អឺរ៉ុប​ បារាំង​ស្ថិត​នៅ​លំដាប់​បន្ទាប់​ប៉ូច​ ដោយ​ឈ្នះ​តែ​ប្រទេស​ស្លូវានី​មួយ​ប៉ុណ្ណោះ ខណៈ​ដែលប្រទេស​ជិត​ខាង​​ អៀរឡង់​ខាង​ជើង អៀរឡង់ និង​អង់គ្លេស​ ឡើង​តារាង​កិត្តិយស។

 

ខាង​ផ្នែក​វិទ្យាសាស្ត្រ​វិញ ប្រទេស​នៅ​អាស៊ី​ទាំង​៥​ដែល​រៀបរាប់​ខាង​លើ នៅ​តែ​​នាំ​មុខ​គេ​រក្សា​ចំណាត់​៥​ដំបូង​ដដែល​ តែ​ចំពោះ​មុខ​វិជ្ជា​នេះ ​រុស្ស៊ីបាន​ឡើង​ជាប់​លេខ​៦។ ហ្វាំងឡង់ ជា​ប្រទេស​លេខ​មួយរបស់​​អឺរ៉ុប ស្ថិត​នៅ​លំដាប់​លេខ​៧។ ឯ​បារាំង​វិញ ​គ្មាន​ភ្ញាក់​ផ្អើល ស្ថិត​ចុង​ប៉ូចគេ​​ដដែល​ គ្រាន់​បើ​ជាង​ប្រទេស​ស៊ីប​មួយ​តែ​ប៉ុណ្ណោះ។

 

សមាគមន៍​បាន​រៀប​ចំ​ធ្វើ​ការ​សិក្សាផ្តល់​ចំណាត់​ថ្នាក់​​បែប​នេះ ជា​រៀងរាល់​ឆ្នាំ តាំង​ពី​ឆ្នាំ​១៩៩៥​មក ប៉ុន្តែ​បារាំង​ទើប​ចូល​រួម​ជា​លើក​ទី​មួយ​នៅ​ឆ្នាំ​២០១៥​នេះ​ប៉ុណ្ណោះ។ ហើយ​នៅ​សប្តាហ៍​ក្រោយ អង្គការ​អន្តរជាតិ​មួយ​ទៀត ដ៏​ល្បី​ឈ្មោះ ក៏​នឹង​ត្រូវ​ផ្សព្វផ្សាយ​​ការ​វាយតម្លៃ​កំរិត​សិក្សា​នៅ​សាលា​បឋម​សិក្សា​ មុន​ការ​ធ្វើកំណែទម្រង់​ច្បាប់​ និង​កម្មវិធី​សិក្សា​នៅ​បឋម​និងអនុវិទ្យាល័យ ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​របស់​លោក​ហ្វ្រង់ស័រ ហូឡង់។ ប៉ុន្តែ​ក៏​ទំនង​ជា​នឹង​ផ្តល់​លទ្ធផល​ប្រហាក់​ប្រហែល​នឹង​របាយការណ៍​របស់​សមាគមន៍ ​IAE ដែរ។

 

ចុះ​ហេតុអ្វី​បាន​ជា​សិស្ស​បារាំង​មាន​កំរិត​សិក្សា​ខ្សោយ​ជាង​គេ​ខ្លាំង​ម្ល៉េះ ?

 

ដោយ​គ្មាន​បង្អង់ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោកស្រី ណាហ្សា វ៉ាឡូ-បែលកាសឹម ដ៏​ក្មេង​ខ្ចី បានទម្លាក់​ទំនួល​ខុស​ត្រូវ​ទៅ​លើ​រដ្ឋាភិបាល​លោក សាកូហ្ស៊ី (២០០៧-២០១២) ដែល​មាន​​លោក​​ហ្វ្រង់ស័រ ហ្វីយ៉ុង​ ​ជា​នាយក​រដ្ឋមន្ត្រី។ ​សិស្ស​ថ្នាក់ទីបួននៅ​​ឆ្នាំ​២០១៥នេះ បាន​ចូល​រៀន​ថ្នាក់ទី​មួយ​នៅ​ឆ្នាំ​២០១១។ ដូច្នេះ​ជា​ជំនាន់​​រង​ថ្ម​បាក់ នៃ​កម្មវិធី​សិក្សាដ៏​ទន់ខ្សោយ កំណត់​ដោយ​​​​រដ្ឋាភិបាល​លោក ​ហ្វីយ៉ុង តាំង​ពី​ឆ្នាំ​២០០៨​មក តែ​​ត្រូវ​បាន​ប្តូរ​ផ្លាស់​ហើយ​នៅ​ឆ្នាំ​២០១៦។

 

​លោកស្រី​រដ្ឋមន្ត្រី​ បានឆ្លៀត​​វាយប្រហារ​ លោក ហ្វ្រីយ៉ុង ដែល​ទើប​ជាប់​ឆ្នោតជា​បេក្ខជន​ប្រធានាធិបតី​បក្ស​ស្តាំ​និយម​បារាំង​ថ្មីៗ ដោយ​​បន្ទោស​​​ចំៗថា នយោបាយ​របស់​រដ្ឋាភិបាល​ចាស់ លុប​ចោលការ​បណ្តុះ​បណ្តាល​​គ្រូបង្រៀន កាត់​បន្ថយ​តិចទៅៗ វគ្គបំពាក់បំប៉នគ្រូ​ខ្លីៗ និង​លុប​ចោល​ការងារ​គ្រូបង្រៀន​អស់​៨​ម៉ឺន​​នាក់ នៅ​ក្នុង​សម័យ​គ្រប់គ្រង​របស់​លោក​សាកូហ្ស៊ី ទើប​ឱ្យ​បារាំង​ជួប​លទ្ធផល​​អាក្រក់ និងដូច​ជា​បាន​​បូជា​សិស្ស​អស់​មួយ​ជំនាន់​។

 

រដ្ឋមន្ត្រី​ទំលាក់​កំហុស​លើ​អ្នក​នយោបាយ អាច​ចាត់​ទុក​ថា​ជា​ឱកាស​វាយប្រហារ​គ្នា​យកចំណេញ ប៉ុន្តែ​តំណាង​សហជីព​គ្រូប​ង្រៀន​​បឋម​សិក្សា​ ក៏​បាន​ពន្យល់​ហេតុផល​ស្រដៀង​នឹងលោកស្រី​រដ្ឋមន្ត្រី ដោយ​បាន​គូស​បញ្ជាក់​ថា កម្មវិធី​សិក្សា​កំណត់​ដោយ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០០៨ មិន​ល្អ​ទេ ប្រើ​វិធី​បែប​ចាំ​ស្វ័យប្រវត្តិ​ច្រើន​ជាង​ការ​ពន្យល់​លម្អិត​ឱ្យ​យល់។ តាម​រយៈ​កម្មវិធី​នោះ គ្រូ​ធ្វើការ​ច្រើន​ម៉ោង​ ដូច​ចង់​ញាត់​បញ្ចូល​ក្នុង​ខួរ​ក្បាល​សិស្ស បង្រៀន​គណិតវិទ្យា​ដល់​ទៅ ១៩៣​ម៉ោង​ក្នុង​មួយឆ្នាំ ទល់​នឹង​១៥៨​ម៉ោង​ នៅ​តាម​បណ្តា​ប្រទេស​ក្នុង​អឺរ៉ុប​ផ្សេង​ទៀតហើយ នៅ​តែ​មាន​លទ្ធផល​មិន​ល្អ។ មិន​តែ​ប៉ុណ្ណោះ​សោត គ្រូបង្រៀន​ទាំង​ឡាយ​ស្ថិត​ក្នុង​សម្ពាធ​យ៉ាង​ខ្លាំង ដោយ​មាន​ការ​លុបវគ្គ​បណ្តុះ​បណ្តាល​និង​បំពាក់បំប៉ន​។

 

សូម​បញ្ជាក់​ថា​នៅ​ក្នុង​របាយការណ៍​សមាគមន៍​វាយ​តម្លៃ​កំរិត​សិក្សា​ ក៏​បាន​បង្ហាញ​អំពី​សមត្ថភាព​របស់​គ្រូ​បារាំង​ដែរ ថា​គ្មាន​​សិល្ប៍​វិធី​បង្រៀន​និង​មិន​សូវ​ចេះ​ពន្យល់​ឱ្យ​សិស្ស​ឆាប់​យល់​ និង​មាន​ជំនក់​ចិត្ត​ក្នុង​ការ​សិក្សា​ទេ។ វា​ពិត​ជា​មិន​ចម្លែក​ឡើយ​ព្រោះ​ថា ៨០%​នៃ​គ្រូបង្រៀន​នៅ​បឋម​សិក្សា​ មាន​ប្រវត្តិ​សិក្សា​ខ្លួន​ឯង​មិន​ពូកែ​ខាង​វិទ្យាសាស្ត្រ​ និង​គណិតវិទ្យា​ទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ