អានតួអត្ថបទ

AIEA ព្រមាន​ពី​គ្រោះភេរវកម្ម​នុយក្លេអ៊ែរ

ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ហៅកាត់​ថា AIEA ដែល​កំពុងរៀប​ចំ​បើក​សន្និសីទអន្តរជាតិ​ ស្តី​អំពី​សុវត្ថិភាព​នុយក្លេអ៊ែរ​ នៅ​ទីក្រុង​វីយ៉ែន បាន​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​នេះ អំពី​គ្រោះ​ហានិភ័យ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ប្រឆាំងនឹងទីតាំង​ ឬ​សម្ភារៈ​នុយក្លេអ៊ែរ​។

លោក Yukiya Amano អគ្គលេខាធិការ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ
លោក Yukiya Amano អគ្គលេខាធិការ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

ពួក​ភេរវជន ឬ​ក្រុម​ឧក្រិដ្ឋជន​ ទាំងឡាយ កំពុង​តែ​ស្វែង​រកគ្រប់​​មធ្យោបាយ​ និង​រង់ចាំ​ឆក់​ឱកាស​​រក​ចំណុច​ខ្សោយពី​ប្រព័ន្ធ​សុវត្ថិភាព​នុយក្លេអ៊ែរពិភពលោក​ ឃើញ​ភ្លាម​​ នឹង​ធ្វើការ​វាយប្រហារ​ភ្លាម។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គលេខាធិការ​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ លោក យូគីយ៉ា អាម៉ាណូ នៅ​ចំពោះ​មុខ​អ្នកជំនាញ​និង​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​១៦៨​ប្រទេស​ ដោយ​ថែម​គូសបញ្ជាក់​ថា គ្រប់​ប្រទេស​មាន​នុយក្លេអ៊ែរ​សុទ្ធ​តែ​ជា​ចំណុច​ដៅ​នៃ​ការ​វាយប្រហារ​ពី​សំណាក់​ជន​អន្ធពាល​ទាំង​អស់។

ទិសដៅ​នៃ​ការ​ការ​វាយប្រហារ​របស់​ពួក​គេ​ អាច​ជា​​ទីកន្លែង​ ឬ​ជា​​​សម្ភារៈ​ផ្ទុក​សារធាតុ​វិទ្យុ​សកម្ម​ សម្រាប់​បម្រើបម្រាស់​ក្នុង​វិស័យ​នុយក្លេអ៊ែរ។ ពួក​ភេរវជន​អាច​ប្រើប្រាស់​សារធាតុវិទ្យុសកម្ម​​ដែល​លួច​បាន សម្រាប់​យក​ទៅផលិត​គ្រាប់​បែក​ប្រល័យ​លោក​ មក​បង្ក​ភេរវកម្ម ឬ​ក៏​ចេញ​ធ្វើ​ភេរវកម្ម​ប្រឆាំង​នឹង​ទីតាំងមាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ដោយ​ផ្ទាល់​​តែ​ម្តង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោកអគ្គលេខា​AIEA បាន​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​ជា​សមាជិក​ទីភ្នាក់ ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដឹក​ជញ្ជូនចេញ​និងចូល​​​សំណល់​​សារធាតុ​វិទ្យុសកម្ម។

ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​គ្រោះ​ហានិភ័យ​នៃ​ការ​វាយប្រហារ​នុយក្លេអ៊ែរ​នេះ ប៉ូលិស​ប៊ែលហ្សិក បាន​​ចេញ​ធ្វើ​ប្រតិបត្តិការ​ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៥ សិក្សា​តាមដានលើ​ខ្សែ​​វីដេអូសុវត្ថិភាព​រាប់​សិប​​ម៉ោង​ ដៅ​អ្នក​​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ឧស្សាហកម្ម​នុយក្លេអ៊ែរ​ប៊ែលហ្សិកម្នាក់។

មជ្ឈមណ្ឌលនុយក្លេអ៊ែរ​បារាំង ក៏​ធ្លាប់​រង​ការ​គំរាមកំហែង​ជា​ច្រើន​ដង​ដែរ ដោយ​ឃើញ​មាន​ដ្រូន​គ្មាន​អត្តសញ្ញាណ​ហោះ​ឆ្វែល​ពី​លើ​តំបន់​សុវត្ថិភាពហាមឃាត់។ កាលពី​ខែ​មិថុនា​២០១៣ ប៉ារីស​បាន​បើក​អង្កេត​ស៊ីជម្រៅ​មួយ បន្ទាប់​ពី​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​អំពី​កង្វះ​ខាត​ដ៏​ធ្ងន់ធ្ងរ​ផ្នែក​សុវត្ថិភាព​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​។

ក្នុង​រយៈ​ពេល​ប្រមាណ​២០​ឆ្នាំ​ចុងក្រោយ​នេះ ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​បាន​រាប់​ឃើញ​មាន​ករណី​រត់​ពន្ធ​​ លួច​ ឬ​បាត់​សារធាតុ​វិទ្យុ​សកម្ម​ដល់​ទៅ​ជាង​២៨០០​ករណី៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ