អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកនាយក​រដ្ឋមន្ត្រី វ៉ាល់ស៍ ​ប្រកាសឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតីបារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ បារាំង​បាន​ភ្ញាក់​ពី​ដំណេក​ជាមួយ​ដំណឹង​ប្រកាស​តែង​តាំង​​​នាយក​រដ្ឋមន្ត្រី​ថ្មី និង​ទីបី គឺ​លោក ប៊ែរណា កាហ្សឺណឺវ។ មូលហេតុ​ មកពី នាយករដ្ឋមន្ត្រី​ចាស់ គឺ​លោក ម៉ាណុយអែល វ៉ាល់ស៍ បានសុំ​​លាលែងចេញ​ពី​តំណែង​ ដើម្បី​មាន​ឱកាស​ពេញ​លេញ​ចេញ​ធ្វើ​យុទ្ធនការ​ឃោសនា​បោះឆ្នោត។ លោក ម៉ាណុយអែល វ៉ាល់ស៍ បាន​ប្រកាស​​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ នៅ​ឆ្នាំ​២០១៧​ ក្រោយ​ពី​លោក​ប្រធានាធិបតី​ ហ្វ្រង់ស័រ​ហូឡង់ សម្រេច​ចិត្ត​ដក​ខ្លួន​មិន​ឈរ​ឈ្មោះ​បន្ត​អាណត្តិ​ទីពីរ។ ជា​មនុស្ស​​ច្បាស់​លាស់ ប្រកប​ដោយ​បុគ្គលិកលក្ខណៈ​មុះមុត ចេះ​សម្រេចចិត្ត​ផាំងៗ តែ​មាន​ចំណុច​ខ្សោយ​​មួយ​គឺ​មិន​សូវ​ត្រូវ​ជាមួយ​សកម្មជនបក្ស​សង្គម​និយម​ដូច​គ្នា។

លោក ម៉ានុយអែល វ៉ាល់ស៍ (Manuel Valls) ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​
លោក ម៉ានុយអែល វ៉ាល់ស៍ (Manuel Valls) ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ REUTERS/Vincent Kessler/File Photo
ផ្សាយពាណិជ្ជកម្ម

បួន​ថ្ងៃ​ក្រោយ​សេចក្តី​សម្រេច​ របស់​លោក​ហ្វ្រង់ស័រ​ហូឡង់មិន​ឈរ​ឈ្មោះ​បន្ត​អាណត្តិនោះ ថ្ងៃ​នេះ​ប្រធានាធិបតី​បារាំង បាន​ធ្វើ​ការ​រុះ​រើ​គណៈ​រដ្ឋមន្ត្រី​ឡើង​វិញ​ ដោយ​លោក​ម៉ានុយអែល វ៉ាល់ស៍​បាន​លាលែង​​ពី​តំណែងនាយករដ្ឋមន្ត្រី ដើម្បី​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ ​នៅ​ឆ្នាំក្រោយ។

ហ្មត់ចត់ មាន​សណ្តាប់​ធ្នាប់ មាន​មហិច្ឆតា លោក ម៉ានុយអែល វ៉ាល់ស៍ មិន​ខ្លាច​នឹង​ប្រើ​​អំណាចក្នុង​ការ​​អារ​កាត់​សេចក្តី​សម្រេចចិត្ត​អ្វី​មួយ​ឡើយ ! ជាក់ស្តែង នៅពេល​មិន​អាច​ប្រមូល​សំឡេង​ភាគ​ច្រើន​គ្រប់គ្រាន់​សម្រាប់​អនុម័ត​ច្បាប់អ្វី​មួយ​ទេ លោក ម៉ានុយអែល វ៉ាល់ស៍ មិន​ខ្លាច​នឹង​ប្រើ​សិទ្ធិ​ជា​នាយករដ្ឋ​មន្ត្រីក្នុង​ការ​ចេញ​ច្បាប់​នេះឱ្យ​ប្រើប្រាស់​ឡើយ។

ជាមនុស្ស​រហ័សរហួន ភ្នែក​ខ្មៅ ចង្កា​ជ្រុង​ មុខ​ចង សម្រាប់​អ្នក​មិន​ពេញ​ចិត្ត តែ​ជា​មិត្ត​ដ៏​ស្រទន់ សម្រាប់​អ្នក​គាំទ្រ លោក ម៉ានុយអែល វ៉ាល់ស៍ នៅ​ក្មេងមែន​តែ​មាន​បទ​ពិសោធន៍​នយោបាយ​ច្រើន និង​ជា​មនុស្ស​សកម្មការងារ​ខ្លាំងណាស់។

មាន​​កំណើត​អេស្ប៉ាញនៅ​ឆ្នាំ​១៩៦២ បាន​សញ្ជាតិ​ជា​បារាំង​នៅ​ឆ្នាំ​១៩៨២ ជា​ឥស្សរជន​នយោបាយ​បក្ស​សង្គម​និយម លោក វ៉ាល់ស៍ ​ ក្លាយ​ជា​អ្នក​ជំនួយការ​សភា​ តាំង​ពី​អាយុ​២៣​ឆ្នាំ។ អាយុ​២៤​ឆ្នាំ​ លោក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សា​តំបន់ Ile de France។ នៅ​ឆ្នាំ​១៩៩៨ លោក​បាន​ចូល​ជា​សមាជិក​ការិយាល័យ​នាយករដ្ឋមន្ត្រី​​​ Michel Rocard។ ជា​អ្នក​ទទួល​ខុសត្រូវ​ផ្នែក​ទំនាក់ទំនង​របស់​នាយក​រដ្ឋមន្ត្រី​ Jospin ពី​ឆ្នាំ​១៩៩៧-២០០២ និង​ជា​ចៅហ្វាយ​ក្រុង​ អេវរី ក្រុង​ជាយ​ជាប់​របង​ប៉ារីស។

លោក ធ្លាប់​ឈរ​ឈ្មោះបេក្ខជន​ប្រធានាធិបតី​ក្នុង​បក្ស​សង្គម​និយម​ នៅ​ឆ្នាំ​២០១២ ហើយ​គ្រាន់​តែ​ចាញ់​ឆ្នោត​ភ្លាម​លោក បាន​សម្តែងការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​លោក ហ្វ្រង់ស័រ ហូឡង់​ ព្រមទាំង​ក្លាយ​ជាមនុស្ស​មិន​អាច​ខ្វះ​បាន​របស់​លោក​ប្រធានាធិបតី។

មុន​នឹងទទួល​នាទី​​ជានាយក​រដ្ឋមន្ត្រី​ លោក ម៉ានុយអែល វ៉ាល់ស៍ ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ជា​ទី​ពេញ​និយម​សម្រាប់​ពលរដ្ឋ​បារាំង​ទាំង​មូល។ លោក ក៏​បាន​ទទួល​ប្រជាប្រិយភាពខ្ពស់​​ជាង​គេ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឥស្សរជន និង​បេក្ខជន​​ក្នុង​បក្ស​ផ្សេង​ទៀត ប៉ុន្តែ​លោក​ក៏​ជា​បុគ្គល​ដ៏​ចម្រូងចម្រាស​ខ្លាំង​ដែរ​នៅ​ក្នុង​បក្ស​។

លោក ម៉ានុយអែល វ៉ាល់ស៍​ និង​ការ​​​បង្រួបបង្រួម​បក្ស
 
ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ក្នុង​បក្ស​ ត្រូវ​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃទី ២២ និង​២៩ មករា ដោយ​មាន​បេក្ខជន​យ៉ាង​ហោច​៨​នាក់ ចូល​ប្រកួត​ប្រជែងគ្នា ក្នុង​នោះ​មាន​ពីរ​រូប​ជា​អតីត​រដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាល​ជាមួយ​លោក​ម៉ានុយអែល វ៉ាល់ស៍​ផ្ទាល់។

ការ​យក​ឈ្នះ​នៅ​ក្នុង​សម័យ​បោះឆ្នោត​ក្នុង​បក្ស​ជា​រឿង​មួយ តែការប្រមូល​ផ្តុំ​កម្លាំង​នយោបាយ​អ្នក​ឆ្វេង​និយម ​ជា​វិញ្ញាសា​ ​ដ៏​លំបាក​បំផុត ! បើ​ធ្វើ​មិន​បាន​ទេ នោះ​លោក ម៉ានុយអែល វ៉ាល់ស៍​ ពិត​ជា​ពិបាក​យក​ឈ្នះ​គូប្រជែង​អ្នក​ស្តាំ​និយម​ខ្លាំងណាស់ ! លោក បាន​យល់​អំពី​ចំណុច​នេះ​ច្បាស់​ណាស់ និង​បាន​សម្តែង​ការ​សង្ស័យ​រួច​មក​ហើយ អំពី​ភាព​ចាំបាច់​នៃ​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​ដើម្បី​ប្រយោជន៍​រួម ឬ​ដើម្បី​យក​ឈ្នះ​សត្រូវ​រួម គឺ​លោក ហ្វ្រង់ស័រ ហ្វីយ៉ុង បេក្ខជន​ប្រធានាធិបតី​បក្ស​ស្តាំ​និយម​ទេ។

ថ្វី​បើ​លោក​មាន​បុគ្គលិក​លក្ខណៈ​ល្អ គ្មាន​ប្រវត្តិ​ជាប់​អាស្រូវ​មែន និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាងគេ​មែន តែ​ឥស្សរជន​ក្នុង​បក្ស​ ឬ​អ្នក​ឆ្វេង​និយម​មួយ​ចំនួន ចាត់​ទុក​លោក​ជា​សត្រូវ ហើយ​អ្នក​ខ្លះ​ទៀតហ៊ាន​ដល់​ទៅ​​ចាត់​ទុក​ថា​លោក​មិន​មែន​ជា​អ្នក​សង្គម​និយម​ទេ។

​​កម្មវិធីសេដ្ឋកិច្ច​និង​សង្គម

លោក វ៉ាល់ស៍​ បាន​តាំង​ខ្លួន​ជា​អ្នក​សង្គម​និយម​បែប​ថ្មី ដែលបាន​ប្រកាស​​ចូល​ចិត្ត និង​ស្រលាញ់​​ក្រុមហ៊ុន​សហគ្រាស ! ព្រោះ​ ​ក្រុមថៅកែ​សហគ្រាស ជា​អ្នក​នាំ​ភាព​មាន​បាន​ដល់​ប្រទេស​និង​ ជា​អ្នក​បង្កើត​ទីផ្សារ​ការងារ។ លោក​ធ្លាប់​ទាំង​បាន​ព្រលយ​ពាក្យ​ចង់​សើ​រើ​ ច្បាប់ការងារ​ ទាក់ទង​នឹង​រយៈ​ពេល​​ធ្វើ​ការ​៣៥​ម៉ោង​ក្នុង​មួយ​សប្តាហ៍ផង។ លោក​ជា​ប្រមុខ​រដ្ឋាភិបាល​សង្គមនិយម ដែល​ស្វាគមន៍​ទះដៃ​អបអរ​សាទរ​ដោយ​ក្រុម​ថៅកែ។ ជា​ជំហរ​នយោបាយ​​បែប​សេរីនិយម​ជ្រុល​សម្រាប់​ក្រសែភ្នែក​អ្នក​ឆ្វេង​និយម​បារាំង។

លោក​ ជា​មនុស្ស​ដំបូង​គេ​ក្នុង​បក្ស-មុន​លោក​ហ្វ្រង់ស័រ ហូឡង់​ទៅ​ទៀត ​ដែល​បាន​បង្ហាញ​ជំហរ​បែប​សេរីសង្គមនិយម​ បន្ធូរ​បន្ថយ​ពន្ធដារ ផ្តល់​ភាព​ប្រកួតប្រជែង​ដល់សហគ្រាស កាត់​បន្ថយ​ចំណាយ​សាធារណៈ។ តែ​​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ឆ្វេង​និយម លោក​បាន​បន្ទន់​នយោបាយ​សង្គមសេរីនិយម តាំង​ពី​ប៉ុន្មាន​ខែ​មក​ហើយ ដោយ​ងាក​ទៅ​ចាត់​វិធានការ​លើ​នយោបាយ​ការពារ​តែ​ប្រយោជន៍​ជាតិ​ឯង​ និងដល់​សង្គម​ ដោយ​​ចង់​កំណត់​​ចំណូល​សកល និង​ផ្តល់​ការ​ឧបត្ថម្ភ​ដល់​យុវជនលើស​ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ