ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/11 12h00 GMT

អូតង់​ខិតរក​អឺរ៉ុប មុន​​លោក ត្រាំចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក

អូតង់​ខិតរក​អឺរ៉ុប មុន​​លោក ត្រាំចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក
 
លោកអគ្គលេខាធិការ​អង្គការ​អូតង់ Stoltenberg ក្នុង​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ ថ្ងៃទី ៦ ធ្នូ ២០១៦ © Reuters

អូតង់​និង​អឺរ៉ុប បាន​ទុក​ដាក់​ភាព​ប្រកួត​ប្រជែង​គ្នា​មួយ​ម្តុំ​សិន​ ដោយ​បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃអង្គារ​នេះ លើ​កម្មវិធី​មាន​៧​ចំណុច រាប់​តាំងពី​ការ​ការពារ​ប្រឆាំង​នឹង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត ទៅ​ដល់​សង្គ្រាម​ព័ត៌មាន​វិទ្យា។ ការ​ព្រមព្រៀង​នេះធ្លាក់​មក​ជួន​ចំពេលដែល​អឺរ៉ុប​កំពុង​ព្រួយ​បារម្ភ​នឹង​អាមេរិក​ មេ​ដឹកនាំ​ចលនា​អូតង់ មាន​ប្រធានាធិបតីថ្មី​ ដូណាល់ ត្រាំ ត្រៀម​ខ្លួន​​នឹង​ចូល​កាន់​តំណែង​។

កិច្ចព្រមព្រៀង​អឺរ៉ុប​-អូតង់​ ដែល​ត្រូវ​បាន​សម្រេច​ឡើង នា​ឱកា​សជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​​អូតង់ នៅ​ទីក្រុង​ព្រុចសែល ដោយ​មានវត្តមាន​​​លោក ចន ឃែរី ប្រមុខ​ការទូត​អាមេរិកជា​លើក​ចុងក្រោយផង  គ្មាន​លក្ខណៈ​ដាក់​កំហិត​ទេ និង​អនុញ្ញាត​ឱ្យ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប មិន​មែន​អូតង់ ក៏​អាច​ទទួល​បាន​ការ​គាំទ្រ​យោធា​ពី​អាមេរិក​ដែរ។

អឺរ៉ុប​និង​អូតង់​គ្រោង​នឹង​មាន​អ្នក​ឯកទេស​​សហការ​គ្នា​ក្នុង​តាម​ចាប់​ ចាំ​ប្រឆាំង​នឹង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត និង​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ប្រឈម​នឹង​ការ​វាយប្រហារ​ព័ត៌មាន​វិទ្យា​បែប​នេះ។ នៅ​លើ​ផ្ទៃ​ទឹក ជាក់​ស្តែង​នៅ​ក្នុង​មហាសមុទ្ទ​មេឌីទែរ៉ាណេ​វិញ បើ​តាមគម្រោងព្រមព្រៀង អឺរ៉ុប​និងអូតង់ នឹងកាន់​ដៃ​គ្នា​ពង្រឹង​ពង្រីក​ប្រតិបត្តិការ​ ដើម្បី​ធ្វើ​យ៉ាង​ណាឱ្យ​ស្ថាប័ន​ទាំង​ពី​រ​នេះ​បញ្ចប់​ភាព​ជា​គូប្រជែង ដូច​ពី​មុន​ទៀត។

 

ក្នុង​បរិបទសន្តិសុខ​​បច្ចុប្បន្ន ដែលមាន​ការ​​ប្តូរ​ផ្លាស់​ខ្លាំង វា​គឺ​ជា​ការ​ប្រសើរ​បំផុត​ដែល​អឺរ៉ុប​និង​អូតង់​រួម​ផ្តុំ​កម្លាំងគ្នា ដើម្បី​ងាយ​នឹង​ប្រឈម​នឹង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​មក​ពី​រុស្ស៊ី ប្រឈម​នឹង​វិបត្តិ​អន្តោប្រវេសន៍។ សំណើ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​អឺរ៉ុប​និង​អូតង់​បាន​លើក​មក​ត្រដាង​នៅ​លើ​តុ​នេះ អាច​ធ្វើ​ឱ្យ​អឺរ៉ុប​កក់ក្តៅ​ក្នុង​ចិត្ត​បន្តិច នៅ​ចំពោះ​មុខ​ឆន្ទៈ​អាមេរិក​ដែល​ជា​ប្រមុខ​អូតង់ និង​ដែល​ត្រៀម​ទទួល​ប្រធានាធិបតី​ថ្មី លោក ដូណាល់ ត្រាំ។

 

អនាគត​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ ដែល​កាលពី​នៅ​ជា​បេក្ខជន​ប្រធានាធិបតី ធ្លាប់​បាន​គំរាម​កំហែង​ដៃគូ​អឺរ៉ុប និង​សាបព្រោះ​ភាព​សង្ស័យ​យ៉ាង​ខ្លាំង​អំពីសកម្មភាព​​អាមេរិក​ក្នុង​សម្ព័ន្ធ​អូតង់។ ប្រធាន​អង្គការ​អូតង់ បាន​ប្រកាស​បើក​ជំនួប​កំពូល​ថ្មី​មួយ ជាមួយ​ប្រធានាធិបតី​អាមេរិក​ នៅ​ដើម​ឆ្នាំ​២០១៧​នេះ​តែ​ម្តង  តែ​មិន​ដឹង​នៅ​ពេល​ណា​ឱ្យ​ប្រាកដ​ ព្រោះ​កាលវិភាគ​លោក ត្រាំ​ មិនច្បាស់​សោះ។

 

ហេតុដូច្នេះ​ហើយ​បាន​ជា​ក្នុង​ពេល​ភ្លាមៗ​នេះ អូតង់​ចាំ​បាច់​ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ ជាមួយ​សហភាព​អឺរ៉ុប លើ​វិធានការ​ចំនួន​៤០​ ដែលទំនង​ជា​អាច​​សម្រេច​ឱ្យ​បានដោយ​គ្មាន​បញ្ហា​ព្រោះ​​​អឺរ៉ុប​ជា​ដៃគូ​ធម្មជាតិរបស់​អូតង់​ស្រាប់​ទៅ​ហើយ។ នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ អឺរ៉ុប​និ​ងអូតង់ នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ ការ​ដឹកនាំ​អូតង់ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​បែប​ថ្មី (សង្គ្រាម​កូនកាត់ សង្គ្រាម​អ៊ីនធ័រនែត ស្រាវជ្រាវ សន្តិសុខ​ផ្លូវ​ទឹក​ ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​ទី​បី ដូច​ជាអ៊ុយក្រែន ហ្ស័កហ្ស៊ី ឬ​ហ្ស័កដានី ។ល។ និង​។ល។

 

ភាព​ប្រសើរ​ឡើង​និង​សមត្ថភាព​សហប្រតិបត្តិការ​ល្អ​​រវាង​ស្ថាប័ន​ទាំងពីរ មិន​មែន​ត្រឹម​តែ​ដើម្បីលួង​ចិត្ត​គ្នា​ខ្លាច​អាមេរិករបស់​លោក ដូណាល់ ត្រាំ​ ដក​ខ្លួនឆ្ងាយ​ពី​អង្គការ​ឡើយ តែ​មាន​កម្មវត្ថុ​សំខាន់​មួយ​ទៀត គឺ​ផ្តល់​ចម្លើយ​តប​ដើម្បី​ព្រមាន​លោក​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី ដែល​បាន​ដាក់​លក្ខខណ្ឌ ទាមទារ​ឱ្យ​សម្ព័ន្ធមិត្ត​អឺរ៉ុប បង់​វិភាគទាន​ឱ្យ​ច្រើន​បន្ថែម​ទៀត​ ឈប់​​រំពឹង​តែ​លើ​ជំនួយ​វ៉ាស៊ីនតោន​ពេក​។ លក្ខខណ្ឌ​របស់​លោ​ក​ ដូណាល់ ត្រាំ ដែល​បានធ្វើ​ឱ្យ​អ្នក​ទទួល​ខុស​ត្រូវ​អឺរ៉ុប​មួយ​ចំនួន​ ខឹង​សម្បារ​ខ្លាំង។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់ បាន​ថែម​ទាំង​ណែនាំ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ជាប់​ឆ្នោត​ថ្មី ពិចារណា​ឡើង​វិញ​និង​ឆ្លើយ​បញ្ជាក់​ថា អាមេរិក​ស្ថិត​ក្នុង​ខាង​អ្នក​ចង់​បាន​សន្តិភាព និង​ប្រជាធិបតេយ្យ ឬ​ក៏​ស្វែង​រក​តែ​មិត្តភឿន (ដែល​គ្មាន​នរណា​ក្រៅ​ពី​លោក​ វ្លាដេមៀ ពូទីន)។

 

ការ​សាបព្រោះ​របស់​លោក​ ដូណាល់ ត្រាំ កំពុង​តែ​ហុចផ្លែផ្លា​ខ្លះ​ហើយៗ ព្រោះ​ថា កិច្ចព្រមព្រៀង​អឺរ៉ុប-អូតង់ សម្រេច​បាន​ពេល​នេះ ធ្លាក់​មក​​តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ការព្រមព្រៀង​របស់​សហគមន៍​អឺរ៉ុប​លើ​កញ្ចប់​ហិរញ្ញវត្ថុ​របស់​​មូលនិធិ​យោធា​សម្រាប់​ទិញ​ឧទ្ធម្ភាគចក្រ យន្តហោះ​និង​សម្ភារៈ​យោធា​ផ្សេង​ទៀត។

 

ម្យ៉ាងវិញ​ទៀត ក៏​ថ្នាក់​ដឹកនាំ​អឺរ៉ុប​មួយ​ចំនួន​ នៅ​មាន​ទំនុក​ចិត្ត​ជា​និច្ច នៅ​ពេល​បាន​ឃើញ​និង​ស្គាល់​​មុខ​រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក លោក James Mattis ដែល​ជា​អតីត​មេទាហាន ល្បី​ច្បាស់ការ និង​​ជា​ដៃគូ​សន្ទនា​ដ៏​មាន​បទ​ពិសោធ​បំផុត​ លើស​ប្រធានាធិបតី​។ អនាគត​រដ្ឋមន្ត្រីការពារជាតិ​ រូប​នេះ​ ស្គាល់ និង​ដឹង​អំពី​ភាព​សំខាន់​របស់​អង្គការ​អូតង់៕

 

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អូតង់​បើក​កិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ ​​​​បន្ត​​ពិភាក្សា​​​​ការ​​​ពង្រឹង​​កម្លាំងទ័ព​​នៅ​​អឺរ៉ុប​ខាងកើត

    ស្វែងយល់បន្ថែម

  • អូតង់-រុស្ស៊ី

    អង្គការ​​អូតង់​​​បារម្ភ​​ពី​​ការ​ចល័ត​​នាវា​​ចម្បាំង​​រុស្ស៊ី​ សំដៅ​​ទៅ​​ស៊ីរី​​

    ស្វែងយល់បន្ថែម

  • អាមេរិក-អូតង់

    លោកDonald Trump ​ចោទសួរពី​តួនាទី​អាមេរិក​ក្នុងអង្គការ​​អូតង់​

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ម៉ូស្គូ​អះអាង​ថា អូតង់​ជាគ្រោះថ្នាក់​ដល់​រុស្ស៊ី

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ