អានតួអត្ថបទ
បារាំង

បារាំង៖​« Lascaux ៤ » ជា​រូងភ្នំសិប្បនិមិត្ម​ដែល​សាងសង់​ដោយ​ចម្លង​តាម​គំរូ​ដើម​មាន​អាយុកាល ១៨ ០០០ឆ្នាំ

នៅ​ក្នុង​ប្រទេស​បារាំង លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​រូងភ្នំ​សិប្បនិមិត្ម « Lascaux ៤ » ស្ថិត​ប៉ែក​និរតី​នា​ថ្ងៃ​សៅរ៍ ទី១០ ធ្នូ​នេះ។ រូងភ្នំ​សិប្បនិមិត្ម « Lascaux ៤ » ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ចម្លង​តាម​គំរូដើម​ទាំង​ស្រុង​ពី​រូងភ្នំ « Lascaux » ដែល​មាន​អាយុកាល​ប្រមាណ​ជា ១៨ ០០០ឆ្នាំ និង​ដែល​មាន​បង្កប់​ដោយ​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត និង​អាថ៌កំបាំង​ជា​ច្រើន​មក​ដល់​សព្វថ្ងៃ។ តើ​រូងភ្នំ « Lascaux » មាន​ប្រវត្តិ​យ៉ាង​ម៉េច​ខ្លះ?

បារាំង៖​« Lascaux ៤ » ជា​រូងភ្នំសិប្បនិមិត្ម​ដែល​សាងសង់​ដោយ​ចម្លង​តាម​គំរូ​ដើម​មាន​អាយុកាល ១៨ ០០០ឆ្នាំ
បារាំង៖​« Lascaux ៤ » ជា​រូងភ្នំសិប្បនិមិត្ម​ដែល​សាងសង់​ដោយ​ចម្លង​តាម​គំរូ​ដើម​មាន​អាយុកាល ១៨ ០០០ឆ្នាំ MEHDI FEDOUACH / AFP
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ថ្ងៃទី១២ កញ្ញា ឆ្នាំ ១៩៤០ ដែល​រូងភ្នំ « Lascaux » ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​ក្មេងជំទង់​ចំនួន ៤នាក់​នៅ​ក្នុង​ព្រៃភ្នំ​មួយ​ស្ថិត​ប៉ែក​និរតី​ប្រទេស​បារាំង។ អ្វី​ដែល​អស្ចារ្យ​មាន​នៅ​ក្នុង​រូងភ្នំ « Lascaux » គឺ​រូបគំនូរ​ដ៏​ប្រណិត​នៅ​លើ​ជញ្ជាំង​ដែល​បាន​បង្កប់​ដោយ​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត និង​អាថ៌កំបាំង​មក​ដល់​សព្វថ្ងៃ។ នៅ​ឆ្នាំ ១៩៤៨ ពោល​បន្ទាប់​ពី​រក​ឃើញ​បាន ៨ឆ្នាំ រូងភ្នំ « Lascaux » ត្រូវ​បាន​គេ​បើក​ទ្វារ​ឲ្យ​អ្នក​ទេសចរណ៍ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា។ តែ​ដោយ​ភាព​ចាស់ជរា និង​ភាព​ផុយស្រួយ​របស់​រូងភ្នំ « Lascaux » រដ្ឋអំណាច​ក៏​បាន​បិទទ្វារ​មិន​ឲ្យ​ចូលទស្សនា​ជា​ស្ថាពរ​ក្នុង​ឆ្នាំ ១៩៦៣។ មាន​ភ្ញៀវជាតិ និង​អន្តរជាតិ​សរុប ១លាននាក់​បាន​ចូល​ទស្សនា​រូងភ្នំ « Lascaux » ចន្លោះ​ឆ្នាំ ១៩៤៨ និង​ឆ្នាំ ១៩៦៣។

ក្រោយ​ពេល​បិទទ្វារ​ជា​ស្ថាពរ​នូវ​រូងភ្នំ « Lascaux » រដ្ឋអំណាច​បារាំង​ក៏​បាន​សម្រេច​សាងសង់​រូងភ្នំ « Lascaux ២ » ដោយ​ចម្លង​តាម​គំរូ​ដើម​តែ ៩០% ប៉ុណ្ណោះ។ រូងភ្នំ « Lascaux ២ » នេះ​បាន​បើក​ទ្វារ​ឲ្យ​ភ្ញៀវទេសចរណ៍​ចូល​ទស្សនា​ក្នុង​ឆ្នាំ ១៩៨៣ និង​មាន​អ្នក​ចូល​ទស្សនា​ជាង ១០លាននាក់​ហើយ​តាំង​ពី​ឆ្នាំ ១៩៨៣ មក​ដល់​ពេល​នេះ។ បន្ទាប់​ពី​រូងភ្នំ « Lascaux ២ » ឈាន​ដល់​រូងភ្នំ « Lascaux ៣ » ដែល​បាន​លេចរូបរាង​ក្នុង​ឆ្នាំ ២០១២។ តែ​រូងភ្នំ « Lascaux ៣ » មាន​តែ​នៅ​លើ​ក្រដាស​ដោយ​គូរ​ចម្លង​តាម​គំរូ​ដើម ១០០% ដើម្បី​ចូលរួម​នៅ​ក្នុង​ពិធី​តាំង​ពិពណ៌​នានា​ក្នុង​លោក។ គួរ​ជម្រាប​ជូន​ថា រូងភ្នំ « Lascaux » បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​ក្នុង​ឆ្នាំ ១៩៧៩។

តែ​សម្រាប់​រូងភ្នំ « Lascaux ៤ » ដែល​បើក​សម្ពោធ​ពេល​នេះ គឺ​ជា​លើកទី១ ដែល​គេ​បាន​សាងសង់​ជាក់ស្តែង​ដោយ​ចម្លង​តាម​គំរូ​ដើម​ទាំងស្រុង ១០០% នៅ​លើ​ផ្ទៃក្រឡាដី​ប្រមាណ​ជា ៨ ៥០០ម៉ែត្រក្រឡា​ដោយ​ចំណាយ​ពេល​សាងសង់​ចំនួន ៤ឆ្នាំ និង​ចំណាយ​ប្រាក់​សាងសង់​សរុប​ចំនួន ៦៦លានអឺរ៉ូ។ រូងភ្នំ « Lascaux ៤ » នឹង​បើក​ទ្វារ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​​ចាប់​ពី​ថ្ងៃទី១៥ ធ្នូ​ខាង​មុខ​នេះ​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ