អានតួអត្ថបទ
បារាំង-ស៊ីរី

ស៊ីរី​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​កិច្ចប្រជុំ​នៅ​ក្នុង​ប្រទេស​បារាំង និង​ប្រទេសស្វ៊ីស

 នៅ​ថ្ងៃ​សៅរ៍ ទី១០ ធ្នូ​នេះ សំណុំរឿង​ស៊ីរី​បាន​ក្លាយ​ជា​របៀប​វារៈ​នៃ​កិច្ចប្រជុំ​រៀបចំ​ក្នុង​ប្រទេស​បារាំង និង​ប្រទេស​ស្វ៊ីស។ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ជា​កិច្ចប្រជុំ​រវាង​៥ប្រទេស​បស្ចិមលោក​ជា​មួយ ៥ប្រទេស​អារ៉ាប់​នៅ​ក្នុង​តំបន់។ ចំណែក​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ជា​កិច្ចប្រជុំ​ថ្នាក់​យោធា និង​ការទូត​រវាង​អាមេរិក និង​រុស្ស៊ី។ កិច្ចប្រជុំ​ទាំង​ពីរ​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ​បាន​ព្រមព្រៀង​គ្នា​ក្នុង​សម្លេង​ភាគច្រើន​ទាមទារ​បិទបញ្ចប់​អំពើ​ហិង្សា​នៅ​ស៊ីរី។ 

Reuters
ផ្សាយពាណិជ្ជកម្ម

 

កិច្ចប្រជុំ​រវាង​៥ប្រទេស​បស្ចិមលោក​ជា​មួយ ៥ប្រទេស​អារ៉ាប់​ក្នុង​តំបន់​នៅ​បារាំង​ថ្ងៃ​នេះ​ត្រូវ​បាន​គ្រោង​ទុក​អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ។ ៥ប្រទេស​បស្ចិមលោក​នោះ​រួម​មាន​អាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស និង​អ៊ីតាលី ចំណែក​៥ប្រទេស​អារ៉ាប់​នៅ​ក្នុង​តំបន់ គឺ​ហ្សកដានី តួកគី អេមីរ៉ាអារ៉ាប់រួម កាតា និង​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត។ កម្មវត្ថុ​សំខាន់​នៃ​កិច្ចប្រជុំ​នេះ គឺ​ស្វែង​រក​បទ​ឈប់​បាញ់​ជា​ស្ថាពរ​មួយ​នៅ​ក្នុង​ទីក្រុង​អាឡិប ប្រទេស​ស៊ីរី។ មន្រ្តីការទូត​បារាំង​ម្នាក់​បាន​ទម្លាយ​ឲ្យ​ដឹង​ថា អ្វី​ដែល​កិច្ចប្រជុំ​ចង់​បាន​គឺ​ការ​ធានា​សុវត្ថិភាព​ចំពោះ​ជនស៊ីវិល​ស៊ីរី​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​អាឡិប ពិសេស​ចំពោះ​អ្នក​ដែល​ចង់​ភៀសខ្លួន​ចេញ និង​អ្នក​ដែល​ចង់​បន្ត​រស់​នៅ​ទីនោះ។

រូប​មន្រ្តីការទូត​បារាំង​ដដែល​បាន​បន្ថែម​ថា ក្រុមប្រទេស​បស្ចិមលោក និង​ក្រុមប្រទេស​អារ៉ាប់​ក្នុង​តំបន់​ដែល​ជា​អ្នក​គាំទ្រ​ក្រុមប្រឆាំង​បាន​ទាមទារ​ជា​ថ្មី​ឲ្យ​មាន​ដំណោះស្រាយ​តាម​ផ្លូវសន្តិវិធី​ដែល​មិនមែន​កំណត់​ដោយ​ប្រទេស​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី​នោះ​ទេ មាន​ន័យ​ថា ការ​មាន​ប្រៀប​កម្លាំងទ័ព​របស់​រដ្ឋាភិបាល​ស៊ីរី​ដោយ​មាន​ជំនួយ​ពី​រុស្ស៊ី​លើ​ក្រុមប្រឆាំង​មិន​អាច​ជា​មូលដ្ឋាន​ក្នុង​ការ​បន្ត​រក្សា​អំណាច​ស្រប​ច្បាប់​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​បាន​ឡើយ។ ក្រៅ​ពី​បារម្ភ​ស្ថានការណ៍​នៅ​ទីក្រុង​អាឡិប កិច្ចប្រជុំ​ក្នុង​ទីក្រុង​ប៉ារីស​ថ្ងៃ​នេះ​ក៏​ផ្តោត​លើ​ទីក្រុង​ស៊ីរី​រ៉ាកា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អង្គការ​រដ្ឋអ៊ីស្លាម។

មន្រ្តីការទូត​បស្ចិមលោក​បាន​យល់​ឃើញ​ដូច​គ្នា​ថា ការ​វាយ​ដណ្តើម​ទីក្រុង​រ៉ាកា​ពិត​ជា​ពិបាក និង​ត្រូវ​ប្រើ​ពេល​យូរ។ ដោយឡែក កិច្ចប្រជុំ​យោធា និង​ការទូត​រវាង​អាមេរិក និង​រុស្ស៊ី​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ក៏​នឹង​ផ្តោត​សំខាន់​លើ​ស្ថានការណ៍​ក្នុង​ទីក្រុង​អាឡិប​ដែរ ពិសេស​ស្វែង​រក​បទឈប់បាញ់ ការ​ជម្លៀស​ជនស៊ីវិល និង​ការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌។ អ្វី​ជា​ការ​កត់សម្គាល់ កិច្ចប្រជុំ​ទាំង​ពីរ​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ​បាន​ព្រមព្រៀង​គ្នា​ក្នុង​សម្លេង​ភាគច្រើន​ទាមទារ​ឲ្យ​បិទបញ្ចប់​អំពើ​ហិង្សា​នៅ​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ