អានតួអត្ថបទ

ភេរវកម្ម​ប៊ែរឡាំង ៖ អាល្លឺម៉ង់​តាម​ប្រមាញ់​ភេរវជន

អង្គការ​រដ្ឋ​អ៊ីស្លាម ប្រកាសទទួល​ស្គាល់ ភេរវកម្ម​បើក​ឡាន​កាមីញ៉ុងកិន​មនុស្ស​ស្លាប់​១២នាក់ របួស​៤៨​នាក់ នៅ​ផ្សារណូអែល ក្រុងប៊ែរឡាំង ​ថា​ជា​ស្នាដៃ​ប្រតិបត្តិ​របស់​ទាហាន​កាលីហ្វា។ ប៉ុន្តែ​តើ​ទាហាន​នោះ​ជា​នរណា ? គ្មាន​ចម្លើយ​នៅឡើយ​ទេ តែ​ជន​នេះ​កំពុង​តែ​មានសេរីភាព​​​ ! ជន​ប៉ាគីស្ថានចាប់​បាន​កាលពី​ម្សិល​ត្រូវ​ដោះលែង​វិញ ដោយ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់។ ប៉ូលិស​អាល្លឺម៉ង់ ថ្ងៃ​នេះ បាន​ចាប់​ផ្តើម​យុទ្ធនាការ​តាម​ចាប់ភេរវជន​បើក​ឡាន​កាមីញ៉ុង ដែល​ជា​ជន​ដ៏​គ្រោះ​ថ្នាក់ អាច​បញ្ចេញ​សកម្មភាព​ជា​ថ្មី និង​ មាន​អាវុធ​នឹង​ដៃទៀត។

ប៉ូលិស​អាល្លឺម៉ង់​ដើរ​ល្បាត​នៅ​តាម​ផ្សារ​ណូអែល​នាក្រុង​ប៊ែរឡាំង
ប៉ូលិស​អាល្លឺម៉ង់​ដើរ​ល្បាត​នៅ​តាម​ផ្សារ​ណូអែល​នាក្រុង​ប៊ែរឡាំង © Reuters
ផ្សាយពាណិជ្ជកម្ម

“ទាហាន​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​ធ្វើ​ប្រតិបត្តិការ​នៅប៊ែរឡាំង ​ស្រប​តាម​ការ​អំពាវនាវ​របស់​អង្គការ ឱ្យ​វាយប្រហារក្រុម​​ប្រទេស​ក្នុង​សម្ព័ន្ធ​អន្តរជាតិ” ! នេះ​សារ​របស់​អង្គការ​ភេរវនិយម​រដ្ឋ​អ៊ីស្លាម ។ អង្គការ​ដែល​ទំនង​ជា​បាន​ទាក់ទង​ជួប​​ជន​ដៃ​ដល់ ឬ​បាន​ទទួល​ខ្សែវីដេអូ ឬ​បានទទួល​ការ​សុំ​ភ្ជាប់​ខ្លួន​ជា​សមាជិក​រដ្ឋ​អ៊ីស្លាម​ ទើប​ហ៊ាន​ចេញ​មុខ​អះអាង​យ៉ាង​ដូច្នេះ។

ប៉ុន្តែ ជន​ដែល​អង្គការ​រដ្ឋ​អ៊ីស្លាម​រាប់​ថា​ជា​កូនទាហាន​របស់ខ្លួន កំពុង​តែ​រត់​គេច​ខ្លួន ​នៅ​ឡើយ​ទេ ! ​មេ​ប៉ូលិស​អាល្លឺម៉ង់បាន​ទទួល​ស្គាល់​ថា ជន​នេះ ជាមនុស្ស​ឧក្រិដ្ឋដ៏​គ្រោះថ្នាក់ និង​កំពុង​ធ្វើ​ឱ្យ​ពលរដ្ឋ​អាល្លឺម៉ង់​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ តែអាជ្ញាធរ​អាល្លឺម៉ង់ ជឿជាក់​ថា​នឹងអាច​ស្វែង​រក​ឃើញ​និង​ចាប់​បាន​ភេរវជន​នេះ ក្នុង​ពេល​ឆាប់ៗ ព្រោះ​ប៉ូលិស​មាន​កំណត់​សញ្ញា​ច្រើន ដូច​ជា​ភិនភាគ​ផ្តល់​ដោយ​សាក្សី ឬ​ក៏​ដាន​ADN ជា​ដើម​។ល។

 
ដោយហេតុ​ថា​ភេរវជន​នៅមាន​សេរីភាព​នៅ​ឡើយ មាន​អាវុធ​ក្នុង​ដៃ ហើយ​អាច​បញ្ចេញ​សកម្មភាព​វាយប្រហារ​ជា​ថ្មី អាជ្ញាធរ​ប៊ែរឡាំង បាន​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ​ទាំង​អស់​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន។ សន្តិសុខ​ត្រូវ​បាន​ពង្រឹង​នៅ​ពេញ​ក្រុង ដោយ​មានវត្តមាន​ប៉ូលិស​ប្រដាប់​អាវុធ នៅ​តាម​ទីសាធារណៈ ទីផ្សារ​ណូអែល។

សូម​បញ្ជាក់​ថា បើ​តាមជា​តុល្យការ​បណ្តោះ​អាសន្ន​ ភេរវកម្ម​បើកឡាន​កាមីញ៉ុងកិន​មនុស្សក្នុង​ផ្សារ​ណូអែល កាលពី​ថ្ងៃ​ចន្ទ​ បាន​ផ្តាច់​ជីវិត​មនុស្ស​១២នាក់ និង​៤៨​នាក់​រង​របួស ក្នុង​នោះ ១៨​នាក់​ធ្ងន់ធ្ងរ​ខ្លាំង។ ក្នុង​យប់​ដដែល​​នោះ ប៉ូលិស​អាល្លឺម៉ង់ ចាប់​ខ្លួន​បាន​ជនសង្ស័យ​ជាតិ​ប៉ាគីស្ថាន អាយុ​២៣​ឆ្នាំ​ ជា​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ នៅ​ជិត​កន្លែង​កើត​ហេតុ ប៉ុន្តែ​ទើប​ត្រូវ​ដោះលែង​វិញ ព្រោះ​ប៉ូលិសវិទ្យាសាស្ត្រ​មិន​អាច​រក​ភស្តុតាង ឬ​ដាន​អ្វី​ភ្ជាប់​​​ជន​នោះ​និង​វត្តមាន​​ឡានឡើយ។ ការ​អង្កេត​បឋម​ក៏​បាន​បង្ហាញ​ទៀត​ថា អ្នក​បើក​បរ​ឡាន​កាមីញ៉ុង​ ជា​ម្ចាស់​ដើម ជាតិ​ប៉ូឡូញ ត្រូវ​បានភេរវជន​បាញ់​​សម្លាប់​ក្រោយ​ហេតុការណ៍​ភេរវកម្ម​ប៉ុណ្ណោះ ដោយ​មាន​ការ​ប្រវាយ​ប្រតប់​គ្នា​ ដើម្បី​រារាំង​ភេរវកម្ម​ក៏​មិន​ដឹង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ