អានតួអត្ថបទ

បារាំង​ ប្រារព្ធ​បុណ្យ​ណូអែល ក្រោម​ការ​ការពារ​សន្តិសុខ​តឺង​តែង

ការ​គំរាមកំហែងភេរវកម្ម​នៅ​តែ​មាន​កំរិត​ខ្ពស់​ខ្លាំង​ក្នុង​ប្រទេស​បារាំង ! អាជ្ញាធរ​បាន​ពង្រឹង​សន្តិសុខ នៅ​តាម​គ្រប់​ទីកន្លែង​ដែល​មាន​ការ​ជួប​ជុំ​គ្នា​ច្រើន នៅ​តាម​ស្ថានីយ៍​រថភ្លើង វិហារសាសនា ... មួយ​សប្តាហ៍​ក្រោយ​​ភេរវកម្ម​ជីហាត​នៅ​ប៊ែរឡាំង បារាំង​ត្រូវ​ប្រារព្ធ​បុណ្យ​ណូអែល ដោយ​មាន​ការ​ការពារ​សន្តិសុខ​ខ្ពស់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​រីករាយ​អបអរ​ពិធី​បុណ្យ​ចុង​ឆ្នាំ​ដោយចិត្ត​ស្ងប់។

ទាហាន​បារាំង​ ល្បាត​នៅ​មុខ​វិហារ​កាតូលិក​ Notre-Dameដ៏ល្បី​ល្បាញ​ កណ្តាល​ទីក្រុង​ប៉ារីស ក្នុង​ថ្ងៃបុណ្យ​ណូអែល
ទាហាន​បារាំង​ ល្បាត​នៅ​មុខ​វិហារ​កាតូលិក​ Notre-Dameដ៏ល្បី​ល្បាញ​ កណ្តាល​ទីក្រុង​ប៉ារីស ក្នុង​ថ្ងៃបុណ្យ​ណូអែល REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស នគរបាល ទាហាន ស្ថិត​ក្រោម​បង្គាប់​រដ្ឋាភិបាល ជាង ៩១០០០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ពេញ​ផ្ទៃ​ប្រទេសបារាំង ដើម្បី​ពង្រឹង​សន្តិសុខ​នា​ឱកាស​បុណ្យ​ណូអែល​ជា​ប្រពៃណី។ សម្រាប់​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ការ​គំរាមកំហែង​ភេរវកម្ម​ខ្ពស់ ការការពារ​ក៏​ត្រូវ​តែ​ខ្លាំង។

ការ​ពង្រឹង​សន្តិសុខ​មានកាន់​តែ​ខ្លាំង​បន្ថែម​ទៀត នៅ​តាម​​​វិហារ​កាតូលិក និង​កន្លែង​បារព្វ​ពិធី​សាសនា​ផ្សេងៗ។ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី និង​វាយ​តម្លៃ​កំរិត​សន្តិសុខ​​ជា​ជំនួយ​ដល់​​ប៉ូលិសប្រចាំ​ខេត្ត​ក្រុង​​នីមួយៗ។ ជា​សរុប​ មាន​វិហារ​កាតូលិក​ជាង​២៤០០​កន្លែង​ត្រូវ​បាន​ទទួល​ការ​ពារ​​នៅ​យប់​ថ្ងៃ​សៅរ៍​ ថ្ងៃ​បុណ្យ​កំណើត​ព្រះយ៉េស៊ូ ដែល​មាន​ពលរដ្ឋ​មក​សូត្រ​ធម៌​ក្នុង​ពេល​កណ្តាល​អាធ្រាត្រ។

​សរសរស៊ីម៉ង់ ទម្ងន់​មួយ​តោនៗ ត្រូវ​បាន​យក​មក​ដាក់​បាំង​ផ្លូវ នៅ​តាម​កន្លែង​យុទ្ធសាស្ត្រ​ បន្ថែម​ពី​លើ​កម្លាំង​ឆែកឆេរ​ នៅ​តាម​​ទីកន្លែង​ជួប​ជុំ​ នៅ​តាម​ទី​ប្រជុំ​ជន​ក្រុង។ ប៉ូលិស​ក្នុង​ឯកសណ្ឋាន ឬ​ជា​​ស៊ីវិល​​ប្រដាប់​អាវុធ​ ដើរ​ល្បាត​តាម​ស្ថានីយ៍​រថភ្លើង​ និង​ក្នុង​រថភ្លើង ព្រោះ​ឱកាស​នេះ មាន​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ច្រើន។

វិធានការ​ការពារ​សន្តិសុខ​ឆ្នាំ​មាន​ទម្រង់​ធំ​ខ្លាំង​ពិសេស មិនធ្លាប់​មាន​ទេ !  តំណាង​មេប៉ូលិស​បារាំង​យល់​ថា ឱកាស​​ណូអែល​ បុណ្យ​អ្នក​កាន់​សាសនាគ្រិស្ត គឺ​ជា​និម្មត្តរូប​ខ្លាំង​សម្រាប់​ពួក​ជីហាត​ដែល​ចង់​សាប​ព្រោះ​​ភ័យន្តរាយ។ ដូច្នេះ​បើ​ទោះ​បី​ជា​គ្មាន​សញ្ញា​គំរាមកំហែ​ងអ្វី​ជាពិសេស​​ក៏​ដោយ ក៏បារាំង​ត្រូវ​តែ​មាន​​ការ​ប្រុង​ប្រយ័ត្នខ្លាំង។ ​ហានិភ័យ​សូន្យ​ពិត​ជា​គ្មាន​ឡើយ !

បារាំងស្ថិត​ក្នុង​ភាព​អាសន្ន​នៃ​ការ​គំរាមកំហែង​ភេរវកម្ម​កំរិត​ខ្ពស់ តាំង​ពី​ដើម​ឆ្នាំ​២០១៥​មក។ ផែនការ​ភេរវកម្ម​លើ​ទឹក​ដី​បារាំង ចំនួន​១៧​ត្រូវ​បាន​បង្ក្រាប​ទាន់​ពេល​វេលា​ ក្នុង​អំឡុង​ឆ្នាំ​២០១៦​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ