អានតួអត្ថបទ

ភេរវកម្ម​ប៊ែរឡាំង ៖ បារាំង​បើក​ការ​ស៊ើប​អង្កេត​ វែក​​រក​ដានដំណើរ​ភេរវជន

រដ្ឋអាជ្ញា​បារាំង​បាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​ ដើម្បី​សាក​ល្បង​កំណត់​អំពី​ដំណើរ​របស់ អានីស អាមរី។ អាមរី​ ភេរវជន​ជាប់​សង្ស័យថា​បើក​ឡាន​បុក​មនុស្ស​នៅ​ផ្សារ​ណូអែល​ក្រុង​ប៊ែរឡាំង ​ត្រូវ​បាន​ប៉ូលិស​អ៊ីតាលី​បាញ់​សម្លាប់​​នៅ​ក្រុង​មីឡង់ កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​មាន​តម្រ៉ុយ​ជាច្រើន​ ដែល​បញ្ជាក់​ថា​ជន​នេះ​បាន​ធ្វើ​ដំណើរ​គេច​ចេញ​ពី​អាល្លឺម៉ង់ ឆ្លង​កាត់តាម​​បារាំង មុន​នឹង​ទៅ​ដល់​អ៊ីតាលី។

ប៉ូលិស​អ៊ីតាលី​ក្រោយ​រ​កម្ចាត់បាន​ភេរវជន​សង្ស័យ​អានីស អាមរី
ប៉ូលិស​អ៊ីតាលី​ក្រោយ​រ​កម្ចាត់បាន​ភេរវជន​សង្ស័យ​អានីស អាមរី REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ប្រឈម​មុខ​នឹង​ការ​រិះគន់ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង បាន​អំពាវនាវ​ឱ្យ​គ្រប់​គ្នា​ទទួល​ស្តាប់​ព័ត៌មាន​ដោយ​ប្រុង​ប្រយ័ត្នសិន ដើម្បី​ទុក​ពេល​ឱ្យ​​​ក្រុម​អ្នក​ស៊ើប​អង្កេត​ស្រាវជ្រាវ កំណត់​អំពី​ដំណើរ​ផ្លូវ​របស់​ភេរវជន​អាមរី ឱ្យ​បាន​ច្បាស់​លាស់។

 
បើ​តាម​លោករដ្ឋមន្ត្រី ​បារាំង​បាន​ពង្រឹង​ ​ សន្តិសុខនៅតាម​ព្រំដែន ជាមួយ​អាល្លឺម៉ង់ លុចសំបួរ និង​ស្វីសភ្លាម ក្រោយ​ហេតុការណ៍វាយប្រហារ​ភេរវកម្ម​​នៅ ក្រុង​ប៊ែរឡាំង​ កាល​ពី​ល្ងាច​ថ្ងៃចន្ទ។

ប៉ុន្តែ អានីស អាមរី ភេរវជន​សង្ស័យ​ជាតិ​ទុយនីស៊ី ត្រូវ​បាន​ប៉ូលិស​អ៊ីតាលីបាញ់​សម្លាប់​នៅ​មីឡង់ ក្នុង​ពេល​ត្រួត​ពិនិត្យ​ធម្មតា​តាម​ដង​ផ្លូវ។ នៅ​លើជាប់​នឹង​ខ្លួន គេ​រក​ឃើញ​សំបុត្រ​រថភ្លើង ចាកចេញ​ពី​បារាំង​មក​ក្រុង​តួរ៉ាំង​របស់​អ៊ីតាលី បន្ទាប់​មក​ទើប​បន្ត​ដំណើរ​តាម​រថភ្លើង​ខេត្ត​មក​កាត់​ជាយ​ក្រុង​មីឡង់​។ នេះ​បើ​តាម​ប្រភព​តុលាការអ៊ីតាលី។

បើ​តាមប្រព័ន្ធ​ឃោសនា​ព័ត៌មានបារាំង អឺរ៉ុប១ អាមរី ទំនង​ជា​បាន​ធ្វើ​ដំណើរ​តាម​រទេះភ្លើង​ ពីរ​បី​ដំណាក់ ដោយឆ្លង​កាត់​តាម​ក្រុង​លីយ៉ុង ក្រុង​ធំ​បំផុត​របស់​បារាំង​នៅ​ភាគ​ខាងកើត នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ឆ្ពោះ​ទៅ​ក្រុង​ស្ហំបេរី ខាង​ក្រោម​ក្រុង​លីយ៉ុង មុន​នឹង​ទិញ​សំបុត្រ​រថភ្លើង​មួយ​ទៀត ឆ្លង​ទៅ​អ៊ីតាលី។

ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំងភេរវកម្ម​ ដែល​មាន​ភារៈស៊ើប​អង្កេត​នេះ មាន​មធ្យោបាយ​ផ្ទៀត​ផ្ទាត់​ទំនើប​ណាស់​ គេ​នឹង​កំណត់​បាន​​យ៉ាង​ប្រាកដ​ថា​ភេរវជន​អាមេរី​ ពិត​ជា​បាន​ឆ្លង​កាត់​ទឹក​ដី​បារាំង​​ពីណា​ទៅណា។ នេះ​ជា​ការ​អះអាង​របស់​អគ្គនាយកនគរបាល​ជាតិ​បារាំង មុន​នឹង​បន្ថែម​ថា ភ្នាក់ងារ​ចារកិច្ច​បារាំង​មិន​បាន​ស្គាល់អានីស អាមរី​ទេ ពី​មុន​មក​ ហើយ​ភេរវជន​ជីហាតនេះ ទំនង​ជា​មាន​បណ្តាញ​ភ្ជាប់​គ្នា​ពី​អាល្លឺម៉ង់​ទៅ​បារាំង ប៉ុន្តែជនសង្ស័យ​គ្មាន​បន្សល់អ្វី​ដែលអាច​ប្រទាក់ស្រាវ​ដល់​ប្រភព​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ