ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អឺរ៉ុប

ជនជាតិ​បារាំង​ម្នាក់​ត្រូវក្រុម​ប្រដាប់​អាវុធ ចាប់​ជំរិតនៅ​ម៉ាលី ​

media  
ក្រុង​ Gao ភាគ​ខាង​ជើង​ក្រុង​ម៉ាលី ទី​ដែល​មាន​ការ​ចាប់​ជំរិត​ជនជាតិ​បារាំង​ប្រធានសមាគម​សង្គ្រោះ​កុមារ Pascal Guyot / AFP

អាជ្ញាធរ​បារាំង​ទើប​បាន​បញ្ជាក់​ព័ត៌មាន​ ថា​ពិត​ជា​មាន​ការ​ចាប់​ជំរិត ស្ត្រី​ជនជាតិ​បារាំង​​ម្នាក់ នៅក្រុង ហ្កាអូ ភាគ​ខាង​ជើង​​ប្រទេស​ម៉ាលី​មែន ពី​សំណាក់ក្រុម​ប្រដាប់​អាវុធ​មិន​ស្គាល់​មុខ។ ​អ្នកស្រី វេជ្ជបណ្ឌិត សូហ្វី ប៉េត្រូណាំង Sophie Pétronin ​ជាប្រធានសមាគមសង្គ្រោះ​កុមារនៅ​ហ្កាអូ បាន​ទៅ​រស់​នៅ​បំរើ​ការ​មនុស្សធម៌​នៅ​ភាគ​ខាង​ជើង​ម៉ាលី តាំ​ងពី​ឆ្នាំ​២០០០។

ជា​គ្រូពេទ្យ​ផ្នែក​ចំណីអាហារ មាន​ឯកទេស​ផ្នែកសង្គ្រោះ​កុមារ​មាន​កង្វះអាហារូបត្ថម្ភ​ នៃ​សមាគម​សង្គ្រោះកុមារ​ម៉ាលី នៅ​ហ្កាអូ អ្នក​ស្រី សូហ្វី ប៉េត្រូណាំង ដែល​មាន​កាន់​សញ្ជាតិ​ស្វីស​មួយ​ទៀត ធ្លាប់​បាន​រួច​ខ្លួន​ម្តង​ពី​ការ​ចាប់​ជំរិត កាលពី​ឆ្នាំ​២០១២ ដោយ​សារ​ទាហាន​ឧទ្ទាម​ប្រដាប់​អាវុធ​Touaregs។ ចុះ​នៅ​លើក​នេះ​តើ​អ្នកស្រី​អាច​មាន​សំណាង​ថ្មី​ទេ ?

ក្រសួងការបរទេស​បារាំង ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតដិត​ជាមួយ​នឹង​អាជ្ញាធរ​ម៉ាលី បាន​សន្យា​ធ្វើ​ប្រើ​គ្រប់​មធ្យោបាយ​​តាម​ស្វែង​រក និង​រំដោះ​​​អ្នក​ស្រីវេជ្ជបណ្ឌិត​មក​វិញ ដោយ​មិន​ខ្លាច​នឹង​ប្រើ​កម្លាំង​ទាហាន ឧទ្ធម្ភាគចក្រ ... ប៉ុន្តែ​រហូត​មក​ទល់​នឹង​ម៉ោង​នេះ ការ​សហការ​ជាមួយ​ម៉ាលី នៅ​តែ​គ្មាន​លទ្ធផល ព្រោះ​ទីតាំង​ភូមិសាស្រ្ត​ ជា​វាល​រហោស្ថាន​មិន​អំណោយផល​សោះ។ ​

បារាំងមាន​មូលដ្ឋាន​ដ៏​សំខាន់ នៅ​ហ្កាអូ ដោយ​មាន​កម្លាំង​ឈរ​ជើង​​ជាង​៤ពាន់​នាក់ ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ សម្រាប់​ការពារ​​​តំបន់​សាអែល តំបន់​ភាគ​ខាងជើង​ប្រទេស​ម៉ាលី ដ៏​មហា​អស្ថិរភាព រង​​ការ​គំរាមកំហែងរបស់​ពួក​អ៊ីស្លាម​ជ្រុលនិយម​ប្រដាប់អាវុធផង ពី​ទ័ព​ព្រៃ​ជីហាត​ផង ពួក​ឧទ្ទាម​ផង និង​ក្រុម​ចោររត់ពន្ធ​ទៀត។

ប្រសិន​បើ​គ្មាន​ការ​រំដោះ​ដោយ​ភ្លាម​ទេៗ នោះ​អ្នក​ស្រី សូហ្វី ប៉េត្រូណាំង​ អាច​នឹង​ក្លាយ​ជា​ទៅ​ចំណាប់​ថ្នូរ​ ជាតិ​បារាំង​ថ្មី​ម្នាក់​ទៀត​នៅតំបន់​សាអែល។ កាល​ខែ​តុលា​២០១៦​កន្លង​ទៅ​ បារាំង​ទើប​បាន​រំដោះ​​ចំណាប់​ថ្នូរ​បារាំង-កាត់​ទុយនីស៊ី ពី​កណ្តាប់​ដៃ​ពួក​អ៊ីស្លាមជ្រុលនិយម​នៅ​យេម៉ែន ដោយ​មាន​ជំនួយ​ពី​ស្តេច​អូម៉ង់។ នៅ​រវាង​ពី​ឆ្នាំ​២០១០-២០១៣ មាន​ជនជាតិ​បារាំង​ចំនួន​១៣​នាក់​ត្រូវ​បានសម្លាប់​និង​​ជាប់​ជា​ចំណាប់​ខ្មាំង​របស់​ពួក​ជីហាត​អ៊ីស្លាម​ស្និទ្ធ​នឹង​ក្រុមអាល់កៃដា​នៅ​ម៉ាក្រេប aqmi។

ជា​រៀង​រាល់​លើក ពួក​​ចាប់​ជំរិតតែង​ប្រកាស​ខ្លួន​ជា​ជីហាត​ក្នុង​ហេតុ​ផល​នយោបាយ​មក​សំអាងមែន តែ​តាមការពិត​នេះ​ជា​របរ​រកស៊ី ជា​ធ្នាក់​ទាក់​រក​លុយ​តែ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​បារាំង​ ជា​ផ្លូវការ​បដិសេធ​មិន​បង់​ប្រាក់​ ដោះដូរ​ចំណាប់ថ្នូរ​ទេ​ ប៉ុន្តែការរក​សេរីភាព​ពេល​ខ្លះ​ស្មុគ​ស្មាញ​ខ្លាំង​ មើល​ទៅ​ដូច​ជា​តាក់តែង​បន្តុប​​ប្រើ​លុយជា​ថ្នូរ។ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ បាន​បង្ហើប​ការ​សម្ងាត់​ប្រាប់​អ្នក​កាសែត​ថា​មិន​ដែល​បាន​ចំណាយ​លុយ​មួយ​សេនជួយ​រំដោះ​ចំណាប់​ថ្នូរ​ទេ តែ​បារាំង​អាច​តប​ស្នង​គុណ​តាម​ផ្លូវ​ផ្សេង​៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ