អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​អូបាម៉ា ដាក់​ទណ្ឌកម្ម​រុស្ស៊ី ពីបទ​​ចង់​​លូក​ដៃ​ក្នុង​ការ​បោះឆ្នោត​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​មាន​ពាក្យ​ចោទ​​ប្រកាន់​រុស្ស៊ី ថា​ជា​អ្នក​នៅពីក្រោយ​ខ្នង​នៃ​ការ​លួច​ទិន្នន័យ​ព័ត៌មាន​វិទ្យា ​រំខាន​ដល់​ការ​បោះឆ្នោតប្រធានាធិបតី​អាមេរិក​មក នៅ​​​ថ្ងៃព្រហស្បតិ៍​ទី ២៩ ធ្នូ ២០១៦ ម្សិលមិញ លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹងរុស្ស៊ី ដោយ​បាន​បណ្តេញ​អ្នក​ការទូតរុស្ស៊ី​​៣៥​នាក់ ចេញ​ពី​ទឹកដី​អាមេរិក និង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន ព្រម​ទាំង​ភ្នាក់ងារ​​រុស្ស៊ី​មួយ​ចំនួន​ផ្សេង​ទៀត។

លោក អូបាម៉ា និង​លោក ពូទីន នៅ​អង្គការ​សហប្រជាជាតិ រូបថត​ថ្ងៃទី ២៨ កញ្ញា ២០១៥
លោក អូបាម៉ា និង​លោក ពូទីន នៅ​អង្គការ​សហប្រជាជាតិ រូបថត​ថ្ងៃទី ២៨ កញ្ញា ២០១៥ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ដោយ​មាន​ក្រិត្យ​ឆ្នាំ​២០១៥​ ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ជា​សំអាង និង​ដោយ​មាន​របាយការណ៍​របស់​ភ្នាក់ងារ​ចារកិច្ច​​CIA និង​FBI បញ្ជាក់​អំពី​ភាព​ប្រលាក់​ប្រលូស​របស់​រុស្ស៊ី ទើប​លោក​អូបាម៉ា បាន​ប្រកាស​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​រុស្ស៊ី និង​ក្នុង​ទ្រង់ទ្រាយ​ធំ​ ពី​បទ​បាន​ប៉ុនប៉ង​ប្រើ​ឥទ្ធិពល​ចូល​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ថ្ងៃទី​៨ខែ​វិច្ឆិកា។

ភ្នាក់ងារ​ចារកិច្ច​រុស្ស៊ីពីរ GRU និង​ FSB ព្រមទាំង​ថ្នាក់​ដឹកនាំ​បួន​រូប ត្រូវ​ជាប់​​ទណ្ឌកម្ម​ ! ក្រុមហ៊ុន​ឯកជន​បី​ ដែល​ជាប់​សង្ស័យ​ថា​បាន​ផ្តល់​ការ​ជួយ​ជ្រោមជ្រែង​​ក្នុង​ប្រតិបត្តិការ​លួច​ទិន្នន័យ​​ព័ត៌មាន​វិទ្យា ក៏​ត្រូវ​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិកដែរ។

នៅ​លើ​ទឹក​ដី​អាមេរិក​វិញ ទណ្ឌកម្ម​របស់​លោក​អូបាម៉ា មាន​ពីរ​សណ្ឋាន ៖  អាមេរិក​បាន​សម្រេច​​បណ្តេញ​ មន្ត្រី​​រុស្ស៊ី​ ៣៥​នាក់​ដែល​មាន​កាន់​លិខិត​ឆ្លង​ដែន​ការទូត ចេញ​ពី​ដែន​ដី​អាមេរិក ព្រោះ​តែ​ជន​ទាំង​នោះ បាន​ដឹកនាំ​សកម្មភាព​មិន​ល្អ មិន​ស៊ី​នឹង​បេសកកម្ម​ការទូត​តម្រូវ។ មន្ត្រី​ការ​ទូត​ទាំង​នេះ ត្រូវ​ចាក​ចេញ ជាមួយ​ក្រុមគ្រួសារ ​ឱ្យ​ផុត​ពី​អាមេរិក​ក្នុង​រយៈ​ពេល​បី​ថ្ងៃ។ វិធានការ​នេះក៏​ជា​ការ​ឆ្លើយ​តប​ទៅនឹង​ទង្វើ​សំឡុត​គំរាម​ជា​អចិន្ត្រៃយ៍​ដែល​មន្ត្រី​ទូត​លោក​ខាង​លិច ធ្លាប់​រង​គ្រោះ​នៅ​ម៉ូស្គូ។

ទីតាំង​ជា​កម្មសិទ្ធិ​រុស្ស៊ី​​ពីរ​កន្លែង មួយ​នៅក្នុង​រដ្ឋ​Maryland និង​មួយ​នៅ​តំបន់​ New York ត្រូវ​រឹប​អូស មិន​ឱ្យ​ចេញ​ចូល។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន ផ្ទះ​​ពីរនេះ​ធ្លាប់​ត្រូវ​បាន​ប្រើ​​ប្រាស់​ដើម្បី​បញ្ចេញ​សកម្មភាព​ប្រឆាំង​នឹង​អាមេរិក។

ទណ្ឌកម្ម​មិន​បញ្ចប់​ត្រឹម​ណេះទេ ! លោកប្រធានាធិបតី​អាមេរិក​ ​បាន​គូស​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ អាមេរិក​នឹង​ចាត់​វិធានការ​ផ្សេង​ទៀត ​រាប់​ទាំង​ប្រតិបត្តិការ​សម្ងាត់ដែល​មិន​អាច​បង្ហើប​បង្ហាញ​ជូន​សាធារណ​មតិ​ផង។

លោក​អូបាម៉ា ដែល​ធ្លាប់​បាន​សន្យា​សង​សឹក​រុស្ស៊ី ក្រោយ​លេច​ធ្លាយ​ដំណឹង​វាយប្រហារ​លួច​ទិន្នន័យ​ព័ត៌មាន​វិទ្យា​ ក៏​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ជា​មិត្ត និង​សម្ព័ន្ធមិត្ត​ទាំង​ឡាយ​ សហការ​ជាមួយ​អាមេរិក​ទប់​ស្កាត់ទង្វើ​រុស្ស៊ី​ដែល​ប្រឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​​បំផ្លាញ​ទម្លាប់​ល្អ​របស់​អន្តរជាតិ និង​ដែល​ចង់​ជ្រៀត​ជ្រែក​ក្នុង​ដំណើរ​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ។​

លោក​ ដូណាល់ ត្រាំ មិន​ជឿ​លើ​ពាក្យ​ចោទ​ប្រកាន់

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ជាប់​ឆ្នោត​ថ្មី ដែល​មាន​ទំនោរ​ទៅ​រក​រុស្ស៊ី នៅ​តែ​អះអាង​ដដែល​ៗ​ថាមិន​ជឿ​លើ​ពាក្យ​ចោទ​ប្រកាន់​របស់​អាមេរិក​ឡើយ។ តាំង​ពី​ល្ងាច​មិញ​ គ្រាន់តែ​បាន​ឮវិធានការ​របស់​សេតវិមាន​ភ្លាម​ លោក ដូណាល់ ត្រាំ បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​គ្មាន​បង្អង់​ តាម​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ​ដែរថា “ដល់​ពេល​ដែលអាមេរិក​ត្រូវ​​គិត​រឿង​​​សំខាន់ៗ​ជាងនេះ”។

ប៉ុន្តែ​លោក​ដូណាល់ ត្រាំ នឹង​ត្រូវ​ជួប​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​ ដើម្បី​​ទទួល​ព័ត៌មាន​លម្អិត​ នៃ​ការ​អង្កេត​នៅ​សប្តាហ៍​ក្រោយ​តែ​ប៉ុណ្ណោះ។ មិន​ដឹង​ថា​ពេល​នោះ​លោក​ប្តូរ​ចិត្ត ឬ​យ៉ាង​ណា​ទេ។ តែយ៉ាងណា​ក៏​ដោយ ក៏​សរុប​សេចក្តី​ចុងក្រោយ​ទៅ សេចក្តីសម្រេច​តាម​រយៈ​ក្រិត្យ​របស់​លោក​អូបាម៉ា ​នឹងគ្រលាស់​ ត្រលប់​លុប​ចោល​បាន​វិញ​ទាំង​អស់ ដោយ​​លោក​ ដូណាល់ ត្រាំ​ ចាប់​ពី​ថ្ងៃទី ២០​មករា ទៅ​ថ្ងៃ​ដែល​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥។​​

រុស្ស៊ីអាច​​សងសឹក​ទេ ?

ស្ថានទូត​រុស្ស៊ី​នៅ​អង់គ្លេស​បាន​បញ្ចេញ​ប្រតិកម្ម​មុន​គេ ដោយមាន​​លក្ខណៈ​ការទូត​តិច​តួច​បំផុត​ថា សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​អូបាម៉ា ធ្វើ​ដូច​នៅ​​សម័យ​សង្គ្រាម​ត្រជាក់​។ ពិភព​លោក ព្រមទាំង​ពលរដ្ឋ​អាមេរិក មាន​អារម្មណ៍​រីក​រាយ​ដូច​រុស្ស៊ី​ដែរ​ដែល​ឃើញលោក​អូបាម៉ា​ដ៏​អភ័ព្វ​ត្រូវ​បិទ​បញ្ចប់។ ​ទូត​រុស្ស៊ី​នោះ​បាន​ទាំង​ប្រៀប​ប្រដូច​លោក​អូបាម៉ា ទៅ​នឹង​ទា​កំបាក់​ទៀត​ផង។

សម្រាប់​អ្នក​នាំ​ពាក្យ​លោក​ពូទីន ទណ្ឌកម្ម​របស់​សេតវិមាន​ថ្ងៃ​នេះ មាន​កម្មវត្ថុ​ចង់​បំផ្លាញ​ឱ្យ​ខ្ទេច​ទំនាក់ទំនង​អាមេរិក-រុស្ស៊ី ដែល​ធ្លាក់ដល់​បាត​ស្រាប់​ និង​ចង់​វាយប្រហារ​ផែនការ​នយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី ដូណាល់ ត្រាំ​តែប៉ុណ្ណោះ។ បើ​ចាញ់​ឆ្នោត​ សូម​ចាញ់​ដោយ​ថ្លៃ​ថ្នូរ ! កុំ​យក​បរាជ័យ​របស់​អាមេរិក​លើ​ឆាក​អន្តរជាតិ និង​បរាជ័យ​របស់​លោកស្រី​ គ្លីនតុន មក​បំពារបំពាន​ការ​ទូត។

នៅ​ថ្ងៃ​នេះ ជាមួយ​នឹង​ពាក្យ​​បរិហារ​ទណ្ឌកម្ម​អាមេរិក​ថា ជា​សេចក្តី​សម្រេច​ដោយ​ប្រើ​អំណាច​ គ្មាន​មូលដ្ឋាន និង​ខុស​ច្បាប់​អន្តរជាតិ រុស្ស៊ី​ដ៏​បាន​វាយបក​វិញ​យ៉ាង​សក្តិសម និងបាន​ស្នើ​បណ្តេញ​មន្ត្រី​ទូត​អាមេរិក​៣៥​នាក់​ដែរ​ចេញ​ពី​ម៉ូស្គូ។ នេះ​បើ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ការបរទេស​ទៅ​កាន់​ប្រធានាធិបតី​ពូទីន ដែល​បដិសេធ​មិនបណ្តេញ​ពលរដ្ឋ​អាមេរិក​ណា​ម្នាក់​ឡើយ និង​រក្សា​សិទ្ធិ​ស្តារ​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិកថ្មី លោក ដូណាល់ ត្រាំ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ