លោកអូបាម៉ា ដាក់ទណ្ឌកម្មរុស្ស៊ី ពីបទចង់លូកដៃក្នុងការបោះឆ្នោតអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៩
បន្ទាប់ពីមានពាក្យចោទប្រកាន់រុស្ស៊ី ថាជាអ្នកនៅពីក្រោយខ្នងនៃការលួចទិន្នន័យព័ត៌មានវិទ្យា រំខានដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកមក នៅថ្ងៃព្រហស្បតិ៍ទី ២៩ ធ្នូ ២០១៦ ម្សិលមិញ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសចាត់វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយបានបណ្តេញអ្នកការទូតរុស្ស៊ី៣៥នាក់ ចេញពីទឹកដីអាមេរិក និងដាក់ទណ្ឌកម្មប្រឆាំងក្រុមហ៊ុន ព្រមទាំងភ្នាក់ងាររុស្ស៊ីមួយចំនួនផ្សេងទៀត។
ដោយមានក្រិត្យឆ្នាំ២០១៥ ផ្នែកប្រយុទ្ធប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធ័រនែតជាសំអាង និងដោយមានរបាយការណ៍របស់ភ្នាក់ងារចារកិច្ចCIA និងFBI បញ្ជាក់អំពីភាពប្រលាក់ប្រលូសរបស់រុស្ស៊ី ទើបលោកអូបាម៉ា បានប្រកាសដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរុស្ស៊ី និងក្នុងទ្រង់ទ្រាយធំ ពីបទបានប៉ុនប៉ងប្រើឥទ្ធិពលចូលជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្ងៃទី៨ខែវិច្ឆិកា។
ភ្នាក់ងារចារកិច្ចរុស្ស៊ីពីរ GRU និង FSB ព្រមទាំងថ្នាក់ដឹកនាំបួនរូប ត្រូវជាប់ទណ្ឌកម្ម ! ក្រុមហ៊ុនឯកជនបី ដែលជាប់សង្ស័យថាបានផ្តល់ការជួយជ្រោមជ្រែងក្នុងប្រតិបត្តិការលួចទិន្នន័យព័ត៌មានវិទ្យា ក៏ត្រូវជាប់ក្នុងបញ្ជីខ្មៅរបស់អាមេរិកដែរ។
នៅលើទឹកដីអាមេរិកវិញ ទណ្ឌកម្មរបស់លោកអូបាម៉ា មានពីរសណ្ឋាន ៖ អាមេរិកបានសម្រេចបណ្តេញ មន្ត្រីរុស្ស៊ី ៣៥នាក់ដែលមានកាន់លិខិតឆ្លងដែនការទូត ចេញពីដែនដីអាមេរិក ព្រោះតែជនទាំងនោះ បានដឹកនាំសកម្មភាពមិនល្អ មិនស៊ីនឹងបេសកកម្មការទូតតម្រូវ។ មន្ត្រីការទូតទាំងនេះ ត្រូវចាកចេញ ជាមួយក្រុមគ្រួសារ ឱ្យផុតពីអាមេរិកក្នុងរយៈពេលបីថ្ងៃ។ វិធានការនេះក៏ជាការឆ្លើយតបទៅនឹងទង្វើសំឡុតគំរាមជាអចិន្ត្រៃយ៍ដែលមន្ត្រីទូតលោកខាងលិច ធ្លាប់រងគ្រោះនៅម៉ូស្គូ។
ទីតាំងជាកម្មសិទ្ធិរុស្ស៊ីពីរកន្លែង មួយនៅក្នុងរដ្ឋMaryland និងមួយនៅតំបន់ New York ត្រូវរឹបអូស មិនឱ្យចេញចូល។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ផ្ទះពីរនេះធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីបញ្ចេញសកម្មភាពប្រឆាំងនឹងអាមេរិក។
ទណ្ឌកម្មមិនបញ្ចប់ត្រឹមណេះទេ ! លោកប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា អាមេរិកនឹងចាត់វិធានការផ្សេងទៀត រាប់ទាំងប្រតិបត្តិការសម្ងាត់ដែលមិនអាចបង្ហើបបង្ហាញជូនសាធារណមតិផង។
លោកអូបាម៉ា ដែលធ្លាប់បានសន្យាសងសឹករុស្ស៊ី ក្រោយលេចធ្លាយដំណឹងវាយប្រហារលួចទិន្នន័យព័ត៌មានវិទ្យា ក៏បានអំពាវនាវឱ្យប្រទេសជាមិត្ត និងសម្ព័ន្ធមិត្តទាំងឡាយ សហការជាមួយអាមេរិកទប់ស្កាត់ទង្វើរុស្ស៊ីដែលប្រឹងធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញទម្លាប់ល្អរបស់អន្តរជាតិ និងដែលចង់ជ្រៀតជ្រែកក្នុងដំណើរការបោះឆ្នោតបែបប្រជាធិបតេយ្យ។
លោក ដូណាល់ ត្រាំ មិនជឿលើពាក្យចោទប្រកាន់
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី ដែលមានទំនោរទៅរករុស្ស៊ី នៅតែអះអាងដដែលៗថាមិនជឿលើពាក្យចោទប្រកាន់របស់អាមេរិកឡើយ។ តាំងពីល្ងាចមិញ គ្រាន់តែបានឮវិធានការរបស់សេតវិមានភ្លាម លោក ដូណាល់ ត្រាំ បានបញ្ចេញប្រតិកម្មដោយគ្មានបង្អង់ តាមរយៈសេចក្តីថ្លែងការណ៍មួយដែរថា “ដល់ពេលដែលអាមេរិកត្រូវគិតរឿងសំខាន់ៗជាងនេះ”។
ប៉ុន្តែលោកដូណាល់ ត្រាំ នឹងត្រូវជួបភ្នាក់ងារចារកិច្ចអាមេរិក ដើម្បីទទួលព័ត៌មានលម្អិត នៃការអង្កេតនៅសប្តាហ៍ក្រោយតែប៉ុណ្ណោះ។ មិនដឹងថាពេលនោះលោកប្តូរចិត្ត ឬយ៉ាងណាទេ។ តែយ៉ាងណាក៏ដោយ ក៏សរុបសេចក្តីចុងក្រោយទៅ សេចក្តីសម្រេចតាមរយៈក្រិត្យរបស់លោកអូបាម៉ា នឹងគ្រលាស់ ត្រលប់លុបចោលបានវិញទាំងអស់ ដោយលោក ដូណាល់ ត្រាំ ចាប់ពីថ្ងៃទី ២០មករា ទៅថ្ងៃដែលលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី ៤៥។
រុស្ស៊ីអាចសងសឹកទេ ?
ស្ថានទូតរុស្ស៊ីនៅអង់គ្លេសបានបញ្ចេញប្រតិកម្មមុនគេ ដោយមានលក្ខណៈការទូតតិចតួចបំផុតថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលអូបាម៉ា ធ្វើដូចនៅសម័យសង្គ្រាមត្រជាក់។ ពិភពលោក ព្រមទាំងពលរដ្ឋអាមេរិក មានអារម្មណ៍រីករាយដូចរុស្ស៊ីដែរដែលឃើញលោកអូបាម៉ាដ៏អភ័ព្វត្រូវបិទបញ្ចប់។ ទូតរុស្ស៊ីនោះបានទាំងប្រៀបប្រដូចលោកអូបាម៉ា ទៅនឹងទាកំបាក់ទៀតផង។
សម្រាប់អ្នកនាំពាក្យលោកពូទីន ទណ្ឌកម្មរបស់សេតវិមានថ្ងៃនេះ មានកម្មវត្ថុចង់បំផ្លាញឱ្យខ្ទេចទំនាក់ទំនងអាមេរិក-រុស្ស៊ី ដែលធ្លាក់ដល់បាតស្រាប់ និងចង់វាយប្រហារផែនការនយោបាយការបរទេសរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី ដូណាល់ ត្រាំតែប៉ុណ្ណោះ។ បើចាញ់ឆ្នោត សូមចាញ់ដោយថ្លៃថ្នូរ ! កុំយកបរាជ័យរបស់អាមេរិកលើឆាកអន្តរជាតិ និងបរាជ័យរបស់លោកស្រី គ្លីនតុន មកបំពារបំពានការទូត។
នៅថ្ងៃនេះ ជាមួយនឹងពាក្យបរិហារទណ្ឌកម្មអាមេរិកថា ជាសេចក្តីសម្រេចដោយប្រើអំណាច គ្មានមូលដ្ឋាន និងខុសច្បាប់អន្តរជាតិ រុស្ស៊ីដ៏បានវាយបកវិញយ៉ាងសក្តិសម និងបានស្នើបណ្តេញមន្ត្រីទូតអាមេរិក៣៥នាក់ដែរចេញពីម៉ូស្គូ។ នេះបើតាមសំណើរបស់រដ្ឋមន្ត្រីការបរទេសទៅកាន់ប្រធានាធិបតីពូទីន ដែលបដិសេធមិនបណ្តេញពលរដ្ឋអាមេរិកណាម្នាក់ឡើយ និងរក្សាសិទ្ធិស្តារទំនាក់ទំនងល្អជាមួយនឹងប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ