អានតួអត្ថបទ

ភេរវកម្ម​ប៊ែរឡាំង ៖ អាល្លឺម៉ង់ចង់​​ធ្វើ​កំណែទម្រង់ភ្នាក់ងារ​សន្តិសុខ

​នៅ​ថ្ងៃអង្គារ​ទី ៣ មករានេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ បាន​បង្ហើប​បង្ហាញផែនការ​គោល ខាង​ផ្នែក​បណ្តេញ​ជន​​អន្តោប្រវេសន៍ និង​​គ​​ម្រោង​ធ្វើ​កំណែទម្រង់ ពង្រឹង​​ភ្នាក់ងារ​សន្តិសុខ​ជាតិ​។ ភ្នាក់ងារ​សន្តិសុខ​ដែល​មានចំណុច​ខ្សោយ​ ​ប្រហែសប្រហោងរហូត​បណ្តោយ​ឱ្យ​​មាន​ភេរវកម្ម​វាយប្រហារ​​ក្រុង​ប៊ែរឡាំងបាន ​ថ្ងៃទី ១៩ ធ្នូ សម្លាប់​មនុស្ស​១២​នាក់ និង​របួស​ជាច្រើន​នាក់។

ប៉ូលិស​អាល្លឺម៉ង់ កំពុង​ល្បាត​នៅ​ក្រុង​ប៊ែរឡាំង ថ្ងៃទី ២៧ ធ្នូ ២០១៧
ប៉ូលិស​អាល្លឺម៉ង់ កំពុង​ល្បាត​នៅ​ក្រុង​ប៊ែរឡាំង ថ្ងៃទី ២៧ ធ្នូ ២០១៧ REUTERS/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ទំព័រ​សារព័ត៌មាន  Frankfurter Allgemeine Zeitung លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ បាន​សង្កត់​ធ្ងន់​អំពី​ភាព​ចាំបាច់​​នៃ​ការ​​ពន្លឿន​ដំណើរការ​ចាប់​បញ្ជូន​អន្តោប្រវេសន៍​សុំ​សិទ្ធិ​ជក​កោន និង​ការ​​ពង្រឹង​អំណាច​រដ្ឋ​សហព័ន្ធ ក្នុង​វិស័យ​ចារកិច្ច​ផ្ទៃក្នុង​ ដែល​បែងចែក​ បច្ចុប្បន្ន​នេះ​ជា​១៦​តំបន់។ ​លោក​ក៏​បាន​ស្នើ​សុំឱ្យ​មាន​ការ​បង្កើន​សមត្ថភាព​ដែល​រហូត​មក​ទល់​ពេល​នេះ កំរិត​ត្រឹម​ថ្នាក់​ប៉ូលិស​សហព័ន្ធ​ និង​ដាក់​ឱ្យ​មាន​មជ្ឈមណ្ឌល​មួយ​គ្រប់គ្រង​ទូទៅ បញ្ហា​សន្តិសុខ​ជុំ​វិញ​ករណី​ពាក់ព័ន្ធ​រវាង​​អន្តោប្រវេសន៍​និង​ភេរវកម្ម​។

បើ​តាម​លោក​រដ្ឋមន្ត្រី ប៉ូលិស​សហព័ន្ធ​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ទប់​ស្កាត់​មហន្តរាយ​ថ្នាក់​ជាតិ ដូច​យ៉ាង​ភេរវកម្ម​ថ្ងៃទី ១៩​ធ្នូ ប្រឆាំង​នឹង​ផ្សារ​ណូអែល​ក្រុង​ប៊ែរឡាំង​ទេ ហើយ​សមត្ថភាព​អន្តរជាតិ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ក៏​កំពុង​បែក​ខ្ចាយ​ដែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​អាល្លឺម៉ង់ ត្រូវ​ការ​មាន​វិធាន​ទូទៅ​ដូចគ្នា និង​មាន​កិច្ចសហប្រតិបត្តិការ​ល្អ សម្រាប់​តាមដាន​ជន​គ្រោះថ្នាក់។

ដោយ​ឡែក​អាល្លឺម៉ង់ ក៏គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​ឃុំឃាំង នៅក្បែរ​អាកាសយានដ្ឋាន។ បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មណ្ឌលនេះនឹង​ត្រូវ​ប្រើ​សម្រាប់​​ឃុំឃាំង​ជន​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​ទឹក​ដី​អាល្លឺម៉ង់ ជា​បណ្តោះ​អាសន្ន​រយៈ​ពេល​​រាប់​ថ្ងៃ ​ឬ​រាប់​សប្តាហ៍បាន។ អាល្លឺម៉ង់​មាន​គំរូ​​អាក្រក់​​មួយ​ កើត​រួច​មក​ហើយ​លើ​ករណី​ភេរវជន​ អានីស អាមរី ជាតិ​ទុយនីស៊ី រត់ភៀស​ខ្លួន​មក​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​អាល្លឺម៉ង់ ដែលគួរ​តែ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​វិញ តាំង​ពី​ដំបូង​ភ្លាម​ តែ​ត្រូវ​យឺតយ៉ាវ​ដោយ​អាជ្ញាធរ​ទុយនីស៊ី​មិន​ព្រម​ផ្តល់​ឯកសារ​ចាំបាច់​សម្រាប់​បញ្ជូន​ចេញ ទើប​ត្រូវ​ហួសពេល​ ធ្លោយ​ឱ្យ​កើត​ភេរវកម្ម​ក្នុង​ប្រទេស​បាន។

មិនមែន​មាន​តែ​ភេរវកម្ម​ប្រឆាំង​ផ្សារ​ណូអែលទេ ដែល​បាន​ឆ្លុះ​បញ្ចាំង​ឱ្យឃើញអំពី​ចំណុច​ខ្សោយ​របស់​ភ្នាក់ងារ​សន្តិសុខ​ជាតិ​អាល្លឺម៉ង់ គេ​ក៏​សង្កេត​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ប្រហែសប្រហោង​ច្រើន នា​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ មាន​ភ្នាក់ងារ​ចារកិច្ច​ផ្ទៃក្នុង​ជា​អ៊ីស្លាមជ្រុលនិយម​ជីហាត ជនភៀសខ្លួន​ជ្រុលនិយម​ម្នាក់​ស្ថិត​ក្រោម​ការ​តាមដាន​របស់​ប៉ូលិស​តែ​អាច​សម្លាប់​ខ្លួន​ក្នុង​ពន្ធនាគារ​បាន​ ...

ប៉ុន្តែ​ក្នុង​បរិបទជិត​​បោះឆ្នោត ប្រកាស​ធ្វើ​កំណែទម្រង់​នៅ​ពេល​នេះ ត្រូវ​បាន​បក្ស​ប្រឆាំង​ចោទ​ថា​ជា​វិធានការ​ដើម្បី​យក​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ