អានតួអត្ថបទ

ពីរ​ឆ្នាំ​ក្រោយ​ភេរវកម្ម​ តើ​ទស្សនាវដ្តី​ថ្លុក​ក្លាយ​ទៅ​ជា​យ៉ាងណា ?

៧ មករា ២០១៥-៧មករា២០១៧ ថ្ងៃ​នេះ​ជា​ខួប​ពីរ​ឆ្នាំ​គត់ នៃ​ភេរវកម្ម​ផ្តាច់​ឬស​ទស្សនាវដ្តី​ថ្លុក ស្ហារលី អិបដូ Charlie Hebdo និង​បន្ត​ដោយ​ភេរវកម្ម​ប្រឆាំង​នឹង​ផ្សារ​ទំនើប​ជ្វីហ្វ មុន​នឹង​ត្រូវ​ប៉ូលិស​កម្ចាត់​ភេរវជន​បាន។ ​ជា​តំណាង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ទស្សនាវដ្តី​ដែលហៀប​នឹង​ក្ស័យ​ធន​ទៅ​ហើយមុន​ភេរវកម្ម បន្ទាប់​មក​ត្រូវ​បាត់​បង់​ អ្នក​និពន្ធ​ អ្នក​មាន​ថ្វី​ដៃ​ ខាង​គំនូរ ខាងថ្លុក​កំប្លែងល្បី​ៗ​របស់​ខ្លួន​ទៀត​ តើ​ពីរ​ឆ្នាំ​ក្រោយទស្សនាវដ្តី​មាន​ជីវិត​យ៉ាងណា ?

ទស្សនាវដ្តី​Charlie Hebdo លេខ​ពិសេស​ចេញ​ផ្សាយ​ក្នុង​ឱកាស​ខួប​ពីរ​ឆ្នាំ​ក្រោយ​ភេរវកម្ម
ទស្សនាវដ្តី​Charlie Hebdo លេខ​ពិសេស​ចេញ​ផ្សាយ​ក្នុង​ឱកាស​ខួប​ពីរ​ឆ្នាំ​ក្រោយ​ភេរវកម្ម Eric Feferberg / AFP
ផ្សាយពាណិជ្ជកម្ម

ទស្សនាវដ្តី​លេខ​ផ្សាយ​ក្រោយ​ភេរវកម្ម​ថ្ងៃទី ៧ មករា ២០១៥ បាន​លក់​ដាច់​អស់​ដល់​ជាង​៧​លាន​ច្បាប់ អ្នក​ចុះ​ទិញ​ជា​ប្រចាំ​បាន​ឡើង​ដល់​២៦ម៉ឺន​នាក់ បើ​ប្រៀប​ទៅ​នឹង​បី​ម៉ឺននាក់នៅ​មុន​ហេតុការណ៍។ ប៉ុន្តែ​នៅ​ភាព​រន្ធត់​រលត់​បាត់​ទៅ ការ​ជ្រាវ​ទស្សនាវដ្តី​ក៏​ចុះ​ថយ​ ដោយ​សល់​អ្នក​ជ្រាវ​ជា​ប្រចាំ​ត្រឹម​ប្រមាណ​៥ម៉ឺន​នាក់​ប៉ុណ្ណោះ។

ប៉ុន្តែ​ជា​មួយ​មូលនិធិ​បំរុង ទស្សនាវដ្តី​អាច​ត្រដរ​រស់​ដោយ​សមរម្យ​បាន និង​មាន​គម្រោង​ថ្មី ដោយ​មាន​ចេញផ្សាយ​តាម​អ៊ីនធ័រនែត បក​ប្រែ​ជា​ភាសា​អង់គ្លេស អាល្លឺម៉ង់ ដើម្បី​ដាក់​លក់​ក្នុង​ប្រទេស​ផ្សេង​ក្រៅ​ពី​បារាំង។ អ្នក​គូរ​រូប​ថ្លុក​ដ៏ល្បីៗ បាន​បង់​បង់​ជីវិត​មែន ប៉ុន្តែ​អ្នកគូរ​ក្នុង​កាសែត​ផ្សេងៗ បាន​ស្ម័គ្រ​ចិត្ត​ចូល​​មក​ធ្វើ​ការ​ឱ្យ​ទស្សនាវដ្តី និងក្លាយ​ជា​សរសរទ្រូង​ថ្មី​។

នៅ​ក្នុង​ខួប​ពីរ​ឆ្នាំ​នេះ ទស្សនាវដ្តី​បាន​ចេញ​ផ្សេង​លេខ​ពិសេស​ ដោយ​ដាក់​ចំណង​ជើង​បែប​ចំអក​ដូច​ទម្លាប់​ថា “ឆ្នាំ​២០១៧ ឃើញ​ពន្លឺ​តិចៗ​ហើយ” អម​ដោយ​រូប​គំនូរ​ មនុស្ស​ម្នាក់​មើល​តាម​រន្ធ​កាណុង​​​កាំភ្លើង កាន់​ដោយ​ពួក​អ៊ីស្លាម​ជ្រុលនិយម។

ទស្សនាវដ្តី​ត្រដរ​រស់ ​ប៉ុន្តែក្រោម​ទម្ងន់​សម្ពាធ​ដ៏​ធ្ងន់ ! ពីរ​ឆ្នាំក្រោយ​ភេរវកម្ម អ្នក​គំនូរ​សារព័ត៌មាន នៅ​តែ​ប្រឈម​នឹង​កង្វះ​សេរីភាព​នៃ​ការ​ចំអក​រិះគន់ ! នេះ​ជា​ការ​បរិហារ​របស់​អង្គការ​អ្នក​យកការណ៍​គ្មាន​ព្រំដែន។ អង្គការ​ដែល​បាន​លើក​ឡើង​អំពី​ករណី​គំរាម​កំហែងលើ​ជាងគំនូរ​ថ្លុក​របស់កាសែត និង​ទស្សនាវដ្តី​ផ្សេង​ៗ​នៅ​លើ​លោក ដូច​ជា​អ្នក​គំនូរ​ម៉ាឡេស៊ី ដែល​រងសំលុត​កំហែង​ជា​ប្រចាំ​ ពី​សំណាក់​អ្នក​កាន់​អំណាច​ ជាង​គំនូ​ជាតិ​អាល់ហ្សេរី តួកគី​ដែល​ត្រូវ​បាន​គេ​ចាប់​ញាត់​​ពន្ធនាគារ​ព្រោះ​បាន​គូរ​រូប​ប៉ះពាល់​ដល់​ប្រធានាធិបតី​​។ បើ​តាមអង្គការ របប​គូស​រូប​ថ្លុក​ ដែល​ជា​រង្វាស់​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ កំពុង​ក្លាយ​ជា​អាជីព ដ៏​គ្រោះ​ថ្នាក់​ជាង​គេ៕​ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ