តើអ្វីជាចំណុចខ្ទាស់ការចរចាបង្រួបបង្រួមប្រទេសស្ហ៊ីប ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣១
កិច្ចចរចាជាប្រវត្តិសាស្ត្រដែលជាផ្តល់សំណាងថ្មីដល់ការបង្រួបបង្រួមប្រទេសស្ហ៊ីប បានចាប់ផ្តើមបើកធ្វើនៅថ្ងៃចន្ទនេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ក្រោមម្លប់អង្គការសហប្រជាជាតិ។ កម្មវត្ថុចំបងនៃកិច្ចចរចា គឺស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ ប៉ុន្តែប្រមុខដឹកនាំស្ហ៊ីបទាំងអស់ ទាំងស្ហ៊ីបខាងក្រិក និងស្ហ៊ីបតួកគី សុទ្ធតែដឹងខ្លួនថាជាកិច្ចការដ៏លំបាក។ នេះមិនមែនជាលើកទីមួយទេដែលស្ហ៊ីបបើកការចរចាបង្រួបបង្រួមប្រទេស ប៉ុន្តែការចរចាកន្លងមកតែងតែជួបបរាជ័យជានិច្ច។
ក្រោយពីបានពុះជ្រៀកជាពីរចំណែកអស់រយៈពេល៤២ឆ្នាំ នៅថ្ងៃនេះ ស្ហ៊ីបបាននាំគ្នាមកអង្គុយក្នុងតុចរចា ក្រោមម្លប់របស់អង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ជម្លោះ និងដើម្បីបានបង្រួបបង្រួមកោះឡើងវិញ។ ថ្នាក់ដឹកនាំស្ហ៊ីបក្រិក និង ស្ហ៊ីបតួកគី មានពេលបីថ្ងៃសម្រាប់ជជែកចរចាគ្នា។ បន្ទាប់មក នៅថ្ងៃ ព្រហស្បតិ៍ ទី ១២មករា នៅទីក្រុងហ្សឺណែវដដែល នឹងមានការរៀបចំសន្និសីទស្តីអំពីប្រទេសស្ហ៊ីប ចូលរួមដោយភាគីស្ហ៊ីបផង និងដោយមានតំណាងប្រទេស ជាអ្នកធានារ៉ាប់រង រក្សាសន្តិសុខ ចំនួនបី គឺ ក្រិក តួកគី និងអង់គ្លេស ដែលជាអតីតមហាអំណាចធ្វើអាណានិគមកិច្ចក្នុងតំបន់ និងដែលស្ហ៊ីបទាំងពីរ ស្នើចង់បានមកធ្វើជាអ្នកមើលការខុសត្រូវ និងជាភ្នែកជាច្រមុះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិថ្មី ក៏នឹងធ្វើជាអធិបតីក្នុងជំនួបចរចានេះដែរ។ ជាកិច្ចចរចាទ្រង់ទ្រង់ធំ មិនធ្លាប់មានគិតចាប់ពីឆ្នាំ២០១៤មក។ ប្រេសិតពិសេសរបស់អ.ស.បទទួលបន្ទុកសម្របសម្រួលការចរចានេះបានបង្ហាញនូវសុទិដ្ឋិនិយមថា ឆ្នាំ២០១៧នេះ គឺជាឱកាសល្អបំផុត ដែលការចរចា អាចឈានទៅសម្រេចជាកិច្ចព្រមព្រៀង ដើម្បីឲ្យប្រជាជនស្ហ៊ីបទាំងពីររួបរួមគ្នាឡើងវិញ។
មេដឹកនាំស្ហ៊ីបខាងត្បូង និងខាងជើង បានជួបចរចាគ្នាក្រៅផ្លូវការ តាំងពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ដោយម្នាក់អះអាងថាមានទំនុកចិត្តលើកិច្ចចរចាថ្ងៃនេះ ម្នាក់ទៀតមានអារម្មណ៍វិជ្ជមាន។
ចំណុចខ្ទាស់១០០ ត្រូវស្រាយ
បើតាមប្រតិភូតួកគីនៅហ្សឺណែវ មានចំណោទជាង១០០ ដែលត្រូវភាគីស្ហ៊ីបទាំងពីរ ត្រូវប្រឹងស្រាយ នៅក្នុងកិច្ចចរចាថ្ងៃនេះ។ ប៉ុន្តែ មានប្រធានបទពី៨ទៅ១០ ដែលចោទជាបញ្ហាខ្លាំងមែនទែន រួមមាន បញ្ហាច្បាប់កម្មសិទ្ធិដីធ្លី ការបែងចែងដែនដីគ្រប់គ្រង បញ្ហាសន្តិសុខ...
ស្ហ៊ីបជាកូនកោះដ៏តូចមួយ មានប្រជាជនរស់នៅប្រមាណ១លាននាក់ និងត្រូវបានពុះចែកជាពីរ តាំងពីឆ្នាំ១៩៧៤មក នៅពេលដែលទាហានតួកគីចូលឈ្លានពានភាគខាងជើងកោះ។
ការបែងចែងនេះបានជំរុញឱ្យមានចលនាបំលាស់ទីរបស់ប្រជាពលរដ្ឋស្ហ៊ីបក្រិកចំនួន ជាង១៦ម៉ឺននាក់ និងស្ហ៊ីបតួកគី ៤៨ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានសន្តិភាពអូស្លូ។ ហើយការប្រយុទ្ធគ្នារវាងស្ហ៊ីបក្រិក និងស្ហ៊ីបតួកគី ក៏ធ្លាប់មានជាញយដង ក្នុងអតីតកាល ដែលក៏បានបណ្តាលឱ្យការភៀសខ្លួនច្រើន។ នៅក្នុងគម្រោងកិច្ចព្រមព្រៀង ស្ហ៊ីបក្រិកចង់អនុញ្ញាតឱ្យពលរដ្ឋកិច្ចត្រលប់ទៅរស់នៅស្រុកកំណើត នៅភាគខាងជើង ឬស្ហ៊ីបតួកគី។ នេះជាចំណុចខ្ទាស់ដ៏សំខាន់ព្រោះថា តើការរដ្ឋាភិបាលនឹងត្រូវធ្វើការដោះដូរដីធ្លី និងកម្មសិទ្ធិផ្ទះសម្បែងយ៉ាងណា ? នរណាជាអ្នកចេញលុយបើហិបស្ហ៊ីបគ្មានប្រាក់មួយរៀលផងនោះ ?!
នៅក្នុងគម្រោងសេចក្តីសម្រេចសន្តិភាព ស្ហ៊ីបនឹងក្លាយជារដ្ឋសហព័ន្ធ ដែលប្រសូតចេញពីការបូកបញ្ចូលនៃរដ្ឋពីរ គឺស្ហ៊ីបក្រិក និងស្ហ៊ីបតួកគី។ ទឹកដីមួយភាគរបស់ស្ហ៊ីបតួកគី នឹងត្រូវប្រគល់មកឱ្យស្ហ៊ីបក្រិកជាអ្នកគ្រប់គ្រង។ ប៉ុន្តែបញ្ហានៅត្រង់ថា ស្ហ៊ីបតួកគីដែលមានប្រជាពលរដ្ឋ១៨%នៅលើកោះមុនការពុះចែក គ្រប់គ្រងដែនដីជាង៣៦% តែនៅថ្ងៃអនាគតទៅស្ហ៊ីបតួកគីមានអំណាចត្រឹម២៨,២%ប៉ុណ្ណោះ។ នេះបើការចរចាកន្លងមក និងជាតំណាងនៃការមិនចុះសម្រុងគ្នាខ្លាំងមួយ។ នៅថ្ងៃទី ១១មករា ភាគីទាំងពីរ សន្យាបង្ហាញផែនទីនៃបែងចែកដែនដីនេះហើយ។
បញ្ហាសន្តិសុខ ក៏ជាឧបសគ្គដ៏ធំដែរ ! ស្ហ៊ីបជាប្រទេសស្ថិតក្រោមអាណាព្យាបាលមហាអំណាចបី ៖ ក្រិក អង់គ្លេស និងតួកគី។ ក្រិកនិងអង់គ្លេស ដែលមានមូលដ្ឋានទ័ពនៅស្ហ៊ីប បានព្រមដកចេញ តែនៅបញ្ហាវត្តមានទាហានតួកគីដែលស្ហ៊ីបក្រិកចង់ឱ្យដកចេញ តែស្ហ៊ីបតួកគីចង់រក្សាទុកខ្លះ
បរិបទអន្តរជាតិ
បច្ចុប្បន្ននេះគេមិនដឹងអំពីជំហររបស់តួកគីថាចង់បន្តឹងឬ បន្ធូរ ឱ្យមានការរួបរួមស្ហ៊ីបតែមួយ យ៉ាងណាទេ។ គ្រាន់តែថាពេលនេះ គ្មានទៀតឡើយឧបសគ្គយោធា។ ប្រមុខដឹកនាំស្ហ៊ីបទាំងពីសុទ្ធតែមានឆន្ទៈមុះមុតបំផុត ហើយសម្ពាធអន្តរជាតិក៏ខ្លាំង ការចរចាលើកនេះអាចជាទឹកសម្រេចក៏ថាបាន។ ប្រសិនបើដូច្នេះមែន នោះស្ហ៊ីបនឹងធ្វើជាគំរូឱ្យតំបន់ ដែលកំពុងស្ថិតក្នុងស្ថានភាពមិនជាក់លាក់។
ប៉ុន្តែ រាល់កិច្ចព្រមព្រៀងសន្តិភាព ត្រូវឆ្លងកាត់ប្រជាមតិទាំងអស់។ បើមានភាគីម្ខាងណាបដិសេធ នោះកិច្ចព្រមព្រៀងក៏មិនអាចប្រើការបានដែរ។ កាលពីឆ្នាំ២០១៤ អង្គការសហប្រជាជាតិបានរកឃើញកិច្ចព្រមព្រៀងមួយជូនស្ហ៊ីប ប៉ុន្តែប្រជាពលរដ្ឋស្ហ៊ីបក្រិកបានច្រើនចោល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ