អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​អ្វី​ជា​ចំណុច​ខ្ទាស់​ការ​ចរចា​បង្រួបបង្រួម​ប្រទេស​ស្ហ៊ីប ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចចរចា​ជា​ប្រវត្តិសាស្ត្រដែល​ជា​ផ្តល់​សំណាង​ថ្មី​ដល់ការ​​បង្រួបបង្រួម​ប្រទេស​ស្ហ៊ីប បាន​ចាប់​ផ្តើម​បើក​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ក្រោម​ម្លប់​អង្គការ​សហប្រជាជាតិ។ កម្មវត្ថុ​ចំបង​នៃ​កិច្ចចរចា គឺ​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ ​ប៉ុន្តែ​​​ប្រមុខ​ដឹកនាំ​ស្ហ៊ីបទាំង​អស់ ទាំង​ស្ហ៊ីប​ខាង​​ក្រិក និង​ស្ហ៊ីបតួកគី សុទ្ធតែ​ដឹង​ខ្លួន​ថា​ជា​កិច្ចការ​ដ៏​លំបាក។ នេះ​មិនមែន​ជា​លើក​ទី​មួយទេ​ដែល​ស្ហ៊ីប​​បើក​ការចរចា​បង្រួបបង្រួម​ប្រទេស ប៉ុន្តែ​ការចរចា​កន្លង​មក​តែង​តែ​ជួប​បរាជ័យ​ជានិច្ច។

ប្រធានាធិបតី​ស្ហ៊ីបក្រិក លោក Nicos Anastasiades (ឆ្វេង) សមភាគី​ស្ហ៊ីប​តួកគី លោក Mustafa Akinci (ស) និង​ប្រេសិត​អង្គការ​សហប្រជាជាតិលោក Espen Barth Eide
ប្រធានាធិបតី​ស្ហ៊ីបក្រិក លោក Nicos Anastasiades (ឆ្វេង) សមភាគី​ស្ហ៊ីប​តួកគី លោក Mustafa Akinci (ស) និង​ប្រេសិត​អង្គការ​សហប្រជាជាតិលោក Espen Barth Eide REUTERS/Yiannis Kourtoglou
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​ពុះ​ជ្រៀក​ជា​ពីរ​ចំណែក​អស់​រយៈ​ពេល​៤២​ឆ្នាំ​ នៅ​ថ្ងៃ​នេះ ស្ហ៊ីប​បាន​នាំ​គ្នា​មក​អង្គុយ​ក្នុង​តុ​​ចរចា ក្រោម​ម្លប់​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​បញ្ចប់​ជម្លោះ និង​ដើម្បី​បាន​បង្រួបបង្រួម​កោះ​ឡើង​វិញ។ ​ថ្នាក់ដឹកនាំ​​​ស្ហ៊ីបក្រិក និង​ ​ស្ហ៊ីបតួកគី មាន​ពេល​បី​ថ្ងៃ​សម្រាប់​ជជែក​ចរចា​គ្នា។ បន្ទាប់​មក នៅ​ថ្ងៃ ព្រហស្បតិ៍​ ទី ១២​មករា នៅ​ទីក្រុង​ហ្សឺណែវដដែល នឹង​មានការ​រៀប​ចំ​សន្និសីទ​ស្តីអំពី​ប្រទេស​ស្ហ៊ីប ចូល​រួម​ដោយ​ភាគី​ស្ហ៊ីប​ផង និង​ដោយ​មាន​តំណាង​ប្រទេស​​ ជា​អ្នក​ធានា​រ៉ាប់រង​ រក្សា​សន្តិសុខ ចំនួន​បី គឺ​ ក្រិក តួកគី និង​អង់គ្លេស ដែល​ជា​អតីត​មហាអំណាច​ធ្វើ​អាណានិគមកិច្ច​ក្នុង​តំបន់ និង​ដែល​ស្ហ៊ីប​ទាំងពីរ ស្នើ​ចង់​បាន​មក​ធ្វើ​ជា​អ្នក​មើលការ​ខុស​ត្រូវ និងជា​ភ្នែក​ជា​ច្រមុះ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថ្មី ក៏​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ជំនួប​ចរចា​នេះ​ដែរ។ ជា​កិច្ចចរចា​ទ្រង់ទ្រង់​ធំ មិនធ្លាប់​មាន​គិត​ចាប់​ពី​ឆ្នាំ​២០១៤​មក។ ប្រេសិតពិសេស​របស់​អ.ស.ប​ទទួល​បន្ទុក​សម្របសម្រួល​ការចរចា​នេះ​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​​​ថា ឆ្នាំ២០១៧​នេះ គឺ​ជាឱកាស​ល្អបំផុត ដែល​ការ​ចរចា អាច​ឈាន​ទៅសម្រេច​ជា​កិច្ចព្រមព្រៀង ដើម្បី​ឲ្យ​​ប្រជាជន​ស្ហ៊ីបទាំងពីរ​រួបរួមគ្នា​ឡើងវិញ។

មេ​ដឹកនាំ​ស្ហ៊ីប​ខាង​ត្បូង​ និង​ខាង​ជើង បាន​ជួប​​ចរចាគ្នា​​ក្រៅ​ផ្លូវ​ការ​ តាំង​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​ម្នាក់​អះអាង​ថា​មាន​ទំនុក​ចិត្ត​លើ​កិច្ចចរចា​ថ្ងៃ​នេះ ម្នាក់ទៀតមាន​អារម្មណ៍​វិជ្ជមាន។

ចំណុច​ខ្ទាស់​១០០ ត្រូវ​​ស្រាយ

បើ​តាម​ប្រតិភូ​តួកគីនៅ​ហ្សឺណែវ មានចំណោទ​ជាង​១០០ ដែល​ត្រូវ​ភាគី​ស្ហ៊ីប​​ទាំងពីរ ត្រូវ​ប្រឹង​ស្រាយ​ នៅក្នុង​កិច្ចចរចា​ថ្ងៃនេះ។ ប៉ុន្តែ មាន​ប្រធានបទ​ពី​៨​ទៅ​១០ ដែល​ចោទ​ជា​បញ្ហា​ខ្លាំង​មែនទែន រួម​មាន​ ​បញ្ហា​ច្បាប់​កម្មសិទ្ធិដីធ្លី​​ ការ​បែងចែង​ដែនដីគ្រប់គ្រង​ បញ្ហា​សន្តិសុខ...
ស្ហ៊ីប​ជា​កូន​កោះ​ដ៏​តូច​មួយ មាន​ប្រជាជន​រស់​នៅ​ប្រមាណ​១​លាន​នាក់ និង​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ តាំ​ងពី​ឆ្នាំ​​១៩៧៤​មក នៅ​ពេល​ដែល​ទាហាន​តួកគី​ចូល​ឈ្លានពាន​ភាគ​ខាង​ជើង​កោះ។
 

ផែនទី​ប្រទេស​ស្ហ៊ីប
ផែនទី​ប្រទេស​ស្ហ៊ីប ©AFP

ការ​បែងចែង​នេះ​បាន​ជំរុញ​ឱ្យ​មាន​ចលនា​បំលាស់​ទីរបស់​ប្រជាពលរដ្ឋ​ស្ហ៊ីបក្រិក​ចំនួន ជាង​១៦​ម៉ឺននាក់ និង​ស្ហ៊ីបតួកគី ៤៨​ម៉ឺន​នាក់។ នេះ​បើ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​សន្តិភាព​អូស្លូ។ ហើយ​ការ​ប្រយុទ្ធ​គ្នា​រវាង​ស្ហ៊ីបក្រិក និង​ស្ហ៊ីប​តួកគី ក៏​ធ្លាប់​មាន​ជា​ញយ​ដង ក្នុង​អតីតកាល ដែល​ក៏​បាន​បណ្តាល​ឱ្យ​ការ​ភៀស​ខ្លួន​ច្រើន។ នៅ​ក្នុង​គម្រោង​កិច្ចព្រមព្រៀង ស្ហ៊ីប​ក្រិក​ចង់​អនុញ្ញាត​ឱ្យ​ពលរដ្ឋកិច្ច​​ត្រលប់​ទៅ​រស់​នៅ​ស្រុក​កំណើត​ នៅ​ភាគ​ខាង​ជើង ឬ​ស្ហ៊ីបតួកគី។ នេះ​ជាចំណុច​ខ្ទាស់​ដ៏​សំខាន់​ព្រោះ​ថា តើ​ការ​រដ្ឋាភិបាល​នឹង​ត្រូវ​ធ្វើការ​ដោះដូរ​ដីធ្លី និង​កម្មសិទ្ធិ​ផ្ទះ​សម្បែង​យ៉ាងណា ? នរណា​ជា​អ្នក​ចេញ​លុយ​បើ​ហិប​ស្ហ៊ីប​គ្មាន​ប្រាក់​មួយ​រៀល​ផង​នោះ ?!

នៅក្នុង​គម្រោង​សេចក្តី​សម្រេច​សន្តិភាព ស្ហ៊ីប​នឹង​ក្លាយ​ជា​រដ្ឋ​សហព័ន្ធ ដែលប្រសូត​ចេញ​ពី​​ការ​បូក​បញ្ចូល​នៃ​រដ្ឋ​ពីរ គឺ​ស្ហ៊ីប​ក្រិក និង​ស្ហ៊ីប​តួកគី។ ទឹកដីមួយ​ភាគ​របស់​ស្ហ៊ីបតួកគី នឹង​ត្រូវ​ប្រគល់​មក​ឱ្យ​ស្ហ៊ីបក្រិក​ជា​អ្នក​គ្រប់គ្រង។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ស្ហ៊ីបតួកគី​ដែល​មាន​ប្រជាពលរដ្ឋ​១៨%​នៅ​លើ​កោះ​មុន​ការ​ពុះ​ចែក គ្រប់គ្រងដែនដី​ជាង​៣៦% តែ​នៅ​ថ្ងៃ​អនាគត​ទៅ​ស្ហ៊ីប​តួកគី​មាន​អំណាច​ត្រឹម​២៨,២%​ប៉ុណ្ណោះ។ នេះ​បើ​ការចរចា​កន្លង​មក និង​ជា​តំណាង​នៃ​ការ​មិន​​ចុះ​សម្រុង​គ្នា​ខ្លាំង​មួយ។ ​នៅ​ថ្ងៃ​ទី ១១​មករា ភាគី​ទាំងពីរ​ សន្យា​​បង្ហាញ​ផែនទី​នៃ​បែងចែក​ដែនដី​នេះហើយ។

​បញ្ហា​សន្តិសុខ​ ក៏​ជា​ឧបសគ្គ​ដ៏​ធំដែរ ! ស្ហ៊ីប​ជា​ប្រទេស​ស្ថិត​ក្រោម​អាណាព្យាបាល​មហាអំណាច​បី ៖ ក្រិក អង់គ្លេស និង​តួកគី។ ក្រិក​និង​អង់គ្លេស ដែល​មាន​មូលដ្ឋានទ័ព​នៅ​ស្ហ៊ីប ​បាន​ព្រម​ដក​ចេញ តែ​នៅ​​បញ្ហាវត្តមាន​ទាហាន​តួកគី​ដែល​ស្ហ៊ីបក្រិក​ចង់​ឱ្យ​ដក​ចេញ តែ​ស្ហ៊ីប​តួកគី​ចង់​រក្សា​ទុក​ខ្លះ​

បរិបទអន្តរជាតិ

បច្ចុប្បន្ន​នេះ​គេ​មិន​ដឹង​អំពី​ជំហរ​របស់តួកគី​ថា​ចង់​បន្តឹង​ឬ បន្ធូរ​ ឱ្យ​មាន​​ការ​រួបរួម​ស្ហ៊ីប​​តែ​មួយ​ យ៉ាង​ណា​ទេ។ គ្រាន់​តែ​ថា​ពេល​នេះ គ្មាន​ទៀត​ឡើយ​ឧបសគ្គ​យោធា​។ ប្រមុខ​ដឹកនាំ​ស្ហ៊ីប​ទាំង​ពី​សុទ្ធ​តែ​មាន​ឆន្ទៈ​មុះមុត​បំផុត ហើយ​សម្ពាធ​អន្តរជាតិ​​ក៏​ខ្លាំង​ ការ​ចរចា​លើក​នេះ​អាច​ជា​ទឹក​សម្រេច​​ក៏​ថាបាន។ ប្រសិន​បើ​ដូច្នេះ​មែន នោះ​ស្ហ៊ីប​នឹង​ធ្វើ​ជា​គំរូ​​ឱ្យ​តំបន់ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​​មិន​ជាក់លាក់។

ប៉ុន្តែ​ រាល់​​​កិច្ចព្រមព្រៀងសន្តិភាព ត្រូវ​ឆ្លង​កាត់​ប្រជាមតិ​ទាំង​អស់។ បើ​មាន​ភាគី​ម្ខាង​ណា​បដិសេធ នោះ​កិច្ចព្រមព្រៀង​ក៏​មិន​អាច​ប្រើការ​បាន​ដែរ។ កាលពី​ឆ្នាំ​២០១៤ អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​មួយ​ជូន​ស្ហ៊ីប ប៉ុន្តែ​ប្រជាពលរដ្ឋ​ស្ហ៊ីប​ក្រិក​បាន​ច្រើន​ចោល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ