អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើម៉ូស្គូ នឹងឆ្លើយយ៉ាងណា តបនឹងការឈរជើង​របស់​អង្គភាពទ័ពអាមេរិក នៅជាប់​ព្រំដែន​ខាងលិច​របស់រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពីដើមសប្តាហ៍នេះមក ប្រព្រឹត្តទៅ ប្រតិបត្តិការខាង​រើចេញ ពី នាវា​អាមេរិកាំង ដែលក្រោយ​ពីឆ្លងផុត​មហាសមុទ្រ​អាត្លង់ទិក បានដឹក​ទៅដល់ កំពង់ផែ​ប្រទេស​អាល្លឺម៉ង់ គឺ គ្រឿង​បច្ចេកទេសសឹក ក្នុងទម្រង់ជា រថក្រោះ រថពាសដែក​ផ្សេងៗ យានយន្ត​ចម្បាំងប្លែកៗ កាំភ្លើងធំ​ស្វ័យចល័ត សរុបទៅ​រាប់រយគ្រឿង ព្រមទាំង​យោធាអាមេរិក ម្តុំ៤ពាន់នាក់ ឬ ៤កង​វរសេនាតូច សម្រាប់​ប្រចាំការ នៅតាម ៦ប្រទេស​អឺរ៉ុបខាងកើត ជាសមាជិកអូតង់ ដើម្បី ប្រឈមនឹង អ្វីដែលហៅថា “ ការគម្រាម​ឈ្លានពាន” ពីខាងរុស្ស៊ី។ ម៉ូស្គូ ចាត់ទុក​ការពង្រាយ ទ័ព​បែបនេះ របស់​អូតង់ថា ជា “ទង្វើ​បង្កហេតុ” ដែល “ បង្ខូច​តុល្យភាពកម្លាំង នៅទ្វីបអឺរ៉ុប “ ហើយ មិនអាច​ស្ថិតនៅ ដោយគ្មាន​ចម្លើយ​ពីខាង​រុស្ស៊ីឡើយ។  

ទាហាន​អាមេរិក​ដើរ​មុខ​រថក្រោះ រថពាសដែក​ដែល​អាមេរិក​បញ្ជូន​ទៅ​ដល់​អាល្លឺម៉ង់ ដើម្បី​ទៅបញ្ឈរជើង​នៅ​តាម​ព្រំដែន​ប្រទេស​អឺរ៉ុប ជាប់ព្រំដែន​ជាមួយ​រុស្ស៊ី
ទាហាន​អាមេរិក​ដើរ​មុខ​រថក្រោះ រថពាសដែក​ដែល​អាមេរិក​បញ្ជូន​ទៅ​ដល់​អាល្លឺម៉ង់ ដើម្បី​ទៅបញ្ឈរជើង​នៅ​តាម​ព្រំដែន​ប្រទេស​អឺរ៉ុប ជាប់ព្រំដែន​ជាមួយ​រុស្ស៊ី © REUTERS/Fabian Bimmer
ផ្សាយពាណិជ្ជកម្ម

ជាបឋម កាណាល់​ប៉ុស្តលេខ១ នៃទូរទស្សន៍រុស្ស៊ី កត់​សម្គាល់ថា គ្រឿង​ចម្បាំងទាំងនេះ ស្របនឹ​ងផែនការ​គ្រោងទុកពី​ដើមទី ត្រូវទៅ​ដល់ទ្វីបអឺរ៉ុប គឺលុះ នៅដំណាច់​ខែនេះទេ​តើ ប៉ុន្តែ ដោយខ្លាច​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​នឹងក្លាយជា ប្រធានាធិបតីថ្មី នៅថ្ងៃ២០មករា ខាង មុខ អាចកែប្រែ​ផែនការនេះ បានជា ប្រធានាធិបតី​អូបាម៉ា​ជិត​អស់អំណាច ខំរួសរាន់​បញ្ជូនទៅ។

 
សូម្បីតែ ប្រព័ន្ធ​ផ្សព្វផ្សាយអង់គ្លេស BBC ក៏ចាប់​អារម្មណ៍ដែរថា ការទៅដល់​ទ្វីបអឺរ៉ុប​លើកនេះ នៃ​គ្រឿងបច្ចេកទេស​សឹកអាមេរិកាំង មានទ្រង់ទ្រាយ​ធំបំផុត បើគិតតាំងពី​យុគសង្គ្រាម​ត្រជាក់ បាន​ចប់ទៅ។ ក្រោយពីរើ​ចេញ​ពី​នាវាអាមេរិក សព្វាវុធនោះ នឹង​ត្រូវដឹក​ជាបន្តបន្ទាប់ ទៅ ប្រចាំការ មុនដំបូង នៅ​ប្រទេស​ប៉ូឡូញ បន្ទាប់មក នៅ​តាមបី ប្រទេស​មាត់សមុទ្រ​បាល់ទិក គឺ លីទុយអានី ឡេតូនី អេស្តូនី រួចជា​បង្ហើយកិច្ច គឺ ទៅកាន់ ប្រទេសប៊ុលហ្ការី និង រូម៉ានី។ ចំណែក ពួកយោធា​អាមេរិក ៤.០០០នាក់ នឹងឈរជើងនៅទីនោះ ដោយផ្លាស់​វេនគ្នា ៩ខែ​ម្តង។

តាមតួលេខផ្សាយ ដោយវិទ្យុអាល្លឺម៉ង់ Deutsche Welle សម្រាប់​ដឹកគ្រឿង​ចម្បាំងទាំងនេះ ក្រសួង​ការពារជាតិ​អាល្លឺម៉ង់ ត្រូវការ​ក្បួនរថភ្លើង ដែលមាន ៩០០ ទូររទេះភ្លើង ប្រវែងដល់ទៅ ១៤ គ.ម. នៅលើផ្លូវដែក។

ការពង្រាយ​កងកម្លាំង OTAN  នៅអឺរ៉ុ​បខាងកើត ជាភាគមួយនៃ កម្មវិធី​របស់បក្ស​សម្ព័ន្ធនេះ ដែល​តម្រង់មកទប់ “ អំពើឈ្លានពាន “ ដែលអាចកើតមាន​ពីខាងរុស្ស៊ី។ ម៉ូស្គូ ពីចំណែកខ្លួន រមែងថ្លែង​ប្រឆាំងជានិច្ច ទល់នឹងការ ពង្រីក​វត្តមានរបស់ OTAN នៅអឺរ៉ុបខាងកើត។

ក្នុង​ដំណាក់កាល​ឥឡូវ មានដឹកទៅ​ដល់ប៉ូឡូញទៅហើយ គឺ គ្រឿងបច្ចេកទេសសឹក ដែលក្នុងនោះ មានជាអាទិ៍ គឺ រថក្រោះធុន Abrams ចំនួន ៨៧គ្រឿង និង យានយន្ត​សម្រាប់​ទ័ព​ជើងគោក ធុន Brandley ចំនួន ១៤៤គ្រឿង ព្រមទាំង កាំភ្លើងធំ​ស្វ័យចល័ត ច្រើនឥត​គណនា។ នឹង​ប្រចាំការ នៅប៉ូឡូញ ក្នុងចំនួន​ច្រើនជាងគេ គឺពួកយោធា​អាមេរិក នៅក្នុង​កងពល​ថ្មើរជើង លេខ ៤។ កងពល​ដែល​ធ្លាប់ល្បី ចូលរួម​ក្នុងយុទ្ធនាការ នៃ​សង្គ្រាម​លោក​លើកទី១ លើកទី២ សង្គ្រាមនៅ វៀតណាម និង​នៅអ៊ីរ៉ាក់​ជាទី​ដែល​កងពល​នេះ ចេះចាប់​បានរូប​ប្រធានាធិបតី Saddam Hussen។

ប្រាកដណាស់ ដែលម៉ូស្គូ មិនអាច​អោបដៃនៅ​ព្រងើយកន្តើយ​ឡើយ ចំពោះ​ទង្វើបង្កហេតុនេះ ពី​ខាងស.រ.អា.។ ជាក់ស្តែង លោក Frants Klintsevich អនុប្រធានគណៈកម្មាធិការព្រឹទ្ធសភា រុស្ស៊ី​ខាងបញ្ហា​ការពារប្រទេស និង សន្តិសុខជាតិ ក្នុងសម្ភាសន៍​ទៅប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី បាន ថ្លែងថា៖ អាមេរិក ដោយបញ្ជូន កងកម្លាំងទ័ព និងគ្រឿង​ចម្បាំ​របស់ខ្លួន មកទ្វីបអឺរ៉ុប កំពុង ប្រែទ្វីបនេះ ទៅជា “ ធុង​រំសេវ “ ហើយនឹង​ញ៉ាំងឲ្យមានចម្លើយបកវិញ យ៉ាងប្តូរប្តេជ្ញ ពី​ខាងរុស្ស៊ី។
 
តាមប្រសាសន៍​គាត់ ចម្លើយនេះ នឹងលេចចេញមក គ្មានសល់ចន្លោះ ណាឡើយ នៅតាម បណ្តោយ​ព្រំប្រទល់រុស្ស៊ី ជាប់នឹងប៉ូឡូញ លីតុយអានី ឡេតូនី អេស្តូនី ប៊ុលហ្ការី និង រូម៉ានី ជាទី ដែល​នឹងមានដាក់ ឲ្យ ប្រចាំការ គ្រឿងបច្ចេកទេសសឹកទើបទទួលបាន ពីស.រ.អា.។ ខ្ញុំគ្មាន ក្តីមន្ទិលសោះ​ឡើយថា រុស្ស៊ីអាច​ធានាដល់​សន្តិសុខខ្លួន។ ប៉ុន្តែ អឺរ៉ុបខ្លួនឯង ប្រែជា “ធុងរំសេវ “។

មិនមែន​ចៃដន្យទេ ដែលព្រឹទ្ធសភា​ប្រតិកម្ម ពីព្រោះ​នៅរុស្ស៊ី ស្របនឹង​រដ្ឋធម្មនុញ្ញ រឿងបញ្ជូនទ័ព និងគ្រឿងបច្ចេកទេសសឹក សម្រាប់​ការពារ​ប្រទេស ជា បុព្វសិទ្ធិ របស់​សភាថ្នាក់លើ​នេះ។

ទាក់ទង​នឹងសាច់រឿងនេះ និពន្ធនាយក នៃទស្សនាវដ្តី​យោធារុស្ស៊ី ឈ្មោះ “ ឃ្លាំងអាវុធ​មាតុភូមិ” លោក Victor Murakhovski បាន​បញ្ចេញមតិ​ថា តាមពិត រុស្ស៊ី​អាចមិនចាប់​អារម្មណ៍​ក៏បាន ចំពោះ ការពង្រាយ​អង្គភាព​ទ័ពអូតង់ ចំនួន​ម្តុំតែ ៤០ ០០០នាក់ បន្លាយ​នៅតាម​ព្រំដែនប្រវែង ដល់​ទៅ ជិត ២.០០០គម នៃរដ្ឋទាំង៦នោះ​របស់អូតង់ នៅអឺរ៉ុប​ខាងកើត នៅជាប់ផ្ទាល់ នឹង ព្រំប្រទល់​ខាងលិច​របស់រុស្ស៊ី។

ជាពិសេស តាមតួលេខ​បក្សអូតង់ផ្ទាល់ ចំនួន​យោធារុស្ស៊ី ដែល​ប្រមូលផ្តុំ នៅតាម​បណ្តោយ ព្រំដែន​ខាងលិច របស់រុស្ស៊ី បច្ចុប្បន្ន មានដល់ទៅ ៣៣០.០០០នាក់ឯណោះ។ ប៉ុន្តែ សំនួរ​ដែល ចោទ តើ​​តួលេខនេះ ជាតួលេខ​បំផ្លើស​សម្រាប់​ជាលេស ដើម្បី អូតង់​ឆ្លៀត​ពង្រាយ​កងទ័ពខ្លួន ក្រោម​ផ្លាកថា សម្រាប់​ទប់នឹង”ការគម្រាមឈ្លានពាន” ពីខាងរុស្ស៊ី ឬ?

រីឯ អ្នកសង្កេតការណ៍​យោធា​ឯករាជ្យ​រុស្ស៊ី លោក Pavel Felguengawer លើក​យកមក បង្ហាញ សេចក្តីថ្លែងការណ៍ ធ្វើដោយ នាយ​អគ្គសេនាធិការដ្ឋាន​កងទ័ពរុស្ស៊ី ឧត្តមសេនីយ Valeri Guerassimov ដែលថា ក្រោយពី​សមយុទ្ធ​កងទ័ព​ក្រោមឈ្មោះថា “ កូកាសឆ្នាំ២០១៦” កាល​ពីខែ កញ្ញាឆ្នាំទៅ រុស្ស៊ីមានយោធា​ចំនួន ៦៨ កងវរសេនាតូច ដែលត្រៀម​ប្រយុទ្ធពេញទី ប្រចាំ នៅភូមភាគ​ខាងលិច​របស់ខ្លួន ហើយមកដល់​ដើមឆ្នាំថ្មីនេះ-ឆ្នាំ២០១៧ គឺ​វា​ឡើង​ដល់ចំនួន ៩៦​កងទៅហើយ បានន័យថា កើនឡើង៥០%។ ស្របនឹងផែនការ ទៅទល់ចុងឆ្នាំ ២០១៧ វា នឹង​ឡើងដល់ ១១៥កង ហើយក្នុងឆ្នាំ២០១៨ វានឹងឡើងដល់ចំនួន ១២៥ កងវរសេនាតូច ដែល ត្រៀមប្រយុទ្ធពេញទី ប្រចាំ នៅតាម​តំបន់​ខាងលិច​របស់​រុស្ស៊ី។ អ្នកសង្កេតការណ៍​យោធា​នោះ ថែមទាំង​ប្រៀបធៀប ដោយផ្គើនឲ្យ​ទៅផង​ថា នេះជាចម្លើយឬ តបនឹង ៤កង​វរសេនាតូច របស់ អូតង់?

មិនតែប៉ុណ្ណោះ តាមយោបល់អ្នកសង្កេតការណ៍​យោធារូប​នេះ ដែល​រមែងទិតៀន មិន​ថ្នមមាត់ ឡើយ អំណាច​លោកប្រធានាធិបតីពូទីន ឆ្លៀត​ដៀមដាម​ថា ការពង្រាយទ័ព អូតង់​នៅជាប់ នឹង ព្រំដែន​ខាងលិច​របស់រុស្ស៊ី ដើម្បីឲ្យ​ពួកប្រទេស​តូចតាច សមាជិកអូតង់​ស្ងប់ចិត្ត ក៏ ជាឱកាសល្អ សម្រាប់ពួក​ឧត្តមសេនីយ​រុស្ស៊ី និង ពហុរោងចក្រ​យោធា​ផ្អែមមាត់ ដើម្បី​សុំ​ដំឡើង​ថវិកា​យោធា ថែមទៀត គ្រាន់នឹងប្រឈម​នឹង​គ្រោះថ្នាក់​ដល់​សន្តិសុខជាតិរុស្ស៊ី។

តាមសំដីគាត់ លោករដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Serguei Shoigu នឹងទះ​តុ ទាមទារ​ពី​លោករដ្ឋមន្ត្រី ហិរញ្ញវត្ថុ  Anton Siluanov ឲ្យ​រំលែក​ទឹកប្រាក់ សម្រាប់​បំពេញ តាមកម្មវិធី ដាក់ចុះ​យ លោកប្រធានាធិបតីពូទីន ខាង​កែ កងទ័ពជាតិ ឲ្យកាន់​តែទំនើប គ្រោងទុក ដល់ឆ្នាំ២០២០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ